September 9, 2021

សមាគម​ខ្មែរ​ក្រោម​​​​ត្រៀម​មេធាវី​​​ដើម្បី​ជួយ​ការពារ​ក្ដី​អតីតសង្ឃ ប៉ាង សុដា

(កណ្តាល) អតីតព្រះសង្ឃ ប៉ាង សុដា អតីត​​ព្រះ​ចៅ​អធិការ​វត្ត វង្សគត​បុរី​សេរី​ភ្នំពេញ ខេត្ត​កំពង់ចាម ដែលត្រូវបានមន្ត្រីសង្ឃខេត្តកំពង់ចាម​ចាប់ផ្សឹក​កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១។  រូប៖ ហ្វេសប៊ុក The Prey Nokor News


ដោយ យន់ សាមៀន RFA 2021-09-08

សមាគម​​ខ្មែរ​ក្រោម​​ត្រៀម​ផ្តល់​​មេធាវី​​​​ដើម្បី​ជួយ​​ការពារ​ក្ដី​ដល់​អតីត​​​ព្រះ​ចៅ​​អធិការ​​វត្ត វង្សគត​បុរី​សេរី​​ភ្នំពេញ ខេត្ត​កំពង់ចាម ព្រះ​តេជគុណ​ ប៉ាង​ សុដា​​ ក្នុង​​ករណី​​មាន​​ការ​​​ចោទ​​ប្រកាន់​​តាម​​ផ្លូវ​​តុលាការ​។ ការឃុំខ្លួន ​អតីត​​ព្រះ​ចៅ​​អធិការ​វត្ត វង្សគត​បុរី​សេរី​​ភ្នំពេញ​បាន​បង្កើត​នូវ​មន្ទិល​សង្ស័យ​ជាច្រើន​ពី​ចេតនា​របស់​អាជ្ញាធរ​​ដោយ​សារ​​តែ​អាជ្ញាធរ​នៅ​មិនទាន់​បង្ហាញ​ជា​​សាធារណៈពី​​បទ​ចោទ​​ប្រកាន់​​ប្រឆាំង​​លោក ប៉ាង​ សុដា នៅ​ឡើយ​ទេ។

សមាគម​​ខ្មែរ​ក្រោម​​​នៅ​តែ​​បន្ត​​តាមដាន​​ករណី​​អាជ្ញាធរ​​ចាប់​​ផ្សឹក​​ព្រះ​សង្ឃ​ខ្មែរ​​ក្រោម​​​​និង​​ទាមទារ​ឲ្យ​​​លាត​ត្រដាង​​ករណី​នេះ​​​ឲ្យ​​សាធារណជន​​បាន​​ដឹង​​លឺ។​​​ ការ​ទាមទារ​នេះ​ដោយ​សារ​តែ​អាជ្ញាធរ​នៅ​មិន​ទាន់​បង្ហាញ​ព័ត៌មាន​និង​ទីកន្លែង​ឃុំខ្លួន​លោក ប៉ាង​ សុដា ក្រោយ​លោក​បាន​បាត់ដំណឹង​ខ្លួន​ជិត​មួយ​សប្ដាហ៍​រួចមក​ហើយ។

នាយក​​ប្រតិបត្តិ​​សហគមន៍​​ខ្មែរ​កម្ពុជា​ក្រោមលោក ថាច់​ សេដ្ឋា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថ្ងៃ​ទី​៨​ ខែ​កញ្ញា ​ថា​​​ ​ក្រុម​ការងារ​សមាគម​ខ្មែរ​ក្រោម​បាន​តាមដាន​​និង​ស្វែង​រក​ដំណឹង​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ដែល​​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ផ្សឹក​នោះ​ ប៉ុន្តែ​មិន​ទទួ លបាន​ដំណឹង​អ្វី​ទាំង​អស់​គិត​មក​ដល់​ពេល​នេះ​។​ លោក​​ ថាច់​ សេដ្ឋា​ បន្ត​ថា​ ការ​សារភាព​​របស់​លោក​ ប៉ាង​ សុដា តាម​បណ្តាញ​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន​ បាន​បង្កើត​នូវ​ចម្ងល់​​និង​អាច​ជា​បង្ខិតបង្ខំ​ឲ្យ​សារភាព​៖ «បើ​​គេ​បញ្ជូន​ទៅ​តុលាការ​យើង​មាន​មេធាវី​​មាន​អី​ដែរ​​ហ្នឹង​ តើ​ត្រឹមត្រូវ​តាម​ច្បាប់​​តាម​ធម៌វិន័យ​​អី​ដែរ​ ដូច្នេះ​ទង្វើ​ទាំង​អស់​ហ្នឹង​យើង​ធ្វើ​តាម​​ច្បាប់​​តាម​ធម៌​វិន័យ​គ្មាន​អី​ត្រូវ​លាក់បាំង​​​​មាន​អី​ត្រូវ​ភ័យ​ខ្លាច​ទេ​ ត្រូវ​តែ​លាតត្រដាង​ទាំង​អស់​គ្នា»។

អតីត​សង្ឃ​ខ្មែរ​ក្រោម​ ប៉ាង សុដា ត្រូវ​បាន​មន្ត្រី​សង្ឃ​ខេត្ត​កំពង់​ចាម ២ អង្គ​ចាប់​ផ្សឹកបន្ទាប់មក​សមត្ថ​កិច្ច​ក្រសួង​មហាផ្ទៃ​បាន​បញ្ជូន​ព្រះ​កាយ​មក​ភ្នំពេញ​ កាល​ពី​ថ្ងៃទី២ ខែកញ្ញា យ៉ាង​តក់​ក្រហល់។​ អាជ្ញាធរ​អះ​អាង​ថា ​ការ​ផ្សឹក​នោះ​អនុវត្ត​តាម​ដីការ​បស់​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដែល​ចេញ​ដីកាចាប់​ខ្លួន​ដើម្បី​យក​ទៅ​សាក​សួរ​ជុំវិញ​បទ​ចោទ​ប្រកាន់​ល្មើស​វិធាន​ការ​ទប់​ស្កាត់ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​-១៩។​​ អង្គការសង្គមស៊ីវិល ​មួយចំនួន​បាន​​​​រិះគន់​​​ការ​​ចាប់​ព្រះកាយ​ព្រះសង្ឃខ្មែរ​ក្រោម ក្រោយ​មក​​ទើប​​ប្រព័ន្ធឃោសនា​​​របស់​​លោក ​ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ទី​៧​ ខែ​កញ្ញា​ បាន​​បង្ហាញ​​វីដេអូសារ​ភាព​​របស់​លោក ប៉ាង ​សុដា​ ថាលោក​​បាន​ប្រព្រឹត្ត​អសីលធម៌​​ប៉ះពាល់​​ដល់​​ព្រះពុទ្ធសាសនា។ ទោះបីយ៉ាងណា​ មន្រ្តី​សហព័ន្ធខ្មែរ​កម្ពុជា​ក្រោមអះអាង​ថា លោក ប៉ាង ​សុដា បាន​សារភាព​ទាំង​បង្ខំ ហើយ​លោក​មិន​បាន​ប្រព្រឹត្តកំហុស​នោះទេ។

អាស៊ីសេរី​មិន​អាច​ទាក់​ទង​អ្នក​នាំពាក្យ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​លោក អ៊ី រិន ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​នៅឡើយទេ។ ​ចំណែក​​អ្នក​នំាពាក្យ​ប៉ូលិស​​ក្រុង​​ភ្នំពេញ​​លោក​ សាន​ សុខសីហា​ និយាយ​​ថា​ លោក​មិន​​​ដឹង​​ករណី​​​នេះ​ទេ​ លោក​ជំរុញ​ឲ្យសាកសួរ​សមត្ថកិច្ច​ខេត្តកំពង់ចាម​វិញ។ វិទ្យុ​អាស៊ីសេរី​​មិន​​ទាន់​អាច​​សុំ​ការ​​បញ្ជាក់​​បន្ថែម​​​ពី​​ស្នងការ​​នគរ​បាល​​ខេត្ត​កំពង់ចាម​​លោក ឯម កុសល​ ​បាន​​នៅ​​ឡើយ​​ដែរ។

ពាក់ព័ន្ធនឹងរឿងនេះ ​ប្រធាន​លេខា​ធិការ​ដ្ឋាន​គណៈ​សង្ឃ​នាយកព្រះអង្គ ឃឹម សន មាន​ថេរ​ដីកាថា ​​ មុន​ដំបូងលោក​ ប៉ាង សុដា​ បាន​​ប្រកាន់​ជំហរ​មិន​សឹកទេ​ ប៉ុន្តែ​ក្រោយ​មក​ទូរស័ព្ទ​ប្រាប់​ព្រះតេជគុណថា ​ខ្លួន​មិន​បួស​ទៀត​ទេ ​​ព្រោះ​​បាន​ប្រព្រឹត្ត​​កំហុស​​ធ្វើ​ឲ្យ​ប៉ះពាល់​សាសនា​៖ «ទូរស័ព្ទ​មក​ថា​ ខ្ញុំ​ករុណា​សូម​អភ័យ​ទោស​ដែល​គ្រោងស្បង់ចីពរ ឥឡូវ​ខ្ញុំករុណាសម្រេច​​លាចាកសិក្ខាបទ»។

ទោះបីយ៉ាងណា ព្រះអង្គ ឃឹម សន ធ្លាប់ប្រាប់ថា  លោក ប៉ាង សុដា បានបួសឡើងវិញហើយ ក្រោយសមត្ថកិច្ចរកមិនឃើញកំហុស ប៉ុន្តែក្រោយមកទៀតបែរជាប្តូរព័ត៌មានថា លោក ប៉ាង សុដា បានសម្រេចចិត្តសឹក និងបួសឡើងវិញដោយចិត្តឯង។

អតីត​សង្ឃ​ លោក ប៉ាង សុដា ប្រសូត​កាល​ពីឆ្នាំ១៩៦៨ នៅ​ស្រុក​តាវិច ខេត្តឃ្លាំង កម្ពុជាក្រោម។ ​កាល​នៅ​ជា​សង្ឃ​ព្រះ​អង្គ​បានទទួល​តួនាទី​ជា​ព្រះ​ចៅ​អធិការ​វត្ត វង្ស​គត​បូរីសេរី​ភ្នំពេញ​ថ្មី នៅ​ស្រុក​ចំការ​លើ​ ខេត្ត​កំពង់​ចាម​តាំង​ពីឆ្នាំ១៩៩៥​មក​ទល់​សព្វថ្ងៃ។ ក្រៅ​ជា​ចៅ​អធិការ​វត្ត​ ព្រះ​អង្គជា​ទីប្រឹក្សា​និង​ធម្ម​ទូត​សម្តេច​ព្រះសង្ឃ​រាជ នន្ទ ង៉ែត ​ទៀត​ផង។​ ​ក្រៅពី​ការងារ​សាសនា​​ព្រះអង្គ​ក៏​សកម្ម​នឹង​ការងារសង្គម​​​ដោយ​​ឧបត្ថម្ភ​ថវិកា ស្បៀង​អាហារ និង​សម្ភារៈដល់​ពលរដ្ឋ​ក្រីក្រ​ជាដើម​៕

No comments: