September 1, 2021

អ្នក​វិភាគ​ថា ​លោក​សម រង្ស៊ី ​បង្ហោះ​សារ​ឱ្យលោក​ ស ខេង​ ចូល​រួម​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​មិន​អាច​ទៅ​រួច​ទេ​

រូបថតចាស់ឈរចាប់ដៃគ្នារវាងលោក សម រង្ស៊ី ជាមួយលោក ស ខេង ដែលលោក សម រង្ស៊ី បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។  រូប៖ ហ្វេសប៊ុក Sam Rainsy


ដោយ មាន ឫទ្ធិ RFA 2021-08-30

អ្នក​​វិភាគ​​នយោបាយ​​​មើល​ឃើញ​ថា ​​សារ​របស់​លោក សម រង្ស៊ី គ្រាន់​តែ​​ជា​ការ​ស្រមើស្រមៃ ប៉ុន្តែ​សកម្មភាព​ជាក់​ស្ដែង​នឹង​មិន​អាច​ទៅ​រួច​​នោះ​ទេ។

បណ្ឌិត ឡៅ ម៉ុងហៃ ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា​ថា ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ទំនង​​​​មិន​​ចូល​រួម​ជា​មួយ​លោក​ សម រង្ស៊ី​ ដែល​ចង់​​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​នោះ​ទេ។ លោក​បញ្ជាក់​ថា រដ្ឋមន្ត្រី​រូប​នេះ ​ជា​បុគ្គល​គ្រឹះ​រឹងមាំ​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​មាន​អំណាច​អាច​រស់​នៅ​​​មាន​សេចក្ដី​សុខ​គ្រប់គ្រាន់​​ហើយ​។ បន្ថែម​ពី​នេះ ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​នោះ​​ ក៏​គ្មាន​​យុទ្ធសាស្ត្រ​និង​សកម្មភាព​​អ្វី​​ ដើម្បី​​អូសទាញ​លោក​ ស ខេង​ ឲ្យ​ចូលរួម​បាន​ដែរ​។ ចំពោះ​​ការ​ដែល​​អ្នក​​លែង​​ហ្វេសប៊ុក​​មួយ​ចំនួន​​​បង្ហោះ​សារ​គាំទ្រ​ គំនិត​ផ្ដួចផ្ដើម​របស់​លោក​ សម រង្ស៊ី​ វិញ​ អ្នក​វិភាគ​នយោបាយ​​​រូប​នេះ​យល់​ថា ​ករណីនេះ​​​​គ្រាន់​តែ​ជា​ការ​ជ្រួលជ្រើម​តាម​គ្នា​ប៉ុណ្ណោះ៖ «ក្នុង​កាលទេសៈឥឡូវ​ហ្នឹង ​គឺ​មនុស្ស​ជ្រើម​អីចឹង​ទៅ​ អត់​សូវ​គិត​គូរ​អី​ថា តើវា​ទៅ​រួច​ឬ​មិន​រួច ឬ​ក៏​ជា​សកម្មភាព​ជាក់​ស្ដែង វា​មាន​លក្ខណៈ​នឹង​ភាព​ផ្សំ​អី​គួរតែ​ឱ្យ​យើង ​ទុក​ចិត្ត​ថា​ ​អាហ្នឹង​ គឺ​អាច​​បង្កើត​ទៅ​បាន​។​ និយាយ​សរុប​ទៅ​ គឺ​អ្នក​ដែល​មាន​គំនិត​អីចឹង​ ហើយ​ផ្សព្វផ្សាយ​គំនិត​ហ្នឹង​ ទី១​គ្រាន់​តែ​បាន​ផ្សព្វផ្សាយ ​គំនិត​ហ្នឹង​ឱ្យ​គេ​ស្គាល់​តែ​ប៉ុណ្ណឹង​ ក៏​ប៉ុន្តែ ​អាច​មាន​សភាព​ដែល​​បោក​បញ្ឆោត​ក៏​ថា​បាន​ដែរ»។

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​នេះ​​ ធ្វើ​ឡើង​ក្រោយ​ពេល​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្ស៊ី ​បាន​បង្ហោះ​សារ​អម​ដោយ​​​រូបថត​លោក ស ខេង និង​ សម រង្ស៊ី ​​បាន​ចាប់​ដៃគ្នា​​នៅលើ​ហ្វេសប៊ុក​របស់​លោក​ ​​​កាល​ពី​យប់​ថ្ងៃ​ទី​២៩​ ខែសីហា​ថា៖ «ការ​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិដែល​មាន​លោក ស ខេង ចូលរួម​ផង​ គឺ​ជា​គំនិត​មួយដ៏ត្រឹមត្រូវ»។ ការប​ង្ហោះសាររបស់លោក សម រង្ស៊ី បែបនេះ គឺ​ក្នុង​ពេល​ដែល​លោក ស ខេង កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​បារាំង។ ភ្លាមៗ​​ក្រោយ​ពេល​បង្ហោះ​​សារ​នេះ​ មាន​អ្នក​លេង​ហ្វេសប៊ុក​ជា​ច្រើន​​នាក់​ បាន​​បង្ហោះ​សារ​គាំ​ទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​នេះ​ព្រោងព្រាត​។ ម្ចាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឈ្មោះ​ ហៃ វណ្ណា សរសេរ​ថា​៖ «យើង​ទាំង​អស់​គ្នា​​ស្វាគមន៍​វត្តមាន​លោក​ ស​ ខេង​ ចូលរួម​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ ដើម្បី​រំដោះ​ប្រទេស​ចេញ​ពី​​គ្រួសារ​លោក​ ហ៊ុន​ សែន​»។

វិទ្យុអាស៊ី​សេរី​ មិន​អាច​ទាក់​ទង​​អ្នក​នាំ​​ពាក្យ​ក្រសួង​មហា​ផ្ទៃលោក ខៀវ សុភ័គ និង​​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​ទេ​នៅ​ថ្ងៃ​ទី​៣០​ខែសីហា។

ប៉ុន្តែ​ លោក ខៀវ សុភ័គ បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា ​អាជ្ញាធរ​កម្ពុជា កំពុង​ស្រាវ​ជ្រាវ​តាម​ចាប់​​អ្នក​ដែល​បាន​បង្ហោះ​សារ​​ថា​៖ «លោក ស ខេង ​ទៅ​​ពិភាក្សា​ជា​មួយ​លោក សម រង្ស៊ី​ ដើម្បី​បង្កើត​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​នៅ​ប្រទេស​បារាំង​»។ ប្រភព​ដដែល​បញ្ជាក់​ថា៖ «ទង្វើ​បែប​​នេះ​ជា​ការ​​បង្ក​ចលាចល»។

ទោះ​ជា​យ៉ាង​ណា​ ចំពោះ​ការ​ប្រកាស​ជារឿយៗ​របស់​លោក សម រង្ស៊ី ថា លោក ស ខេង ចង់​រួមដៃគ្នា​ជាមួយ​លោក​នោះ លោក​ ស ខេង​ តែងតែ​រក្សា​ភាព​ស្ងៀម​ស្ងាត់ ដោយ​មិន​ដែល​ចេញ​មុខ​ផ្ទាល់ខ្លួន បដិសេធ​នោះ​ទេ​ រហូត​មក​ដល់​ពេល​នេះ​។ ប៉ុន្តែ​លើក​នេះ កូនប្រុស​របស់​លោក ស ខេង និង​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ លោក ស សុខា បាន​ចេញ​មុខ​បដិសេធ​ជំនួសថា  វត្តមានឪពុករបស់លោកទៅប្រទេសបារាំង គឺដើម្បីពិនិត្យសុខភាពសុទ្ធសាធ ពុំមានជួបអ្នកនយោបាយណាម្នាក់​ឡើយ។ លោកចាត់ទុកថា ការលើកឡើងបែបនេះ គឺជាការបំភាន់មតិជាតិ និងអន្តរជាតិ ក្នុង​គោល​បំណង​កេង​ចំណេញ​នយោបាយ និងចង់​បំបែកបំបាក់​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ជុំ​វិញ​រឿង​នេះ​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង​ដែល​កំពុង​ភៀស​ខ្លួន​​នៅ​ប្រទេស​ថៃលោក ម៉ៅ វិបុល ​មាន​ប្រសាសន៍​ថា ​​លោក​គាំទ្រ​សារ​របស់​លោក​ សម រង្ស៊ី ពី​ព្រោះ​លោក ស ខេង​ ជា​មនុស្ស​កណ្ដាល​​អាច​​ធ្វើ​ការងារ​រួម​គ្នា​​ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ជាតិ​បាន​។ លោក​ចាត់​ទុក​​ការ​លើកឡើង​របស់​​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​ថា ​ជា​ការ​​គំរាម​កំហែង បំ​បិទ​សិទ្ធិសេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​៖ «អានេះ​ជា​ការ​ភ័យ​ព្រួយ​របស់​គណបក្ស​ប្រជាជន​និង​ក្រុម​របស់​លោក ហ៊ុន សែន ​បើ​យើង​មើល​ទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គំរាមកំហែង​ពលរដ្ឋ​រហូត។ អីចឹង​សុំ​ឱ្យ​គិតគូរ​ពី​បញ្ហា​ជាតិ​និង​ពលរដ្ឋ​ផង ព្រោះ​រឿង​ចាប់​ចង​ប្រជាពលរដ្ឋ វា​ច្រើន​ឆ្នាំ​មក​ហើយ គ្រាន់​តែ​គ្នាផុស​សារ​និយាយ​រឿងពិត​ក៏​ជាប់​គុក​ដែរ ហើយ​គ្រាន់​តែ​គ្នា​បង្ហោះ​សារ​ចង់​បាន​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ​ ជាពិសេស​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​មួយ​គណបក្ស​ប្រជាជន​ដោះស្រាយ​បញ្ហា​ជាតិ​ហើយ​ចាប់​ប្រជាពលរដ្ឋ​ដាក់​គុក​អីចឹង​មិន​ត្រូវ​ទេ»។

​​កាល​ពីថ្ងៃទី២២ ​ខែសីហា ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ​បាន​​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង​ ​រយៈ​ពេល​២​សប្ដាហ៍ ដើម្បី​ធុរៈ​ផ្ទាល់​ខ្លួន​​​។ ​ដំណើរ​​ទស្សនកិច្ច​នេះ​ត្រូវ​​បាន​​អ្នក​វិភាគ​នយោបាយមួយ​ចំនួន​ ជា​ពិសេស​ក្រុម​បក្ស​ប្រឆាំង ​​​​​​​ចាប់​អារម្មណ៍​ ដោយ​​ចាត់ទុក​រឿង​នេះ​ថា ​ជា​សញ្ញា​ណវិជ្ជមាន​មួយ​​ ​​ដែល​​លោក​ ស ខេង​ អាច​នឹង​ជួប​ពិភាក្សា​​ជា​មួយ​​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ឈាន​ទៅ​រក​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​៕

No comments: