September 8, 2021

អ្នក​កាសែត​២​នាក់​ត្រូវ​បាន​​គំរាម​កំហែង​ ពេល​ចុះ​រាយ​ការណ៍ពី​​ទំនាស់​ដី​ធ្លី​ក្នុង​គម្រោង​ព្រលាន​យន្ត​ហោះ​ថ្មី​នៅ​ខេត្ត​កណ្តាល

រូបឯកសារ៖ ក្រុម​ប៉ូលិស​បង្ក្រាប​កុបកម្ម​ហាមឃាត់​អ្នក​កាសែត​មិន​ឲ្យ​ចូល​ទៅ​កាន់​ផ្លូវ​ធំ​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។ (AP Photo/Heng Sinith)


ហ៊ុល រស្មី | VOA Khmer, 07 កញ្ញា 2021

ភ្នំពេញ — សមាគម​ការពារ​អ្នក​កាសែត​ក្នុងស្រុក​ខេមបូចា ​បានឲ្យ​ដឹង​នៅ​ក្នុង​សប្តាហ៍​នេះអំពី​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​របស់​អាជ្ញាធរ​ក្នុងស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល ដែល​ត្រូវ​បាន​រាយ​ការណ៍​ថា​ប៉ុនប៉ង​រំខាន​ការងារ​របស់​អ្នក​សារព័ត៌មាន​ពីរ​នាក់ ដែល​ចុះ​យក​ព័ត៌មាន​អំពី​ទំនាស់​ដី​ធ្លី​ក្នុង​គម្រោង​ព្រលាន​យន្ត​ហោះ​ថ្មីមួយ​។

យោង​តាម​សេចក្តី​ប្រកាសមួយដែល​ចេញផ្សាយ​កាលពីថ្ងៃ​ចន្ទ សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​(ខេមបូចា​)​បាន​បង្ហាញ​ការ​សោក​ស្តាយយ៉ាង​ខ្លាំង​ដែល​អ្នក​សារព័ត៌មាន​ពីររូប​ បាន​រង​នូវការ​គំរាម​កំហែង​ និង​បំភិត​បំភ័យ​ក្នុងពេល​ពួកគាត់​ចុះយក​ព័ត៌មាន​ពី​ករណី​ជម្លោះ​ដីធ្លី​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​ក្នុង​ខេត្ត​កណ្តាល​។​

ខេមបូចា​បាន​រំឭក​ឡើងវិញ​នូវ​ហេតុ​ការណ៍​នោះ​ថា​ កាលពី​ម៉ោង​៣និង​៣០នាទី ​រសៀល​ ថ្ងៃទី​៤ ខែ​កញ្ញា​ ឆ្នាំ​២០២១​ លោក ​ពក ខឺយ ដែល​ជា​អ្នក​ហាត់​ការ​នៅ​ស្ថាប័ន​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ(VOD)​បាន​ចុះទៅយក​ព័ត៌មាន​នៅកន្លែង​មាន​ជម្លោះដីធ្លី​ក្នុងតំបន់​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ថ្មី​ស្ថិត​ក្នុងភូមិ​កំពង់​តាឡុង ​ឃុំបឹង​ខ្យាង​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​ដែល​នៅ​ទីនោះ​ ក្រុម​ប្រជា​ពលរដ្ឋបាន​ធ្វើ​សន្និសីទ​ព័ត៌មាន​ឆ្លើយ​តប​នឹង​លិខិតជូនដំណឹង​របស់​រដ្ឋបាល​ខេត្តកណ្តាល​ស្តីពី​ការ​បិទ​ទ្វារ​ទឹក​ និង​កាយ​ផ្តាច់​ផ្លូវ​ទំនប់​៥៤​ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​កំពុង​តាឡុង។

លោក ពក​ ខឺយ បាន​ប្រាប់​ខេមបូចា​ថា ក្រោយ​ពេល​លោក​ទៅ​ដល់​កន្លែង​ធ្វើ​សន្និសីទ​កាសែត​របស់​ប្រជា​ពល​រដ្ឋ​ប្រមាណ​១០​នាទី ស្រាប់តែ​មាន​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​ដៃកាន់​អាយកូម​ បានមក​ថត​រូប​គាត់ និង​ថតម៉ូតូ​របស់​គាត់​។ ហើយ​នៅពេល​លោក​ចាក​ចេញពី​កន្លែង​ធ្វើសន្និសីទ​ព័ត៌មាន​នោះ​ កម្លាំង​អាជ្ញាធរ​ដែល​មាន​មនុស្ស​ពីរ​នាក់​បាន​ជិះម៉ូតូ​មួយ​គ្រឿង​មានពាក់​ស្លាកលេខ​រដ្ឋ​ តាម​ពីក្រោយ​រូបលោក​ តែលោក​មិន​ឈប់​ម៉ូតូ​ និង​បាន​បន្ថែម​ល្បឿន​ម៉ូតូរបស់​លោក​ទៅមុខ​ ស្រាប់​តែ​ម៉ូតូ​នោះ​ក៏​បន្ថែម​ល្បឿន​តាម​ដែរ​ ដោយ​មាន​និយាយ​អាយ​កូម​ផង។

ក្នុង​ហេតុ​ការណ៍​ដដែល​នោះ​ លោក ​ពក ខឺយ​ក៏​បាន​ឃើញ​សមត្ថកិច្ច​ប្រមាណ​៥នាក់​ ដែល​ពាក់​ឯកសណ្ឋាន​នគរបាល​ បានចេញ​មក​ស្ទាក់​ឃាត់​ម៉ូតូ​របស់​លោក​នៅមុខ​ផ្លូវ​ ទំនង​ជា​ចង់​ចាប់​រូបលោក​បង្ខំ​ឲ្យ​លោក​លុប​ចោល​វីដេអូ និង​រូប​ដែល​ថត​បាន និង​ការ​សម្ភាស​ប្រជាពលរដ្ឋ ​ប៉ុន្តែ​លោក​មិន​ព្រម​ឈប់​ទេ ​ដោយ​ប្តេជ្ញាចិត្ត​ថា​នឹង​រក្សា​វីដេអូ​ និង​ព័ត៌មាន​ដែល​លោក​បាន​សម្ភាស​ប្រជាពលរដ្ឋ​នោះ​យក​ទៅ​ផ្សព្វផ្សាយ។

លោក​ ពក ខឺយ អាយុ​២៤​ឆ្នាំ ប្រាប់​វីអូអេ​នៅថ្ងៃ​អង្គារ​នេះ​ថា​ សកម្ម​ភាព​ដែល​អាជ្ញាធរធ្វើ​មក​លើ​រូបលោក​កាល​ពី​ថ្ងៃទី​៤ ខែ​កញ្ញានោះ​ គឺជា​កាយវិការ​គំរាម​កំហែង​បំបាក់​ស្មារតី​ ដែល​តោង​ឲ្យ​ស្ថាប័ន​រដ្ឋ​ពាក់​ព័ន្ធ​ក្នុង​នោះ ​គឺក្រសួង​ព័ត៌​មាន​គួរ​អន្តរាគមន៍​ជា​បន្ទាន់ ដើម្បី​ទុក​លម្ហ​សេរីភាព​ឲ្យ​អ្នក​កាសែត​ធ្វើ​ការ​ដោយ​ឥត​ភ័យ​ខ្លាច។

«សម្រាប់​ខ្ញុំបើសិន​ស្ថាន​ភាព​នៅតែ​មាន​ការ​រឹត​បន្តឹង​ដូច្នេះ​ ខ្ញុំ​នៅតែ​មានការ​ភ័យ​បារម្ភ​ ព្រោះ​ណាមួយ​ខ្ញុំ​ជា​អ្នក​សារព័ត៌មាន​ជំនាន់​ថ្មី​ផង​ ហើយ​ស្រប​ពេល​ដែល​អាជ្ញាធរ​ហាក់​ដូចជា​រឹតបន្តឹង​ ហើយ​ឃើញ​អ្នក​សារព័ត៌មាន​ ហាក់​ដូច​ជា​មនុស្ស​ដែល​សត្រូវ​ជាមួយ​អាជ្ញាធរ​ ខ្ញុំគិតថា​ ភ័យ​បារម្ភ​ បើសិន​ជា​អនាគត​ទៅ​នៅ​តែមាន​ការ​រឹត​បន្តឹង​បែបនេះ​ ធ្វើ​ឲ្យឆន្ទៈ​ ក៏ដូច​ជា​ ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្ញុំ​អាច​នឹង​ត្រូវ​ធ្លាក់​ចុះ​ តែ​យ៉ាង​ណាក៏​ខ្ញុំ​នៅតែ​មាន​ជំហរ​ក្នុង​ការ​ធ្វើ​រឿង​នេះ​ បន្តទៀត​ដែរ​បាទ​»។

បើតាម​លោក ​ពក ខឺយ​ អាជ្ញាធរ​មូលដ្ឋាន​នៅក្នុង​ស្រុក​កណ្តាល​ស្ទឹង​ នៅ​បន្តយាយី​អ្នកកាសែត​ផ្សេង​ទៀត​ ដែល​បាន​ចុះ​ទៅយក​ព័ត៌មាន​នៅទីតាំងមាន​វិវាទ​ដីធ្លី​ក្នុងភូមិ​កំពុង​តាឡុង​ដដែល។

សេចក្តី​ប្រកាស​របស់​ខេមបូចាចុះ​ថ្ងៃទី​៦ ខែកញ្ញា​ បាន​ឲ្យ​ដឹង​ទៀត​ថា ​អ្នកសារព័ត៌មាន​មួយរូប​ទៀត​ឈ្មោះ ​លួស​ សេង​ ចាងហ្វាង​ការផ្សាយ​ទូរទស្សន៍​អនឡាញ​LSN​ ដែលបាន​ចុះ​ទៅយក​ព័ត៌មាន​នៅទីតាំង​សន្និសីទ​ព័ត៌មាន​ខាង​លើ​ដែរ​ ហើយ​លោក​បាន​ទទួល​ដំណឹង​ជាមុនថា​កម្លាំង​មាន​សមត្ថកិច្ច​ដែល​ត្រូវបាន​ដាក់​ពង្រាយ​នៅ​ទីកន្លែង​ប្រជាពលរដ្ឋ​ធ្វើ​សន្និសីទ​សារព័ត៌មាន​នោះ​ មាន​គម្រោង​ចាប់​រូប​លោក។

លោក​ លួស សេង ​ប្រាប់​ខេមបូចា​ថា​នៅវេលា​ម៉ោង​ប្រមាណ​៣រសៀល​ថ្ងៃទី​៤ ខែកញ្ញា​ មុន​ពេល​ប្រជា​ពលរដ្ឋ​ធ្វើ​សន្និសីទ​សារព័ត៌មាន​តំណាង​ពលរដ្ឋ​បាន​ទូរស័ព្ទ​ប្រាប់​លោក​មិន​ឲ្យ​ទៅ​ចូលរួម​យក​ព័ត៌មាន​ក្នុង​ព្រឹត្តិការណ៍​នោះទេ ព្រោះ​មាន​កម្លាំង​សមត្ថកិច្ច​ចល័ត​ច្រើន​នៅតាម​ផ្លូវ និង​កន្លែង​សន្និសីទ​សារព័ត៌មាន​ដើម្បី​រង់​ចាំ​ឃ្លាំ​មើល​អ្នក​សារព័ត៌មាន​ និង​រារាំង​មិន​ឲ្យ​យក​ព័ត៌មាន​ទៅ​ផ្សាយ។

សមាគម​ខេមបូចា​បាន​ទទូច​ឲ្យ​មន្ត្រីថ្នាក់​លើ​នៃ​ក្រសួង​ជំនាញ​មាន​សមត្ថកិច្ច​ រួមមាន​ក្រសួង​មហា​ផ្ទៃ​ជាដើម​ណែនាំ​ដល់​មន្ត្រី​នៅតាម​មូលដ្ឋាន​របស់​ខ្លួន​ ដើម្បី​ឲ្យពួក​គាត់​បាន​យល់​ដឹង​អំពីតួនាទី​ភារកិច្ច​របស់​អ្នក​សារព័ត៌មាន គោលការណ៍​សិទ្ធិ និង​សេរី​ភាព​របស់​អ្នក​សារព័ត៌មាន។

នាយក​ប្រតិបត្តិ​សមាគម​អ្នកសារព័ត៌មាន​ (ខេមបូចា) ​លោក​ ណុប វី ​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​ពាក់​ព័ន្ធ​រដ្ឋ​ រួម​មាន​ក្រសួង​ព័ត៌មាន ​និង​ក្រសួង​មហាផ្ទៃ​ គួរ​សហការ​គ្នាបង្កើន​ការ​យល់​ដឹង​ទៅ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​មូលដ្ឋាន​ ឲ្យបាន​ដឹង​ពី​សិទ្ធិ​របស់​អ្នក​សារព័ត៌មាន​ ដែល​បំពេញ​តួនាទី​ត្រឹម​ការ​ផ្សព្វផ្សាយ​ដំណឹង​ដើម្បី​ប្រយោជន៍​សាធារណៈ​ប៉ុណ្ណោះ។

«ខ្ញុំ​ស្នើ​យ៉ាង​ទទូច​ដល់​សមត្ថកិច្ច ​ជាពិសេស​គឺ​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ និង​សមត្ថកិច្ច​របស់​ក្រសួង​ព័ត៌មាន​ គួរ​តែ​ពិនិត្យ​ឲ្យបាន​ហ្មត់​ចត់​ ហើយ​និង​ត្រូវ​ធានា​ថា​ មន្ត្រី​ណាមួយ​ដែល​រំលោភ​ទៅ​ដល់​សិទ្ធិសេរីភាព​របស់​អ្នក​សារព័ត៌មានហ្នឹង​ គួរ​តែ​ត្រូវបាន​ហៅ​មក​ធ្វើការ​ព្រមាន​ ឬមួយ​ក៏ណែនាំ​ឲ្យ​យល់​អំពី​តួនាទី​ និងភារកិច្ច​ហើយ​និង​សិទ្ធិ​របស់​អ្នកសារព័ត៌មាន​»។ ​

វីអូអេ​មិនទាន់​អាច​ទាក់​ទង​សុំការ​អធិប្បាយ​ពី​ស្នងការ​នគរបាលខេត្ត​កណ្តាល​ លោក​ ឈឿន សុចិត្រ​ និង​អធិការ​នគរបាល​ស្រុក​កណ្តាល​ស្ទឹង​លោក​ ឡេង សុខរុន​ បាន​ទេនៅ​ថ្ងៃ​អង្គារ​នេះ។

អ្នកនាំពាក្យ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ​ លោក​ ឆាយ គឹមខឿន​ ប្រាប់​វីអូអេថា​លោក​មិន​ទាន់​ឃើញ​ឯកសារ​បណ្តឹង​ណាមួយ​ដែល​អាច​ជា​តម្រុយ​ឲ្យ​អាជ្ញាធរ​ តាម​រក​បុគ្គល​ដែល​ត្រូវ​គេ​ចោទ​ថា​បាន​ដេញ​តាម​ ឬ​គំរាម​កំហែង​អ្នក​កាសែត​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «គ្រប់ពេល​វេលា​ យើង​ខ្ញុំ​នឹង​ធ្វើ​ការ​ បើមាន​ពាក្យ​បណ្តឹង​មាន​អី​មក​ ហើយ​ដាក់​ជូន​មក​តាម​សមត្ថកិច្ច​ច្បាស់​មក​»។

លោក​បន្ថែម​ថា៖ «​ហើយ​បើគ្រាន់​តែ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​អីចឹង​ តើ​ខ្ញុំ​យក​អាហ្នឹង​ ទៅ​ស្រាវជ្រាវ​របៀបម៉េច​ឥឡូវ​នេះ។ យើង​គ្រាន់​តែ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ តែ​កិច្ច​សហការ​សម្រាប់​ពាក់​ព័ន្ធ​ករណី​នោះ​ វា​អត់​មាន​»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពីលោក​ មាស សុភ័ណ្ឌ ​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។

បើ​តាម​សមាគម​ខេមបូចា ​ ចាប់​តាំង​ពី​ខែ​មករា​ ដល់​ដើម​ខែកញ្ញា​ ឆ្នាំ​២០២១​នេះ មាន​ករណី​បៀត​បៀន​មក​លើ​អ្នក​សារព័ត៌មាន​ចំនួន​៣៨​ករណី​ ដែល​កើត​មាន​លើ​អ្នក​សារព័ត៌មាន​ចំនួន​៥៦​នាក់ ក្នុង​នោះ​មាន​ស្ត្រី៤​នាក់ ហើយ​ភាគ​ច្រើន​ជា​ករណី​ចាប់​ឃុំ​ខ្លួន និង​ការ​ប្រើ​អំពើហិង្សា៕

No comments: