September 8, 2021

អាជ្ញាធរ​ខេត្ត​កណ្ដាល​ប្រើ​កម្លាំង​សមត្ថកិច្ច​រាប់​រយ​នាក់​បិទ​ផ្លូវ​ហាម​ពលរដ្ឋ​មិន​ឲ្យ​ចូល​ព្រះលាន​​យន្ត​ហោះ​ថ្មី

កងកម្លាំងមានសមត្ថកិច្ចរាប់សិបនាក់ដាក់របាំងដែកបិទផ្លូវរារាំងមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅមើលដីស្រែចម្ការដែលកំពុងមានជម្លោះទេ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ។  រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ


ដោយ ខែ សុណង RFA 2021-09-07

អាជ្ញាធរ​ប្រើ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​​រាប់​រយ​នាក់​​បិទ​ផ្លូវ​ជុំវិញ​ការដ្ឋាន​សាងសង់​ព្រះលាន​យន្ត​ហោះ​ថ្មី នៅ​ក្នុង​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ដើម្បី​រាំង​ខ្ទប់​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី មិន​ឲ្យ​ចូល​ទៅ​មើល​ដីស្រែ​ចម្ការ។ មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​និង​ដីធ្លី​ ស្នើ​អាជ្ញាធរ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​នេះដោយ​សន្តិវិធី​ ប្រសើរ​ជាង​ប្រើ​កង​​កម្លាំង​​ទៅ​គំរាមកំហែង​បំបាក់​ស្មារតី​ប្រជា​ពលរដ្ឋ។

វិវាទ​ដីធ្លី​ភូមិ​កំពង់​តាឡុង ឃុំ​បឹង​ខ្យាង ឈាន​ដល់​ការ​ប្រឈម​មុខ​ដាក់​គ្នា ​រវាង​ប្រជាពលរដ្ឋ​រាប់​សិន​នាក់ និង​កង​កម្លាំង​រាប់​រយ​នាក់ ដែល​ដាក់​រនាំង​ដែក ​បិទ​ចាប់​​ពី​ផ្លូវ​ជាតិ​លេខ​២ រហូត​ដល់​ផ្លូវ​ជុំវិញ​ទីតាំង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​ថ្មី​របស់​ក្រុមហ៊ុន ​អូ.ស៊ី.អាយ.ស៊ី​ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែកញ្ញា។

ពលរដ្ឋ​ម្នាក់លោក​ ពៅ សុភាព ឲ្យ​ដឹង​ថា កម្លាំង​ប៉ូលិស កង​រាជ​អាវុធហត្ថ​និង​កម្លាំង​ស៊ីវិល​រាប់​រយ​នាក់ ត្រូវ​បាន​អាជ្ញាធរ​ខត្ត​កណ្ដាល ​ដាក់​ពង្រាយ​តាម​ផ្លូវ​ ចាប់​តាំង​​ពី​​ម៉ោង ​៤​ ទាប​ភ្លឺ​ ថ្ងៃ​ទី​៧ ខែកញ្ញា ដើម្បី​រារាំង​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ចូល​ទៅ​ធ្វើ​ស្រែ​បាន​ត​ទៅ​ទៀត។ លោក​បន្ត​ថា ក្រុម​សមត្ថកិច្ច​ទាំង​នោះ​ ក៏​តាម​បំបែក​ក្រុម​ប្រជាពលរដ្ឋ ​ដែល​ជួប​ជុំ​គ្នា​ តវ៉ា​រឿង​នេះ​ដែរ។ លោក​ចាត់​ទុក​ទង្វើ​របស់​​អាជ្ញាធរ​នេះ​ថា ​ជា​ការរំលោភ​សិទ្ធិ​ និង​បំបិទ​សេរីភាព​ពលរដ្ឋ​ មិន​ឲ្យ​តវ៉ា​រក​ដំណោះស្រាយ​ដីធ្លី​ដោយ​សន្តិវិធី​៖ «គោល​បំណង​គេ​ គេ​ចេះតែ​ថា ​មក​​ការពារ​ប្រជាពលរដ្ឋ​ហើយ តែ​តាម​ការ​ពិត​ គេ​ឈូសឆាយ​ដី​ប្រជាពលរដ្ឋ ធ្វើ​ផ្លូវ​រត់យន្ត​ហោះ​ហ្នឹង។ ដាក់​មក​គាបសង្កត់​ប្រជាជន​តែ​ម្ដង។ ប្រជាជន​ឥឡូវ​កំពុង​តែទឹក​ភ្នែក​ទ្រហូរ​យំ។ មុន​ហ្នឹង​មិញ​ម៉ា​បន្តិច​ហ្នឹង គេ​សើច​សប្បាយ​ មើល​ទៅ​ដូច​ប្រទេស​មាន​ច្បាប់ លទ្ធិប្រជាធិបតេយ្យ​ កាន់​រដ្ឋធម្មនុញ្ញ​ តែ​ធ្វើ​បាប​ប្រជាជន​ បំបិទ​សិទ្ធិ​ការ​រស់​រៀន​មាន​ជីវិត​ពួក​ខ្ញុំ​ហ្នឹង កាន់​តែ​លំបាក​ទៅ​ៗ។ ឥឡូវ​ ដី​ស្រែ​ហ្នឹងឈូស​អស់ហើយ»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បក​ស្រាយ ​រឿងការ​ដាក់​កម្លាំង​សមត្ថកិច្ច​នេះ ពី​អភិបាល​ខេត្ត​កណ្ដាលលោក​ គង់ សោភ័ណ្ឌ បាន​ទេ ដោយ​សារ​ហៅ​ទូរស័ព្ទ​ចូល​ តែ​ពុំ​មាន​អ្នក​ទទួល។

កាល​ពេល​ថ្មី​ៗ ​នេះ សាលា​ខេត្ត​កណ្ដាល ចេញ​លិខិត​ជូន​ដំណឹង​មួយ​អំពី​ការ​កាយ​ផ្ដាច់​ផ្លូវ​អម​ប្រឡាយ​លេខ​៩០ គឺ​ដើម្បី​រំដោះ​ទឹក​ភ្លៀង​ចេញ​ពី​ការដ្ឋាន​ឲ្យ​បាន​ឆាប់ ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​គម្រោង​សាងសង់​ផ្លូវ​យន្ត​ហោះ​ទី​១ ជា​គម្រោង​អាទិភាព។ អាជ្ញាធរ​ព្រមាន​ថា បើ​មាន​ជន​រារាំង​ដល់​ការ​អនុវត្ត​នេះ​ រដ្ឋបាល​ខេត្ត​នឹង​ចាត់​វិធានការ​​តាម​​ផ្លូវ​​ច្បាប់។

ទាក់ទង​នឹង​រឿង​នេះ អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាលោក វណ្ណ សូផាត មាន​ប្រសាសន៍​ថា ការ​ដាក់​កម្លាំង​សមត្ថកិច្ច​នៅ​តំបន់​ព្រះលាន​យន្តហោះ​ថ្មី​នេះ គឺ​រូបភាព​គំរាម​បំបាក់​ស្មារតី​ដល់​ប្រជា​ពលរដ្ឋ ដើម្បី​កុំ​ឲ្យ​ពួកគាត់​ចេញ​តវ៉ា​រឿង​ដីធ្លី​។ លោកយល់ថា អាជ្ញាធរ​ និង​ភាគី​ក្រុមហ៊ុន​ គួរ​តែ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​មួយ​នេះ ដោយ​សន្តិវិធី​ ចៀសវាង​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ពលរដ្ឋ​ និង​កម្លាំង​សមត្ថកិច្ច​ ដែល​អាច​ទៅ​ជា​អំពើ​ហិង្សា​៖ «ប្រមុខ​រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​សារ​ឡើង​វិញ ចៀសវាង​កុំ​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​បង្កើត​ជា​អំពើ​ហិង្សា​។ ខ្ញុំ​យល់​ថា ​ប្រជាពលរដ្ឋ​ ច្បាស់​ជា​ប្ដូរ​ផ្ដាច់​ដើម្បី​ដី​របស់​គាត់​ហើយ។ ដី​ពួកគាត់​អត់​មាន​ច្រើន​ប៉ុន្មាន​ទេ ជួន​កាល​ខ្លះ​មាន​ ៩​អា ១០​អា ខ្លះ​ ១​ហិកតារ​ អ៊ីចឹង​ទៅ។ អ៊ីចឹង​! គួរ​តែ​អនុញ្ញាត​ឲ្យ​ពួកគាត់​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិតត​ទៅ​ទៀត​ទៅ។ ​បើ​មាន​ការ​ប៉ះ​ទង្គិច​គ្នា ប្រជាពលរដ្ឋ​នឹង​រង​សម្ពាធ​មួយ​ទៀត​ គឺ​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ។ ប្រឈម​នឹង​ជាប់​ពន្ធនាគារ។ នេះ​ជា​ការ​បំបាក់​សិទ្ធិ​សេរីភាព​ក្នុង​ការជួប​ជុំ​ និង​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ការពារ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ឯង»។

ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន​ អូ.ស៊ី.អាយ.ស៊ី (OCIC) របស់​ឧកញ៉ា​ ពុង​ ឃាវ​សែ ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​សរុប​ ៣៣០​គ្រួសារ នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ​បាន​អូស​បន្លាយ​ជាង​ ៣​ឆ្នាំ​មក​ហើយ​ ដោយ​ពលរដ្ឋ​មិន​ព្រម​ទទួល​យក​សំណង​ ដែល​អាជ្ញាធរ​ផ្ដល់ឲ្យ​ចន្លោះ​ពី​ ៣ដុល្លារ​ទៅ​ ៨​ដុល្លារ ក្នុង​ដី ​១ម៉ែត្រ​ការ៉េ។

ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅ​ប្រទេស​កម្ពុជា ហៅ​កាត់​ អូ.ស៊ី.អាយ.ស៊ី (OCIC) របស់ លោក ពុង ឃាវសែ ដែល​ជា​អ្នកជំនួញ​ស្និទ្ធ​ នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​បាន​សិទ្ធិ​សាងសង់​ព្រះលាន​យន្តហោះ​ខ្នាត​អន្តរជាតិ​មួយ​នៅ​ទី​នោះ​។ តាម​គម្រោង ក្រុមហ៊ុន​នឹង​សាងសង់​រួចរាល់​នៅ​ឆ្នាំ​២០២៣​។ ព្រះលាន​យន្តហោះ​ថ្មី​នេះ វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង​មួយ​ពាន់​លាន​ដុល្លារ (១.៥០០​លាន) លើ​ផ្ទៃដី​ជិត​បី​ពាន់​ហិកតារ (២.៦០០)​។

ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​នេះ ស្នើ​សុំ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​នេះ​ជូន​ពួកគាត់​ឱ្យ​បាន​ឆាប់​។ ពលរដ្ឋ​បញ្ជាក់​ថា ពួកគាត់​នឹង​បន្ត​ការ​តវ៉ា​រហូត​ដល់​មាន​ដំណោះស្រាយ​សម​រម្យ​ដែល​អាច​ទទួល​យក​បាន៕

No comments: