November 29, 2021

ជីវប្រវត្តិសង្ខេប​របស់​សម្តេច​ក្រុមព្រះ​ ​នរោត្តម​ ​រណឫទ្ធិ​

សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានចូលទិវង្គតនៅឯប្រទេសបារាំង នាថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងព្រះជន្ម ៧៧ ព្រះវស្សា។  រូប៖ ហ្វេសប៊ុក Royal du Cambodge


ដោយ មួង ណារ៉េត RFA 2021-11-28

សម្តេច​ក្រុមព្រះ ​នរោត្តម​ ​រណឫទ្ធិ​ ​ជា​ព្រះ​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ​និង​ព្រះ​ប្រធាន​ក្រុមប្រឹក្សា​ផ្ទាល់​របស់​ព្រះមហាក្សត្រ​។​ ​ព្រះអង្គ​ធ្លាប់ធ្វើ​ជានា​យក​រដ្ឋ​មន្រ្តី​ទីមួយ​នៃ​រដ្ឋាភិបាល​កម្ពុជា​ ​និង​​ធ្លាប់ធ្វើ​ជា​ប្រធានរដ្ឋសភា​ជាតិ​។​

ព្រះអង្គ​ប្រ​សូត្រ​ ​កាលពី​ថ្ងៃ​ទី​២​ ​ខែ​​មករា​ ​ឆ្នាំ​១៩៤៤​ ​នា​រាជធានី​ភ្នំពេញ​។​ ​ទ្រង់​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ​បរម​រត​ន​កោដ្ឋ​ ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម​ ​សីហនុ ​និង​អ្នកម្នាង​ ​ផាត់​ ​កាញ៉ុល​ ​ដែល​ជា​នាដការី​ ​នៃ​របាំ​ព្រះរាជទ្រព្យ​។​ ​ព្រះអង្គ​ជា​ព្រះ​អា​ណុ​ច​ (​ឬ​ប្អូន​បង្កើត​) ​របស់​សម្តេច​រាជបុត្រី​ព្រះរាម​ ​នរោត្តម​ ​បុប្ផា​ទេវី​។​ ​ព្រះអង្គ​ជា​ព្រះ​ជេដ្ឋា ​(​ឬ​បងប្រុស​) ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ ​ព្រះ​បរមនាថ​ ​នរោត្ដម​-​សីហមុនី​ ​ប៉ុន្តែ​ព្រះ​មាតា​ទីទៃ​ ​បិតា​តែមួយ​។​

ព្រះអង្គ​មាន​មហេសី​ពីរ​។​ ​មហេសី​ទីមួយ​ ​គឺ​ព្រះអង្គម្ចាស់​ក្សត្រិយ៍​នរោត្តម​ ​ម៉ារី​ ​រណឫទ្ធិ (​ឈ្មោះ​ដើម​អ្នកស្រី​ ​អេង​ ​ម៉ារី​) ​បាន​បុត្រ​បី​អង្គ​ ​គឺ​ព្រះអង្គម្ចាស់​ ​នរោត្ដម​ ​ចក្រាវុឌ្ឍ ​ព្រះអង្គម្ចាស់​ ​នរោត្តម​ ​សីហឫទ្ធិ​ ​និង​ព្រះអង្គម្ចាស់ក្សត្រីយ៍ ​នរោត្តម​ ​រតនា​ទេវី​។​ ​មហេសី​ទីពីរ ​គឺ​អ្នកម្នាង​ ​អ៊ុក​ ​ផល្លា​ ​ដែល​ជា​អ្នក​របាំ​បុរាណ​ដ៏​ឆ្នើម​ម្នាក់​។​ ​ជាមួយ​អ្នកម្នាង​ ​អ៊ុក​ ​ផល្លា​ ​ទ្រង់​បាន​បុត្រ​ពីរ​អង្គ​ ​គឺ​អ្នកអង្គម្ចាស់​ ​នរោត្តម​ ​សុធាឫទ្ធិ​ ​និង​ ​អ្នកអង្គម្ចាស់​ ​នរោត្ដម​ ​រណវង្ស​។​ ​អ្នកម្នាង​ ​អ៊ុក​ ​ផល្លា​ ​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ​នៅ​ស្រុក​ព្រៃ​នប់​ ​ខេត្ត​ព្រះ​សី​ហ​នុ ​កាលពី​ឆ្នាំ​ ​២០១៨​។​ ​ក្នុង​គ្រោះថ្នាក់​នោះ​ ​សម្តេច​ក្រុមព្រះ​នរោត្តម​ ​រណឫទ្ធិ​ ​រង​របួសធ្ងន់​ ​ដែល​ពិការ​ ​និង​ជិះ​លើ​រទេះរុញ​តាំងពី​ពេល​នោះ​ ​រហូតដល់​ថ្ងៃ​សោយទិវង្គត​។

កាល​នៅ​មាន​ព្រះ​ជន្ម​នៅឡើយ​ ​ព្រះអង្គ​ធ្លាប់​ជា​អ្នកនយោបាយ​ឆ្នើម​មួយ​រូប​ ​និង​ជា​អ្នកស្រាវជ្រាវ​ ​និង​សាស្រ្តាចារ្យ​ផ្នែក​ច្បាប់​នៅ​ប្រទេស​បារាំង​ ​ដោយ​បាន​រៀនចប់​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​ប្រទេស​បារាំង​។​ ​ព្រះអង្គ​ប្រឡូក​ក្នុង​ឆាក​នយោបាយ​អស់​រយៈពេល​ជិត​ ​៤០​ ​ឆ្នាំ​ ​តាំងពី​ចូល​ក្រុម​រាជា​និយម​ហ្វ៊ុនស៊ិនប៉ិច​នៅ​ឆ្នាំ​ ​១៩៨៣​។​

ពលរដ្ឋ​ខ្មែរ​ទូទៅ​នៅ​ប្រទេស​កម្ពុជា​ ​ចាប់ផ្តើម​ស្គាល់​ព្រះអង្គ​ខ្លាំង​ ​ក្នុង​ព្រឹត្តិការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​១៩៩៣​ ​ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​ ​ដែល​កាលណោះ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ​ដែល​ព្រះអង្គ​ជា​ព្រះ​ប្រធាន​ ​បាន​ឈ្នះ​គណបក្សប្រជាជន​កម្ពុជា​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ដោយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទទួល​បាន​ ​៥៨​ ​អាសនៈ​ទល់នឹង​គណបក្សប្រជាជន​កម្ពុជា​ទទួល​បាន​ ​៥១​ ​អាសនៈ​។​

ប៉ុន្តែ​ ​ដោយ​ការ​មិនសុខចិត្ត​នឹង​លទ្ធផល​បោះឆ្នោត​ពីសំណាក់​លោក​ ​ហ៊ុន​ ​សែន​ ​និង​ការ​គម្រាម​បំបែក​ខេត្ត​ចំនួន ៧​ ​ជា​តំបន់​អបគមន៍​ ​ដែល​អាច​ឈាន​ទៅ​រក​សង្គ្រាម​កាប់សម្លាប់គ្នា​រវាង​ខ្មែរ​គ្នាឯង​សាជាថ្មី​ទៀត​នោះ​ ​ទើប​ព្រះ​បរមរតន​កោដ្ឋ​ ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម​ ​សីហនុ ​ធ្វើអន្តរាគមន៍​បង្កើត​តំណែង​សហ​នាយក​រដ្ឋ​មន្រ្តី ​ដោយ​សម្តេច​ក្រុមព្រះ​នរោត្តម​ ​រណឫទ្ធិ​ ​ជានា​យក​រដ្ឋ​មន្រ្តី​ទី​១​ ​និង​លោក​ ​ហ៊ុន​ ​សែន​ ​ជានា​យក​រដ្ឋ​មន្រ្តី​ទី​ ​២​។​

បួន​ឆ្នាំក្រោយ​មក​ ​នៅ​ខែ​កក្កដា​ ​ឆ្នាំ​១៩៩៧​ ​រដ្ឋប្រហារ​មួយ​បាន​ផ្ទុះឡើង​ ​នៅ​ចំកណ្តាល​ទី​ក្រុងភ្នំពេញ​ ​ដែល​នៅ​ពេល​នោះ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​បណ្តេញ​សម្តេច​ក្រុម​ព្រះ​នរោត្តម​ ​រណឫទ្ធិ​ ​ចេញពី​តំណែង​ជាស​ហ​នាយក​រដ្ឋមន្រ្តី​។​ ​មន្រ្តី​រាជា​និយម​ជិត​ ​១​០​០​ ​នាក់​ត្រូវ​បាន​ក្រុម​ប្រដាប់​អាវុធ​លោក​ ​ហ៊ុន​ ​សែន​ សម្លាប់ចោល​ ​និង​មន្រ្តី​ជាច្រើន​ទៀត​រង​របួស​ ​និង​ភៀសខ្លួន​ទៅ​ទល់ដែន​កម្ពុជា​-​ថៃ​។​

សម្តេច​ក្រុមព្រះ​នរោត្តម​ ​រណឫទ្ធិ​ ​ពេល​នោះ​បាន​និរទេស​ព្រះ​កាយ​ទៅក្រៅ​ប្រទេស​។​ ​នៅ​ខែ​កក្កដា​ ​ដដែល​នោះ​ ​ក្រសួងការបរទេស​កម្ពុជា​ ​បាន​ចេញ​ប្រកាស​ ​ចាត់​ទុក​ព្រះអង្គ​ថា​ ជា​ «ឧក្រិដ្ឋជន» ​និង​ «ជន​ក្បត់ជាតិ​» ​ដោយ​ចោទប្រកាន់​ព្រះអង្គ​ ​ថា​បាន​ឃុបឃិត​គ្នា​ជាមួយ​ពួក​ខ្មែរក្រហម​ ​ដើម្បី​ធ្វើ​ឱ្យ​មាន​អស្ថិរភាព​រដ្ឋាភិបាល​។

​ក្រោយមក​ ​ពេល​អវត្តមាន​របស់​ព្រះអង្គ​ ​លោក​ ​អ៊ឹង​ ​ហួត​ ​ត្រូវ​បាន​ជ្រើសតាំង​ដោយ​សមាជិកសភា​ហ៊្វុនស៊ិនប៉ិច​ ​ដែល​មាន​និន្នាការ​លំអៀង​ទៅ​រក​លោក​ហ៊ុន​ ​សែន​ ​ដើម្បី​ឡើង​ជំនួស​ព្រះអង្គ​។​

​ព្រះអង្គម្ចាស់​រណឫទ្ធិ​ ​ត្រូវ​បាន​តុលាការយោធា​កាត់ទោស​ដោយកំបាំង​មុខ​​​ដោយ​ឲ្យ​ជាប់ពន្ធនាគារ​ ​៣៥​ ​ឆ្នាំ​ ​ពី​បទ​រត់​ពន្ធ​គ្រឿង​សព្វាវុធ​ខុសច្បាប់​ ​និង​ការ​ឃុបឃិតជាមួយ​ពួក​ខ្មែរក្រហម​នោះ​។​ ​ប៉ុន្តែ​ក្រោយមក​ ​ទោស​នេះ​ត្រូវ​បាន​លើកលែង​ដោយ​ព្រះ​បិតា​ព្រះអង្គ​។​ ​ព្រះអង្គ​បាន​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ​នៅ​ចុងខែ​មីនា​ ​ឆ្នាំ​១៩៩៨​ ​ដើម្បី​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទៅកាន់​យុទ្ធនា​ការបោះឆ្នោត​នា​ឆ្នាំ​នោះ​។​

ប៉ុន្តែ​ប្រជាប្រិយ​របស់​គណបក្ស​រាជា​និយម​មួយ​នេះ​ ​ចាប់ផ្តើម​ស្រុត​ចុះ​ ​ដោយ​នៅ​ឆ្នាំ​​១៩៩៨​ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ​ទទួល​បាន​អាសនៈ​ចំនួន​ ​៤៣​ ​ក្នុងចំណោម​អាសនៈ​សរុប​ចំនួន​ ​១២២​។​ ​គណបក្សប្រជាជន​កម្ពុជា​ ​បាន​ឈ្នះ​ការបោះឆ្នោត​ ​ដោយ​ទទួល​បានការ​គាំទ្រ​ ​៦៤​ ​អាសនៈ​។​ ​ក្រៅពីនោះ​ ​គណបក្ស​សម​ ​រង្ស៊ី ​ទទួល​បាន​អាសនៈ​សភា​ចំនួន​ ​១៥​​។​

ក្រោយ​ខែ​កញ្ញា​ ​ឆ្នាំ​១៩៩៨​ ​ពោល​គឺ​ក្រោយ​ព្រឹត្តិការណ៍​គ្រាប់​រ៉ុក្កែត​ ​ដែល​លោក​ ​ហ៊ុន​ ​សែន​ ​ចោទ​ថា ​បក្សហ៊្វុនស៊ិន​ប៉ិច​ ​និង​គណបក្ស​សមរង្ស៊ី ​រៀបចំ​ផែន​ការវាយប្រហារ​​លោក​នោះ​ ​ព្រះអង្គម្ចាស់​រណឫទ្ធិ​ ​បាន​ភៀស​ព្រះ​កាយ​ទៅ​ទីក្រុង​បាងកក​ ​ប្រទេស​ថៃ​។​ ​ប៉ុន្តែ​ដោយមាន​ការ​អំពាវនាវ​ពី​ព្រះ​បិតា​ព្រះអង្គ​ ​ទ្រង់​បាន​វិល​មក​កម្ពុជា​​វិញ​ ​នៅ​ខែ​វិច្ឆិកា​ ​ឆ្នាំ​​១៩៩៨​ ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​លោក​ ​ហ៊ុន​ ​សែន​។​ ​ក្រោយមក​ព្រះអង្គ​ ​ត្រូវបានតែងតាំងជា​ប្រធានរដ្ឋសភា​។​

ការ​យល់ព្រម​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​លោក​ ​ហ៊ុន​ ​សែន​ ​នេះ​ ​កាន់តែ​ធ្វើឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ​ធ្លាក់​ប្រជាប្រិយភាព​ជា​បន្ត​ទៀត​។​ ​នៅ​ខែកុម្ភៈ​ ​ឆ្នាំ​២០០២​ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ​ទទួល​បានតែ​ ​១០​ ​អាសនៈ​ប៉ុណ្ណោះ​ ​លើ​អាសនៈ​សរុប​ចំនួន​ ​១ ៦០០​ ​នៅ​ក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់​។​ ​មួយ​ខែក្រោយ​មក​ ​គណបក្ស​នេះ​ ​ចាប់ផ្តើម​បែកខ្ញែក​ជា​បំណែក​។​

ជា​លទ្ធផល​គណបក្ស​នេះ​ ​ទទួល​បាន​អសនៈ​តែ​ ​២៦​ ​ប៉ុណ្ណោះ​ ​ក្នុងចំណោម​អសនៈ​សភាជាតិ​សរុប​ ​១២០​ ​អសនៈ ​នៅ​ក្នុង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០០៣​។​ ​មន្រ្តី​សំខាន់​ៗ​របស់​បក្ស​នេះ​ ​បាន​ចាកចេញ​ពី​ព្រះអង្គ​។​ ​មិនតែប៉ុណ្ណោះ​ ​ពួកគេ​បាន​ដាក់ពាក្យ​ប្តឹង​ព្រះអង្គ​ ​ដោយ​ចោទប្រកាន់​ព្រះអង្គ​ពី​ការ​កិប​កេង​ប្រាក់​ចំនួន​ ​៣​,​៦​ ​លាន​ដុល្លារ​ ​ពី​កា​រលក់​ទីស្នាក់ការ​ហ៊្វុនស៊ិនប៉ិច​ ​នៅក្បែរ​ស្ថានទូត​បារាំង​ក្នុង​ឆ្នាំ​២០០៥​។​

ទ្រង់​រណឫទ្ធិ​ ​បាន​បង្កើត​គណបក្ស​ថ្មី​មួយ​ឈ្មោះ​ ​គណបក្ស​ នរោត្តម​ ​រណឫទ្ធិ​។​ ​មិនយូរប៉ុន្មាន​ ​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍​នរោត្តម​ ​ម៉ារី​ ​រណឫទ្ធិ ​បាន​ដាក់ពាក្យ​ប្តឹង​ទ្រង់​ពី​បទ​ផិត​ក្បត់​។​

ក្នុង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​ ​២០០៨​ ​គណបក្ស​នរោត្តម​ ​រណឫទ្ធិ​ របស់​ព្រះអង្គ​ ​បាន​កៅអី​តែ​ពីរ​ប៉ុណ្ណោះ​។​

ក្រោយមក​ទៀត​ព្រះអង្គ​ ​ប្រកាស​ចូលនិវត្តន៍​ពី​កិច្ចការនយោបាយ​ ​ហើយ​បាន​សន្យា​គាំទ្រ​គណបក្សប្រជាជន​កម្ពុជា​។​ ​ប៉ុន្តែ​នៅ​ខែ​មីនា​ ​ឆ្នាំ​២០១៤​ ​ទ្រង់​បាន​ចាកចេញ​ពី​ការ​ចូលនិវត្តន៍​នោះ​ ​ដើម្បី​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយទៀត​ គឺ​​គណបក្ស​សង្គម​រាស្រ្ត​រាជាធិបតេយ្យ​។​ ​ទោះ​ជា​យ៉ាងនេះ​ក្ដី​ ​មិនបាន​ប៉ុន្មាន​ផង​ ​នៅ​ដើម​​ឆ្នាំ​​២០១៥​ ​ទ្រង់​បាន​រំលាយ​បក្ស​នេះ​ចោល​វិញ​ ​ហើយ​វិលត្រឡប់​ចូល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ​ ​ដោយ​ត្រូវបានតែងតាំងជា​ប្រធាន​គណបក្ស​នេះ​ម្តងទៀត​។​

​ក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​​២០១៧​ ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​ព្រះអង្គ​ ​មិនបាន​ឈ្នះ​តំណែង​មេឃុំ​ ​ឬ​ចៅសង្កាត់​សូម្បីតែ​មួយ​​ក្នុងចំណោម​ឃុំ​សង្កាត់​ទាំង​ ​១,៦៤៦​។​ ​ប៉ុន្តែ​ ​ជាប់​ជាស​មាជិកក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ​២៨​ ​នាក់​ដែរ​ ​ក្នុងចំណោម​ក្រុមប្រឹក្សា​ ​១១,​៥៧២​ ​នាក់​។​

​នៅ​ក្នុង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ ​ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​ព្រះអង្គ​ ​មិនបាន​អសនៈ​សភា​ ​សូម្បីតែ​មួយ​អាសនៈ​ ​ក្នុងចំណោម១២៥អាសនៈ។ (នៅមាន ត)

No comments: