September 8, 2021

សហការី​លោក រ៉ុង​ ឈុន គ្រោង​ដាក់​លិខិត​សុំឲ្យ​លោក​បាន​នៅ​ក្រៅឃុំជុំគ្រួសារ​មើលថែ​ ព្រោះ​ត្រូវ​វះកាត់​ភ្នែក

លោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសជាប់ពន្ធនាគារ២ឆ្នាំ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ Photo provided


ដោយ សុជីវី RFA 2021-09-07

សហការី​លោក រ៉ុង​ ឈុន គ្រោង​ដាក់​លិខិតស្នើ​សុំឲ្យ​លោក រ៉ុង ឈុន បាន​នៅ​ក្រៅ​ឃុំ ជួប​ជុំ​ក្រុម​គ្រួសារ ដើម្បី​បាន​មើលថែ​ជំងឺភ្នែក​របស់​លោក ព្រោះ​លោក​នឹង​​ត្រូវវះកាត់​ព្យាបាល​ជំងឺ​ភ្នែក។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ(CITA) និង​ជា​សហការី​ដ៏​ជិតស្និទ្ធ​របស់​លោក រ៉ុង ឈុន គឺ​អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រាប់វិទ្យុ​អាស៊ី​សេរី​ នៅមុនការ​ផ្សាយ​នេះ​បន្តិចថា លោកស្រី និង​ក្រុមគ្រួសារ​លោក រ៉ុង ឈុន កំពុង​ទាក់ទង​មេធាវី​របស់​លោក រ៉ុង ឈុន ដើម្បីរៀប​ចំលិខិត​នេះដាក់ទៅ​ក្រសួង​មហាផ្ទៃ និង​ពន្ធនាគារ ​ក្រោយ​ទទួល​ដំណឹង​ថា លោក រ៉ុង ឈុន ត្រូវ​វះកាត់ភ្នែក​ស្ដាំ៖ «ជាធម្មតា​បើ​សិន​ជា​ភ្នែក​មាន​ការវះកាត់​ហើយ លុះត្រាតែ​មាន​អ្នក​ថែទាំ ព្រោះយើង​ដឹង​ហើយ​ថា លោក រ៉ុង ឈុន អត់​មាន​ប្រពន្ធ អត់មាន​កូនទាល់​តែ​សោះ។ ដូច្នេះគាត់​ត្រូវការ​ថែទាំពី​សាច់​ញាតិ និង​ក្រុម​ការងារ​ ជា​ពិសេស​​ខ្ញុំ​ក៏ត្រូវ​តែទទួល​បន្ទុក ក្នុងការ​ទៅ​មើល​ថែ​ទាំ​គាត់​ដែរ ព្រោះ​គាត់​ជា​ទីប្រឹក្សា​របស់ខ្ញុំ»។

សមាជិក​ក្រុមគ្រួសារ​របស់​លោក រ៉ុង ឈុន ធ្លាប់​បញ្ជាក់​ថា ភ្នែក​ខាង​ស្ដាំរបស់​លោក រ៉ុង ឈុន មាន​អាការៈ​ស្រវាំង​ខ្លាំង ដែល​ត្រូវ​ការវ៉ះកាត់​ជា​ចាំបាច់ ដើម្បី​ព្យាបាល​ និង​ដើម្បី​កុំឲ្យ​ឆ្លង​រាល​ដាល​ទៅ​ភ្នែក​ម្ខាង​ទៀត។

មន្រ្តី​ពន្ធនាគារ ​ប្រាប់​វិទ្យុអាស៊ីសេរី​នៅថ្ងៃទី៧ ខែកញ្ញា នេះ​ថា​ ខាង​គ្រូពេទ្យ​ភ្នែក​យល់​ព្រម​វះកាត់​ភ្នែក​លោក រ៉ុង ឈុន ប៉ុន្តែ មិន​ទាន់​បាន​កំណត់​ថ្ងៃវះកាត់​នោះ ឲ្យពិត​ប្រាកដ​ថ្ងៃណា​នៅ​ឡើយ​ទេ ​ព្រោះ​ក្រុម​គ្រូពេទ្យ​ជំនាញ​ កំពុង​មមាញឹក​ខ្លាំង។

អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃលោក នុត សវនា ថា​ខាង​ពន្ធនាគារ​កំពុង​រង់ចាំ​កាលវិភាគ​វះកាត់​នេះដែ​រ។ ទោះជា​យ៉ាងនេះ​ក្ដី លោកអះអាង​ថា ក្រោយ​ការ​វះកាត់​ភ្លាម​ ខាង​មន្រ្តីពន្ធនាគារត្រូវ​បញ្ជូនខ្លួនលោក រ៉ុង ឈុន ទៅឃុំខ្លួន​នៅ​ពន្ធនាគារ​វិញភ្លាម៕

No comments: