October 12, 2021

អ្នកវិភាគ ​និង​​មន្ត្រីបក្សប្រឆាំងរិះគន់​​ស្ថាប័ន​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​​​​បើក​ដៃ​​ឲ្យ​កែ​រដ្ឋធម្មនុញ្ញ​

លោក អ៊ឹម​ ឈុនលឹម ​សមាជិកជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​កម្ពុជា។  រូប៖ ហ្វេសប៊ុកអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ


ដោយ ជី វិតា RFA 2021-10-11

មន្ត្រីបក្សប្រឆាំង ​និង​​អ្នកវិភាគ​នយោបាយ​រិះគន់​ស្ថាប័ន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដែល​ទូលថ្វាយ​ព្រះមហាក្សត្រ​ថា ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញស្តីពី​​វិសោធន​កម្មមាត្រា​​មួយ​​ចំនួន​អំពីការ​កំណត់​ «សញ្ជាតិតែមួយ»​សម្រាប់​ថ្នាក់ដឹកនាំ​កំពូលៗ ​អាច​ធ្វើទៅ​បាន​។ ពួកគាត់ ចាត់ទុកថា ​ទង្វើ​របស់​ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ​ ដែល​បើកដៃ​ឲ្យកែ​រដ្ឋធម្មនុញ្ញ​ជាថ្មី​ម្តង​ទៀតនេះ​ គឺជា​ការប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ​ និង​ជាការ​បំផ្លាញ​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ ​ព្រោះ​មិន​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​និង​ផ្ទុយ​ពី​ខ្លឹមសារ​ដើម​របស់​រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣។

មន្ត្រីបក្សប្រឆាំង ​និង​អ្នកវិភាគ​នយោបាយ​លើកឡើងថា ​មិនមែន​ជារឿង​ចម្លែក​ទេ ​ដែល​ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ ​ប្រកាស​បើកដៃឲ្យ​កែ​រដ្ឋធម្មនុញ្ញនោះ​ ព្រោះ​ស្ថាប័ន​កំពូល​មួយនេះ ​គ្មាន​ឯករាជ្យ​ដាច់ដោយឡែក ​ពោលគឺ​ស្ថិតក្រោម​ការបង្គាប់បញ្ជា​របស់​មេដឹកនាំ​​ក្រុងភ្នំពេញ។

សមាជិក​គណបក្សសង្គ្រោះជាតិ​ដែល​កំពុងភៀសខ្លួន​នៅប្រទេសថៃ​លោក ម៉ៅ វិបុល លើកឡើងថា ​តាំងពី​ដើម​មក​ ​ស្ថាប័ន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ​ចាយ​លុយ​ជាតិ​ច្រើន​ ប៉ុន្តែ​​បម្រើ​ផលប្រយោជន៍​សម្រាប់តែ​គណបក្សកាន់អំណាច​ប៉ុណ្ណោះ។ លោក​យល់ថា ​ប្រសិនបើ​ក្រុម​ប្រឹក្សាធម្មនុញ្ញ​ ជា​ស្ថាប័ន​ឯករាជ្យ​និង​បម្រើផល​ប្រយោជន៍​ជាតិ ​មិនគួរ​ធ្វើ​តាម​បញ្ជា​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​នោះទេ ​ព្រោះ​ការ​កែ​រដ្ឋធម្មនុញ្ញ​ដើម្បី​កំណត់​សញ្ជាតិ​មួយ​សម្រា​ប់មេដឹកនាំកំពូលនេះ ​គឺជា​រឿង​ឥតប្រយោជន៍ ​មិនឆ្លុះបញ្ចាំង​ពី​ឆន្ទៈរាស្ត្រ ​និង​ធ្វើឲ្យ​សង្គមខ្មែរ​បែកបាក់។ សមាជិកបក្សប្រឆាំងរូបនេះ​ សង្កត់ធ្ងន់ថា ​សញ្ជាតិ​ប៉ុន្មាន​មិន​សំខាន់​នោះទេ​ឲ្យ​​តែ​​បេះដូង​ និង​មនសិការ​បម្រើរាស្ត្រ​ និង​ជាតិខ្មែរ​​កុំឲ្យ​​មេដឹកនាំ​របបក្រុងភ្នំពេញខ្លះ​ មាន​សញ្ជាតិ​មួយ​ តែ​កំពុង​បម្រើ​បរទេស​ពេញទី ដូចជា​ វៀតណាម ​និង​ចិនជាដើម៖ «ក្រុមប្រឹក្សាធម្មនុញ្ញនេះ​ ចំណាយ​លុយ​ច្រើន ​ប៉ុន្តែ​ប្រសិទ្ធភាព​ការងារ​ដូច​អត់​មានទេ ​តាមតែ​បញ្ជា​របស់​លោក ហ៊ុន សែន ​ហើយ​រាល់​លើក​ទាំងអស់ ​រាល់​ការ​អនុម័ត​ច្បាប់​ទាំងអស់​​ ធ្វើតាមតែ​បញ្ជា​របស់​លោកហ៊ុន សែន ​ទាំងអស់ ​អត់​មាន​ធ្វើច្បាប់​ត្រឹមត្រូវ ​និង​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​ស្លូតត្រង់​ និង​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ទេ។ ចាំតែ​ប្រថាប់​ត្រា​ឲ្យ​លោក ហ៊ុន សែន​។ យើង​មើលទៅ​ ទោះបីជា​សញ្ជាតិ​មួយ ​ឬ​សញ្ជាតិពីរយ៉ាងម៉េច​ក៏ដោយ​ បើ​បេះដូង​គាត់​មិន​បម្រើ​ប្រជាពលរដ្ឋ​ផង ​ហើយ​ឥឡូវ​នេះ សញ្ជាតិមួយ ​កំពុងបម្រើ​បរទេស ​ជាពិសេស​ចិន​និង​យួន​តែម្តង»។

ការលើកឡើង​បែបនេះ ​គឺ​បន្ទាប់ពី​ក្រុមប្រឹក្សាធម្មនុញ្ញ ​នៅថ្ងៃទី១១ ​ខែតុលា ​បានទូលថ្វាយ​ព្រះមហាក្សត្រថា ​ការស្នើសុំធ្វើ​វិសោធនកម្ម​មាត្រា​មួយចំនួន​នៃ​រដ្ឋធម្មនុញ្ញ​អំពី​ការ​កំណត់​ «សញ្ជាតិ​តែមួយ»​ សម្រាប់​ថ្នាក់ដឹកនាំ​កំពូលៗ ​អាច​ធ្វើទៅ​បាន។ ក្រុមប្រឹក្សា​ធម្មនុញ្ញ ​បញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មានថា ​ការធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញនេះ ​គឺ​ស្រប​តាម​បរិបទ​នៃសភាពការណ៍​ជាក់ស្តែង​និង​ពុំមាន​អ្វី​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជា​ធិប​តេយ្យ ​សេរីពហុបក្ស​ និង​របបរាជានិយម​អាស្រ័យ​​ដោយ​រដ្ឋធម្មនុញ្ញ​នោះទេ។

ការទូលថ្វាយ​ដល់​ព្រះមហាក្សត្រនេះ ​ក្រោយ​ពេល​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​លោក អ៊ឹម​ ឈុនលឹម ​បាន​បើកកិច្ច​ប្រជុំ​ពេញអង្គ​បន្ទាន់មួយ​នៅព្រឹកថ្ងៃទី១១ ​ខែតុលានេះ។

លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនិងសមាជិកប្រជុំសម្រេចបើកដៃឱ្យកែរដ្ឋធម្មនុញ្ញាមាត្រាមួយចំនួនដើម្បីកំណត់ ថ្នាក់ដឹកនាំជាតិមានសញ្ជាតិខ្មែរតែមួយ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។ (រូប៖ អគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញ)


ស្ថាប័ន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញនេះ ​​រងការ​រិះគន់​ជាយូរ​មក​ហើយថា​ អសកម្ម​ និង​ពុំមាន​ឯករាជ្យភាព ​ដោយសារ​សមាសភាព​ភាគច្រើន​របស់​​ក្រុមប្រឹក្សាធម្មនុញ្ញ ​ជាពិសេស​ប្រធានក្រុមប្រឹក្សា​ធម្មនុញ្ញ​ គឺជា​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ផ្ទុយ​ពី​ប្រការ​៤នៃ​បទបញ្ជាផ្ទៃក្នុង​របស់​ស្ថាប័ន​នេះ ដែល​ចែងថា សមាជិក​​ក្រុមប្រឹក្សា​ធម្ម​នុញ្ញ​មិនត្រូវ​កាន់កាប់​ក្នុង​គណបក្សនយោបាយ​ណាមួយ​នោះឡើយ។

ជុំវិញរឿងនេះ​ អ្នកវិភាគ​នយោបាយ​លោក គឹម សុខ ​ថ្លែងថា ​ទង្វើ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញនេះ ​គឺជា​ការ​ធ្វើតាម​បញ្ជា​របស់​លោក ហ៊ុន សែន ​និង​ជាការ​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​អង្គព្រះមហាក្សត្រ។ បន្ថែមពីនេះ ​លោកមើលឃើញថា ​ទង្វើ​របស់​ស្ថាប័ន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ដែល​បើកដៃ​សឲ្យកែ​រដ្ឋធម្មនុញ្ញនេះ​ ក៏ជាការ​រួមចំណែក​បំផ្លាញ​ប្រព័ន្ធ​ប្រជា​ធិបតេយ្យដែរ ​ដោយលោកអះអាងថា វាមិនស្រប​នឹង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​ និង​ផ្ទុយពី​ខ្លឹមសារ​ដើម​នៃ​រដ្ឋធម្មនុញ្ញ ​ឆ្នាំ១៩៩៣ ​ដែល​និយាយ​ពី​ការបង្រួប​បង្រួមជាតិ​ ផ្សះផ្សា​ជាតិ​ ដោយ​មិន​ប្រកាន់ខ្មែរ​មាន​សញ្ជាតិ​មួយ​ឬពីរ​នោះទេ៖ «ប្រទេសជាតិ​ស្ថិតក្នុង​គ្រា​មានអាសន្ន​ គឺ​អាសន្នរឿង​សម្លាប់​ប្រជាធិបតេយ្យ ​មិន​ផ្សះផ្សា​បង្រួបបង្រួមជាតិ ​ដូច្នេះ​ត្រូវ​គោរពរដ្ឋធម្មនុញ្ញស្មារតី​ដើម ​ឆ្នាំ១៩៩៣ ​ថ្ងៃ២៤ កញ្ញា ​ដែល​ជាស្មារតី​បង្រួបបង្រួមជាតិ​នោះ​ ទើបជា​ការ​ដោះស្រាយ​នូវវិបត្តិ​ក្នុង​ប្រទេសកម្ពុជា។ ការធ្វើ​មក​ធ្វើច្បាប់​មួយ​ដែល​បែងចែក​ខ្មែរ សញ្ជាតិមួយ ​និង​ខ្មែរ​សញ្ជាតិពីរ​មានន័យថា ​ផ្ទុយពី​ខ្លឹមសារ​នៃ​ការបង្រួបបង្រួមជាតិ ​ដូច្នេះ​ច្បាប់នេះ​ កាន់តែ​បង្កវិបត្តិធំ​ទៅ​វិញទេ»។

ទាក់ទងរឿងនេះ​ដែរ​ គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន ​បានចេញ​សេចក្តីថ្លែង​ការណ៍មួយទៀត​ នៅថ្ងៃទី១១ ខែតុលា ​ដោយ​​មិនគាំទ្រ​ការពិភាក្សា​រឿង​សញ្ជាតិ​តែ​មួយនា​ពេល​នេះទេ ​ហើយ​ក៏​មិន​គាំទ្រ​ការពិភាក្សា​រឿងនេះ​ដោយ​ភ្ជាប់​ជាមួយ​អង្គព្រះមហាក្សត្រ​ដែរ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ អំពាវនាវ​ឲ្យ​អ្នកដឹកនាំ​ស្ថាប័នជាតិ​ទាំងអស់​​ដូចជា​រាជរដ្ឋាភិបាល​ រដ្ឋសភា​ ព្រឹទ្ធសភា​ និង​គណបក្សនយោបាយទាំងអស់ ​ផ្តោតលើការ​សហការគ្នា​ដោះស្រាយ​បញ្ហាកូវីដ ​ជាពិសេស​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច ​ការងារ និង​បំណុល​ប្រជាពលរដ្ឋ។ គណបក្សមួយនេះ ​បន្ថែមទៀតថា ​ប្រទេសកម្ពុជា​កំពុង​ត្រូវ​ការ​ផែនការមេ​ យុទ្ធសាស្ត្រ​ និង​ថវិកាជាតិ​រួមមួយ​ ដើម្បី​ដោះស្រាយ​វិបត្តិកូវីដ-១៩ ​និង បើក​ប្រទេស​ឡើងវិញ៕

No comments: