October 20, 2021

លោក ហ៊ុន សែន ថា មិន​មាន​អ្នកណា​ម្នាក់​រងគ្រោះ​ដោយសារ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ទេ

រូបឯកសារ៖ រូបថតដកស្រង់ពីវីដេអូបង្ហាញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១។ 


ស៊ុន ណារិន | VOA Khmer, 19 តុលា 2021

ភ្នំពេញ — លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ បាន​អំពាវ​នាវ​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​«រារែក»​ក្នុង​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ដោយ​លោក​ថា​ មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​នោះ​ទេ។

លោក​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​សារ​ជា​សំឡេង​មួយ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយនៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។

លោក ហ៊ុន សែន បញ្ជាក់​ថា៖ «ដូច្នេះ ​សូម​កុំ​រារែក​ជាមួយ​នឹង​ការ​ចាក់​វ៉ាក់​សាំង ដែល​មក​ដល់​ពេល​នេះ យើង​ពុំ​មាន​អ្នក​ចាក់​វ៉ាក់សាំងណា​ម្នាក់ ​ទទួល​រង​គ្រោះ​ដោយ​សារ​តែ​វ៉ាក់​សាំង​នោះ​ទេ»។

លោក ហ៊ុន សែន បាន​ថ្លែង​ថា ​អត្រា​អ្នក​ឆ្លង និង​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ ​បាន​ថយ​ចុះ ដោយ​សារ​ការ​ចាក់​វ៉ាក់សាំង។ លោក​បន្ថែម​ថា​ អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់​សាំង ជា​ក្រុម​ងាយ​រង​គ្រោះ​រហូត​ដល់​ស្លាប់។

បើ​តាម​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ចន្ទ មានមនុស្ស​១២​នាក់​ស្លាប់ ហើយ​ក្នុង​នោះ​៨​នាក់​ជា​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង។

ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​អង្គារ​នេះ បាន​ឲ្យ​ដឹង​ថា ​មនុស្ស​១១​នាក់​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ ដែល​ក្នុង​នោះ​ មាន​៨​នាក់ មិន​បាន​ចាក់​វ៉ាក់សាំង។

បើ​ទោះ​អត្រា​ឆ្លង​និង​ស្លាប់​ថយ​ចុះ​ក៏​ដោយ លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ ជំងឺ​កូវីដ​១៩ ​នៅ​តែ​ជា​«ហានិ​ភ័យ​ខ្ពស់»នៅ​ឡើយ។ ដូច្នេះ​ការ​សម្រប​ខ្លួន​រស់​នៅ​ជាមួយ​កូវីដ «ជា​ដំណើរ​ជៀស​មិន​បាន»។

គួរ​បញ្ជាក់​ថា ​កំណើន​អត្រា​ចាក់​វ៉ាក់​សាំង​កូវីដ​១៩​នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែ​តុលា មាន​៩៩,​៥៤% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោល​ដៅ១០​លាន​នាក់ ដែល​មាន​អាយុ​លើស​ពី​១៨​ឆ្នាំ។ ការ​ចាក់​វ៉ាក់​សាំង​ដល់​កុមារ​ អាយុ​ពី១២​ឆ្នាំ ​ទៅ​ក្រោម​១៨ឆ្នាំ មាន៩០​,៣៣% ធៀប​ជាមួយ​ចំនួន​ប្រជា​ជន​គោល​ដៅ​ប្រមាណ ​២​លាន​នាក់។ ចំណែក​ការ​ចាក់​វ៉ាក់​សាំង​ដល់​កុមារ​អាយុ​ពី​៦​ឆ្នាំ ដល់​ក្រោម​១២​ឆ្នាំ មាន ​៩៩,០៤% ធៀប​ជាមួយ​ប្រជាជន​គោល​ដៅ​ប្រមាណ​១​លាន ​៩​សែន​នាក់។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា៕

No comments: