September 8, 2021

ខេមបូចា ​ស្នើសុំឲ្យ​មាន​វិធានការ​ច្បាស់លាស់​ចំពោះ​មន្ត្រី​ដែលធ្វើ​ទុក្ខបុកម្នេញ ​និងរារាំង​ការងារ​របស់​អ្នកកាសែត

រូបភាព ស្តីពី​ពលរដ្ឋដែលមាន​ជម្លោះដីធ្លីនៅ​ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល​ធ្វើសន្និសី​ទកាសែត ជាទីដែល​មានការ​គំរាមកំហែង​អ្នក​កាសែត ពេលចុះទៅយក​ព័​ត៌មាន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១។  រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ


ដោយ ជាតិ ចំណាន RFA 2021-09-06

សម្ព័ន្ធ​អ្នកសារ​ព័ត៌មានកម្ពុជា ​ហៅកាត់ថា ​ខេមបូចា​ (CamboJa)នៅថ្ងៃទី៦​ ខែកញ្ញា ​បាន​ចេញថ្លែង​ការណ៍​បង្ហាញការ​សោកស្តាយ ​និង​ទាមទារឲ្យ​ស្ថាប័ន​អនុវត្តច្បាប់ ​មាន​វិធាន​ការ​ច្បាស់​លាស់​ចំពោះ​មន្ត្រី​ដែល​ធ្វើទុក្ខ​បុកម្នេញ ​និង​រារាំងការងារ​របស់​អ្នកសារ​ព័ត៌មាន។​ ការ​ចេញ​សេចក្តីថ្លែង​ការណ៍​បែបនេះ ​គឺបន្ទាប់ពី​អ្នក​សារព័ត៌មាន​ពីររូបទៀត បាន​រងនូវការ​គំរាម​កំហែង​និង​បំភិត​បំភ័យ​ក្នុង​ពេល​ពួកគាត់​ ចុះយក​ព័ត៌មាន​ពីករណីជម្លោះដីធ្លី​នៅ​ព្រលាន​យន្តហោះថ្មី​ក្នុង​ខេត្ត​កណ្តាល​។

ខេមបូចា ​បាន​រៀបរាប់​នៅក្នុង​សេចក្តីថ្លែង​ការណ៍ថា ​កាលពី​ម៉ោង ​៣ រសៀល​ថ្ងៃទី៤ ខែកញ្ញា​ អ្នកហាត់ការ​នៅ​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ(វីអូឌី) ​លោក ពក ខឺយ បាន​ចុះទៅ​យកព័ត៌មាននៅ​កន្លែង​មានជម្លោះដីធ្លី ​ក្នុងតំបន់​ព្រលាន​យន្តហោះអន្តរ​ជាតិថ្មី​ ស្ថិតក្នុងភូមិ​កំពង់​តាឡុង​ ឃុំបឹងខ្យាង ​ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​ ដែលនៅទីនោះក្រុមប្រជាពលរដ្ឋ បានធ្វើសន្និសិទ​សារត៌មានឆ្លើយតបនឹងលិខិតរដ្ឋបាល ខេត្តកណ្តាល ស្តីពី​ ការ​បិទទ្វារទឹក ​និង​កាយផ្តាច់ផ្លូវទំនប់​​៥៤ ​ក្នុងភូមិ​កំពង់​តាឡុង។ ពេលលោក ពក ខឺយ​ ទៅដល់ទីនោះ ​ស្រាប់តែ​មាន​អាជ្ញាធរ​ស្លៀក​ពាក់ស៊ីវិលបានថត រូបលោក ​និង​ម៉ូតូ​របស់​លោក ​ប៉ុន្តែ​លោក ​នៅបន្ត​ធ្វើការ​និង​សម្ភាសន៍​ពលរដ្ឋ​ជាធម្មតា​។ ​លុះ​ដល់​ម៉ោង​ ៥ ល្ងាច ​លោក​បានធ្វើ​ដំណើរ​ត្រឡប់​មកផ្ទះវិញ ​ក៏មាន​មនុស្ស​ពីរនាក់ ស្លៀក​ពាក់ស៊ីវិល​ ជិះម៉ូតូ​មួយ​គ្រឿង​ស្លាក​លេខរដ្ឋ ​បើក​ដេញតាម​លោក​ពីក្រោយ​រហូត​។ ក្រៅពី​មាន​អ្នក​ជិះម៉ូតូ​ដេញ​តាម​លោក​ហើយនោះ ​ក៏មានសមត្ថកិច្ចពាក់ឯក​សណ្ឋា​ន​នគរបាលប្រហែល ៥ នាក់​ ចេញមក​ស្ទាក់​ម៉ូតូរបស់​លោកមុខផ្លូវ ​ទំនងជា​ចង់ចាប់​រូប​លោកបង្ខំឲ្យលុបវីដេអូ​និង​រូបភាព​ដែល​លោកបាន​ថត​និងសម្ភាសន៍ប្រជាពលរដ្ឋ​ ប៉ុន្តែលោក​មិនព្រម​ឈប់។ ​បន្ទាប់មក ​លោកបាន​បន្ថែម​ល្បឿន​ម៉ូតូ ​ដើម្បី​គេច​ ប៉ុន្តែ​នៅតែ​មាន​ម៉ូតូ​ដេញ​តាម​លោក​ពីក្រោយ​ដោយ​ស្រែកប្រាប់​ឲ្យ​លោក​ឈប់ ​និង​បញ្ជាក់​ថា ​ពួក​គេ ​គឺជា​មន្ត្រីប៉ូលិស។ ក្រោយ​ជិះម៉ូតូដេញលោកប្រមាណ៥០០ម៉ែត្រ ហើយលោក​នៅតែ​មិន​ព្រមឈប់​ ទើបមន្ត្រី​ប៉ូលិសទាំង ២ នាក់​នោះ​ឈប់​ដេញ​តាម​លោក។ លោក ពក ខឺយ រៀបរាប់ប្រាប់ខេមបូចាថា ​ស្ថិតក្នុង​ហេតុការណ៍នេះ​ លោក​ពិតជា​តក់ស្លុត និង​ម្យ៉ាង​គិត​ស្តាយ​រូបភាព​និងព័ត៌មាន​ដែល​លោក​ខំសម្ភាសន៍ ​ត្រូវ​អាជ្ញាធរ​បង្ខំ​ឲ្យលុបចោល ​ហើយ​ម្យ៉ាងទៀត ​ខ្លាចពេល​ពួកគេ​ចាប់បាន​វាយ​ធ្វើបាប​ដោយ​ហិង្សា​លើរូប​លោក។លោក ចាត់ទុកថា ការដែលសមត្ថកិច្ច ជិះម៉ូតូដេញតាមចាប់លោកនេះ គឺជា សកម្មភាព​បង្ហាញពីការធ្វើទុក្ខបុកម្នេញ ចង់បំបាកស្មារតី ​និងរារាំងការងាររបស់​​អ្នក​សារ​ព័ត៌នានា។

ជាមួយ​គ្នានេះ ​មានអ្នក​សារព័ត៌មាន​មួយរូប​ទៀត ឈ្មោះ ​លួស សេង​ ដែល​ជាចាង​ហ្វាងការផ្សាយទូរទស្សសន៍អនឡាញ SLN ដែលបាន​ចុះទៅ​យកព័ត៌មាន​ទីនោះ​ដែរអះអាងថា ​លោក​បាន​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋថា ​សមត្ថកិច្ច​ក៏មាន​គម្រោង​ចាប់​ខ្លួន​លោក​ដែរ ​ដើម្បីកុំឲ្យ​ផ្សាយព័ត៌មាន​ពីការធ្វើ​សន្និ​សិទ​របស់​ប្រជាពលរដ្ឋ​។ ក្រោយទទួលដំណឹងនេះ​ លោក​ និង​ក្រុមការងារ ​ក៏បង្ខំចិត្ត​ផ្អាក​យកព័ត៌មាន​តែម្តង។

នាយក​ប្រតិបត្តិសម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (CamboJa) លោក ​ណុប វី ​ថ្លែងថា​ ទង្វើ​របស់​អាជ្ញាធរនេះ ​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេរីភាព​របស់​អ្នកសារព័ត៌មាន ​សេរីភាព​បញ្ចេញ​មតិ​នៅកម្ពុជា​ និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិទទួល​បាន​ព័ត៌មាន​ជាដើម​។ ជម្លោះ​ដីធ្លីនេះ ​កើតឡើង​ជាយូរ​មកហើយ​ រវាង​ប្រជាពលរដ្ឋ ​ជាមួយ​នឹង​ក្រុមហ៊ុន​សាជី​វ​កម្ម​វិនិយោគ​ក្រៅ​ប្រទេស​កម្ពុជា ​ហៅ​កាត់​ អូ.ស៊ី.អាយ.ស៊ី​(O​CIC) របស់​ លោក​ ពុង ​ឃាវ​សែ ដែល​ជា​អ្នក​ជំនួញ​ស្និទ្ធនឹង​លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

ចាប់តាំងពី​ខែមករា ​ដល់ខែកញ្ញា ​ឆ្នាំ២០២១នេះ ​ខេមបូចា ​បាន​កត់ត្រា​ករណី​បៀតបៀន មកលើ​អ្នកសារព័ត៌មាន​ចំនួន​៣៨​ករណី​ក្នុងនោះ​មាន​អ្នកសារព័ត៌មាន​៥៦នាក់ ​ភាគច្រើន ​ជាករណី​ចាប់​ឃុំខ្លួន​និង​ការ​ប្រើអំពើហិង្សា។

ខេមបូចា ​ស្នើសុំឲ្យ​មន្ត្រី​ថ្នាក់លើ​នៃក្រសួងជំនាញ ​រួមមាន​ក្រសួងមហាផ្ទៃ​ជាដើម​ ណែនាំទៅដល់​មន្ត្រីនៅ​មូលដ្ឋាន​របស់ខ្លួន ​ឲ្យយល់​ដឹង​ពីតួនាទីភារកិច្ច​​ និង​សិទ្ធិ​របស់អ្នក​សារ​ព័ត៌មាន​ និង​បញ្ឈប់​ការ​បៀតបៀន​ទាំងឡាយ​លើ​អ្នកសារព័ត៌​មាន។​​ ខេមបូចា ក៏ជំរុញឲ្យ​ក្រសួងមហាផ្ទៃ ​ស្រាវជ្រាវ​រកសមត្ថកិច្ច​ដែល​បាន​រារាំង​និង​បង្ក​រូបភាព​គំរាមកំហែង​ បំភិត បំភ័យ​អ្នកសារព័ត៌មាន​ យកមក​អប់រំ​ណែនាំ​ដើម្បី​ឲ្យ​ពួកគេ​បញ្ឈប់​សកម្មភាព​ខុស​ច្បាប់​ទាំងអស់​នោះ​ទៀត៕

No comments: