October 15, 2021

ពលរដ្ឋ​សម្តែង​ការ​គោរព​ដឹង​គុណ​ក្នុង​ខួប​៩​ឆ្នាំ​នៃ​ថ្ងៃ​សោយ​ទិវង្គត​ព្រះ​បរម​រតន​កោដ្ឋ​​

រូប​ឯកសារ៖ ពលរដ្ឋ​កម្ពុជា​ កាន់​ទុក្ខ​​​ការ​សោយ​ទិវង្គត​របស់​ព្រះ​បរមរតន​កោដ្ឋ ព្រះបាទ ​នរោត្តម ​សីហនុ ក្នុង​ពិធី​មួយ​​ដែល​ធ្វើ​ឡើង​​នៅ​​រាជធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១៣។


លាស់ លីបលីប | VOA Khmer, 15 តុលា 2021

ភ្នំពេញ — ប្រជាពលរដ្ឋ​រួម​ទាំង ព្រះ​សង្ឃ​និង​មន្ត្រី​រាជ​ការ​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​សម្តែង​ការ​គោរព​ដឹង​គុណ​ក្នុង​ខួប​៩ឆ្នាំ​នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះ​បរមរតន​កោដ្ឋ ព្រះបាទ ​នរោត្តម ​សីហនុ ចំពោះ​ការ​លះបង់ និង​បូជា​ព្រះ​កាយ​ពល​ក្នុង​បុព្វ​ហេតុ​ការពារ​ទឹកដី និង​ប្រជាជន​កម្ពុជា។ ​

អតីត​ព្រះមហាក្សត្រ​ព្រះ​បាទ​នរោត្តម​សីហនុ ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ចាត់​ទុក​ថា​ជា​ឥស្សរជន​ដ៏​ល្បីល្បាញ​និង​គួរ​ឲ្យ​គោរព។​ស្នា​ព្រះ​ហស្ត​សំខាន់ៗ​របស់​ព្រះ​អង្គ​មាន​ដូច​ជា​ការ​ទាមទារ​ឯករាជ្យ​ពេញលេញ​ឲ្យ​កម្ពុជា​ពី​អាណា​និគម​និយម​បារាំង​ក្នុង​ឆ្នាំ​១៩៥៣​និង​ការ​កសាង​កម្ពុជា​ឲ្យ​ក្លាយ​ជា​ប្រទេស​រុងរឿង​មួយ​ក្នុង​អំឡុង​ទសវត្សរ៍ ១៩៥០ និង​១៩៦០។​

​ក្នុង​គម្រប់​ខួប​៩​ឆ្នាំ​នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្ដម សីហនុ​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បាន​បង្ហោះ​សារ​សម្តែង​ការ​គោរព​ដឹង​គុណ​ផង​ដែរ។

លោក ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០២១​នេះ​ថា៖ «នៅ​ថ្ងៃនេះ ប្រជារាស្ត្រ​ទូទាំង​ប្រទេស​ព្រម​ទាំង​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ជាន់​ថ្នាក់ សូម​សម្តែង​នូវ​ការ​គោរព​ដឹង​គុណ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ថ្វាយ​ចំពោះ​ព្រះ​បរមរតនកោដ្ឋ​ដែល​ព្រះ​អង្គ​បាន​លះ​បង់ និង​បូជា​ព្រះ​កាយ​ពល​ដ៏​ធំធេង​បំផុត​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា។ កូន​ចៅ​ប្រជា​រាស្ត្រ​ទូទាំង​ប្រទេស និង​មន្ត្រី​រាជការ សូម​ថ្វាយ​ព្រះ​រាជ​កុសល​ព្រះ​វិញ្ញាណក្ខន្ធព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោ​ត្តម​សីហនុ​សូម​ស្តេច​យាង​បដិសន្ធិ​ក្នុង​ព្រះ​បរម​សុគតិ​ភព​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ»។

គួរ​បញ្ជាក់​ថា អតីត​ព្រះ​មហាក្សត្រ​ព្រះបាទ​ នរោត្ដម​ សីហនុ​ បាន​យាង​ចូល​ទិវង្គត​ក្នុង​ព្រះ​ជន្ម​៩០​ព្រះ​វស្សា​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​តុលា​ឆ្នាំ​២០១២​នៅ​ក្នុង​ទី​ក្រុង​ប៉េកាំង ប្រទេស​ចិន៕

No comments: