December 3, 2021

ខ្មែរ​នៅ​អូស្ត្រាលី​គាំទ្រ​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មេដឹកនាំ​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​និង​រំលោភ​សិទ្ធិមនុស្ស

ឧត្ដមសេនីយ៍​ទាំង ១២រូប ដែល​អង្គការឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) រក​ឃើញ​ថា បាន​ចូល​ដៃ​ក្នុង​ការ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។  រូប៖ គេហទំព័រ​ HRW


ដោយ អាស៊ីសេរី RFA 2021-12-03

ខ្មែរ​នៅ​អូស្ត្រាលី​ស្វាគមន៍ និង​គាំទ្រ​រដ្ឋាភិបាល អូស្ត្រាលី ដែល​បាន​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​ក្រុម​មេដឹកនាំ​រំលោភសិទ្ធិ​មនុស្ស ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ និង​បង្ក​គ្រោះថ្នាក់​ដល់​ពិភពលោក។ ទោះ​យ៉ាង​ណា​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រំពឹង​ថា ច្បាប់​នេះ​មិន​ប៉ះពាល់​ដល់​មេដឹកនាំ ឬ​មន្ត្រី​កម្ពុជា​នោះ​ទេ។

ខ្មែរ​នៅ​អូស្ត្រាលី​រំពឹង​ថា មេដឹកនាំ​កម្ពុជា​មួយ​ចំនួន​ដែល​បាន​រំលោភ​សិទ្ធិមនុស្ស ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នឹង​ត្រូវ​រដ្ឋាភិបាល​ប្រទេស​នេះ​បង្កក​ទ្រព្យសម្បត្តិ​និង​ហាមឃាត់​មិន​ឲ្យ​ចូល​ប្រទេស​អូស្ត្រាលី​ជាដើម។

អតីត​ចៅហ្វាយក្រុង​ដែនឌឺណុង (Dandenong) និង​ជា​ប្រធាន​សមាគម​មួយ​នៅ​ប្រទេស​អូស្ត្រាលី លោក ជា យូហ៊ន ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​គាំទ្រ​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​បាន​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​មេដឹកនាំ​ដែល​រំលោភ​សិទ្ធិមនុស្ស​។ រដ្ឋាភិបាល​អូស្ត្រាលី​មិន​ទាន់​បញ្ចេញ​ឈ្មោះ​មេដឹកនាំ​រូប​ណាខ្លះ​ដែល​ត្រូវ​ទទួលរង​ទណ្ឌ​កម្ម​នេះ​ទេ ក្រោយ​ការប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ថ្មី​នេះ​។ ប៉ុន្តែ​លោក​ថា មេដឹកនាំ​កំពូល​ប្រទេស​កម្ពុជា​ដូចជា លោក ហ៊ុន សែន លោក ស ខេង និង ទៀ បាញ់ អាច​នឹង​មាន​ឈ្មោះ​ក្នុង​បញ្ជី​នោះ។ «»

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស (CNRP-O) លោក ម៉ែន វណ្ណា ឲ្យ​ដឹង​ដែរ​ថា មេដឹកនាំ​និង​មន្ត្រី​កម្ពុជា​មួយចំនួន​បាន​យក​លុយ​ខ្មៅ និង​ទ្រព្យសម្បត្តិ​ដែល​បាន​ពី​ការរំលោភ​សិទ្ធិមនុស្ស​មក​រកស៊ី ទិញ​ដី ទិញ​ផ្ទះ​នៅ​ប្រទេស​អូស្ត្រាលី ដូច្នេះ​លោក​រំពឹង​ថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​ដាក់​ទណ្ឌកម្ម​លើ​អ្នក​ទាំងនោះ។ «»

រដ្ឋាភិបាល​អូស្ត្រាលី​កាល​ពី​ថ្ងៃទី​២ ខែ​ធ្នូ បាន​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ចាស់​ដែល​អាច​ហៅ​ជា​ខ្មែរ​បាន​ថា ច្បាប់​ដាក់ទណ្ឌកម្ម​ស្វយ័ត​ឆ្នាំ​២០១១ (Autonomous Sanctions Act 2011) ដើម្បី​ពង្រីក​បែបបទ និង​ប្រភេទ​នៃ​អំពើ​ដែល​ឈាន​ដល់​ការ​ដាក់​ទណ្ឌកម្ម​ដូចជា ការ​រីក​សាយភាយ​អាវុធ​មហា​ប្រល័យ ការ​រំលោភ​សិទ្ធិមនុស្ស​ទាំង​កម្រោល ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​អំពើពុករលួយ​ធ្ងន់ធ្ងរ​ជាដើម​។ ច្បាប់​ថ្មី​នេះ​ធ្វើ​ឲ្យ​អូស្ត្រាលី​មាន​សមត្ថភាព​ដាក់ទណ្ឌកម្ម​ហិរញ្ញវត្ថុ និង​ហាមឃាត់​បុគ្គល​និង​អង្គភាព​ទាំងឡាយ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋ និង​ទុច្ចរិត​ទាំងនោះ​មិន​ឲ្យ​ជាន់​ទឹកដី​អូស្ត្រាលី ទោះ​ជន​នោះ​ប្រព្រឹត្ត​បទល្មើស​ទៅ​ទីណា​ក៏ដោយ​។ ច្បាប់​ដាក់​ទណ្ឌកម្ម​នេះ​ជា​ការ​ចូលរួម​នៅក្នុង​ចលនា​សកល គ្លូបល មែគនីតស្គី (Global Magitsky) ដើម្បី​ប្រឆាំង​នឹង​ក្រុម​មេដឹកនាំ និង​ឧក្រិដ្ឋជន​ដែល​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​តាមរយៈ​ការបង្កើត​ច្បាប់​ដាក់ទណ្ឌកម្ម​ពួកគេ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា ការ​ធ្វើ​ច្បាប់​ណាមួយ​របស់​អូស្ត្រាលី​ជា​សិទ្ធិ​របស់​ប្រទេស​នេះ​។ លោក​នៅតែ​ថ្លែង​អះអាង​ថា មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​ត្រូវ​អូស្ត្រាលី​ដាក់​ទណ្ឌកម្ម​ឡើយ​។ លោក​យល់​ថា មន្ត្រី ឬ​ឈ្មួញ​កម្ពុជា​ទៅ​វិនិយោគ​នៅ​ប្រទេស​អូស្ត្រាលី​ជា​បុគ្គល​ស្អាតស្អំ​ទើប​រដ្ឋាភិបាល​ប្រទេស​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ទាំងនោះ​រកស៊ី​នៅ​អូស្ត្រាលី។ «»

ទោះ​មាន​ការ​អះអាង​បែបនេះ​របស់​អ្នកនាំពាក្យ​កាន់អំណាច​ក្ដី ប៉ុន្តែ​កន្លងទៅ មន្ត្រី​ជាន់ខ្ពស់​កម្ពុជា រួម​មានកូន​ប្រសា​រលោក ហ៊ុន សែន គឺ​លោក ឌី វិជ្ជា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​គឺ​លោក គង់ វិបុល ក្មួយ​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ និង​មន្ត្រី​យោធា​ផ្សេងទៀត​បាន​ប្រព្រឹត្ត​អំពើពុករលួយ​យក​លុយ​រាប់លាន​ដុល្លារ​ទៅ​ទិញ​ដី ទិញ​ផ្ទះ​និង​បើក​ក្រុមហ៊ុន​នៅ​ប្រទេស​អូស្ត្រាលី។ ប្រធាន​សមាគម​ខ្មែរ​នៅ​អូស្ត្រាលី លោក ជា យូហ៊ន ឲ្យ​ដឹង​ថា ពេល​នេះ​ក្រុម​ការងារ​លោក​រួមមាន​មេធាវី សមាជិកសភា និង​តំណាង​សមាគម​នៅ​តាម​រដ្ឋ​នានា​នៃ​ប្រទេស​អូស្ត្រាលី​កំពុង​ស្រង់​បញ្ជី​ឈ្មោះ​មេដឹកនាំ​និង​មន្ត្រី​បញ្ជូន​ទៅ​រដ្ឋាភិបាល​អូស្ត្រាលី​ដើម្បី​ស្នើ​ឲ្យ​ដាក់​ទណ្ឌកម្ម​អ្នក​ទាំងនោះ៕

No comments: