September 25, 2021

របប​ក្រុងភ្នំពេញ​ចំណាយ​៧​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ​ជួល​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​អាមេរិក ដើម្បី​ស្ដារ​កេរ្តិ៍ឈ្មោះ​កម្ពុជា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។  SMP page


ដោយ ម៉ៅ សុធានី RFA 2021-09-24

របប​ក្រុងភ្នំពេញ​ចំណាយ​ប្រាក់​ជិត​៧​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ​ជួល​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​ឬ ឡប់​ប៊ី (Lobby) អាមេរិក​មួយ ឲ្យ​ជួយ​លុបលាង​កេរ្តិ៍ឈ្មោះ​អាក្រក់​របប​លោក ហ៊ុន សែន​។ អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង រិះគន់​ថា របប​ក្រុងភ្នំពេញ កំពុង​ចំណាយ​លុយ​ខ្ជះខ្ជាយ​ឥតប្រយោជន៍ ហើយ​មិន​អាច​លុបលាង​កេរ្តិ៍ឈ្មោះ​អាក្រក់​របស់​ខ្លួន​បានទេ ប្រសិនបើ មិន​ព្រម​ស្ដារ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ។

របប​ក្រុងភ្នំពេញ បាន​ជួល​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​ថ្មី​មួយ​ទៀត ដើម្បី​ផ្តល់​សេវាកម្ម​ជួយ​លុបលាង​កេរ្តិ៍ឈ្មោះ​អាក្រក់​របស់​ខ្លួន ខណៈ​សហរដ្ឋអាមេរិក កំពុង​ជំរុញ​ការ​អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​ក្រុម​មេដឹកនាំ​កំពូលៗ​នៅ​កម្ពុជា​រួម​មាន​ទាំង​លោក ហ៊ុន សែន ផង​ដែរ​។ ក្រុមហ៊ុន​បញ្ចុះបញ្ចូល​ថ្មី​នេះ​ឈ្មោះ​ខវីស (Qorvis Communications )​ដែល​ល្បីល្បាញ​ធ្វើជា​តំណាង​ឲ្យ​របប​មួយចំនួន​ដែល​មាន​កេរ្តិ៍ឈ្មោះ​អាក្រក់​បំផុត​នៅ​លើ​ពិភពលោក​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ និង​ការរំលោភ​សិទ្ធិមនុស្ស។

ឯកសារ​ដែល​ដាក់​នៅ​ក្រសួង​យុត្តិធម៌​អាមេរិក បង្ហាញ​ថា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតុន លោក ជុំ សុន្ទរី បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ខវីស កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ។ ជា​ថ្នូរ​នឹង​ប្រាក់​ឈ្នួល​ប្រចាំខែ​ជិត​៧​ម៉ឺន​ដុល្លារ (៦៩.៣០០) ក្រុមហ៊ុន​ខវីស បាន​ព្រមព្រៀង​ផ្តល់​សេវាកម្ម​ផ្នែក​ទំនាក់ទំនង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សេវាកម្ម​ផ្នែក​សារ​គមនាគមន៍​បែប​យុទ្ធសាស្ត្រ ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​បង្កើន​ការ​យល់ដឹង​របស់​សាធារណជន រួម​ទាំង​ការ​ធ្វើ​ដំណើរ និង​ទេសចរណ៍​សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ។

ឯកសារ​ដែល​ដាក់​នៅ​ក្រសួង​យុត្តិធម៌​អាមេរិក បង្ហាញ​ថា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតុន លោក ជុំ សុន្ទរី បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ខវីស (Qorvis Communications) កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ២០២១។ RFA


វិទ្យុ​អាស៊ីសេរី មិនអាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កុយ គួង និង​អ្នកនាំពាក្យ​គណបក្សកាន់អំណាច លោក សុខ ឥសាន បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល​។ រីឯ​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ថ្លែង​ថា លោក​មិន​បានដឹង​រឿង​រដ្ឋាភិបាល ជួល​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​របស់​អាមេរិក​នេះ​ទេ​។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ការជួល​ក្រុមហ៊ុន​អាមេរិក ដើម្បី​ឲ្យ​ជួយ​សម្របសម្រួល ឬ​ឡប់​ប៊ី​នេះ គឺជា​រឿង​ស្របច្បាប់​ដែល​ប្រទេស​ផ្សេងៗ​ទៀត ក៏​ធ្វើ​បែប​នេះ​ដែរ ដើម្បី​ឲ្យ​សហរដ្ឋអាមេរិក បាន​ទទួល​ស្គាល់​និង​យល់​ពី​អ្វី​ដែល​កើត​មាន ហើយ​ឆ្លើយ​តប​នឹង​ផលប្រយោជន៍​របស់​ប្រទេស​នីមួយៗ​៖ «អាហ្នឹង​ជា​រឿង​ទូទៅ​ធម្មតា​។​នៅក្នុង​នយោបាយ​របស់​អាមេរិក គឺ​ផលប្រយោជន៍​អាមេរិក​ជាធំ​ហើយ​បើ​ចង់​ធ្វើ​អី ទាល់តែ​ឡប់​ប៊ី​ដើម្បី​រៀបចំ​គោលនយោបាយ​(Policy) ឲ្យ​ត្រឹមត្រូវ ដើម្បី​ពង្រឹង​បណ្ដាញ​ពាណិជ្ជកម្ម ឬ​បណ្ដាញ​អី​ផ្សេង​ដទៃ​ទៀត មិនមែន​រឿង​លុបឈ្មោះ​លាង​កំហុស​លាង​អី​ទេ​គឺ​អត់​ទេ។ នៅ​សម័យកាល​ប្រទេស​អារ៉ាប់ បាន​ធ្វើ​ឡប់ប៊ី ក្នុង​ពេល​មាន​ទំនាស់​ជាមួយ​អូប៉ាម៉ា​ពី​រឿង​គេ​បម្រុង​ដាក់​ប្រទេស​អារ៉ាប់​ហ្នឹង​នៅក្នុង​បញ្ជី​រំលោភ​សិទ្ធិមនុស្ស​រំលោភ​អ៊ីចឹង គឺ​គេ​ធ្វើការ​សម្របសម្រួល​ដើម្បី​ឲ្យ​កែប្រែ​អាផូលិស៊ី ( policy)​ហ្នឹង​។​អាហ្នឹង​ជា​រឿង​ទំនៀមទម្លាប់ ហើយ​មិន​ត្រឹមតែ​ទំនៀមទម្លាប់​ទេ គឺជា​ប្រភព​ចំណូល​របស់​អាមេរិក​ដែរ»។

ទោះជា​យ៉ាងណា អ្នកវិភាគ និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ យល់ថា ការ​ចំណាយ​លុយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដើម្បី​ជួល​ក្រុមហ៊ុន​ខូវិស​នេះ គឺ​គ្មាន​បំណង​អ្វី​ក្រៅពី​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ ជួយ​បញ្ចុះបញ្ចូល​ឬ​ឡប់ប៊ី​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​នីតិប្បញ្ញត្តិ​របស់​សហរដ្ឋអាមេរិក ឲ្យ​ផ្លាស់ប្ដូរ​ជំហរ​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ​នោះ​ទេ។

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល លើកឡើង​ថា ក្រុមហ៊ុន​ខវី​ស គួរតែ​មាន​សេចក្តី​ខ្មាសអៀន​ខ្លួនឯង ដែល​យក​រដ្ឋាភិបាល​កម្ពុជា ធ្វើជា​អតិថិជន​របស់​ខ្លួន​។ បណ្ឌិត អៀ សុផល បន្តថា វា​ជា​រឿង​គួរ​ឲ្យ​សង្វេគ​ណាស់​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ចំណាយលុយ​៧​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ​ឲ្យ​ក្រុមហ៊ុន​ឡប់ប៊ី ដើម្បី​ជួយ​ការពារ​ទង្វើ​រំលោភសិទ្ធិ​មនុស្ស ការបំផ្លាញ​ប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​។ អ្នកនិពន្ធ​សៀវភៅ​''​ការ​ពឹង​ផ្អែកលើ​ជំនួយ​នៅ​កម្ពុជា​''​រូប​នេះ សង្កត់​ធ្ងន់ធ្ងរ​ថា បច្ចុប្បន្ន​នេះ កម្ពុជា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការទិញ​អគ្គិសនី​ដែល​ផលិត​ដោយ​ធ្យូងថ្ម ការ​កាប់បំផ្លាញ​ព្រៃឈើ​ដ៏​មានតម្លៃ​ចុងក្រោយ ការ​បូម​ខ្សាច់ និង​អ្វីៗ​ជាច្រើន​ទៀត​។ ដូច្នេះ​បញ្ហា​ទាំងនេះ ក្រុមហ៊ុន​ខ​វី​ស គួរតែ​ផ្អាក​កិច្ចសន្យា ប៉ុន្តែ​ផ្ទុយទៅវិញ ក្រុមហ៊ុន​មួយ​នេះ ហាក់​មើល​ឃើញ​តែ​រឿង​ប្រាក់ចំណេញ និង​ផល​ប្រយោជន៍​ប៉ុណ្ណោះ។

ក្រុមហ៊ុន​ខវីស​នេះ គឺជា​ក្រុមហ៊ុន​មួយ ដែល​ល្បី​ខាង​ទទួលយក​កម្រៃ​ពី​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​ផ្ដាច់ការ និង​ពុករលួយ​មួយចំនួន ជា​ថ្នូរ​នឹង​ការ ផ្តល់​សេវាកម្ម​ជួយ​លុបលាង​កេរ្តិ៍ ឈ្មោះ​អាស្រូវ​របស់​ពួកគេ ដើម្បី​គេច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​។ ក្នុង​នោះ ក្រុមហ៊ុន​ឡប់​ប៊ី​នេះ ធ្លាប់​ទទួលយក​ប្រទេស​អារ៉ាប់​ប៊ីសាអ៊ូឌីត (Saudi Arabia ) ជា​អតិថិជន ដើម្បី​ជួយ​លុបលាង​រឿង​ឃាតកម្ម​លើ​អ្នកកាសែត​ម្នាក់​ឈ្មោះ ចាម៉ែល កាហ្សូគហ្គី (Jamal khashoggi) កាលពី​ឆ្នាំ​២០១៨​។​ក្រៅពី​នេះ ក្រុមហ៊ុន​ខវីស ក៏​ធ្លាប់​បាន​ធ្វើជា​តំណាង​ឲ្យ​ប្រទេស​ហ្គីណេអេក្វាទ័រ ( Equatorial Guinea )​ប្រហែល​មួយ​ទសវត្សរ៍ ចាប់តាំងពី​ឆ្នាំ​១៩៧៩ ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​ដ៏​ឃោរឃៅ​របស់​ប្រធានាធិបតី លោក តេអូដូរ៉ូ អូប៊ែង​(Teodoro Obiang )​ហើយ​កូនប្រុស​របស់​គាត់ ត្រូវ​បាន​ប្រទេស​អង់គ្លេស ហាមឃាត់​មិន​ឲ្យ​ធ្វើដំណើរ និង​បង្កក​ទ្រព្យសម្បតិ្ត ជុំវិញ​ការចោទប្រកាន់​រឿង​កិបកេង​ថវិកា​ជាតិ។

ជុំវិញ​រឿង​នេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ថ្លែង​ថា របប​លោក ហ៊ុន សែន គួរតែ​ទុក​លុយ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ប្រសើរ​ជាង​ការ​ចំណាយ​ថវិកាជាតិ​ខ្ជះខ្ជាយ​ជួល​ក្រុមហ៊ុន​អាមេរិក ដើម្បី​ការពារ​ផលប្រយោជន៍​បក្ខពួក​របស់​ខ្លួន​។ លោក​មើល​ឃើញ​ថា នៅ​ពី​ក្រោយខ្នង គឺ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ កំពុងតែ​ព្រួយបារម្ភ​ខ្លាំង​ពី​ការ​ដាក់​ទណ្ឌ​របស់​សហ​រដ្ឋ​អាមេរិក ទើប​លួច​ជួល​ក្រុមហ៊ុន​អាមេរិក​ដោយ​ស្ងាត់ៗ​ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល ឬ​ព្រឹទ្ធសភា​អាមេរិក កុំ​ឲ្យ​ចេញ​ច្បាប់​ដាក់ទណ្ឌកម្ម​។ ទោះ​យ៉ាងណា តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ យល់ថា រដ្ឋាភិបាល និង​ព្រឹទ្ធសភា​អាមេរិក នឹង​មិន​ជឿ​លើ​ការ​បញ្ចុះ​បញ្ចូល​ពី​ក្រុមហ៊ុន​ដែល​របប​លោក ហ៊ុន សែន ជួល​នោះ​ទេ ព្រោះ​អាមេរិក​បានដឹង​យ៉ាង​ច្បាស់​អំពី​ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស និង​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា តាមរយៈ​ស្ថានទូត​អាមេរិក និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​​​៖ «របប​ក្រុងភ្នំពេញ មិន​គួរ​ចំណាយ​លុយ ដើម្បី​ជួល​ក្រុមហ៊ុន ដើម្បី​ការពារ​មុខមាត់​របប​ក្រុងភ្នំពេញ​សព្វថ្ងៃ​ទេ​។ ផ្ទុយទៅវិញ របប​ក្រុងភ្នំពេញ គួរតែ​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ ធ្វើ​ម៉េច​រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ដោយមាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ធ្វើ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ ពេលនោះ​គេ​ជឿ​បាត់​ហើយ​។ កាលណា​ស្តារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ គឺ​វា​មិន​ត្រឹមតែ​មិន​ទទួល​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក ឬ​ពី​សហគមន៍​អន្តរជាតិ​ទេ គឺ​គេ នឹង​ផ្តល់​ជំនួយ​ពី​សហភាព​អឺរ៉ុប ពី​អាមេរិក ពី​សហគមន៍​អន្តរជាតិ​ច្រើនជាង​មុន ហើយ​របប​ក្រុងភ្នំពេញ ក៏​មាន​មុខមាត់​នៅ​លើ​ឆាក​ជាតិ​និង​អន្តរជាតិ​ដែរ»។

នេះ​គឺជា​លើក​ទី​៣​ហើយ​ដែល​របប​ក្រុងភ្នំពេញ បាន​ចំណាយ​ទឹកប្រាក់​រាប់​សែន​ដុល្លារ ក្នុង​មួយឆ្នាំៗ ដើម្បី​ជួល​ក្រុមហ៊ុន​អាមេរិកាំង​ដែល​ជំនាញ​ច្បាប់​ឲ្យ​ផ្ដល់​សេវាកម្ម​បញ្ចុះបញ្ចូល​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​របស់​សហ​រដ្ឋ​អាមេរិក មក​លើ​កម្ពុជា​។ កាលពី​ខែមីនា ឆ្នាំ​២០១៩ របប​លោក ហ៊ុន សែន បាន​ជួល​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​ឈ្មោះ​ប្រោន ស្ទីន ហាយស៍ ហ្វាប៊ឺ ស្រ៊េក ( Brownstein Hyatt Farber Schreck )​ដោយ​ចំណាយ​ទឹកប្រាក់​ចំនួន​៧​សែន​២​ម៉ឺន​ដុល្លារ​(៧២០.០០០)​ក្នុង​មួយឆ្នាំ​។ បន្ទាប់​មក នៅ​ដើមខែ​មេសា ឆ្នាំ​២០១៩ របប​លោក ហ៊ុន សែន ក៏បាន​ជួល​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​មួយទៀត​ឈ្មោះ​ផាករឹម ប្រ៊ីជ ( PacRim Bridges )​ដោយ​ចំណាយ​ទឹកប្រាក់​ចំនួន​កន្លះ​លាន​ដុល្លារ (៥០០.០០០)​ក្នុង​មួយឆ្នាំ​។ ក្រុមហ៊ុន​នេះ មាន​អ្នកជំនាញ​ចំនួន​២​នាក់ គឺ​លោក ដួង អ៊ីរីកសេន​(Doug Ericksen ) គឺជា​សមាជិក​ព្រឹទ្ធសភា​កំពុង​កាន់​តំណែង​នៅ​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន​ស្តេត និង​លោក ចាយ រ៉ូដណេ​(Jay Rodne )​គឺជា​អតីត​សមាជិកសភា​ប្រចាំ​រដ្ឋ​វ៉ាស៊ីនតោន​ស្តេត។ ការជួល​ក្រុមហ៊ុន​ឡប់​ប៊ី​អាមេរិក​ទាំងនេះ ធ្វើឡើង​ស្រប​ពេល​ដែល​សមាជិក​ព្រឹទ្ធសភា និង​សភា​អាមេរិកាំង មកពី​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ កំពុង​ដំណើរការ​អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ និង​ច្បាប់​ស្ដីពី​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP របស់​សហរដ្ឋអាមេរិក ដោយសារ​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ការ​គាស់​រំលើង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ៕

No comments: