December 2, 2021

លោក ហ៊ុន សែន ប្រកាស​គាំទ្រ​កូនប្រុស​ច្បង​​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ក្នុង​ពិធី​មួយ​នា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។  AFP


ដោយ អាស៊ីសេរី RFA 2021-12-02

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​គាំទ្រ​កូនប្រុស​ច្បង​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត ឱ្យធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​ពី​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី២ ធ្នូ ដោយ​លោក​បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ក្នុង​ចំណោម​បេក្ខជន​ផ្សេង​ទៀតពី​ក្នុង​បក្ស។ ទោះ​យ៉ាងណា​លោក ហ៊ុន សែន មិន​បញ្ជាក់​ឈ្មោះ​ឥស្សរជន​នយោបាយ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ផ្សេង​ទៀត ក្នុង​ជួរ​គណបក្ស​នោះ​ទេ៖ «ប្រកាស​ថ្ងៃ​ហ្នឹង​ឱ្យ​ច្បាស់ កុំ​ឱ្យ​វា​ពិបាក​វិភាគ ក្នុង​ពេល​អនាគត នៅ​ពេល​ក្រោយ​ហ៊ុន សែន ហ៊ុន ម៉ាណែត មួយ​ជា​បេក្ខភាព​មួយ​ក្នុង​ចំណោម​បេក្ខភាព​នាយករដ្ឋមន្ត្រី។ មិនមែន​មាន​តែ​ម្នាក់​ទេ។ ប៉ុន្តែ​បាន​ទទួល​ការ​គាំទ្រ​ពី​ឪ (ហ៊ុន សែន) វា ពេញ​លេញ​គឺ​ហ៊ុន សែន។ មើល​ហ្អែង​ធ្វើ​អី​អញៗ​សួរ​អី​អញ ហ្អែង​និយាយ​មក»។

​កន្លង​ទៅលោក ហ៊ុន សែន ធ្លាប់​រំលឹក​ឈ្មោះ​លោក អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​បេក្ខភាព​មួយ​រូប ក្នុង​ចំណោម​បេក្ខភាព​នាយករដ្ឋមន្ត្រី​ផ្សេងទៀត។

ក្រោយ​ការ​ជួយ​ជ្រោម​ជ្រែងពី​ឪពុក លោក ហ៊ុន​ ម៉ាណែត បាន​ឡើង​រាសីខ្ពស់​ត្រដែតក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ។ ក្នុង​វ័យ​ជាង ៤០ឆ្នាំ លោក ហ៊ុន ម៉ាណែត ពាក់ផ្កាយ៣ មាន​តួនាទី​ជា​អគ្គមេបញ្ជាការ​រង​កង​យោពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កងទ័ពជើងគោក ជា​មេបញ្ជាការ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជាការរង​កង​អង្គរក្ស​លោក ហ៊ុន សែន ។ ចំណែក​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​វិញ លោក​ជា​សមាជិក​គណៈ អចិន្ត្រៃយ៍ ស្ថិតក្នុង​ចំណោម​មនុស្ស​ ៣៤នាក់ ដែលជា​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​បក្ស។ ក្រៅពីនេះ លោក​ជា​ប្រធាន​ចលនា​យុវជន​ដឹកនាំ​សមាជិក​ជំនាន់​ក្រោយរបស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ភាគច្រើន​ជា​កូនចៅ​របស់​មន្ត្រី​ជំនាន់​មុន។

No comments: