September 25, 2021

មេ​បក្ស​ប្រឆាំង លោក កឹម សុខា ជួប​មន្ត្រីទូត​អាល្លឺម៉ង់ និយាយ​ពី​ស្ថានភាព​កម្ពុជា

រូប៖ ហ្វេសប៊ុកលោក កឹម សុខា


ដោយ ខែ សុណង RFA 2021-09-23
 
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ បន្ត​ជួប​ជាមួយ​តំណាង​ទូត​ប្រទេស​ប្រជាធិបតេយ្យ ទោះ​ជា​របបលោក ហ៊ុន សែន មិន​ទាន់​ផ្តល់​សិទ្ធិ​នយោបាយ​ដល់​រូប​លោក​ក៏​ដោយ។

លោក កឹម សុខា បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី ២៣កញ្ញា​នេះ​ថា លោក​បាន​ជួប​ជាមួយ​ឯកអគ្គ​រដ្ឋ​ទូត​អាល្លឺម៉ង់ (Germany) លោក គ្រីស្ទៀន ប៊ឺហ្គឺរ  (Christian Berger) នៅ​គេហដ្ឋាន​របស់​លោក ក្នុង​ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ។ លោក​បញ្ជាក់​ថា ជំនួប​នេះ គឺ​ជា​ការ​សម្ដែង​ការ​គួរសម​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ពីរ​រូប​នៃ​ស្ថានទូត​អាល្លឺម៉ង់ ដែល​ទើប​មក​កាន់​តំណែង​ថ្មី​នៅ​កម្ពុជា។ លោក កឹម សុខា ឱ្យ​ដឹង​ទៀត​ថា ក្នុងជំនួបនោះ ពួក​លោក​បាន​ពិភាក្សា​គ្នា​អំពី​ស្ថានភាព​ទូទៅ​នៅ​កម្ពុជា រួម​ទាំង​បញ្ហា​ជំងឺ​ឆ្លង​កូវីដ-១៩ និង​បញ្ហា​ទឹក​ជំនន់ ជាដើម។

របប​លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​លោក​ កឹម សុខា ពី​បទ​ក្បត់​ជាតិ ប៉ុន្តែ​ជាង ៤ឆ្នាំ​មក​នេះ អាជ្ញាធរ​មិន​បាន​បង្ហាញ​ភស្តុតាង​រឹងមាំ​ណាមួយ ដែល​បង្ហាញ​ពី​ទោស​កំហុស​របស់​លោក​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ សំណុំ​រឿង​នេះ​ត្រូវ​បាន​ផ្អឹប​ទុក​ទៅ​តាម​ការ​ចង់​បាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ការ​អូស​បន្លាយ​សំណុំ​រឿង​នៅ​តុលាការ​ក្រុង​ភ្នំពេញ បូករួម​ទាំង​ការ​ដកហូត​សិទ្ធិ​នយោបាយ​ពី​សំណាក់​តុលាការ​កំពូល​ផង​នោះ បាន​ធ្វើ​ឱ្យ​មេ​បក្ស​ប្រឆាំង​ដែល​ធ្លាប់​មាន​ថ្វីមាត់​រូប​នេះ រក្សា​ភាព​ស្ងៀមស្ងាត់​ទាក់ទង​នឹង​ការ​វិវឌ្ឍ​នៃ​ស្ថានការណ៍​នយោបាយ​កម្ពុជា។

ទោះជាយ៉ាងណាក៏ដោយ បណ្ដា​អង្គទូត​ប្រទេស​ប្រជាធិបតេយ្យ​នៅ​តែ​ផ្ដល់​តម្លៃ​ដល់​រូប​លោក តាម​រយៈ​ជំនួប​ជា​ហូរហែ។ សូម្បីតែ​មន្ត្រី​ការបរទេស​ជាន់ខ្ពស់​របស់​ប្រទេស​លោក​សេរី ក៏​ឆ្លៀត​ពេល​ទៅ​ជួប​លោក​ដែរ នៅ​ពេល​ពួកគេ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា។

ក្រុម​ប្រទេស​ប្រជាធិបតេយ្យ អង្គការ​សង្គម​ស៊ីវិល​ជាតិ-និង​អន្តរជាតិ ព្រម​ទាំង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ផង នៅ​តែ​ទទួល​ស្គាល់​ថា លោក កឹម សុខា ជា​មនុស្ស​ស្អាតស្អំ និងរង​ការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌។ ពួកគេ​បន្ត​ទទូច​ដល់​របប​លោក ហ៊ុន សែន ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ផ្តល់​សេរីភាព​ពេញលេញ​ដល់​មេ​បក្ស​ប្រឆាំង​រូប​នេះ ដើម្បី​ឱ្យ​​លោក​អាច​ចាប់​ផ្តើម​ជីវិត​​នយោបាយ​បាន​ដូច​ដើម​ឡើងវិញ៕

No comments: