November 29, 2021

គណៈកម្មការ​របស់​ពលរដ្ឋ​មួយ​ត្រូវ​បង្កើតឡើង​ដើម្បី​ស៊ើបអង្កេត​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

រូបថត​​​នៃ​គេហទំព័រ​គណៈកម្មការ​ស៊ើបអង្កេត​​សម្រាប់​កម្ពុជា​ ដែល​ជា​គណៈកម្មការ​ពលរដ្ឋ​ដំបូង​ដែល​ធ្វើ​កិច្ចការ​នេះ​និង​ផ្តួចផ្តើម​ដោយ​អង្គការ ​Save Cambodia ថត​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ (ថត​ពី​គេហទំព័រ Save Cambodia) Photo: Web Screenshot


ម៉ែន គឹមសេង | VOA Khmer, 27 វិច្ឆិកា 2021

វ៉ាស៊ីនតោន — សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បាន​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​មួយដើម្បី​ចងក្រង​សកម្មភាព​រំលោភ​ច្បាប់​និង​សិទ្ធិមនុស្ស​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រយៈពេល​៣ទសវត្សរ៍​ចុងក្រោយ​នេះ។

គណៈកម្មការ​ស៊ើបអង្កេតសម្រាប់​កម្ពុជា ​(Commission of Inquiry for Cambodia) ​នេះ​ជា​គណៈកម្មការ​ពលរដ្ឋ​ដំបូង​ដែល​ធ្វើ​កិច្ចការ​នេះ​និង​ផ្តួចផ្តើម​ដោយ​អង្គការ​ Save Cambodia ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​និង​ចូលរួម​ដោយ​សមាគម​ខ្មែរ​ជាច្រើន​ដែល​នៅ​សហរដ្ឋ​អាមេរិក​អឺរ៉ុប​និង​អូស្ត្រាលី។

គំនិត​ផ្តួចផ្តើម​នេះ​បាន​ចាប់ផ្តើម​ពី​កិច្ចប្រជុំ​រៀបចំ​ផែនការ​យុទ្ធសាស្រ្ត​មួយ​កាលពី​ថ្ងៃទី១៨​ខែកក្កដា​ នៅ​ពេល​ដែល​លោក Brad Adams ​នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិមនុស្ស​Human Rights Watch​បាន​ធ្វើឡើង​ជាមួយ​មេដឹកនាំ​សហគមន៍​ខ្មែរ​ប្រមាណ​៥០នាក់​អំពី​បញ្ហា​ប្រឈម​នៅ​ប្រទេស​កម្ពុជា​លើ​ផ្នែក​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស។ លទ្ធផល​សំខាន់​នៃ​សម័យ​ប្រជុំ​នោះ​គឺ​បាន​សន្និដ្ឋាន​ថា​កិច្ចខិតខំ​ប្រឹងប្រែង​កន្លងមក​របស់​អង្គការ​សហប្រជាជាតិ​និង​អន្តរជាតិ​ផ្សេង​ទៀត​ដើម្បី​ដោះស្រាយ​ការ​គាបសង្កត់​កាន់តែខ្លាំង​និង​គ្រប់ទិសទី​របស់​រដ្ឋាភិបាល​លោកហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​មិនបាន​ដំណើរការ​ល្អ​ទេ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​Morton Sklar​ទីប្រឹក្សា​ផ្នែកច្បាប់​សម្រាប់​គណៈកម្មការ​នេះ។

លោក Morton Sklar ​បាន​បន្ថែម​ថា៖ «គំនិត​ដែល​សហគមន៍​ខ្មែរ​ខ្លួនឯង​អាច​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​តាម​សិទ្ធិ​របស់​ខ្លួន​គឺជា​គំនិត​ថ្មី​មួយ ហើយ​ជា​គំនិត​សំខាន់​មួយ។ វា​កើតចេញ​ពី​ការខកចិត្ត​ជាមួយ​នឹង​របាយការណ៍​មុនៗ​និង​សេចក្តី​ថ្លែងការណ៍​របស់​ទីភ្នាក់ងារ​និង​មន្ត្រី​អង្គការ​សហប្រជាជាតិ​ផ្សេងៗ​អំពី​ប្រទេស​កម្ពុជា​ដែល​មិនបាន​បង្កើត​លទ្ធផល​ប្រកប​ដោយ​អត្ថន័យ»។

អ្នកស្រី​នីកូល អ៊ឹង​ (Nicole Ung) ប្រធាន​មូលនិធិ​មេបុណ្យ​និង​ជា​អ្នកទំនាក់​ទំនង​ជាមួយ​នឹង​សហគមន៍​ខ្មែ​សម្រាប់​អង្គការ​Save Cambodia ​បាន​ថ្លែង​ថា៖​«នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​រាស្ត្រ​ខ្មែរ​ដែល​នាំ​គ្នា​ធ្វើ​កិច្ចការ​នេះ​ហើយ​ដោយសារ​មាន​ទង្វើ​រៀបចំ​របៀប​នេះ​ខ្ញុំ​ជឿថា​រាស្ត្រ​អាច​ជួយ​ទាញ​មតិ​អន្តរជាតិ​ឲ្យ​គេ​មក​គាំទ្រ​ព្រម​ទាំង​ជំរុញ​អ្នក​ដែល​មាន​អំណាច​មាន​ឥទ្ធិពល​ឲ្យ​គេ​មក​ជួយ​គាំទ្រ​រាស្ត្រ​ខ្មែរ​យើង»។

វិធីសាស្រ្ត​ថ្មី​នេះ​គឺជា​ការផ្តល់​ឱកាស​ឱ្យ​ជនរងគ្រោះ​ពី​ការ​ធ្វើទុក្ខ​បុកម្នេញ​និង​ឃាតកម្ម​ដែល​មាន​ដូចជា​គ្រួសារ​លោក​បណ្ឌិត​កែម ឡី ​អ្នកវិភាគ​នយោបាយ​សង្គម​លោក ជា វិជ្ជា​មេដឹកនាំ​សហជីព​កម្មករលោក ឈុត វុទ្ធី​សកម្មជន​ការពារ​បរិស្ថាននិង​ជនរងគ្រោះ​ផ្នែក​នយោបាយ​និង​សិទ្ធិដីធ្លី​ដទៃ​ទៀត​បាន​ថ្លែង​ពី​បញ្ហា​របស់​ពួកគេ​ដោយសារ​ពួកគេ​នៅ​ស្ងៀម​ជាយូរ​ព្រោះ​មិន​ទទួល​បាន​យុត្តិធម៌​ក្រោម​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន។

គណៈកម្មការ​ស៊ើបអង្កេត​ឬ​ស្វែងរក​ការពិត​ដែល​បង្កើត​ឡើង​ដោយ​ពលរដ្ឋ​ស្រដៀង​គ្នា​ត្រូវ​បាន​អនុវត្ត​នៅ​ប្រទេស​ចិន​និង​លើ​បញ្ហា​ជនជាតិ​ចិន​អ៊ុយហ្គ័រ (Uyghur) និង​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដោយ​ស៊ើបអង្កេត​ករណី​រំលោភ​បំពាន​សិទ្ធិ​ជនជាតិ​រ៉ូហ៊ីងយ៉ា(Rohingya) ដោយ​ពួកយោធា​ជាដើម។

ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន

របាយការណ៍​របស់​ក្រសួង​ការបទេស​សហរដ្ឋ​អាមេរិក​អំពី​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​២០២០​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០២១​កន្លង​ទៅនេះ​ បាន​កត់​សម្គាល់​ថា​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅតែ​មាន​បញ្ហា​ក្នុង​នោះ​មាន​ការធ្វើទារុណកម្ម និង​អំពើ​ឃោរឃៅ អមនុស្សធម៌​ឬ​ការ​ធ្លាក់ចុះ​មិន​យកចិត្ត​ទុកដាក់​និង​ការដាក់​ទោសទណ្ឌ​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល។ មាន​ការឃុំខ្លួន​តាម​អំពើ​ចិត្ត​ដោយ​រដ្ឋាភិបាល​អ្នកនយោបាយ​នៅ​តែ​ត្រូវ​បាន​ដាក់​ទោសទណ្ឌ​ប្រព័ន្ធ​តុលាការ​គ្មាន​ឯករាជ្យភាព​ការជ្រៀតជ្រែក​តាម​អំពើ​ចិត្ត​ក្នុង​ជីវិត​ឯកជន​របស់​ប្រជាពលរដ្ឋ​រួមទាំង​ការឃ្លាំមើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេឡិចត្រូនិក។

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការបរទេស​អាមេរិកាំងបាន​បន្ថែម​ថា​មាន​ការជ្រៀតជ្រែក​ដល់​សិទ្ធិ​ក្នុង​ការជួបប្រជុំ​ដោយ​សន្តិវិធី​និង​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម។ រីឯ​លទ្ធភាពរបស់​ប្រជាពលរដ្ឋ​ក្នុង​ការផ្លាស់ប្តូរ​រដ្ឋាភិបាល​ដោយ​សន្តិវិធី​តាមរយៈ​ការបោះឆ្នោត​ដោយសេរី​និង​យុត្តិធម៌​ក៏បាន​ធា្លក់​ចុះ។

អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​បង្ហាញ​ក្នុង​របាយការណ៍​ចេញផ្សាយ​នៅ​ថ្ងៃទី​២៥​ខែវិច្ឆិកា​ថា​ក្នុង​ឆ្នាំ​២០២០​មាន​អ្នកបញ្ចេញ​មតិ​តាម​បណ្តាញ​សង្គម​ចំនួន​១៥៨​នាក់​ត្រូវ​បាន​ចាប់ដាក់​ពន្ធនាគារ​ក្នុង​នោះ​មានស្ត្រី​ចំនួន​៣៤នាក់។

សកម្មភាព​របស់​គណៈកម្មការ

គណៈ​កម្មការ​នេះ​បាន​ប្រកាស​ចាប់ផ្តើម​ដំណើរការ​នៅថ្ងៃទី​២៣​ខែ​តុលា​គឺចំ​ថ្ងៃខួប​លើកទី​៣០​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែល​ជា​កិច្ចព្រមព្រៀង​មាន​គោល​បំណង​នាំ​មក​ឲ្យ​ពលរដ្ឋ​កម្ពុជា​នូវ​សន្តិភាព​ការឯកភាព​ជាតិ​ ការអភិវឌ្ឍការគោរព​អធិបតេយ្យ​ជាតិ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស​បន្ទាប់​ពី​សង្គ្រាម​ហែកហួរគ្នា​ជាង​២ទសវត្សរ៍។ អ្នកច្បាប់​និង​អ្នក​តស៊ូ​មតិ​ផ្នែក​សិទ្ធិ​មនុស្ស​ពីរ​រូប​បាន​ស្ម័គ្រចិត្ត​ជា​ស្នងការ​ដើម្បី​ជួយ​ដឹកនាំ​គណៈកម្មការ​ស៊ើបអង្កេត​នេះ។

អ្នកស្រី​ Louisa Coan Greve ជា​ស្នងការ​មួយ​រូប​នៃ​គណៈកម្មការស៊ើបអង្កេត​សម្រាប់​កម្ពុជា។ អ្នកស្រី​ធ្លាប់បាន​ចូលរួម​នៅក្នុង​គណៈកម្មការ​ឯករាជ្យ​ដូចនេះ​ចំនួន​ពីរ​ក្នុង​ពេល​កន្លង​មក​ដោយ​ផ្តោត​លើ​បញ្ហា​ចិន​និង​ជនជាតិ​អ៊ុយហ្គ័រ។ អ្នកស្រី​ ​មាន​ជំនឿ​ថា​កម្ពុជា​អាច​នឹង​ទទួល​បាន​ផ្លែផ្កា​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​លើក​នេះ​ដែរ។

អ្នកស្រី​ ​Louisa Coan Greve​ បាន​ថ្លែង​ក្នុង​សារ​វីដេអូ​ថា៖​«ខ្ញុំ​បានឃើញ​ប្រសិទ្ធភាព​របស់​គណៈកម្មការ​នេះ។ នេះ​ហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​ប្តេជ្ញា​បម្រើ​គណៈកម្មការ​ស៊ើបអង្កេត​នេះ។ ហេតុអ្វី​បានជា​ខ្ញុំ​ជឿ​ថា​វា​មាន​សារៈសំខាន់​ហើយ​ហេតុអ្វី​បានជា​គណៈកម្មការ​នេះ​មាន​សារៈសំខាន់​ព្រោះ​វា​មាន​គោលបំណង​ជា​វេទិកា​សម្រាប់​ស្វែងរក​យុត្តិធម៌​និង​សម្រាប់​សាក្សី​នានា»។

លោក Paul Hoffman ​ស្នងការ​មួយរូប​ទៀត​នៃ​គណៈកម្មការ​បាន​ថ្លែង​នៅក្នុង​សារវីដេអូ​ដែរ​ថា៖ «យើង​សង្ឃឹម​ថា គណៈកម្មការ​នឹង​ជួយ​ប្រមូល​ការ​ព្រួយបារម្ភ​និង​សកម្មភាព​អន្តរជាតិ​ដើម្បី​បញ្ឈប់​ការរំលោភ​បំពាន​ទាំងនេះ។ ក្រុមអ្នកធ្វើ​ចលនា​សិទ្ធិមនុស្ស​ដឹង​ថា​ការលើក​បញ្ហា​មក​បង្ហាញ​ជា​ប្រចាំ​និង​ជានិច្ច​អំពី​ការធ្វើទុក្ខបុកម្នេញ​គឺជា​មធ្យោបាយ​ដ៏ល្អ​បំផុត​ក្នុង​ការធានា​បាន​នូវ​យុត្តិធម៌​និង​ការទទួល​ខុសត្រូវ​សម្រាប់​ជនរងគ្រោះ​និង​ដើម្បី​ការពារ​ភាពអយុត្តិធម៌​នាពេល​អនាគត»។

អ្នកជំនាញ​ដូចជា​លោក ​Gareth Evans អតីត​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​ក៏​បាន​លើក​ទឹកចិត្ត​ដល់​សកម្មជន​សហគមន៍​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ក្រៅ​ប្រទេស​ឲ្យ​បន្ត​យកចិត្តទុកដាក់​និង​ចងក្រង​ការ​រំលោភ​សិទ្ធិមនុស្ស​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ទាក់ទាញ​ការ​យកចិត្ត​ទុកដាក់​របស់​សហគមន៍​អន្តរជាតិ​និង​ឲ្យ​ពួកគេ​ប្រើប្រាស់​ជានិច្ច​នូវ​រាល់​វេទិកា​ដែល​មាន​ជា​សកល​និង​ប្រចាំ​តំបន់​បង្ហាញ​នូវ​អ្វី​ដែល​ខុសឆ្គង។

នៅ​ឆ្នាំ២០២២​គណៈកម្មការ​នឹង​បើក​សវនាការ​យ៉ាងតិច​ចំនួន​បួនដែល​ផ្តោតលើ​បញ្ហា​និង​កង្វល់​បុគ្គល​ជាច្រើន​ដែល​មាន​ដូចជា៖ ទី១) ការបំផ្លិចបំផ្លាញ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​ទី២)​ការលុប​បំបាត់​សិទ្ធិ​បញ្ចេញ​មតិ​និង​សិទ្ធិ​បង្កើត​សមាគម​ដោយ​សេរី​តាមរយៈ​ការចាប់ខ្លួន​ការផ្តន្ទាទោស​ដាក់ពន្ធនាគារ​និង​ការកាត់ទោស​ព្រហ្មទណ្ឌ​ជាប្រព័ន្ធ​និង​រីករាលដាល ​ទី៣​ការបំផ្លាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​បណ្តាញ​សារព័ត៌មាន​សេរី​និង ​ទី៤​ការដកហូត​ដីធ្លី​និង​ធនធាន​សាធារណៈ និង​ទ្រព្យសម្បត្តិ​ដោយ​មន្ត្រី​រដ្ឋាភិបាល​និង​សមាជិក​គ្រួសារ ​លោក ​ហ៊ុន សែន។

សម័យប្រជុំ​ដំបូង​របស់​គណៈកម្មការ​គ្រោង​នឹង​ធ្វើ​នៅ​ខែមីនា​ឆ្នាំ​២០២២ ​ដោយ​ផ្តោតលើ​បញ្ហា​នីតិរដ្ឋ​ដែល​ផ្តោតលើ​ការ​ប្រើប្រាស់​តុលាការ និង​នីតិរដ្ឋ​ដោយ​ខុសច្បាប់​របស់​រដ្ឋាភិបាល ហ៊ុន សែន ក្នុង​គោលបំណង​នយោបាយ។

លោក Kingley Abbott នាយក​នៃ​កម្មវិធី​គណនេយ្យភាព​សាកល​និង​យុត្តិធម៌​អន្តរជាតិ​នៃ​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ​នឹង​ផ្តល់​សក្ខីកម្ម ដោយ​ផ្អែក​លើ​របាយការណ៍​រំលោភ​សិទ្ធិមនុស្ស​នានា​ដែល​អង្គការ ​Human Rights Watch និង​ Amnesty International បាន​ចងក្រង​ជាច្រើន​ពី​ប្រទេស​កម្ពុជា។

លោក Morton Sklar បាន​ថ្លែង​ថា៖ «គណៈកម្មការ​អន្តរជាតិ​នៃ​អ្នកច្បាប់​រួម​ជាមួយ​អង្គការ​លើកលែង​ទោស​អន្តរជាតិ​និង​អង្គការ​ ឃ្លាំមើល​សិទ្ធិមនុស្ស​ក្រុម​ទាំងបី​នោះ​បាន​ចេញ​របាយការណ៍​យ៉ាង​លម្អិត​អំពី​បញ្ហា​កង្វះ​ឯករាជ្យ​លើ​ផ្នែក​នៃ​តុលាការ​និង​ប្រព័ន្ធ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា។ ពួកគេ​បាន​ផ្តល់​នូវ​ព័ត៌មាន​សំខាន់ៗ​ជាច្រើន​អំពី​របៀប​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើប្រាស់​តុលាការ​និង​ប្រព័ន្ធ​អនុវត្ត​ច្បាប់​និង​នីតិរដ្ឋ​មិន​ត្រឹមត្រូវ​ដើម្បី​បង្ហាញ​អំពី​ភាព​ត្រឹមត្រូវ​គាំទ្រ ​ដើម្បី​ធ្វើឱ្យ​មាន​លទ្ធភាព​ចាប់ខ្លួន​និង​កាត់ទោសបទល្មើស​មួយ​ចំនួន​ធំ​ដែល​បាន​កើតឡើង»។

សកម្មជន​យល់​ថា​ជំងឺ​រាតត្បាត​កូវីដ​១៩​បាន​ផ្តល់​ឱកាស​ថ្មី​ដល់​ការងារ​របស់​គណៈកម្មការ​នេះ​អាច​ដំណើរការ​បាន​ដោយ​ប្រសិទ្ធភាព​និង​ចំណាយ​ថវិកា​និង​ពេលវេលា​តិចតួច។ សវនាការ​ដោយ​ផ្ទាល់លែង​ធ្វើឡើង​នៅកម្រិតអន្តរជាតិទៀតហើយ​ក្រុមការងារ​នឹង​រៀបចំ​សវនាការ​ភាគច្រើន​តាម​រយៈអនឡាញ​ដោយ​ប្រើប្រាស់​ Zoom។

ឥទ្ធិពល​នយោបាយ​និង​អំណាច

ក្រុម​សកម្មជន​អះអាង​ថា​យុទ្ធនាការ​នេះ​នឹង​មិន​រង​សម្ពាធ​នយោបាយ​ពី​ក្រុម​អ្នកនយោបាយ​ទេ។ ការ​ទាមទារ​របស់​ពួកគេ​នឹង​នៅ​បន្ត​បើទោះ​ជា​មាន​ការសម្រប​សម្រួល​នយោបាយ​យ៉ាងណា​ក៏​ដោយ។

លោកMorton Sklar បាន​បញ្ជាក់​ថា៖​«សកម្មភាព​របស់​គណៈកម្មការ​ស៊ើបអង្កេត គឺ​មិន​មែន​ជា​រឿង​នយោបាយ​ឡើយ។ ទិដ្ឋភាព​នយោបាយ​តែមួយ​គត់​គឺ​យើង​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​រក្សា​នៅ​កម្ពុជា។ នោះ​គឺ​ជា​ស្ថានការណ៍​បើក​ចំហ​ដោយ​មិន​មាន​សម្ពាធ​នយោបាយ​ទេ។ នោះ​ជា​ទិដ្ឋភាព​តែមួយ​គត់​នៃ​នយោបាយ​ហើយ​យើង​យក​ចិត្ត​ទុកដាក់។ យើង​មិន​គាំទ្រ ឬ​ទទួល​ជំនួយ​ពី​គណបក្ស​នយោបាយ​ណា​មួយ​ទេ»។

អ្នកស្រី ​នីកូល អ៊ឹង​ ក៏បាន​ថ្លែង​ថា៖ «យើងឃើញ​ថា​បងប្អូន​ខ្មែរ​យើង​ឥឡូវ​មិន​នៅ​ស្ងៀម​ដូច​ពីដើម​ទេ​ហើយ​រាស្ត្រ​ខ្មែរ​ខំ​សិក្សា​តាម​របៀប​សម័យ​ទំនើប​ហើយ​ចេះ​បង្រៀន​គ្នា​ជា​បន្ត​បន្ទាប់​ទោះបី​ជួប​ប្រទះ​ការ​លំបាក​សម័យ​កូវីដ​ក៏ដោយ​គឺ​ខ្មែរ​នៅ​តែ​បង្កើត​ជា​កម្លាំង​អន្តរជាតិ»។

បើ​ទោះជា​គណៈកម្មការ​នេះ​មាន​បញ្ជី​ឈ្មោះ​ស្ថាប័ន​និង​សាក្សី​ជាច្រើន​នៅ​ក្នុង​ចំណោម​អ្នក​នយោបាយ​ប្រឆាំង​និង​អ្នកការពារ​សិទ្ធិ​មនុស្ស​ដែល​ត្រូវ​មក​ផ្តល់​សក្ខីកម្ម​និង​មាន​ដំណើរការ​ស្រដៀង​គ្នា​នឹង​សវនាការ​របស់​សភា​អាមេរិកាំង​ប៉ុន្តែ​ពួកគេ​គ្មាន​អំណាច​ក្នុង​ការ​កោះហៅ​ឬ​ដាក់​ទោសទណ្ឌ​អ្នក​ដែល​មិន​ព្រម​មក​ចូលរួម​ផ្តល់​សក្ខីកម្ម​ទេ។ ជាឧទាហរណ៍​គណៈកម្មការ​នឹង​ផ្តល់​ឱកាស​ឲ្យមន្ត្រី​រដ្ឋាភិបាល​កម្ពុជាមក​ផ្តល់​សក្ខីកម្ម​ប៉ុន្តែ​ពួកគេ​អាច​មិន​ឆ្លើយតប​តាម​ការ​អញ្ជើញ​នេះ​ទេ។

លោក ​Morton Sklar បាន​ពន្យល់​ថា៖ «ប្រសិន​បើ​ពួកគេ​មិន​ឆ្លើយតប​ទេ ការ​ឆ្លើយតប​ដែល​ពួកគេ​បានឆ្លើយ​យ៉ាង​លម្អិត​ចំពោះ​អង្គការ​សហ​ប្រជាជាតិ​នឹង​ត្រូវបាន​ប្រើ​ជាការឆ្លើយតប​របស់​ពួកគេ។ ពួកគេ​បាន​បង្ហាញ​ពី​មូលហេតុ​ដែល​ពួកគេ​បានធ្វើ​ចំពោះ​ការ​រំលោភ​បំពាន​ជាច្រើន​ដែល​កំពុង​កើតឡើង។ ដូច្នេះ​យើង​មានភស្តុតាង​ជាច្រើន​ដែល​មាន​សារៈសំខាន់​អំពី​ទស្សនៈ​របស់​ពួកគេ​ហើយ​យើង​នឹង​ប្រើប្រាស់​ភស្តុតាង​នោះ​ប្រសិនបើ​ពួកគេ​មិនឆ្លើយតប​នឹង​សំណើ​របស់​យើង»។

​ក្រុមការងារ​នឹង​សរសេរ​របាយការណ៍​អំពី​ការរំលោភ​សិទ្ធិមនុស្ស​នានា​ដែល​ពួកគេ​ប្រមូល​បាន​តាមរយៈ​សវនាការ​នេះ​សម្រាប់​ដាក់​ជូន​ដល់​អ្នកតាក់តែង​ច្បាប់​នៃ​បណ្តា​ប្រទេស​នានាជាពិសេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​អង្គការ​សហប្រជាជាតិ​និង​ស្ថាប័ន​អន្តរជាតិ​នានា​ដើម្បី​ជាទុន​សម្រាប់​ពួកគេ​ពិចារណា​និង​ធ្វើ​សកម្មភាព៕

No comments: