October 1, 2021

ក្រោយ​សវនាការ សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​ទម្លាក់​បទ​ចោទប្រកាន់​ប្រឆាំង​នឹង​កុមារ​កាក់ សុវណ្ណច្ឆ័យ

រូបឯកសារ៖ យុវជន កាក់ សុវណ្ណឆ័យ អាយុ១៦ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ (រូបភាពផ្តល់ដោយអ្នកស្រី ព្រំ ចាន់ថា ម្តាយរបស់យុវជន)


ណឹម សុភ័ក្រ្តបញ្ញា | VOA Khmer, 30 កញ្ញា 2021

ភ្នំពេញ — អង្គការ​សង្គមស៊ីវិល​មួយ​ចំនួន​បាន​អំពាវនាវ​ឲ្យ​តុលាការ​ពិចារណា​ទម្លាក់​បទ​ចោទ​ប្រកាន់​លើកុមារ​ ដែល​ជា​កូនប្រុស​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​រូបបន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​កុមារ​ដែល​មាន​បញ្ហា​ផ្នែក​សតិបញ្ញា​រូបនោះ កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ។

កុមារ​ កាក់ សុវណ្ណ​ច្ឆ័យ អាយុ ១៦​ឆ្នាំ​ ដែល​ជា​កូន​ប្រុស​លោក ​កាក់ កុម្ភារ អតីត​មន្រ្តី​គណបក្ស​សង្រ្គោះជាតិ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២៤ ខែ​មិថុនា ហើយបញ្ជូន​ទៅ​តុលាការ ​ក្រោម​បទ​ចោទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង​បទ«ប្រមាថ​អ្នករាជការ​សាធារណៈ​» បន្ទាប់​ពីកុមាររូប​នោះបាន​បង្ហោះ​សាររិះគន់​រដ្ឋាភិបាល​តាម​ប្រព័ន្ធ​តេឡេ​ក្រាម​។

នៅ​ក្នុង​សវនាការ​កាល​ពី​ថ្ងៃ​ពុធរបស់​មេធាវី​ការពារ​ក្តី​ឲ្យកុមារ​ កាក់ សុវណ្ណ​ច្ឆ័យ​ បានស្នើ​សុំ​គ្រូពេទ្យ​ជំនាញ​ចូលរួម​ក្នុង​សវនាការ ដើម្បី​ពិនិត្យ​ស្ថានភាព​កូនក្តី ដែល​ម្តាយ​របស់​កុមារ​រូប​នេះ​បាន​លើកឡើង​ថា​ កូនប្រុស​របស់​ខ្លួន​មាន​ជំងឺ​អូទីហ្សឹម​(autism) ឬ​ជំងឺរវើ​រវាយ​ និងភាន់​វិញ្ញាណ​។ ប៉ុន្តែ​ ចៅ​ក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បដិសេធ​សំណើ​នេះ និង​បាន​បន្ត​នីតិវិធី​សវនាការ។

ក្រោយ​ពី​ការ​សួរ​ដេញ​ដោល​និង​ធ្វើ​សេចក្តី​សន្និដ្ឋាន​ ចៅក្រម​ជំនុំ​ជម្រះ​លោក ​អ៊ួង​ វុទ្ធា​ សម្រេចលើក​ពេល​ប្រកាស​សាលក្រម​លើ​សំណុំ​រឿង​កុមារកាក់ សុវណ្ណច្ឆ័យ​ នៅ​ថ្ងៃ​ទី១៣ ខែ​តុលា​ ខាង​មុខ​នេះ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​របស់​អង្គការ​លីកាដូ​ លោក​ អំ សំអាត ​សង្ឃឹម​ថា​ តុលាការ​នឹង​ទម្លាក់​បទ​ចោទ​ប្រកាន់ និង​ដោះលែងកុមារ ​កាក់ សុវណ្ណច្ឆ័យ​ ឲ្យ​មាន​សេរីភាព​ អាស្រ័យ​លើ​ស្ថានភាពរបស់​កុមាររូប​នេះ​ជា​អនីតិជន និ​ង​មាន​ជំងឺ​ប្រចាំ​កាយ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា គួរ​តែ​ពិចារណា​ទាំងអស់​គ្នា​គឺ​ថា ទី​មួយ​ ពិនិត្យ​ទៅ​លើ​សុខភាព​គាត់​ទៅ​ ប្រសិន​បើ​ជា​គាត់​មាន​បញ្ហា​សុខភាព​ ឬ​ក៏​បញ្ហា​ផ្លូវ​ចិត្ត​ហ្នឹង​គួរ​តែ​ពិនិត្យ​ពិចារណា​ឲ្យ​បាន​ដិត​ដល់​ដែរ ពី​ព្រោះ​ជៀសវាង​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​សុខភាព​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​សម្រាប់​កុមារ​ហ្នឹង​ណា»។

លោក​បាន​សង្កត់ធ្ងន់​សារជាថ្មី​ផង​ដែរ​ថា ​បទចោទ​ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង​បទ «ប្រមាថ​អ្នករាជការ​សាធារណៈ» ជា​ការ​ចោទ​ប្រកាន់​មាន​ស្ថាន​ទម្ងន់​ទោស​ធ្ងន់ធ្ងរ​ជ្រុល​មក​លើ​កុមារ​កាក់ សុវណ្ណច្ឆ័យ ​និង​បាន​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​ការ​ចាប់​ឃុំខ្លួន​មក​លើ​កុមារ​ក្រោម​អាយុ​១៨​ឆ្នាំ​រូប​នេះ​ដោយ​សមត្ថកិច្ច ​មុន​ពេល​បញ្ជូន​មក​សវនាការ។ ​

នាយិកា​មជ្ឈមណ្ឌលសិទ្ធិ​មនុស្ស​កម្ពុជា ​អ្នកស្រី ចក់​ សុភាព ​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ អ្នកស្រី​មិន​គាំទ្រ​ចំណាត់​ការ​របស់​សាលាដំបូង​រាជធានីភ្នំពេញ​ក្នុង​ការ​ចាប់​ឃុំ​ខ្លួន និង​បើក​សវនាការ​កាត់​ទោស​កុមារា​ កាក់ សុវណ្ណច្ឆ័យ​ដែល​មាន​បញ្ហា​សតិបញ្ញា​នោះ​ទេ។

អ្នកស្រី​បាន​ថ្លែង​ថា៖ «​ជា​ធម្មតា​ ប្រសិន​បើ​គាត់​មាន​បញ្ហា​ហ្នឹង​មែន ហើយ​តាម​សវតា​ដែល​ម្តាយ​របស់​កុមារ​នេះ​បាន​បញ្ជាក់​គឺ​គាត់​ដូចជា​បញ្ហា​អូទីហ្សឹម​មែន។ អញ្ចឹង​តុលាការ​លោក​គួរ​តែ​ថ្លឹង​ថ្លែង​ ហើយហ្នឹង​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​ ដែល​ត្រូវ​យក​មក​អនុវត្ត​គ្រប់កាលៈ​ទេសៈ​ទាំងអស់ រួម​ទាំង​កុមារ​ទៀត។ ហើយ​សម្រាប់​កុមារ​ហ្នឹង ហ្នឹង​រឹត​តែ​មាន​ទម្ងន់​ខ្លាំង​ ដែល​តុលាការ​លោក​ត្រូវ​តែ​ពិចារណា​លើ​ហេតុផល​នេះ»។

វីអូអេ​មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ អ៊ី រិន្ទ ​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

មេធាវី​ការពារ​ក្តី​ឲ្យ​កុមារា​ កាក់ សុវណ្ណច្ឆ័យ​ លោក​សំ សុគង់​ ថ្លែង​ថា​ ក្នុង​សវនាការ​ដែលធ្វើ​ឡើង​ កាល​ពី​ថ្ងៃទី​២៩​ ខែ​កញ្ញា​កន្លង​ ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​មានការ​ពិបាក​សួរ​ដេញដោល​ កុមារ​កាក់​ សុវណ្ណច្ឆ័យ​ ព្រោះថា​កុមារ​រូបនោះ​ មាន​ជំងឺ​រវើរវាយ​ ឬ​ autism​ ដែល​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ ដែល​អង្គ​សវនាការ​បាន​សួរ​នាំ។

លោក​ប្រាប់​វីអូអេ​ថា​៖ «មាន​ការ​ច្របូក​ច្របល់​ក្នុង​ការ​ឆ្លើយ​ បាន​ន័យ​ថា​ មុន​នឹង​ឆ្លើយ​ គាត់​អង្គុយ​គិត​ ហើយ​គាត់​ឆ្លើយ​ទៅ​ដូច​អត់​ត្រូវ​នឹង​អ្វីដែល​ជា​សំណួរ»។

លោក​បន្ថែមថា​ ក្នុង​ស្ថានភាព​ដែល​កូន​ក្តី​លោក​មាន​ជំងឺ​រវើរវាយ ​និង​មិន​អាច​ឆ្លើយ​សំណួរ​របស់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​យ៉ាង​ដូច្នេះ​ កូនក្តី​លោក​មិន​គួរ​ណា​ត្រូវបានតុលាការ​នាំខ្លួន​យក​មក​កាត់​ទោស​នោះ​ទេ។

លោក​បាន​បញ្ជាក់​ថា៖ «ច្បាប់​យើង​ហ្នឹង​ គឺ​ក្រម​ព្រហ្មទណ្ឌ​ហ្នឹង​ ត្រង់​មាត្រា​៣១ហ្នឹង​ កាល​ណា​ការ​ប្រព្រឹត្ត​បទ​ល្មើស​ណា​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ អត់​ដឹង​ខុស​ ដឹង​ត្រូវ​អីចឹង​ គេមិន​ឲ្យ​ទទួល​ខុសត្រូវ​ព្រហ្ម​ទណ្ឌ​ទេ​។ អីចឹង​តុលាការ​គួរ​តែ​មាន​ការ​ពិចារណា​ ទាក់​ទង​នឹង​ទម្លាក់​បទ​ចោទ​ ក៏ដូច​ជាឲ្យ​ ​ដោះលែង ​ឲ្យកូនក្តី​ហ្នឹង​មាន​សេរីភាព​ឡើងវិញ»។

​អ្នកស្រី ព្រុំ​ ចន្ថា ម្តាយ​របស់​កុមារា​ កាក់ សុវណ្ណច្ឆ័យ ​បាន​ប្រាប់​វីអូអេ​ថា ​អ្នកស្រី​មាន​ការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​ ដោយអ្នកស្រី​មិន​ដឹង​ថា កូន​ប្រុស​របស់​អ្នកស្រី​នឹង​ទទួល​បាន​ការ​ដោះលែងឬទេ​នៅ​ពេល​ចេញ​សាល​ក្រម​នៅ​ថ្ងៃ​ទី១៣ ខែ​តុលា​ខាង​មុខ​នោះ។ ​

អ្នកស្រី​បាន​ថ្លែង​ថា៖ «ការ​ចោទ​គាត់​ពី​បទ​ប្រមាថ​ ថ្នាក់​ដឹកនាំ​អី​អញ្ចឹង ញុះញង់ ខ្ញុំ​មាន​ការ​បារម្ភ​យ៉ាងខ្លាំង។ ប៉ុន្តែ​បើ​សិន​ជា​តុលាការ​គាត់​មាន​ក្រម​សីលធម៌​ និង​វិជ្ជាជីវៈ​ដែល​គាត់​កាត់​ក្តី​ ដឹង​ថា កូន​ក្មេង​ដែល​គាត់​ ដូចថា​ មិនដឹង​អី និង​មាន​ជំងឺ​ផ្ទាល់​ខ្លួន​លើ​រាងកាយ និង​ខួរ​ក្បាល​ហ្នឹងទៀត​ ប្រហែល​ជា​គាត់​គិត​ និង​ពិចារណា​ដោះលែង​គាត់ ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ ហើយ​ឲ្យ​គាត់​ចូល​មក​ បាន​មក​រៀន​សូត្រ​ និង​បាន​មក​រស់នៅ​ក្រោម​ការ​អប់រំ​របស់​ខ្ញុំ​ឡើង​វិញ»។ ​

អ្នកស្រី​បញ្ជាក់​ទៀត​ថា​ អ្នកស្រី​បាន​ចូលរួម​សវនាការ​របស់​កូនប្រុស​គាត់​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ​ផងដែរ​ដើម្បី​ជួយ​បំភ្លឺ​បន្ថែម​លើ​ការ​បកស្រាយរបស់​កូន​ប្រុសចំពោះ​មុខ​តុលាការ ​ពីព្រោះ​កូន​ប្រុស​អ្នកស្រី​មាន​បញ្ហា​ផ្នែក​សតិបញ្ញា​។ ​

កុមារ ​កាក់ សុវណ្ណច្ឆ័យ ​ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ពេល​កន្លង​មក​ ប៉ុន្តែ​មិន​ត្រូវ​បាន​ចោទ​ប្រកាន់​ទេ​កាល​នោះ ហើយ​ក៏​ធ្លាប់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុ​ខវាយ​ដំ​ផង​ដែរ។ បន្ទាប់​ពី​ការ​ចាប់​ខ្លួន​គាត់​កាល​ពី​ខែ​តុលា ឆ្នាំ​មុន នៅ​ខាង​មុខ​ទីស្នាក់​ការ​កណ្តាល​ចាស់​នៃ​គណ​បក្ស​សង្គ្រោះជាតិ កុមារ​រូប​នេះត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ត្រូវ​បាន​នគរ​បាល​ដាល់ និង​ទះ​កំផ្លៀង​គាត់​ក្នុង​អំឡុង​ពេល​សួរ​ចម្លើយ។ ពីរ​ថ្ងៃ​ក្រោយ​មក គាត់​ត្រូវ​បាន​ដោះ​លែង​ដោយ​គ្មាន​ការ​ចោទ​ប្រកាន់។ នៅ​ខែ​មេសា​ឆ្នាំ​នេះ គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ ដោយ​សារ​មាន​ស្រាំ​ឆ្អឹង​លលាដ៍​ក្បាល បន្ទាប់​ពី​បុរស​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​តាម​វាយគា​ត់​ដោយ​ដុំ​ឥដ្ឋ។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​ជំនាញសិទ្ធិ​មនុស្សរបស់​អង្គការ​សហប្រជាជាតិ។

ក្រុម​អ្នក​ជំនាញ​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចេញ​ផ្សាយ​កាល​ពី​ដើមខែ​កញ្ញាថា៖ «កុមារ​មាន​ពិការភាព​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ច្បាប់​គួរ​តែ​បាន​ប្រព្រឹត្ត​ស្រប​តាម​គោល​ការណ៍​ឧត្តម​ប្រយោជន៍​របស់​កុមារ​ហើយ​រាល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ដាក់​ពួក​គាត់​ឲ្យនៅ​ក្រៅ​ពន្ធនាគារ។ នេះ​ជា​ការ​ពិត​ ជា​ពិសេស​ក្នុង​ករណី​មួយ​ដូចជា​ករណី​នេះ​នៃ​ការ​បញ្ចេញ​មតិ​ដោយ​សេរី​និង​ដោយ​សន្តិវិធី»។

ដោយឡែក លោក ​កាក់ កុម្ភារ ​ឪពុក​របស់​កុមារា​កាក់ សុវណ្ណច្ឆ័យ និង​ជា​មន្ត្រី​គណបក្ស​សង្រ្គោះជាតិ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ព្រៃស​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០​២០ ក្រោម​ការ​ចោទ​ពី​បទ​«ប្រមាថ​និង​ញុះ​ញង់​ឲ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​ជាតិ»។ លោក​និង​សកម្មជន​ផ្សេង​ទៀត​កំពុង​ជាប់​ឃុំ​និង​រង់​ចាំ​ការ​កាត់​ទោស៕

No comments: