September 8, 2021

អ្នកជំនាញ​មិនរំពឹង​ថា ​រដ្ឋាភិបាល​នឹងកែប្រែ​ឥរិយាបថ​​ជាមួយ​ចិន​​ងាកមក​ស្តា​ប្រជាធិបតេយ្យ​ដើម្បី​ទទួល​បាន​ជំនួយ​បន្ថែម​ពី​​អាមេរិក​នោះទេ

(ឆ្វេង) នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន និងប្រធានាធិបតីចិនលោក ស៊ី ជីនពិន។  រូប៖ ហ្វេសប៊ុក SPM


ដោយ មាន ឫទ្ធិ RFA 2021-09-07

អ្នកជំនាញ​មិនរំពឹង​ថា ​រដ្ឋាភិបាល​កម្ពុជា​នឹង​កែប្រែ​ឥរិយាបថ​ជាមួយ​ចិន ហើយ​ងាកមក​ស្តា​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ឡើងវិញ ដើម្បី​ទទួល​បាន​ជំនួយ​បន្ថែម​​ពី​​អាមេរិក​នោះទេ។ ការលើកឡើង​នេះ កើតមាន​ឡើង​ស្របពេល​ដែល​ព្រឹទ្ធសភា​អាមេរិក​កំពុង​ត្រៀម​ពិនិត្យ​មើល​សេចក្តីស្នើច្បាប់​ថវិកា​សម្រាប់​ក្រសួងការបរទេស​អាមេរិក ប្រតិបត្តិការ​នៅ​បរទេស និង​កម្មវិធី​ផ្តល់​ជំនួយ​ពាក់ព័ន្ធនានា​សម្រាប់ឆ្នាំ២០២២ ខាងមុខ។

សេចក្តីស្នើច្បាប់​ថវិកា​សម្រាប់​ក្រសួងការបរទេស​អាមេរិក ប្រតិបត្តិការ​នៅ​បរទេស និង​កម្មវិធី​ផ្តល់​ជំនួយ​ពាក់ព័ន្ធនានា​សម្រាប់​២០២២​ខាងមុខនេះ កំណត់​នូវ​លក្ខខណ្ឌ​មួយ​ចំនួន​មុននឹង​ផ្តល់​ ឬ​ពង្រីក​ការផ្តល់​ជំនួយ​នានា​ទៅ​ឱ្យ​ប្រទេស​ពាក់ព័ន្ធ​ដែល​ក្នុងនោះ​ក៏រួមមាន​ទាំង​កម្ពុជា​ផង។ សេចក្តីស្នើច្បាប់​ថវិកា​សម្រាប់​ក្រសួង​ការបរទេស​អាមេរិក H.R.4373 ទទួល​បាន​ការអនុម័ត​ពី​រដ្ឋសភា​អាមេរិក​កាលពី​ចុងខែ​កក្កដា ហើយ​បច្ចុប្បន្ន​កំពុង​ស្ថិតក្នុង​ដៃ​ព្រឹទ្ធសភា​អាមេរិក​ត្រៀម​ពិនិត្យ​មើល​បន្ត​មុន​នឹង​អនុម័ត។

សម្រាប់​កម្ពុជា សេចក្តីស្នើច្បាប់​នេះ​ដាក់​លក្ខខណ្ឌ ៤ចំណុច មុន​នឹង​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​អាមេរិក​តាម​រយៈ​ក្រសួងការបរទេស​អាមេរិកអាច​ផ្តល់ឬ​ពង្រីក​ជំនួយ​បន្ថែម​ដល់​ប្រទេស​នេះ។ លក្ខខណ្ឌ​ទាំង៤​ចំណុច​នោះ រួមមាន ការបញ្ឈប់​ការប្រើ​អំពើហិង្សា និង​ការយាយី​ប្រឆាំងនឹង​សង្គមស៊ីវិល និង​គណបក្ស​ប្រឆាំង ការទម្លាក់ចោល​បទចោទ​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​ក្រុមអ្នករិះគន់​រដ្ឋាភិបាល និង​ការគោរព​សិទ្ធិ​សេរីភាព​និង​ការទទួលខុសត្រូវ​ដូចមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣។ ក្រៅពីនេះ កម្ពុជា​ត្រូវ​ធានា​ចូលរួម​ពង្រឹង​សន្តិសុខ​ប្រចាំតំបន់ និង​ស្ថិរភាព ជាពិសេស​ទាក់ទង​នឹង​បញ្ហា​ជម្លោះ​នៅ​តំបន់​សមុទ្រចិន​ខាងត្បូង និង​ការពង្រឹង​ការអនុវត្ត​ទណ្ឌកម្ម​ប្រឆាំងនឹង​ប្រទេស​កូរ៉េខាងជើង ព្រមទាំង​ការបញ្ជាក់​អំពី​អធិបតេយ្យ​ប្រឆាំងទៅនឹង​ការជ្រៀតជ្រែក​ណាមួយ​ពី​ប្រទេសចិន ដោយ​រួមទាំង​ការរក្សា​អព្យាក្រឹត្យ​នៅ​តំបន់​មូលដ្ឋាន​កងទ័ព​ជើងទឹករាម តំបន់​យោធា​ដទៃទៀត រួមទាំង​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​តារាសាគរ​ផងដែរ។

ឆ្លើយតប​ទៅនឹង​លក្ខខណ្ឌទាំងនេះ ​ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជាលោក កុយ គួង ប្រាប់​វិទ្យុអាស៊ីសេរី កាលពី​យប់​ថ្ងៃទី៧ ខែកញ្ញា ថា នេះ​គឺជា​ការយល់ឃើញ​របស់​អាមេរិក តែ​កម្ពុជា​ជា​ប្រទេស​មាន​អធិបតេយ្យ​ពេញលេញ៖ «លក្ខខណ្ឌ​ទាំង ៤ របស់​អាមេរិក គឺជា​ការយល់ឃើញ​របស់​សហរដ្ឋអាមេរិក​ទេ។ ប៉ុន្តែ ចំពោះ​កម្ពុជា​យើង យើង​តែង​អនុវត្ត​ទៅតាម​ច្បាប់​របស់​ប្រទេសកម្ពុជា​ក្នុង​ក្របខណ្ឌ​ប្រទេស​អធិបតេយ្យ និង​មាន​ឯករាជ្យ​ពេញលេញ។ សូមឱ្យ​អាមេរិក​មាន​ការយល់ដឹង​អំពីសភាពការណ៍​ពិត​នៅ​ប្រទេស​កម្ពុជា​ផង កុំឱ្យ​ចេះតែ​ស្រមើស្រមៃ ចេះតែ​មាន​ការយល់​ខុស​ពី​អ្វី​ដែល​ជា​ការពិត​នៅប្រទេស​កម្ពុជា​នេះ»។

ផ្ទុយពី​ការអះអាងនេះ ការពិត​នៅ​កម្ពុជា និង​ការអនុវត្ត​ស្របតាម​ច្បាប់​របស់​កម្ពុជា​ដែល​មន្ត្រី​រដ្ឋាភិបាល​តែងលើក​យក​មក​ធ្វើ​ជាអំណះអំណាង​នេះ មិនត្រូវបាន​សហគមន៍​ជាតិ និង​អន្តរជាតិ​យល់ស្រប និង​ទុកចិត្ត​នោះទេ ខណៈ​កម្ពុជា​ជាប្រទេស​ដែល​ពូកែ​ខាង​រំលោភច្បាប់​ជាងគេ​នៅលើ​ពិភពលោក។ មិនមែន​មាន​តែសហរដ្ឋអាមេរិក​មួយទេ​ដែល​មើលពី​ការពិតនៅកម្ពុជា​ដែល​មាន​ករណី​រំលោភបំពាន​សិទ្ធិមនុស្ស និង​ការបង្ក្រាប​នានា​ពីសំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​មកលើ​ក្រុមអ្នករិះគន់​ឥតស្រាកស្រាន​នោះ ក្រុមអ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ជារឿយៗ​តែង​កត់សម្គាល់​អំពី​ករណី​ទាំងនេះ។ លើសពីនេះទៀត សហភាពអឺរ៉ុប​ដែល​មាន​សមាជិក​ដល់ ២៧​ប្រទេស ក៏​យល់ស្រប​នឹង​បញ្ហា​នេះដែរ ដូចដែល​បាន​បញ្ជាក់​ដោយ​ការសម្រេច​ដកប្រព័ន្ធ​អនុគ្រោះពន្ធ EBA ២០% ពី​កម្ពុជា។ ក្រៅពីនោះ ក៏​មាន​កង្វល់​ជារួម​អំពី​ការកើនឡើង​ឥទ្ធិព​ល​របស់​ចិន ជាពិសេស​ការសង្ស័យ​ថា ​ចិន​អាច​មាន​មហិច្ឆតា​ដាក់​ទ័ព​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម និង​នៅតំបន់​តារាសាគរ​នៅ​ខេត្តកោះកុង​ជាដើម។

អ្នកជំនាញ​កិច្ចការ​អន្តរជាតិបណ្ឌិត អៀ សុផល យល់ថា ការដាក់​លក្ខខណ្ឌ​ទាំង ៤ចំណុច​តាមរយៈ​សេចក្តីស្នើច្បាប់​របស់​អាមេរិក​នេះ គឺជា​លក្ខខណ្ឌ​ល្អ និង​សមស្រប​ដើម្បី​ឱ្យ​កម្ពុជា​គោរព​តាម។ លោកថា ពលរដ្ឋ​អាមេរិក​ដែល​ជា​អ្នកបង់ពន្ធ មិនគួរ​មាន​កាតព្វកិច្ច​ជួយ​ដល់​ប្រទេស​ទាំងឡាយ​ណា​ដែល​រំលោភ​សិទ្ធិមនុស្ស សេរីភាព និង​ប្រជាធិបតេយ្យ​នោះទេ។ សំខាន់​ជាង​នេះទៀត លោកថា កម្ពុជា​គួរតែ​មាន​អធិបតេយ្យ​ពី​ប្រទេសចិន។ យ៉ាងណា បណ្ឌិត អៀ សុផល មិន​រំពឹង​ថា អាជ្ញាធរ​នៅ​កម្ពុជា​នឹង​ធ្វើតាម​លក្ខខណ្ឌ​ទាំងនេះឡើយ ព្រោះកម្ពុជា​បាន​យក​ចិន​ធ្វើជា​ខ្នងបង្អែក​យ៉ាង​រឹងម៉ាំ​ជាយូរ​មកហើយ។ លោកថា ប្រាកដណាស់ កម្ពុជា​នឹងធ្វើតាម​របៀបវារៈ​របស់​ចិន នៅពេល​ដែល​ខ្លួន​ធ្វើជា​ប្រធានប្តូរវេន​របស់​អាស៊ាន​នាឆ្នាំ២០២២​ខាងមុខនេះ។

បន្ថែមទៅនឹង​ការយល់ឃើញ​នេះ អ្នកសិក្សាស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយបណ្ឌិត សេង សារី យល់ថា លក្ខខណ្ឌ​ទាំង៤ចំណុច​កំណត់​ដោយ​សេចក្តីស្នើច្បាប់​ថវិកា​សម្រាប់​ក្រសួងការបរទេស​អាមេរិក​នេះ នឹង​ក្លាយ​ទៅជា​ទណ្ឌកម្ម​ថ្មីមួយទៀត​សម្រាប់​កម្ពុជា ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ធ្វើផ្គើន​ទៅនឹង​ការចង់​ឃើញ​របស់​ក្រុមប្រទេស​លោកសេរី៖ «យើង​ឃើញថា បើសិន​ជា​ច្បាប់​នេះចេញ កម្ពុជា​នឹងប្រឈម​ទៅនឹង​ទណ្ឌកម្ម​ថ្មី។ អ្វីដែល​សំខាន់​នោះ យើងឃើញថា មកដល់​ពេលនេះ​ហើយ រដ្ឋាភិបាល​ហាក់ដូចជា​ផ្គើន ឬក៏​មិន​ឆ្លើយតប​ជាមួយនឹង​អ្វីដែលជា​ការស្នើសុំ​ពី​សហគមន៍​អឺរ៉ុប ក៏ដូចជា​សហរដ្ឋអាមេរិក​ដែរ ដោយសារតែ​ខ្លួន​ហាក់ដូចជា​ធ្វើ​អ្វីម្យ៉ាង​ដែល​សម្រាប់​ខ្ញុំជា​អ្នកតាមដាន​នៅក្នុង​ស្រុក គឺ​មកដល់​ពេលនេះ យើងឃើញថា​ដូចជា​រដ្ឋាភិបាល​បំបោល​ដើម្បី​ផ្ដាច់ព្រ័ត្រ​នៅក្នុង​កិច្ចការងារ​រឿង​ការរំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ជាដើម។ រឿង​មួយ​ដែល​ខ្ញុំ​គិតនោះ គឺ​ប្រហែលជា​បើសិន​ជា​រដ្ឋាភិបាល​មកដល់​ចំណុច​ទាល់ច្រក រដ្ឋាភិបាល​នឹង​អាច​រុញ​កម្ពុជា​ឱ្យ​ធ្លាក់ចូល​ទៅក្នុង​ប្រទេស​ដែល​គ្រប់គ្រង​តាមបែប​កុម្មុយនិស្ត​ផ្តាច់ការ ឬក៏​អាច​យក​របៀប​នៅក្នុង​ការគ្រប់គ្រង​តាមបែប​យោធានិយម​ដែល​ទាញ​កម្ពុជា​ឱ្យ​ចេញ​ពី​គន្លង​ប្រជាធិបតេយ្យ​ដាច់តែម្តង»។

បណ្ឌិត សេង សារី ពុំ​មាន​សុទ្ធិដ្ឋិនិយម​ទេថា កម្ពុជា​អាច​នឹង​ខិតខំ​កែប្រែ​ឥរិយាបថ​ធ្វើ​ឱ្យ​អាមេរិក​ជឿទុកចិត្ត​បាន ហើយ​អាច​ទទួល​បាន​ការពង្រីក​ជំនួយ​បន្ថែម​ពីសហរដ្ឋអាមេរិកនោះ ដោយសារ​កម្ពុជា​កំពុង​ជាប់ផុង​នឹង​ទម្លាប់​និយាយ​ផ្សេង​ធ្វើផ្សឹង​ដើម្បី​បន្ត​ក្រាញ​អំណាច​បែប​ផ្តាច់ការ​របស់​ខ្លួន៖ «ខ្ញុំ​មើលឃើញ​ថា កម្ពុជា​មិនមាន​លទ្ធភាព​ធ្វើឱ្យ​អាមេរិក​អាចជឿជាក់​បានទេ ដោយសារតែ​គាត់​កំពុង​តែជាប់​ជាមួយនឹង​ទម្លាប់​នៅក្នុងការ​បកស្រាយ ក្នុងការ​ច្រានចោល ឬក៏​យកលេស​គេចវេស​ពី​បញ្ហា។ ខ្ញុំ​ឃើញថា ទម្លាប់​បែបនេះ​នឹង​យកទៅ​ប្រើម្តងទៀត​នៅពេលដែល​ទន្ទឹមនឹង​ពេលដែល​ខ្លួន​ប្រកែក​ថា មិនមាន​មូលដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា មិនមាន​អន្តរាគមន៍ ឬមិនមាន​ឥទ្ធិពល​ចិន​អីទេ ក៏ប៉ុន្តែ​ទន្ទឹមនឹងហ្នុង​គឺ​កម្ពុជា​បាន​ធ្វើហើយ។ អញ្ចឹង​អ្វីដែលជា​សម្តីផ្សេង សកម្មភាព​ផ្សឹង​នេះ គឺ​ឥឡូវនេះ​កំពុងតែ​ពេញ​និយម​ណាស់​សូម្បីតែ​ការអនុវត្ត​សិទ្ធិសេរីភាព​អីជាដើម​នៅ​កម្ពុជា​គឺមាន​ការបកស្រាយ​ សកម្មភាព​បង្ក្រាប​ចាប់គេ​ឯង​ដាក់​គុកហ្នុង សុទ្ធតែ​ជា​ការអនុវត្តច្បាប់ ហើយ​ក៏ប្រកាសថា ខ្លួនឯង​កំពុងតែ​ធានា និង​លើកកម្ពស់​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ ប៉ុន្តែ ទន្ទឹមនឹង​ហ្នុង សកម្មភាព​របស់​ខ្លួនឯង គឺ​បំពាន​ប្រជាធិបតេយ្យ ឬ​បំពាន​ការរំលោភ​សិទ្ធិមនុស្ស​អីជាដើម។ បែបនេះ​ជាទម្លាប់​មួយ​ដែល​កម្ពុជា​ពិបាក​ក្នុងការកែ​ដើម្បី​ធ្វើម៉េច​ឱ្យ​អាមេរិក​ទុកចិត្តបាន​ណាស់»។

យ៉ាងណាក៏ដោយ សម្រាប់​អ្នកជំនាញ​សេដ្ឋកិច្ច​នយោបាយ និង​ជាអ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ University College London បណ្ឌិត យ៉ង់ សុភា មើលឃើញ​ថា លក្ខខណ្ឌ​ពីរ​ពាក់ព័ន្ធ​នឹង​បញ្ហា​តំបន់នៅ​សមុទ្រចិន​ខាងត្បូង និង​បញ្ហា​ពង្រឹង​វិធានការ​ទណ្ឌកម្ម​ប្រឆាំងនឹង​ប្រទេសកូរ៉េខាងជើង គឺជា​លក្ខខណ្ឌ​ថ្មី​ដែល​សហរដ្ឋ​អាមេរិក​ចង់ឃើញ​កម្ពុជា​បំពេញ​តាម។ លោកថា សហរដ្ឋអាមេរិក​ដាក់​លក្ខខណ្ឌ​ទាំងនេះ ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​របស់​ចិន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ជារួម៖​«ប៉ុន្តែ ខ្ញុំ​នៅតែ​មើលឃើញថា ទោះបីយ៉ាងម៉េច​ក៏ដោយ អាមេរិក​នៅតែ​ជួយជំនួយ​ដល់​ស្រុកខ្មែរ​ដដែល​ពីព្រោះនៅក្នុង​សេចក្តីព្រាងច្បាប់​នេះ ក៏​និយាយ​ដែរថា ក្រៅពី​លក្ខខណ្ឌ​ទាំងអស់​នេះ គេនៅតែ​ឱ្យ​ជំនួយ​ទៅលើ​បញ្ហា​មួយ​ចំនួន​ដូចជា​កម្មវិធី​ទាក់ទង​ទៅនឹង​លទ្ធិប្រជាធិបតេយ្យ សុខភាពសាធារណៈ ខាងអប់រំ បរិស្ថាន ហើយនឹង​ការស្រាវជ្រាវ​ទាក់ទង​នឹង​ខ្មែរក្រហម ក៏ដូចជា​ខាង​ភាសា​ខ្មែរ។ ខ្ញុំ​ចាប់អារម្មណ៍​ខ្លាំងជាងគេ​គឺទាក់ទង​រឿង​ធ្វើម៉េច​លុយហ្នុង​នឹងយក​ទៅប្រើ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការលើកកម្ពស់​យល់ដឹង​អំពី​ថាតើ​ឥទ្ធិពល​របស់​ចិន​មាន​ប៉ុណ្ណា​ទៅលើ​ខ្មែរ»។

ចាប់តាំង​ពី​មាន​ការរំលាយ​គណបក្ស​សង្គ្រោះជាតិ​កាលពី​ចុងឆ្នាំ២០១៧ និង​ព្រឹត្តិការណ៍​បោះឆ្នោត​ឆ្នាំ២០១៨ ដែល​រងការរិះគន់​ជាទូទៅ​ថា ជាការបោះឆ្នោត​«ក្លែង​ក្លាយ»​ រួចមក សហរដ្ឋអាមេរិក​បាន​ប្រកាស​បញ្ចប់​ការផ្តល់​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) និង​រឹតត្បិត​ការផ្តល់​ទិដ្ឋាការ​មិនឱ្យ​ចូលទឹកដី​អាមេរិក​ដល់​មន្ត្រីកម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​ប្រជាធិបតេយ្​ជាដើម។ ទន្ទឹមនឹង​នោះ សហរដ្ឋអាមេរិក​ក៏​បាន​សម្រេច​ផ្អាក ឬ​បន្ថយ​ជំនួយ​តាមរយៈ​ក្រសួង​រតនាគារ​ជាតិ​អាមេរិក ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID និង​កម្មវិធី​ជំនួយ​យោធា​នានា​ដល់​កម្ពុជា ដោយសារតែ​ដំណើរ​ធ្លាក់ចុះ​នៃ​ប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិក​​នៅ​តែ​​បន្ត​​ផ្តល់​​ការ​គាំទ្រ​ជា​ជំនួយ​ផ្សេងៗទៀត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដដែល ជាពិសេស​តាមរយៈ​គម្រោង​នានា​ពាក់ព័ន្ធនឹង​វិស័យ​​សុខាភិបាល កសិកម្ម ការដោះមីន ការលើកកម្ពស់​សង្គមស៊ីវិល និង​វិស័យអាទិភាព​សំខាន់ៗ​ដទៃទៀត។

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ឆាត រ៉ូដឺមៀរ (Chad Roedemeier) ពន្យល់​ប្រាប់​វិទ្យុអាស៊ីសេរី តាម​សារអេឡិចត្រូនិក​កាលពី​ដើម​ខែកញ្ញា ថា សហរដ្ឋអាមេរិក គឺជា​ដៃគូ​ដ៏រឹងមាំ និង​ឋិតថេរ​របស់​កម្ពុជា និង​ប្រជាពលរដ្ឋ​កម្ពុជា អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មកហើយ ដោយ​បាន​ផ្តល់​នូវ​ជំនួយ​ដែល​មាន​តម្លៃ​ជាង ៣ពាន់​លានដុល្លារ​អាមេរិក ដើម្បី​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា។ លោកគូសបញ្ជាក់​ថា ការលើកទឹកចិត្ត​ឱ្យ​លើកកម្ពស់​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស គឺជា​ចំណុចស្នូល​នៃ​គោលនយោបាយ​ការបរទេស​របស់​អាមេរិក នៅ​កម្ពុជា​និង​នៅជុំវិញ​ពិភពលោក។

គេហទំព័រ ForeignAssistance.gov របស់​រដ្ឋាភិបាល​អាមេរិក​ដែល​កត់ត្រា​ពី​ជំនួយ​របស់​អាមេរិក ឱ្យដឹងថា ជំនួយ​របស់​អាមេរិក​សម្រាប់​កម្ពុជា បាន​ធ្លាក់ចុះ​ពី​ឆ្នាំ២០១៨ ដែល​មាន​ប្រមាណជាង ១៦០​លានដុល្លារ មកនៅត្រឹមជាង ១១៥​លានដុល្លារ ក្នុង​ឆ្នាំ២០២០ និង​បន្ត​ធ្លាក់ចុះ​មកនៅជាង ៧៣​លានដុល្លារ​នៅឆ្នាំ២០២១ ខណៈ​ទិន្នន័យ​សម្រាប់​ឆ្នាំ២០២០ និង​ឆ្នាំ២០២១ នៅមិន​ទាន់​កត់ត្រា​ពេញលេញ​នៅឡើយ៕

No comments: