December 1, 2021

មន្រ្តី​បក្ស​ប្រឆាំង​ថា​ សារ​លោក ​កឹម សុខា​ រិះគន់​លោក ​សម រង្ស៊ី ​មិន​មែន​ចេញ​ពី​ឆន្ទៈ​របស់​លោក​ឡើយ

រូបឯកសារ៖ លោក អេង ឆៃអ៊ាង អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​រំលាយ ចូលរួម​ស្តាប់​សវនាការ​ស្តី​ពីការ​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ពលកម្ម​នៅ​កម្ពុជា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០១៩។ (ទែន សុខស្រីនិត/VOA)


ស៊ុន ណារិន | VOA Khmer 29 វិច្ឆិកា 2021

ភ្នំ្នពេញ — ឆ្លើយ​តប​នឹង​សារ​រិះគន់​ចំៗ​របស់​លោក​ កឹម សុខា​ ទៅ​លើ​ដៃ​គូ​សម្ព័ន្ធ​ភាព​នយោបាយ​របស់​លោក ​គឺ​លោក ​សម រង្ស៊ី​ មន្រ្តី​គណ​បក្ស​សង្រ្គោះ​ជាតិ​បាន​អះអាង​ថា​ លោក ​កឹម សុខា​រង​សម្ពាធ​ពី​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ ទើប​លោក​បង្ហោះ​សារ​បែប​នេះ។​

លោក ​អេង ឆៃអ៊ាង ​អនុ​ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ខាង​ក្រៅ​ប្រទេស ​ប្រាប់​វីអូអេ​ពី​សហ​រដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ច័ន្ទ​ថា​លោក ​កឹម សុខា ​«ស្ថិត​ក្នុង​គុក​ឥត​ជញ្ជាំង» ​មិន​មាន​សេរី​ភាព​ឡើយ​ ដូច្នេះ​លោក​ថា​សារ​របស់​មេ​ដឹកនាំ​បក្ស​ប្រឆាំង​រូប​នោះ​មិន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​របស់​លោក​ឡើយ។​

លោក​ថ្លែង​ថា៖​ «យើង​ដឹង​ហើយ​នៅ​ក្នុង​ស្ថាន​ភាព​បែប​ហ្នឹង ​ដូច​លោក ​ហ៊ុន សែន ​ភ្ជង់​គាត់​ជា​និច្ច។​ អ៊ីចឹង​យើង​ត្រូវ​មើល​ជំហរ​របស់​គាត់។ ​ ជំហរ​របស់​គាត់ ​ពេល​ដែល​គាត់​មាន​សេរីភាព​គឺ​គាត់​បាន​ថ្លែង​ច្បាស់​ណាស់ ​គ្រោះ​មហន្ត​រាយ​នៃ​ប្រទេស​កម្ពុជា​ វា​មិន​មែន​បង្ក​ដោយ​អ្នក​អត់​អំណាច​ទេ ​ បង្ក​ដោយ​អ្នក​ដែល​មាន​អំណាច។​ អ៊ីចឹង​គ្មាន​ហេតុ​ផល​អី​ដែល​គាត់​និយាយ​រិះគន់​អ្នក​អត់​អំណាច​ទេ»។​

លោក​បន្ថែម​ថា៖ ​«អ៊ីចឹង​សារ​របស់​គាត់ ​គឺ​ជា​សារ​ស្ថិត​នៅ​ក្រោម​ការ​គំរាម​កំហែង ​ការ​គាប​សង្កត់​ពី​របប​ហ៊ុន សែន​ មិន​មែន​ចេញ​ពី​ឆន្ទៈ​របស់​គាត់​នោះ​ទេ​បាទ»។​

កាល​ពី​ថ្ងៃ​ទី​២៨ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២១​ លោក​ កឹម សុខា​ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ជា​អក្សរ និង​មិន​មាន​សំឡេង​ថា​ ​លោក ​សម រង្ស៊ី ​និង​សហការី​នៅ​តែ​បន្ត​យក​ឈ្មោះ ​និង​រូប​ថត​របស់​លោក​ទៅ​ប្រើប្រាស់​ភ្ជាប់​ជាមួយ​សកម្ម​ភាព​នានា ​ដែល​លោក​ថា​«មិន​មាន​ការ​អនុញ្ញាត ​ឬ​ការ​គាំទ្រ​ពី»​រូប​លោក​ឡើយ។​

លោក​បន្ថែម​ថា៖ ​«លើស​ពី​នេះ​ទៅ​ទៀត​ ជាក់​ស្តែង​ លោក​ សម រង្ស៊ី និង​សហការី​បាន​ដើរ​ចេញ​ពី​គោល​ការណ៍ ​និង​ស្មារតី​ដើម​នៃ​ការ​រួបរួម​ដោយ​ទៅ​បង្កើត​ចលនា​នយោបាយ​ផ្សេងៗ ​និង​មុខ​តំណែង​ខ្លួន​ឯង​ ជា​ពិសេស​ថ្មីៗ​នេះ ​គឺ​ការ​ត្រឡប់​ទៅ​គាំទ្រ​ដោយ​ចំហ​ ឬ​នៅ​ពី​ក្រោយ​ការ​ដឹកនាំ​គណបក្ស​នយោបាយ​ចាស់​របស់​ពួក​គេ ​គឺ​គណបក្ស​ភ្លើង​ទៀន»។​

លោក​បញ្ជាក់​បន្ថែម​ថា៖ ​«ទង្វើ​របស់​ពួក​គេ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ​ សម រង្ស៊ី​ និង​ កឹម សុខា​ មិន​មែន​ជា​មនុស្ស​តែ​មួយ​ទេ ​ព្រោះ​សកម្មភាព​ទាំង​អស់​នេះ​មិន​មាន​ការ​គាំទ្រ ​ឬ​ជា​ជំហរ​របស់​ខ្ញុំ​ឡើយ»។​

ក្រោយ​ការ​បង្ហោះ​សារ​រិះគន់​របស់​លោក​ កឹម សុខា ​លោក ​សម រង្ស៊ី​ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ថា​ សារ​របស់​លោក​ កឹម សុខា​ «ជា​លទ្ធផល​នៃ​ការ​គំរាម​កំហែង​ពី​សំណាក់​លោក​ ហ៊ុន សែន ​ដែល​ភ័យ​ខ្លាច​ជា​ទីបំផុត​ចំពោះ​ឯកភាព​នៃ​អ្នក​ប្រជា​ធិបតេយ្យ​ខ្មែរ ​ហើយ​ដែល​ចាប់​យក​លោក ​កឹម សុខា​ ធ្វើ​ជា​ចំណាប់​ខ្មាំង​របស់​គាត់»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​សម រង្ស៊ី ​តាម​សារ​អ៊ីម៉ែល​នៅ​ថ្ងៃច័ន្ទ​បាន​នៅ​ឡើយ​ទេ។​

មេធាវី​ម្នាក់​របស់​លោក ​កឹម សុខា ​គឺ​លោក ​ផែង ហេង​ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​លើ​រឿង​នេះ​ ដោយ​ថា​ នេះ​ជា​ការងារ​របស់​អ្នក​នយោបាយ​ហើយ​លោក​ឆ្លើយ​តប​តែ​ការងារ​ការពារ​ក្តី​តែ​ប៉ុណ្ណោះ។​

លោក ​មុត ចន្ថា ​មន្រ្តី​ម្នាក់​ដែល​ស្និទ្ធ​នឹង​លោក ​កឹម សុខា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ច័ន្ទ​ថា​ សេចក្តី​ថ្លែង​ការណ៍​របស់​លោក កឹម សុខា ​«ឈរ​លើ​ឆន្ទៈ​រឹងមាំ​និង​ច្បាស់​លាស់» ​ដើម្បី​ឆ្លើយ​តប​ចំពោះ​លោក​ សម រង្ស៊ី​ និង​ក្រុម​របស់​គាត់​ដែល​បាន​យក​ឈ្មោះ​និង​រូបថត​របស់​លោក​កឹម សុខា​ទៅ​ប្រើប្រាស់។​

លោក​បញ្ជាក់​ថា៖ ​«ការណ៍​ពិត​ដែល​មិន​អាច​ប្រកែក​បាន ​គឺ​លោក ​សម រង្ស៊ី​ បាន​ចុះ​ចោល​និង​ដក​ខ្លួន​ចេញ​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ តាម​រយៈ​ការណ៍​ដែល​គាត់​បើក​ដៃ​ និង​គាំទ្រ​ឲ្យ​គណបក្ស​ភ្លើង​ទៀន អតីត​គណបក្ស​សម រង្ស៊ី​ដំណើរ​ការ​ឡើង​វិញ ​ធ្វើ​សកម្មភាព​នយោបាយ​ជា​ថ្មី ​និង​ត្រៀម​លក្ខណៈ​ចូលរួម​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ»។​

លោក ​អេង ឆៃអ៊ាង ​ដែល​ស្និទ្ធិ​នឹង​លោក ​សម រង្ស៊ី ​វិញ​ បញ្ជាក់​ថា​ ​អ្វី​ដែល​សំខាន់​គឺ​លោក ​ហ៊ុន សែន​ចង់​ឲ្យ​លោក​ កឹម សុខា​បោះ​បង់​តួនាទី​ជា​ប្រធាន​គណ​បក្ស​សង្រ្គោះ​ជាតិ ​ដែល​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ ​ក្នុង​សំណុំ​រឿង​«ក្បត់​ជាតិ» ​ហើយ​តុលាការ​បាន​ពន្យារ​តាំង​ពី​ខែ​មីនា​ឆ្នាំ​២០២០​មក។​

លោក​ អេង ឆៃអ៊ាង​បញ្ជាក់​ថា ​ថ្នាក់​ដឹកនាំ​គណបក្ស​នៅ​តែ​ខិតខំ​បន្ត​សកម្មភាព​តស៊ូ​មតិ​នៅ​ក្រៅ​ប្រទេស ​ដោយ​សារ​អ្នក​នៅ​ក្នុង​ប្រទេស​មិន​មាន​សេរី​ភាព​ក្នុង​ការ​និយាយ​ស្តី​ឡើយ។ ​ លោក​បន្ថែម​ថា​ ថ្នាក់​ដឹកនាំ​មិន​បោះ​បង់​គណបក្ស​សង្រ្គោះ​ជាតិ ​ ហើយ​តស៊ូ​ក្រោម​ឆ័ត្រ​គណបក្ស​សង្រ្គោះ​ជាតិ ​ ហើយ​ការ​បន្ត​សកម្ម​ភាព​របស់​គណបក្ស​ភ្លើង​ទៀន ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ថ្នាក់​ដឹកនាំ​នៅ​ក្រៅ​ប្រទេស ​ដោយ​សារ​ថ្នាក់​ដឹក​នាំ​មិន​បាន​ចូលរួម​ជាមួយ​គណ​បក្ស​នោះ​ឡើយ។​

រូបឯកសារ៖ លោក​ សុខ ឥសាន ឆ្លើយ​សំណួរ​របស់​ VOA នៅ​ក្នុង​ការិយាល័យ​របស់​លោក​នៅ​ព្រឹទ្ធសភា អំពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)


លោក ​សុខ ឥសាន​ អ្នក​នាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ថ្លែង​ថា​ ការ​លើក​ឡើង​របស់​លោក ​សម រង្ស៊ី ​ថា​ លោក ​ហ៊ុន សែន​ យក​លោក ​កឹម សុខា​ ជា​«ចំណាប់​ខ្មាំង»​ជា​«នយោបាយ​លាប​ពណ៌» ​ ហើយ​វា​មិន​ពាក់​ព័ន្ធ​នឹង​គណបក្ស​កាន់​អំណាច​ឡើយ។​ លោក​បន្ថែម​ថា​ លោក ​កឹមសុខា ​បាន​ការពារ​សិទ្ធិ​របស់​លោក​តែ​ប៉ុណ្ណោះ។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«គ្មាន​ពាក់​ព័ន្ធ​អី​ជាមួយ​គណបក្ស​ប្រជាជន ​គ្មាន​ពាក់​ព័ន្ធ​អី​ជាមួយ​រដ្ឋាភិបាល​ទេ»។​

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ លោក ​យង់ គិមអេង ​ថ្លែង​ថា​ សំឡេង​គាំទ្រ​របស់​គណបក្ស​ប្រឆាំង​កើន​ឡើង​ដោយ​សារ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​ដែល​ដឹកនាំ​ដោយ​លោក ​សម រង្ស៊ី ​និង​លោក ​កឹម សុខា។​ លោក​បន្ថែម​ថា​ សារ​របស់​លោក ​កឹម សុខា ​ បើ​ទោះ​មិន​ទាន់​ដឹង​ថា​ ពិត​ប្រាកដ​កម្រិត​ណា​ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​«អស់​សង្ឃឹម» ​និង​«អល់​ឯក»​ក្នុង​ការ​គាំទ្រ។ ​ ទោះ​ជា​យ៉ាងណា ​ លោក​ថា​អ្នក​នយោបាយ​ទាំង​ពីរ​ហាក់​ពិបាក​នឹង​បែក​គ្នា​ ដោយ​សារ​សំឡេង​គាំទ្រ​របស់​គណបក្ស​នីមួយៗ​នៅ​មាន​កម្រិត​នៅ​ឡើយ។ ​ លោក​បញ្ជាក់​ថាអ្នក​ប្រកាស​បែក​គ្នា​នឹង​ធ្លាក់​ប្រជា​ប្រិយភាព​ក្នុង​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ។​

លោក​ថ្លែង​ថា៖​ «អ្នក​ណា​មួយ​ដែល​ប្រកាស​ដើរ​ចេញ​ អ្នក​ហ្នឹង​ហើយ​ដែល​ជា​អ្នក​ធ្វើ​ឲ្យ​ភាព​ចុះ​ខ្សោយ​របស់​ខ្លួន​ឯង​ហ្នឹង ​វា​កើត​ឡើង ​ឬ​ក៏​ធ្វើ​ឲ្យ​ការ​គាំទ្រ​ហ្នឹង​បាត់​បង់​ទៅ​លើ​ខ្លួន»។​

គួរ​បញ្ជាក់​ថា​លោក ​កឹម សុខា​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន ​កាល​ពី​ដើម​ខែ​កញ្ញា ​ឆ្នាំ​២០១៧ បច្ចុប្បន្ន​នេះ​កំពុង​រង់​ចាំ​សវនាការ​សំណុំ​រឿង​ក្បត់​ជាតិ ​ដែល​ត្រូវ​បាន​ពន្យារ​ដោយ​មិន​កំណត់​ពេល​វេលា។ ​ លោក​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​គឺ​មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​ប្រទេស ​មិន​ឲ្យ​ធ្វើ​នយោបាយ ​ហើយ​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ក៏​ត្រូវ​បាន​ដាក់​កំហិត​ផង​ដែរ៕​

No comments: