October 17, 2021

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​វៀតណាម​ឲ្យ​ដោះ​លែង លោក ថាច់ រ៉ីន ជា​បន្ទាន់

ព្រះតេជព្រះគុណ សឺន យឹងរតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​សហរដ្ឋ​អាមេរិក  រូប៖ RFA


ដោយ ទីន ហ្សាការីយ៉ា RFA 2021-10-15

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​វៀតណាម​ឲ្យ​ដោះ​លែង លោក ថាច់ រ៉ីន ជា​បន្ទាន់ ដោយ​ឥត​លក្ខខណ្ឌ។

សេចក្ដីថ្លែងការណ៍​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចុះ​ថ្ងៃ​ទី១៥ តុលា ស្នើ​ឲ្យ​អាជ្ញាធរ​វៀតណាម​ត្រូវ​តែ​បញ្ឈប់​សងសឹក​ទៅ​លើ​លោក ថាច់ រ៉ីន ដោយ​គ្រាន់​តែ​លោក​ពាក់​អាវ​យឺត​ផ្សព្វផ្សាយ​អំពី​សិទ្ធិ​របស់​ជនជាតិ​ដើម ដែល​ធានា​នៅ​ក្នុង​សេចក្ដីប្រកាស​ជា​សាកល​ស្ដីពី​ជនជាតិ​ដើម​របស់​អង្គការ​សហប្រជាជាតិ។

ប្រតិកម្ម​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​វៀតណាម ចាប់​ខ្លួន​លោក ថាច់ រ៉ីន កាល​ពី​ថ្ងៃ​ទី១៤ តុលា ពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ បំពាន​លើ​ផលប្រយោជន៍​របស់​រដ្ឋ និង​សិទ្ធិ​សេរីភាព​ស្រប​ច្បាប់ នៃ​អង្គ​ការ​ចាត់តាំង និង​ឯកជន និង​ការ​បង្ហោះ​រូបភាព​មេ​ដឹក​នាំ​លោក​ប្រធាន ហូ ជីមិញ ក្នុង​ចេតនា​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ទៅដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ និយាយ​បង្កាច់បង្ខូច​ប្រមាថ​កិត្យានុភាព​របស់​ អតីត​មេ​ដឹក​នាំ​វៀតណាម លោក​ប្រធាន​ហូជីមិញ ដែល​មាន​ចែង​ក្នុង​មាត្រា៣៣១ នៃ​ក្រម​ព្រហ្មទណ្ឌ»។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ព្រះភិក្ខុ សឹង យ៉ឹងរតនា ចាត់​ទុក​ទង្វើ​របស់​វៀតណាម​ថា ជា​ការ​គំរាម​កំហែង និង​បំបាក់​ស្មារតី​ពលរដ្ឋ​ខ្មែរ​ក្រោម។ មក​ទល់​ពេល​នេះ ក្រុម​គ្រួសារ​លោក ថាច់ រ៉ីន នៅ​មិន​ទាន់​ដឹង​ថា អាជ្ញាធរ​យក​លោក​ទៅ​ឃុំ​ខ្លួន​នៅ​ទី​ណា​នោះ​ឡើយ​ទេ។

ព្រះភិក្ខុ សឹង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា មូលហេតុ​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​រូប​នេះ ដោយសារ​តែ​លោក​ពាក់​អាវ​យឺត​សរសេរ​អក្សរ (SDGs) «ការ​អនុវត្ត​របៀបវារៈ​ឆ្នាំ២០៣០ របស់​អង្គការ​សហប្រជាជាតិ សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព ដើម្បី​ធានា​ថា គ្មាន​ខ្មែរ​ក្រោម​ណា​ម្នាក់​ត្រូវ​បាន​ទុក​ចោល​ឡើយ»។

ក្រៅ​ពី​លោក​ពាក់​អាវ​យឺត​នេះ លោក ថាច់ រ៉ីន ក៏​ធ្លាប់​អាន​សៀវភៅ​ស្ដីពី​សេចក្ដី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី «សិទ្ធិ​ជនជាតិ​ដើម» ផ្សាយ​ផ្ទាល់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Face​book) កាល​ពី​ពេល​ថ្មីៗ នេះ។ កាល​ពី​ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរ​វៀតណាម​ក៏​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​ឈ្មោះ វិន វ៉ាំងដែត យក​ទៅ​ឃុំ​ខ្លួន​ដែរ មក​ទល់​ពេល​នេះ មិន​ទាន់​ដោះ​លែង​វិញ​នៅ​ឡើយ​ទេ ដោយសារ​តែ​លោក​បាន​តវ៉ា​រឿង​អាជ្ញាធរ​វៀតណាម​រំលោភ​យក​ដី​ស្រែ​របស់​លោក៕

No comments: