October 17, 2021

អាមេរិក​ថា​ពលរដ្ឋ​កម្ពុជា​សម​នឹង​បាន​ដឹង​រឿង​ច្រើន​អំពី​កំណើន​សំណង់​ថ្មីៗ​នៅ​មូលដ្ឋាន​ទ័ព​រាម​​​​​​​​

រូប​ឯកសារ៖ អ្នកសារព័ត៌មានម្នាក់មើលពីក្នុងរថយន្តក្រុងមួយទៅកាន់ទិដ្ឋភាពផែសំចតនាវាល្បាតនៃកងទ័ពជើងទឹកកម្ពុជា ក្នុងអំឡុងទស្សនកិច្ចពិសេសនិងកម្រមួយសម្រាប់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (វីអូអេ)


លាស់ លីបលីប, ហ៊ុល រស្មី | VOA Khmer, 15 តុលា 2021

ភ្នំពេញ — ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ​ឬ CSIS (Center for Strategic and International Studies) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​លទ្ធ​ផល​អង្កេត​ស្រាវ​ជ្រាវ​មួយ​ថា​មាន​ការសាងសង់​អគារ​ថ្មីៗបន្ថែម​ទៀត និង​ផ្លូវ​មួយ​ខ្សែ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​តំបន់​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹករាម​ក្នុង​ប្រទេស​កម្ពុជា។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ក៏​បាន​ទទួល«របាយការណ៍​ដែល​គួរ​ឲ្យ​ជឿជាក់​បាន»​ថា​ពិត​ជា​មាន​សកម្មភាព​សាង​សង់​សំណង់​ដោយ​កង​ទ័ព​របស់​សាធា​រណ​រដ្ឋ​ប្រជាជន​ចិននៅ​មូលដ្ឋាន​កងទ័ព​ជើង​រាម​ដែល​ស្ថិត​នៅខេត្ត​ជាប់​មាត់​សមុទ្រ​ខេត្ត​ព្រះសីហនុ។

បើ​តាម​លទ្ធផល​អង្កេតស្រាវជ្រាវរបស់​មជ្ឈមណ្ឌល ​CSIS ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​១២ ខែតុលា​ ការ​សាងសង់​បន្ត​មាន​នៅ​មូល​ដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​នៅ​ចំ​ពេល​មាន​ការ​បារម្ភ​ថា​«អគារ​ថ្មីៗ គឺ​ត្រូវ​បាន​កំពុង​កសាង​ឡើង​ដើម្បី​សម្រួល​ឲ្យ​មាន​វត្ត​មាន​យោធា​ចិន​នៅ​កម្ពុជា»។

លទ្ធផល​អង្កេត​របស់ CSIS ​បង្ហាញ​ថា៖ «ក្នុង​ចន្លោះ​ខែ​សីហា​ និង​កញ្ញា​ អគារ​ថ្មី​ចំនួន​បី​បាន​លេច​ត្រដែត​ឡើង​ហើយ​ផ្លូវ​មួយ​ខ្សែ​ត្រូវ​បាន​សម្អាត​ក្នុង​ចំណោម​ការ​ផ្លាស់​ប្តូរ​ផ្សេង​ទៀត»។

រូបភាព​ពី​ផ្កាយ​រណបកាល​ពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០២១ បង្ហាញ​ ពីការសាងសង់​អគារ​ថ្មីៗបន្ថែម​ទៀត និង​ផ្លូវ​មួយ​ខ្សែនៅ​ក្នុង​តំបន់​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹករាម​ក្នុង​ខេត្តព្រះសីហនុ ​ប្រទេស​កម្ពុជា។ (រូបថត​ដកស្រង់​ពី​គេហទំព័រ CSIS)


មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ ​CSIS បាន​ចេញ​ផ្សាយ​លទ្ធផល​អង្កេត​ស្រាវជ្រាវ​ដោយ​ផ្អែក​លើ​រូបភាព​ផ្កាយ​រណប​ដែល​បាន​បង្ហាញ​ទៀត​ថា​នៅ​ចន្លោះ​ថ្ងៃ​ទី​៩ និង​២២​ខែ​សីហា​អគារ​ថ្មី​ចំនួន​២​ត្រូវបាន​សាងសង់​សំដៅ​ទៅ​ភាគ​ខាង​ជើង​នៃ​មូលដ្ឋាន។

លទ្ធផល​អង្កេត​ស្រាវជ្រាវ​ដដែល​បាន​បង្ហាញ​ទៀត​ថា​អគារ​ចំនួន​ពីរ​នោះគឺ​ស្ថិត​នៅ​ជាប់​អគារ​ពីរ​ទៀត​ដែល​ត្រូវ​បាន​សង់​ក្នុង​រដូវ​ផ្ការីក។​នៅ​ចុង​ខែ​សីហា​ការងារ​បាន​ផ្តើម​ជា​មួយ​ផ្លូវ​ថ្មី​មួយ​ខ្សែ ចេញ​ពី​ច្រក​ស្ថិត​នៅ​ទិស​ខាង​ត្បូង​ឆៀង​ខាង​កើត​ទៅ​តំបន់​ជាប់​មាត់​សមុទ្រ​ដែល​ជា​ទីតាំង​នៃ​អគារ​ថ្មីៗ។ ការងារ​នេះ​បាន​ចាប់ផ្តើម​នៅ​ដើម​ខែ​តុលា​បន្ទាប់​ពី​មាន​ការ​ចេញ​ផ្សាយ​ដំណឹង​ដែល​ថា មាន​កិច្ច​ព្រមព្រៀង​ដែល​ចិន​ទទួលបាន​លទ្ធភាព​ចូល​ទៅ​ទី​តាំង​នោះ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​វីអូអេ​តាម​សារ​អ៊ីមែល​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​មាន​របាយការណ៍​ដែល​គួរ​ឲ្យ​ជឿជាក់​បាន​ថា​ការសាងសង់​គួរ​ឲ្យ​កត់​សម្គាល់​បន្ត​មាន​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម។ នេះ​បើ​តាម​កា​របញ្ជាក់​របស់​មន្ត្រីនាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក។

​អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​លោក Chad Roedemeier ​បានលើក​ឡើង​ក្នុង​សារ​អ៊ីមែល​ជា​ភាសា​អង់​គ្លេស​និង​ប្រែសម្រួល​ជា​ខេមរភាសា​ក្នុង​ន័យ​ដើម​ថា៖ «យើង​ដឹង​អំពីរបាយការណ៍​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន និង​ជាប់​ជា​ប្រចាំ​ថា​ការ​សាង​សង់​គួរ​ឲ្យ​កត់​សម្គាល់​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បន្ត​មាន​នៅ​មូល​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម»។

លោក​បន្ថែម​ថា៖ «ប្រជាជន​កម្ពុជា​សម​នឹង​បាន​ដឹង​ច្រើន​អំពី​គម្រោង​នៅ​រាម​ហើយ​ត្រូវ​និយាយ​អ្វី​ម្យ៉ាង​អំពី​របៀប​នៃ​ការ​ធ្វើ​កិច្ច​ព្រមព្រៀង​យោធា​យ៉ាង​ដូច្នេះ​ដែល​វា​អាច​មាន​ផល​ប៉ះពាល់រយៈពេល​វែង​សម្រាប់​ប្រទេស​របស់​ពួក​គេ»។

មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​រូប​នេះ​កត់​សម្គាល់​ថា​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​តម្លាភាព​ពេញ​លេញ​អំពី​បំណង​ប្រភេទ​និង​ទំហំ​នៃ​គម្រោង​ឬ​ក៏​តួនាទី​របស់​កងទ័ព​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​នៃ​បំណង​ប្រើប្រាស់​ទីតាំង​កងទ័ព​ជើង​ទឹកនេះ។

​លោក​ Chad Roedemeier បាន​សង្កត់​ធ្ងន់​ថា​វត្តមាន​នៃ​យោធា​បរទេស​ណា​មួយ​នៅ​រាមនឹងជា​ការ​ដើរ​បញ្ច្រាស​នឹង​រដ្ឋធម្មនុញ​ប្រទេស​កម្ពុជា​និង​ប៉ះពាល់​ដល់​សន្តិសុខ​តំបន់។

​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​លោក​ផៃ ស៊ីផាន ច្រាន​ចោល​លទ្ធផល​អង្កេត​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​សិក្សាយុទ្ធសាស្ត្រ​អន្តរជាតិ​(CSIS) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​(Washington)ថាមិន​ត្រឹម​ត្រូវ​និង​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់នោះ​ទេ។

លោក​បាន​ប្រាប់​វីអូអេ​បន្ថែម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​កំពង់​ផែ​នៅ​តំបន់​រាម​នោះ​មិនមែន​ជា​កន្លែង​សម្រាប់​កង​ទ័ព​ចិន ឬ​ក៏​ជាកន្លែង​សម្រាប់​ប្រទេស​ណា​មួយ​យក​ធ្វើ​ជា​មូលដ្ឋាន​ទ័ព​ទេ។​

លោក​បាន​មាន​ប្រសាសន៍ថា៖ «យើង​អះអាង​ថា​កំពង់​ផែ​ហ្នឹង មិន​មែន​ជា​ការ​កសាង​[សម្រាប់]​ផល​ប្រយោ​ជន៍​របស់​ចិន​នោះ​ទេ ជា​ផល​ប្រយោ​ជន៍​របស់​ខ្មែរ តែ​ប៉ុណ្ណឹង។ ហើយ​ជា​កំពង់​ផែ​សកល​មួយ​ដែល​ប្រជា​ជាតិ​នានា អាច​ទទួល​សំចត ទទួលការ​មក​ធ្វើ​ទស្សនៈ​កិច្ច​ជា​ផ្លូវ​ការ​ទទួល​អ្វី​គ្រប់​យ៉ាង​គឺ​នៅ​កន្លែង​ហ្នឹង គឺ​មិនមែនកំពង់​ផែ​សម្រាប់​ប្រើ​ប្រាស់​របស់​ប្រទេស​ចិនតែ​ម្នាក់​នោះ​ទេ»។

លោក​បន្ថែមថា៖ «គ្មាន​អ្នក​ណា​មាន​សិទ្ធិ​ប្រើ​ប្រាស់​កំពង់​ផែ​ហ្នឹង ជា​មូលដ្ឋាន​កង​ទ័ព​បរទេស​ទេ​ត្បិត​រដ្ឋធម្មនុញ្ញ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​កង​ទ័ព​បរទេស​មក​លើ​ដី​របស់​ខ្លួន។ ទី​២ អ្វី​ដែល​ជា​ច្បាប់​របស់​អាស៊ាន​គឺ​មិន​មាន​អ្វី​នាំ​កង​ទ័ព​បរទេស​យក​មក​ដាក់ ឬ​ប្រដាក់​លើ​ទឹក​ដី​របស់​ខ្លួន​ដែរ»។

រូប​ឯកសារ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បង្ហាញអ្នកសារព័ត៌មាននូវអគារ Boat Maintenance Facility ដែលសាងសង់ដោយសហរដ្ឋអាមេរិក ទៅកាន់អ្នកយកព័ត៌មានដែលត្រូវបានអញ្ជើញឲ្យទស្សនាមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (វីអូអេ)


កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០២១ ​មន្ត្រី​អនុព័ន្ធ​យោធាអាមេរិក​លោក​វរសេនីយ៍​ឯក Marcus Ferrara​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម ដើម្បី​បញ្ជាក់​អំពី​ការ​សង្ស័យ​របស់​អាមេរិក​ថា​តំបន់​នោះ​នឹង​ក្លាយ​ជា​មូលដ្ឋាន​កង​ទ័ព​របស់​ចិន​នៅ​ពេល​អនាគត ខណៈ​ប្រទេស​ចិន​នឹង​ស្ថាបនា និង​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​កង​ទ័ព​នេះ​សម្រាប់​កម្ពុជា។

ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​យោធា​អាមេរិក​រូប​នោះ​ត្រូវ​បាន​អនុញ្ញាត​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​អនុរដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក អ្នកស្រី Wendy Sherman​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ដើម​ខែ​មិថុនា​ដដែល​នោះ។

បន្ទាប់​ពី​ការ​ចុះ​ពិនិត្យ​មើល​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹករាម​នោះ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​លើក​ឡើង​ថា​មន្ត្រី​យោធា​របស់​ខ្លួន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ពេញ​លេញ​តំបន់​ដែល​ពួក​គេ​ចង់​ទៅ​នោះ​ទេ។​

ក្នុង​ពេល​នោះ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ចាត់​ទុក​ប្រតិកម្ម​របស់​ស្ថាន​ទូត​អាមេរិក​ថា​«ជា​ការ​ព្យាយាម​បង្កើត​បញ្ហា​ថ្មី និង​បំភ្លៃ​ការ​ពិត ដែល​នាំ​ឲ្យ​មាន​ភាព​ល្អក់​កករ​កាន់​តែ​ខ្លាំង​ឡើង​ដល់​ទំនាក់​ទំនង​យោធា​រវាង​ប្រទេស​ទាំង​ពីរ»។

ក្រសួង​ការពារ​ជាតិ​ ក៏​បាន​សុំសហរដ្ឋ​អាមេរិក​យ៉ាង​ទទូច​«ឲ្យ​បញ្ឈប់​ការ​បង្កើត​សេណារីយោ​ថ្មីៗ​ដែល​នាំ​មក​នូវ​ភាព​អវិជ្ជមាន​និង​សូម​ឲ្យ​គោរព​ដល់​អធិបតេយ្យ​និង​លក្ខខណ្ឌ​កំណត់​នៃ​កង​ទ័ព​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា»។

កាល​ពី​ឆ្នាំ​២០២០​ កម្ពុជា​បាន​វាយ​កម្ទេច​រុះរើ​អគារ​ជួស​ជុល​ថែទាំ​នាវា​ល្បាត​ធុន​តូច​ដែល​សាងសង់​ដោយ​សហរដ្ឋ​អាមេរិក​នៅ​មូលដ្ឋាន​សមុទ្រ​រាម​នោះ។លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​បាន​ទទួល​ស្គាល់​ថា​ពិត​ជា​មាន​ការ​រុះរើ​វាយ​កម្ទេច​អគារ​ខាង​លើ​ប្រាកដ​មែន ហើយ​ថា​ការ​វាយ​កម្ទេច​នោះ​គឺ​ទី​តាំង​នោះ​ បាន​ល្អ​ជាង​មុន និង​ធំ​ជាងមុន។

អ្នក​វិភាគ​នយោបាយ​លោក​សេង​ សារី​ យល់​ថា កម្ពុជា​គួរ​កុំ​គេច​វេស​ក្នុង​ការ​បក​ស្រាយ​លើ​ការ​ចោទ​ប្រកាន់​នានា​ជុំវិញ​បំណង​នៃ​ការ​តាំង​ទី​របស់​ទ័ព​ចិន​នៅ​មូលដ្ឋាន​សមុទ្រ​រាម​នោះ​ដើម្បី​ជា​ការ​ការ​ពារខ្លួន កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ជម្លោះ​នៃ​ការ​ប្រជែង​ឥទ្ធិពល​ភូមិ​សាស្ត្រ​នយោបាយ​រវាងរដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង។ លោក​ថាប្រសិន​បើ​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​អន្លុង​នៃ​ជម្លោះ​នេះ​នោះ​ជម្លោះ​នេះ​នឹង​អាច​ធ្វើ​ឲ្យ​កម្ពុជាមាន​ភាព​វឹកវរ​កើត​មាន​កលិយុគ ហើយវិបត្តិ​ផ្សេង​ៗ​នឹង​រួតរឹត​កម្ពុជា​ជា​ថ្មី​ម្តង​ទៀត៕​

No comments: