October 18, 2021

ខ្មែរ​អាមេរិកកាំង សោក​ស្តាយ​ការ​បាត់បង់​អ្នក​លើក​ស្ទួយ​ព្រះពុទ្ធសាសនា និង​វប្បធម៌​ខ្មែរ​នៅ​លើ​ទឹកដី​​សហរដ្ឋ​អាមេរិក

លោកបណ្ឌិត​ ទន់ សុវណ្ណ បាន​ទទួល​មរណភាពក្នុង​អាយុ​ ៨១ឆ្នាំ​ ដោយ​សារ​រោគាពាធ ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី៩ ​ខែតុលា ឆ្នាំ២០២១។  រូប៖ ហ្វេសប៊ុកព្រះតេជគុណ Chanrith Koy


ដោយ សេក បណ្ឌិត RFA 2021-10-18

ពលរដ្ឋខ្មែរ​ដែល​រស់​នៅ​តាម​បណ្តា​រដ្ឋ​មួយ​ចំនួន​ជា​ពិសេស​តំបន់​ជុំវិញ​រដ្ឋធានី​វ៉ាស៊ីនតោន​(Washington-DC)​ គឺ​ពួក​គាត់​ស្គាល់​លោក ​ទន់ សុវណ្ណ ដែល​គេ​តែង​ហៅ​តាម​របៀប​អាមេរិកាំង​ថា Dr. Sovan Tun។

ប្រធាន​សមាគម​ខ្មែរ-អាមេរិកាំង ​ព្រះសង្ឃ ​និង​ក្រុម​គ្រួសារ​បណ្ឌិត​ ទន់ សុវណ្ណ​ ផ្ទាល់​បាន​ឲ្យ​ដឹង​ក្រោយ​​ពិធី​បូជា​សព​ កាល​ពី​ថ្ងៃ​សៅរ៍ ទី១៦ ខែតុលា នៅ​សហរដ្ឋ​អាមេរិក​ថា ក្នុង​រយៈ​ពេល​ជាង​៤០​ឆ្នាំ​ រស់​នៅ​លើ​ទឹក​ដី​អាមេរិក​រហូត​ដល់​ថ្ងៃ​លោក​ទទួល​មរណភាព​ក្នុង​វ័យ​ ៨១​ឆ្នាំ ​បណ្ឌិត ​ទន់ សុវណ្ណ បាន​បូជា​ទាំង​កម្លាំង​កាយ​ និង​បញ្ញា​ស្មារតី ដើម្បី​ការងារ​មនុស្សធម៌​ជួយ​សហគមន៍​ខ្មែរ​ ជា​ពិសេស​ជួយ​ពលរដ្ឋ​ខ្មែរ​ ដែល​ជាជន​ភៀស​ខ្លួន​ទើប​មក​កសាង​ជីវិត​ថ្មី​ដោយ​បាតដៃ​ទទេ និង​ខ្វះខាត​ចំណេះ​ដឹង​ផ្នែក​ភាសា​និង​របៀប​របប​រស់​នៅ​ថ្មី​នៅ​លើ​ទឹកដី​អាមេរិក។

ក្រៅ​ពី​នេះ​ទៀត​ លោក​ក៏​សកម្ម​ណាស់​ដែរ​ លើ​កិច្ចការ​អប់រំ ​និង​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​ និង​វប្បធម៌​ខ្មែរ​នៅ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក​។ ភរិយា​របស់បណ្ឌិត ទន់ សុវណ្ណ​ គឺ​លោក ​ស្រី ង៉ោ យ៉ក់ប៉ាន​(បៀន) បាន​ឲ្យ​វិទ្យុអាស៊ីសេរី​ដឹង​កាល​ពី​ថ្ងៃ​ទី​១៦​ ខែតុលា​ ក្រោយ​ពី​បុណ្យសព​រួច​រាល់​ថា​ មួយ​ជីវិត​របស់​ស្វាមី​គាត់​នៅ​លើ​ទឹកដី​អាមេរិក​នេះ ​គឺ​គាត់​ចំណាយ​ពេល​ច្រើន​ទៅ​លើ​កិច្ចការ​សង្គម ​វប្បធម៌ ​និង​សាសនា​ ដោយ​មិន​សូវ​ខ្វល់​ពី​ការ​ងារ​ផ្ទះ​ប៉ុន្មាន​ឡើយ​។

លោក​ស្រី​បន្ថែម​ថា ​សូម្បី​តែ​ពេល​ឈឺ ​សម្រាក​នៅ​មន្ទីរពេទ្យ​ ក៏​លោក​នៅ​ព្យាយាម​ទាក់ទង​ទៅ​ស្ថានប័ន​ជាតិ​ និង​អន្តរជាតិ​ ពាក់ព័ន្ធ​នឹង​កិច្ចការ​សហគមន៍​ខ្មែរ ​ដែល​មាន​អ្នក​ពឹង​ឲ្យ​លោក​ជួយ​ដោះស្រាយ​៖ «ការងារ​គាត់​នោះ​ច្រើន​ណាស់ ​ឈឺនៅ​លើគ្រែពេទ្យ​ហើយហ្នឹង​ក៏នៅ​មាន​គេខល​​មក​ឲ្យ​ជួយ​ទៀត​ តែ​គាត់​ថា ​ធ្វើលែង​កើត​ហើយ»។ 

ពិធីបុណ្យសពរបស់លោកបណ្ឌិត ទន់ សុវណ្ណ ប្រព្រឹត្តទៅនៅឧប្បដ្ឋានសាលាបុណ្យ វត្តពុទ្ធិការាម រដ្ឋមារីឡែន សហរដ្ឋអាមេរិក។ (រូប៖ ហ្វេសប៊ុកព្រះតេជគុណ Chanrith Koy)


ខ្មែរ​អាមេរិកាំង​ភាគ​ច្រើន​ទទួល​ស្គាល់​ថា ​លោក ​ទន់ សុវណ្ណ ​គឺ​ជា​កូន​ខ្មែរ​ម្នាក់​ មាន​ចំណេះ​ដឹង​ជ្រៅជ្រះ​ មាន​ទេព​កោសល្យ​ខ្ពស់​ មាន​បទពិសោធន៍​ការងារ​ច្រើន​ ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​នៅ​សហរដ្ឋអាមេរិក​ ទាំង​វិស័យ​ពុទ្ធចក្រ​ និង​អាណាចក្រ​។

ព្រះចៅអធិការ​វត្ត​ពុទ្ធិការាម​ ឬ​វត្ត​ខ្មែរ ម៉ារីលែន​(Maryland) ព្រះតេជ​គុណ ​សុវណ្ណជោតោ ​អ៊ុក ច័ន្ទហន​ មាន​ថេរ​ដីកា​ថា ការ​បាត់បង់​លោក​ ទន់ សុវណ្ណ ​ផ្ដល់​ផល​លំបាក​ជា​ច្រើន ក្នុង​ការ​អភិវឌ្ឍន៍ ការ​លើក​ស្ទួយ​កេរ​ឈ្មោះ​ប្រពៃណី ​វប្បធម៌​ខ្មែរ និង​ការ​កសាង​ទី​វត្ត​អារាម​ខ្មែរ ដើម្បី​ឲ្យ​គេ​ស្គាល់​ខ្មែរ​ក្នុង​សហគមន៍​អន្តរជាតិ​។ ​ជាក់​​ស្តែង ជា​ច្រើន​ឆ្នាំ​មក​នេះ លោក គឺ​ជា​មនុស្ស​សំខាន់​មួយ​រូប​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​វត្ត​ពុទ្ធិការាម​ ដែល​ជា​វត្ត​ខ្មែរ​ធំ​ជាង​គេ​នៅ​តំបន់​ជុំវិញ​រដ្ឋធានី​វ៉ាស៊ីនតោន​(Washington-DC)។ លោក​តែង​ជួយ​ជ្រោមជ្រែង​សហគមន៍​ខ្មែរ​ និង​សហគមន៍​ជាតិ​សាសន៍​ផ្សេង​ទៀត ដែល​ជា​ជន​អន្តោប្រវេសន៍​ចម្រុះ​ជាតិ​សាសន៍៖ «បាត់ម្នាក់ពិបាកដែរ.... គាត់ធ្វើអី ជួយមិនរើសមុខ មិន​គិតពេលយប់​ថ្ងៃ​ទេ ចំពោះ​ក្រីក្រលំបាក​ អ្នកខ្លះជួយធ្វើការងារអីទាល់តែមានផលប្រយោជន៍ គាត់អត់ទេ អាត្មាអស់ពីគាត់ដូចវាលដៃជើងយ៉ាងម៉េចមិនដឹងទេ?»។

ព្រះតេជ​គុណ ​​អ៊ុក ច័ន្ទហន ​បន្ត​ថា ​កូន​ខ្មែរ​អ្នក​ចេះ​ដឹង​ខ្ពស់​ បាន​រៀន​ដល់​ថ្នាក់​បណ្ឌិត​មាន​ច្រើន​ ប៉ុន្តែ​អ្នក​ដែល​យក​ចំណេះ​ដឹង​ លះបង់​ពេល​វេលា ​និង​ផលប្រយោជន៍​​ផ្ទាល់​ខ្លួន ដើម្បី​ជួយ​ដល់​កិច្ចការ​សាសនា​ សហគមន៍​ខ្មែរ ​វប្បធម៌​ខ្មែរ​នោះ ​គឺ​មាន​តិច​ណាស់​៖ «គាត់ជាខ្មែរម្នាក់ដែលប្រឡូកចូលក្នុងសង្គមជ្រៅ ខ្មែរយើងផ្សេងទៀតមានឌុកទ័រច្រើនដែរ តែជ្រៅតែក្នុងផ្ទះគេអត់ចេញមកជួយសង្គមផង ខ្វះអីបណ្ឌិតខ្មែរម៉ាគគោកជុំវិញវត្ត ប៉ុន្តែគេមិន​ដែល​មកវត្តផង មកវត្តក៏មិនដឹងម​កធ្វើអី!»។

ពិធីបុណ្យសពរបស់លោកបណ្ឌិត ទន់ សុវណ្ណ ប្រព្រឹត្តទៅនៅឧប្បដ្ឋានសាលាបុណ្យ វត្តពុទ្ធិការាម រដ្ឋមារីឡែន សហរដ្ឋអាមេរិក។ (រូប៖ ហ្វេសប៊ុកព្រះតេជគុណ Chanrith Koy)


តើលោកបណ្ឌិត ទន់ សុវណ្ណ ជាអ្នកណា? តើគាត់មានអតីតភាពភាពយ៉ាងដូច​ម្តេចខ្លះ?

​តាម​រយៈ​គ្រួសារ ​និង​ឯកសារ​មួយ​ចំនួន ដែល​ចង​ក្រង​ដោយ​សង្ខេប​អំពី​ប្រវត្តិ​នៃ​ការ​សិក្សា​ និង​ការ​ងារ​របស់​លោក​ ទន់ ​សុវណ្ណ បាន​ឲ្យ​ដឹង​ថា លោក ទន់ សុវណ្ណ កើត​នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ​ឆ្នាំ​១៩៤០ ​ក្នុង​ខេត្ត​បាត់​ដំបង​។

តាំង​ពី​កុមារភាព​ និង​ពេល​ធំ​ពេញវ័យ ​លោក​ជា​អ្នក​ឧស្សាហ៍​ព្យាយាម​ និង​មាន​ភាព​ឆ្លាត​វ័យ​ក្នុង​ការ​សិក្សា​ និង​ការងារ។ លោក​មាន​កូន​ប្រុស​ស្រី​ចំនួន​៣​នាក់​។

លោក​បាន​ប្រឡង​ជាប់​ អាហារូបករណ៍​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ នៅ​ឆ្នាំ​១៩៦២​។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ លោក ទន់ សុវណ្ណ បាន​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ឆ្នាំ​១៩៦៦។

លោក​ក៏​បាន​ចូល​ទៅ​បម្រើ​ការងារ​រាជការ​នៅ​ក្រសួង​កសិកម្ម​ ដែល​ពេល​នោះ ​លោក​បាន​បង្រៀន​នៅ​សាលា​កសិកម្ម​ព្រែកលៀប​ វិទ្យាល័យខ្មែរ-អង់គ្លេស​ សាកលវិទ្យាល័យ​ភ្នំពេញ​ និង​សាកលវិទ្យាល័យ​កសិកម្ម​ នៅ​ឆ្នាំ​១៩៧១​។

លោក​ក៏​បាន​បម្រើការ​នៅ​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​នៃ​លោក​សេនា​ប្រមុខ​ លន់ នល់ ​ក្នុង​ឋានៈ​ជា​ក្រុម​ប្រឹក្សា​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​កម្ពុជា​នៅ​ឆ្នាំ​១៩៧២​។ ពេល​ដែល​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​ ចូល​ទៅ​របប​ខ្មែរ​ក្រហម​ លោក​ក៏​បាន​ភៀស​ខ្លួន​ចេញ​ពី​កម្ពុជា ដូច​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ទៀត​ដែរ​។ ពេល​នោះ​លោក​ក៏​បាន​នា​យក​អង្គការ​សហប្រជាជាតិ​ ទទួល​លោក​ឲ្យ​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​សហរដ្ឋ​អាមេរិក​ ហើយ​បាន​បញ្ចប់​នៅ​ឆ្នាំ​១៩៧៩​។ ​ក្រោយ​មក លោក​ក៏​បាន​បន្ត​យក​ថ្នាក់​បណ្ឌិត​ទៀត​។

ផ្ទាំងរូបភាពនិងសកម្មភាពរបស់លោកបណ្ឌិត ទន់ សុវណ្ណ ដែលសកម្មក្នុងការជួយលើ​កិច្ចការ​អប់រំ ​និង​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​ និង​វប្បធម៌​ខ្មែរ​នៅ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក​។ (រូប៖ ហ្វេសប៊ុកព្រះតេជគុណ Chanrith Koy)


ជីវិត​រស់​នៅ​សហរដ្ឋ​អាមេរិក​ លោក​បាន​បម្រើ​ការងារ​ជា​ច្រើន​ឱ្យ​រដ្ឋាភិបាល​អាមេរិក​រហូត​លោក​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០១៨​។

​​ពាក់​ព័ន្ធ​នឹង​ការងារ​សង្គម​ លោក​មាន​តួនាទី​ជាច្រើន​ រួម​មាន ​ជា​ប្រធាន​ពុទ្ធិក​សមាគម​ព្រះពុទ្ធសាសនា ​(Cambodia​ Buddhist​ Society​ )​ នៅ​ក្នុង​ទីក្រុង​ស៊ីលវើស្ព្រីង(Silver Spring​) រដ្ឋ​ម៉ារីលែន (Maryland)​ ជា​អនុ​ប្រធាន​បណ្តាញ​ពុទ្ធសាសនិក​នៅ​ក្នុង​តំបន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ ជា​សមាជិក​ស្ថាបនិកមួយ​រូប នៃ​សមាគម​ពុទ្ធ​សាសនិក​អន្តរជាតិ​នៅ​អាមេរិក ​ហើយ​លោក​ក៏​ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សន្និសីទ​អន្តរ​សាសនា​នៅ​ក្នុង​តំបន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ផង​ដែរ។

កាន់​តែ​សំខាន់​ទៀត​នោះ​បណ្ឌិត ទន់ សុវណ្ណ ​បាន​ជួយធានា​ព្រះសង្ឃ​ខ្មែរ​រាប់សិប​អង្គ​មក​គង់​នៅ​វត្ត​សហរដ្ឋ​អាមេរិក ​ជាពិសេស​នៅវត្ត​ពុទ្ធិការាម​ក្នុង​រដ្ឋម៉ារីលែន​ (Maryland)​​ និង​បាន​ជួយ​កិច្ចការ​សំខាន់ៗ​ជា​ច្រើន​ផ្សេង​ទៀត​។

មេ​ដឹកនាំ​សហគមន៍​ខ្មែរ​ដទៃ​ទៀត ​សោកស្តាយ​ ដែល​បាត់​បង់​ធនធានមនុស្ស​ ដូច​លោក​​បណ្ឌិត​ ទន់ សុវណ្ណ។ ពួក​គេ​ថា លោក​ជា​បុគ្គល​ឆ្នើម ​និង​ជា​មនុស្សគំរូ​ម្នាក់​ផ្នែក​បណ្តុះបណ្តាល​វិស័យ​ពុទ្ធសាសនា​ និង​កិច្ចការ​បម្រើ​សហគមន៍​។

ភរិយាបណ្ឌិត ​ទន់ សុវណ្ណ ​គឺ​អ្នក​ស្រី ​ង៉ោ យក់ប៉ាន (អានថា៖បៀន) ឲ្យ​ដឹង​ថា បណ្តាំ​ចុង​ក្រោយ​របស់​លោក ​គឺ​គាត់​មាន​ការ​សោកស្តាយ​ ដែល​គាត់​ទៅ​ចោល​ក្តីរំពឹង​របស់​គាត់​ដែល​ប៉ង​ប្រាថ្នា​ថា នឹង​ជួយ​សហគមន៍​ខ្មែរ ​កូន​ខ្មែរ​ និង​ព្រះពុទ្ធសាសនា​ឱ្យ​បាន​រីក​ចម្រើន​យូរ​អង្វែង​តទៅ​មុខ​ទៀត​៖ «គាត់ផ្តាំថា កុំឲ្យចោលវត្ត គាត់អាណិតកូនខ្មែរ នៅឯស្រុកគាត់ឃើញ​លំបាក​ពេល​ទៅ​លេង​ស្រុក​ម្តងៗ !»។

លោក​ ទន់ សុវណ្ណ បាន​ទទួល​មរណភាពក្នុង​អាយុ​ ៨១ឆ្នាំ​ ដោយ​សារ​រោគាពាធ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី៩ ​ខែតុលា ឆ្នាំ២០២១​ ដោយ​បន្សល់​នូវ​កូន​៣នាក់​ និង​ចៅ​៤​នាក់ ​ព្រម​ទាំង​ភរិយា​របស់​លោក​៕

2 comments:

ជូលាងហាក់ said...


យូរៗម្តង ខ្ញុំក៏នឹងមានចំណាប់អារម្មណ៍ សរសេរឆ្លើយឆ្លងមកខ្មែរ ដែលជាជនជាតិខ្ញុំ។ លើកនេះក៏ស្រដៀងគ្នា នឹងគ្រាមុនៗផងដែរ ដែលខ្ញុំសរសេរឱ្យយោបល់ ពីរឿងវាសនាមនុស្ស, ខ្មែរនិងអស់ទាំងសាសន៍ដទៃ, ដែលសុទ្ធសឹងជា សត្តនិកររបស់ព្រះអាទិទេព។ ហេតុអ្វីបានជាខ្ញុំចូលចិត្តសរសេររឿងហ្នឹង? ព្រោះវាជារឿងទុក្ខលំបាកមែនទែន ឬសេចក្តីសប្បាយរីករាយមែនទែន ហើយដែលវា(មិនមែន)គ្រាន់តែ ជាជំនឿជឿតៗគ្នា ពីមួយជំនាន់ ទៅមួយជំនាន់ ដូចជំនឿរបស់ខ្មែរ លើពុទ្ធសាសនានោះទេ។

រឿងព្រះអាទិទេព ដែលមានឫទ្ធបារមីខ្លាំង គ្មានមនុស្សណា អាចយល់បាននោះ ជារឿងដែលខ្មែររាល់គ្នា គួរយល់ឱ្យច្បាស់ មុននឹងផ្គុំដៃសំពះ អ្វីៗដែលខ្លួនជឿ ឬយល់ឃើញដោយឥតពិចារណា ថាជាវត្ថុ ឬបុគ្គល ដែលគួរគោរពប្រណិប័តន៍។ រឿងពុទ្ធសាសនា គឺជនជាតិខ្មែរ បាននិងកំពុងសំពះសង្ឃ និងវត្ថុ ឥតវិញ្ញាណ ជាច្រើនតំណ រាប់រយឆ្នាំមកហើយ។ ជាសង្ឃនិងវត្ថុគ្មានតម្លៃ ដែលមិនគួរមនុស្សណា គោរពសំពះដូច្នោះសោះទេ។

តាមពិត គឺលោកឪពុកអ្នកម្តាយ ដែលបានបង្កើតជីវិត និងរូបរៀងកាយអ្នករាល់គ្នាមកនោះ ជាបុគ្កលដែលអ្នកត្រូវដឹងគុណ ហើយគោរពសំពះពួកគាត់។ តើអ្នកដែលបានធ្វើដូច្នោះដែរឬទេ? ខ្ញុំថា (យើងរាល់គ្នាមិនដែលធ្វើអ៊ីចឹងទេ)។ ព្រោះដំណើរការនេះ មិនមែនជាទំលាប់របស់យើង - ព្រោះយើងមិនដែលបានគិតសញ្ជឹងអំពីរឿងហ្នឹង។ រីឯ ជំនឿលើពុទ្ធសាសនានិងពុទ្ធសង្ឃឯណោះវិញ ពុទ្ធបរិស័ទ នាំគ្នាសំពះ គោរពបូជា ក៏មានជំនឿល្ងង់ល្ងើថា ធ្វើដូច្នោះ នឹងបានផលបុណ្យ ទៅជាតិខាងមុខ។ ត្រង់ចំណុចហ្នឹង អ្នករាល់គ្នាគួរសួរខ្លួនឯងមើល ថាតើ ផលបុណ្យហ្នឹងជាអំណាចអ្វី ចេញមកពី ប្រភពណា ដែលអ្នកនឹងបានទទួលនោះ? តើអ្នករាល់គ្នា យល់ទេថាពាក្យ(អំណាច)ហ្នឹង មានន័យជាក់ស្តែង យ៉ាងសកម្មរបស់វា ដូចគ្នានឹងច្បាប់ធម្មជាតិ នៃទំនាញដែនដីដូច្នោះដែរ?

ខ្ញុំចូលចិត្តសរសេររឿងនេះ ដែលមានទំនាក់ទំនង និងកត្តាហេតុផលវែងឆ្ងាយ។ ហើយវាមានផលប្រយោជន៍ធំ ចំពោះវាសនានៃខ្មែររាល់គ្នា នៅបរលោក ក្រោយមរណភាព។ ប៉ុន្តខ្ញុំស្តាយមែនទែន ដែលសារព័ត៌មានខេអាយ សម្រេចចិត្តលែងចុះផ្សាយ អត្ថបទរបស់ខ្ញុំ ដូចគ្រាមុនៗទៀតហើយ។ អ៊ីចឹងខ្ញុំសុំផ្តាំបន្តិចថា សូមខ្មែររាល់គ្នា ប្រុងប្រយ័ត្នឱ្យមែនទែន ចំពោះវាសនានៃព្រលឹងវិញ្ញាណ របស់អ្នករាល់គ្នា នៅបរលោក។ មិនមែនជាជំនឿរវើរវាយនោះទេ ដែលមានឫទ្ធអំណាច(មែនទែន) អាចនឹងជួយវាសនា នៃព្រលឹងវិញ្ញាណ, ក្រោយមរណភាព, ឱ្យបានជួបប្រទះនឹងសេចក្តីសប្បាយរីករាយ (មែនទែន)។ ព្រោះលក្ខខណ្ឌនេះ គឺជាសេចក្តីសន្យា មិនអាចភូតភរបាន ពីព្រះអាទិទេព ដែលបានបង្កើត រូបរៀងកាយ និងព្រលឹងវិញ្ញាណ នៃយើងរាល់គ្នាមក។

ពេលយើងស្លាប់ទៅ វិញ្ញាណក្ខ័ន របស់យើងត្រូវវិលត្រឡប់ ទៅឯព្រះដែលបានបង្កើតវិញ្ញាណក្ខ័ននោះ។ វិញ្ញាណក្ខ័នណា ដែលឃ្លាតចេញពីព្រះ ទៅមានជំនឿលើវត្ថុ ឬបុគ្គលដែលតាំងខ្លួនជាទីសក្ការៈនោះ នឹងត្រូវមានទោស ជាទម្ងន់។ គឺមានទោសទាំងបុគ្គល ដែលតាំងខ្លួន ជាទីសក្ការៈ ដល់មនុស្សផងគ្នា និងមនុស្សដែលមានជំនឿល្ងឹតល្ងង់ លើមនុស្សដែលតាំងខ្លួនជាទីសក្ការៈនោះ ដូចយ៉ាង ព្រះពុទ្ធ និងពុទ្ធសង្ឃទាំងអស់គ្នា។ នេះជាច្បាប់ និងអំណាចពិតជាក់ស្តែង នៃព្រះជាអម្ចាស់ ជាព្រះដែលបានបង្កើតស្ថានសួគ៌ និងលោកនេះមក។ គ្មានមនុស្សលោកណាម្នាក់ មានអំណាចឬច្បាប់អ្វី នឹងតាំងខ្លួន ជាទីសក្ការៈ ចំពោះមនុស្ស ដែលទាំងអស់ជាសត្តនិកររបស់ព្រះអាទិទេពនោះទេ។

អ៊ីចឹង ជាសង្ខេប ខ្ញុំសុំផ្តែផ្តាំខ្មែររាល់គ្នាម្តងទៀតថា សុំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសេចក្តីវេទនាចុះនរក ក្រោយមរណភាព ដោយសារតែជំនឿ ភ្លើល្ងើល្ងង់របស់ខ្លួន។ សុំឱ្យរៀនសូត្រ យល់ឱ្យច្បាស់ក្នុងជំនឿ លើអ្វីៗក្នុងជីវិតនេះ ដើម្បីជាផលប្រយោជន៍ល្អ ចំពោះវិញ្ញាណក្ខ័ន នៅបរលោក៕៚

...

ជូលាងហាក់ said...


ពន្លឺគំនិត ដែលជួយឱ្យខ្ញុំមើលឃើញ ជ្រុងជ្រោយផ្សេងៗ ក្នុងករណីនេះ ចេះតែផុះឡើង។ អ៊ីចឹងខ្ញុំនឹង សរសេរបំភ្លឺបន្ថែមបន្តិចទៀត។ អ្នករាល់គ្នាធ្លាប់បានឮពាក្យ(មេខ្យល់) នៅក្នុងសង្គមខ្មែរសព្វថ្ងៃ។ ពាក្យនេះ គឺគេសំដៅចំពោះមនុស្សបោកប្រាស មនុស្សដទៃដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ក្នុងករណីនេះ គឺមានដូចការនិយាយបញ្ឆោត ហើយធានាពីការ ជួយឱ្យមនុស្សប្រាជ្ញាតិច ឆាប់ជឿ បានចាកចេញទៅប្រទេសឆ្ងាយៗ ហើយដែលមេខ្យល់បញ្ឆោតថា និងបានទទួលកិច្ចការល្អៗ ដែលមានកម្រៃខ្ពស់ - បានទទួលប្រាក់ខែច្រើនក្នុងកិច្ចការ។ ឬក៏ថា (នាងក្រមុំៗ) នឹងបានប្តីបរទេស ហើយមានវាសនាល្អ។ល។

ក្រោយមក ទើបជនរងគ្រោះ បានដឹងជាក់ថា ខ្លួនត្រូវគេបោកបញ្ឆោត អស់លុយអស់កាក់ ជាប្រាក់ដុល្លារ ច្រើនរយច្រើនពាន់ដុល្លារ ហើយវេទនាខ្លួនថែមទៀត។ ជាទូទៅ មេខ្យល់ មិនមែនជាជន មានសិទ្ធអំណាច ឬច្បាប់ទំលាប់ត្រឹមត្រូវ ចេញពីរដ្ឋាភិបាល នៃសង្គមសោះទេ។ តែជាជនដែលបង្កើតសកម្មភាព លួចលាក់ ហើយសកម្មភាពហ្នឹង ចេះតែមានដោយអំពើពុករលួយ ជាបន្តបន្ទាប់ ហូរហែ ពីព្រោះមានមនុស្សល្ងង់ខ្លៅ មានជំនឿឥតបើគិត លើសកម្មភាពបោកប្រាសនោះ។ យូរៗម្តង គេនឹងបានឮព័ត៌មាន ពីការចាប់បានមនុស្ស ដែលជាមេខ្យល់ហ្នឹង ហើយយកទៅផ្តន្ទាទោសតាមច្បាប់។

ប៉ុន្តែតាមពិត បើយើងគិតមើលទៅ វាមានកំហុស ទាំងសងខាង - ទាំងខាងជនរងគ្រោះ ដែលឆាប់ជឿ ប៉ិនខាងសូកលុយសូកកាក់ ដោយគ្មានចេះគិតពិចារណាអីសោះ និងទាំងខាងឧក្រឹដ្ឋកម្ម ឬឧក្រឹដ្ឋជន ដែលប៉ិនប្រសព្វ ខាងបោកបញ្ឆោតជំរិត ឬជំរត់មនុស្ស ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

ដូច្នេះ ងាកមកពិចារណាក្នុងរឿងជំនឿសាសនាឯណេះវិញ វាមានលក្ខណៈស្រដៀងគ្នា នឹងរឿងមេខ្យល់ បោកប្រាសនោះដែរ។ ពួកមនុស្សដែលភ្លើល្ងើល្ងង់ ចេះតែជឿតៗកន្ទុយគ្នា ឥតបើគិត... ក្រោយមក ពេលស្លាប់ទៅ ក៏ទៅជាប់វេទនាខ្លួន នៅឯឋាននរកឯណោះទៀត ជាមួយនឹងមនុស្សបោកប្រាស។ ត្រង់ចំណុចហ្នឹងហើយដែលថា សិទ្ធអំណាច ច្បាប់ក្រមរបស់ព្រះ មានប្រភពជាក់ច្បាស់របស់វា។ សិទ្ធអំណាចហ្នឹង វាមិនអាចកើតឡើង ដោយពាក្យសំដីមនុស្ស ដែលបោកបញ្ឆោត ឬដោយសារជំនឿ របស់មនុស្សដែលជឿ រវើរវាយនោះឡើយ។

រឿងមនុស្សជាមេខ្យល់បោកប្រាស នៅក្នុងសង្គមខ្មែរ ច្រើនតែជាប់ទោស កាលណាគេចាប់បាន។ រីឯជនរងគ្រោះ សូកលុយសូកកាក់ ខាតបង់ថវិកាគ្រួសារខ្លួននោះ ដូចជាមិនដែលឮគេចាប់យកទៅធ្វើទោសផងទេ។ ត្រង់ចំណុចសំខាន់នេះ វាខុសគ្នាខ្លាំង ពីរឿងជំនឿសាសនា ដែលជនជាមនុស្ស តាំងខ្លួនជាទីសក្ការៈ ដល់មនុស្សទាំងសែនទាំងលាននាក់ នឹងត្រូវធ្លាក់ ផុងខ្លួនក្នុងនរក។ រីឯមនុស្សដែលចាញ់បោក ក្នុងជំនឿរបស់ខ្លួន ក៏ត្រូវជាប់ក្នុងទុក្ខទោស ធ្លាក់នរកអវិចី ទៅជាមួយពួកមនុស្សបោកប្រាស ដែលតាំងខ្លួនជាទីសក្ការៈ ដល់មនុស្សដូចគ្នានោះដែរ។ គឺវាទៅទាំងប៉ីទាំងទ្រតែម្តង។

អ៊ីចឹង... ខ្មែររាល់គ្នាអើយ សុំគិតពិចារណា។ ព្រោះរឿងជំនឿ ជារឿងមែនទែន។ ទុក្ខសោក ក៏មានមែនទែន សប្បាយរីករាយ ក៏មែនទែន នរកអវិចី ក៏មានពិតមែន ហើយស្ថានសួគ៌បរមលោកនោះ ក៏មានមែនទែនផងដែរ។ អំណាច និងមហិទ្ធិឫទ្ធ ចេស្តាបារមី ក៏មានមែនទែន ប៉ុន្តែទាំងនេះ គឺគ្មានសត្តនិករណាមួយ, បូកទាំងទេវតាឥន្ទព្រហ្ម, មានអំណាចនឹងទទួលបានទាំងអស់នោះទេ។ គឺជាព្រះមហាអាទិទេព មួយអង្គគត់ដែលមានចេស្តាបារមីដ៏សម្បើមនោះ ដែលមានអំណាចលើគ្រប់ទាំងអស់... សូម្បីតែព្រះយេស៊ូវគ្រឹស្ទ ក៏សិទ្ធអំណាចទ្រង់ ស្ថិតនៅក្រោមអំណាចព្រះវរបិតាផងដែរ។

ជាបញ្ចប់ សូមព្រះទ្រង់ទាញនាំខ្មែរ ឱ្យបានស្គាល់ទ្រង់ មុនពេលអាក្រក់នោះបានមកដល់។ ឬក៏ថា សូមខ្មែររាល់គ្នា ទាញចិត្តគំនិតអារម្មណ៍ខ្លួន បែរមកព្រះពិត ហើយទទួលគោរពបូជាទ្រង់ ជាព្រះនៃសេចក្តីសង្គ្រោះ របស់ខ្លួន ឱ្យបានទាន់ពេលវេលា មុនគ្រាអាក្រក់នោះបានមកដល់។ អាម៉ែន៕៚

...