September 8, 2021

កម្ពុជា​មាន​​អ្នក​ជំងឺ​កូវីដ១៩ ចំនួន ១១នាក់​​ទៀត​​ស្លាប់ និង​ឆ្លង​ថ្មី ជាង​៥០០​នាក់

ក្រុមគ្រូពេទ្យខេត្តបន្ទាយមានជ័យបានយកសាកសពរបស់ជនរងគ្រោះដែលស្លាប់ដោយសារជំងឺកូវីដ១៩ទៅបូជានៅជើងភ្នំមួយកន្លែង កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១។  រូប៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ។


ដោយ សុជីវី RFA 2021-09-07

​អ្នក​មាន​ជំងឺ​កូវីដ-១៩ ចំនួន ១១​នាក់​ទៀត​បាន​ស្លាប់ ដែល​ធ្វើ​ឱ្យ​ករណី​ស្លាប់​​ដោយ​សារ​ជំងឺ​នេះ​កើន​ឡើង​ដល់​ជិត ២ពាន់​នាក់​(១,៩៨១)​ហើយ​នៅ​​ថ្ងៃ​ទី៧ ខែកញ្ញា។ ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ មាន​ ៥១១នាក់ នៅ​ថ្ងៃ​ដដែល​នេះ ក្នុង​នោះ​ ​១៥២ នាក់ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។ ​មួយ​រយៈ​​​នេះខេត្ត​បន្ទាយ​មាន​ជ័យ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​​ច្រើន​ជាង​គេ​ គឺមាន​អ្នក​ឆ្លង​ថ្មី​ជាង​១០០​នាក់​ក្នុង​មួយ​ថ្ងៃ​ ក្នុង​នោះ​ភាគ​ច្រើន​ជា​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ។​​​

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី៧ ខែកញ្ញា​ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ៩ម៉ឺន​ ៦ពាន់​នាក់ ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ជាង​ ៩ម៉ឺន​១ពាន់​នាក់(៩១,៦១៨)។

ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី៦ ខែកញ្ញា រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង ​៩៦ ​ភាគរយ​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប ១០លាន​នាក់។ ចំណែក​កុមារ និង​យុវជន​ដែល​មាន​អាយុ​ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ​វិញ ក្រសួង​ប្រកាស​ថា ចាក់​វ៉ាក់សាំង​បាន​ជិត​ ១លាន ៧សែន​នាក់ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប​ជិត ២លាន​នាក់៕

No comments: