September 9, 2021

នគរបាល​ខេត្ត​កណ្ដាល​ដោះលែង​ពលរដ្ឋ​ម្ដាយ​កូន ២នាក់ ក្រោយ​សួរ​រឿង​ចូល​មើល​ដី​ស្រែ​នៅ​វាល​យន្តហោះ​ថ្មី

អាជ្ញាធរ​ខេត្ត​កណ្ដាល​ដាក់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាង ៦០០នាក់ បិទ​ផ្លូវ​ជុំវិញ​ការដ្ឋាន​សង់​វាល​យន្តហោះ​ថ្មី​នៃ​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) កាល​ពី​ថ្ងៃ​ទី៧ ខែកញ្ញា ឆ្នាំ២០២១ ដើម្បី​រារាំង​ពលរដ្ឋ​ជាង ៣០០គ្រួសារ កុំ​ឲ្យ​ចូល​ទៅ​រារាំង​សកម្មភាព​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​ស្រែ​របស់​ពួក​គាត់។  រូប៖ ពលរដ្ឋផ្ដល់ឱ្យ


ដោយ ជាតិ ចំណាន RFA 2021-09-08

ស្នងការ​នគរបាល​ខេត្ត​កណ្ដាល សម្រេច​ដោះលែង​ពលរដ្ឋ​២​នាក់​ ម្ដាយ​និង​កូន​ ឲ្យ​មាន​សេរីភាព​វិញ ក្រោយ​ពី​សាក​សួរ​អស់​ជា​ច្រើន​ម៉ោង ដោយ​បង្គាប់​ឲ្យ​ពួកគាត់​ផ្ដិត​មេដៃ​លើ​​កិច្ច​សន្យា​ឈប់​ចូល​ទៅ​ទីតាំង​មាន​ជម្លោះ​ដីធ្លី​នៅ​ព្រះលាន​យន្ត​ហោះ​ថ្មី​ទៀត។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ទង្វើ​របស់​សមត្ថកិច្ច​នេះ​ថា ជា​ការ​គំរាម​កំហែង​បំបាក់​ស្មារតី​ពលរដ្ឋ​ និង​រំលោភ​សិទ្ធិ​មនុស្ស​ ខណៈ​អាជ្ញាធរ​ខេត្ត​នៅ​មិន​ទាន់​ដោះ​ស្រាយ​រឿង​ដីធ្លី​នេះ​ ចប់​នៅ​ឡើយ។

ការ​ដោះលែង​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​សមត្ថកិច្ច ​ខេត្ត​កណ្ដាល ​ដែល​នៅ​ប្រចាំការ​បិទ​ផ្លូវ​ចូល​ទីតាំង​ព្រះលាន​យន្ត​ហោះ​ថ្មី ឃាត់​ខ្លួន​ម្ដាយ​និង​កូន​ប្រុស​ម្នាក់ បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ដោយ​ចោទ​ពួក​គាត់​ថា​ទៅ​រារាំង​ក្រុមហ៊ុន​មិន​ឱ្យ​ឈូស​ឆាយ​ដីស្រែ។

ប្ដី​លោកស្រី ហៀង ហៀក និង​ត្រូវ​ជា​ឪពុក​កុមារា ទួន ឌីណា គឺ​លោក ទួន វណ្ណៈ ឲ្យ​ដឹង​ នៅ​ថ្ងៃ​ទី៨ កញ្ញា​ថា ប្រពន្ធ និង​កូន​ប្រុស​លោក បាន​សុំ​ប៉ូលិស​ដែល​ដាក់​រនាំង​ដែក​បិទ​ផ្លូវ​នៅ​ចំ​ពី​មុខ​ផ្ទះ ចេញ​ទៅ​រក​អុស ប៉ុន្តែ​នៅ​ពេល​ដើរ​តាម​ផ្លូវ​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់​តែ​មាន​ប៉ូលិស​មួយ​ក្រុម​ទៀត ដែល​យាម​នៅ​ប្រឡាយ​លេខ៩០ ឃាត់​ខ្លួន​ពួក​គាត់ និង​ដក​ហូត​យក​ទូរស័ព្ទ ១គ្រឿង ដោយ​សង្ស័យ​ថា មាន​ថត​សកម្មភាព​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​ស្រែ។

លោក​បន្ត​ថា ផ្ទះ​របស់​លោក ដែល​អាជ្ញាធរ​សង្ស័យ​ថា ជា​តំណាង​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នេះ ត្រូវ​បាន​សមត្ថកិច្ច​ដាក់​រនាំង​ដែក​ហ៊ុមព័ទ្ធ​ផ្លូវ​ខាង​មុខ និង​ខាង​ក្រោយ ដោយ​មិន​អនុញ្ញាត​ឲ្យ​កូន​ប្រុស​របស់​លោក ២នាក់ ចូល​ទៅ​មើល​ជីដូន​ចាស់​មាន​ជំងឺ​នៅ​ផ្ទះ​បាន​ឡើយ។

លោក យល់​ថា​ សកម្មភាព​របស់​អាជ្ញាធរ​ប្រើ​សមត្ថកិច្ច​រាប់​រយ​នាក់ ទៅ​បិទ​ផ្លូវ​គ្រប់​ជ្រក​ក្នុង​ភូមិ​កំពង់​តាឡុង ​និង​ឃាត់​ខ្លួន​ពលរដ្ឋ​បែប​នេះ គឺ​ជា​ការ​សារ​សម្លុត​គំរាម​កំហែង​ដល់​ពលរដ្ឋ​ផ្សេង​ទៀត​ ឲ្យ​ឈប់​តវ៉ា​រក​ដំណោះស្រាយ​ដីធ្លី​តទៅ​ទៀត។ លោក​បញ្ជាក់​ថា ទោះ​បី​ជា​ត្រូវ​ប្រឈម​នឹង​បញ្ហា​អ្វី​ក៏ដោយ ក៏​ប្រជា​ពលរដ្ឋ​នៅ​តែ​ប្រកាន់​ការពារ​ដី​ស្រែ​ពួកគាត់ លុះ​ត្រា​តែ​បាន​ដំណោះស្រាយ​ណាមួយ​ដែល​អាច​ទទួល​យក​បាន។

ពលរដ្ឋ​ដែល​កំពុង​ភៀស​ខ្លួន​រូប​នេះ ស្នើ​ប្រមុខ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​អូ​ស៊ី​អាយ​ស៊ី ដើម្បី​ឲ្យ​ពលរដ្ឋ​ជាង ៣០០គ្រួសារ អាច​រស់​នៅ​ប្រកប​ចិញ្ចឹម​ជីវិត ដូច​ពលរដ្ឋ​ឯ​ទៀត៖ «ខ្ញុំ​សំណូមពរ​នឹង​ទទូច​ចំពោះ​អាជ្ញាធរ​ឲ្យ​គោរព​ច្បាប់​ផង ព្រោះ​ប្រទេស​មាន​ច្បាប់​ សូម​កុំ​ធ្វើ​អ្វី​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​សូម​ប្រើ​សិទ្ធិ​ស្រប​ច្បាប់​ សិទ្ធិ​រស់​រាន​មាន​ជីវិត​ទេ។ សំណូមពរ​រាជ​រដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា​ជួយ​ដោះ​ស្រាយ​ដីធ្លី​ឲ្យ​ពួក​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​មែន​អ្នក​បំពាន​ច្បាប់​ទេ។ សូម​សម្ដេច ហ៊ុន​ សែន និង​សម្ដេច ប៊ុន រ៉ានី ជួយ​ដោះស្រាយ​ដី​ពួក​ខ្ញុំ។ បើ​សិន​ឲ្យ​ខ្ញុំ ៨ដុល្លារ​ហ្នឹង ឲ្យ​ខ្ញុំ​ទៅ​រស់នៅ​ឯណា​កើត រស់​ក៏​ស្លាប់ ស្លាប់​ក៏​ដូច​រស់​នៅ​ពេល​នេះ។ ខ្ញុំ​ទទូច​សុំ​ជា​ចុង​ក្រោយ»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ស្នងការ​នគរបាល​ខេត្ត លោក ឈឿន សុចិត្ត បាន​ទេ ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

ទាក់​ទង​នឹង​រឿង​នេះ អ្នក​នាំ​ពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក លោក សឹង សែនករុណា មាន​ប្រសាសន៍​ថា ការ​ដាក់​កម្លាំង​សមត្ថកិច្ច​រាប់​រយ​នាក់​ទៅ​ការពារ​ផល​ប្រយោជន៍​ឲ្យ​ក្រុមហ៊ុន ហើយ​បែរ​ជា​ឃាត់​ខ្លួន​ពលរដ្ឋ​ម្ចាស់​ដី នាំ​ទៅ​សាកសួរ​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​កាន់​កាប់​ដីធ្លី​ពលរដ្ឋ​ស្រប​ច្បាប់ និង​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដែល​ត្រូវ​បាន​ការ​ពារ​ដោយ​ច្បាប់​រដ្ឋធម្មនុញ្ញ។

លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ដក​កម្លាំង​ប៉ូលិស និង​កង​រាជ​អាវុធហត្ថ ចេញ​ពី​ទីតាំង​ដី​មាន​ទំនាស់​នោះ ហើយ​បន្ត​ដោះស្រាយ​វិវាទ​ជូន​ពលរដ្ឋ​ ដោយ​សន្តិវិធី តម្លាភាព និង​យុត្តិធម៌៖ «ការ​ធ្វើ​បែប​នេះ វា​រឹត​តែ​ធ្វើឲ្យ​ពលរដ្ឋ​មាន​ការ​ខឹង​សម្បារ​ជាមួយ​សមត្ថកិច្ច​ ឬ​ជាមួយ​ក្រុមហ៊ុន​ទៅ​វិញ។ ហើយ​វា​អាច​បង្ក​ឲ្យ​មាន​ហិង្សា​ផ្សេងៗ កើត​ឡើង។ អ៊ីចឹង​ហើយ! គួរ​តែ​រក​វិធី​ដោះ​ស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ដោយ​សន្តិវិធី​ ដើម្បី​បញ្ចប់​រឿង​ហ្នឹង។ បើ​មិន​អ៊ីចឹង​ទេ! ខ្ញុំ​យល់​ថា វា​មិន​អាច​ដោះស្រាយ​បញ្ចប់​បាន​ទេ នៅ​តែ​អូស​បន្លាយ។ ហើយ​ក្រុមហ៊ុន​នៅ​តែ​រាំង​ស្ទះ​លើ​ដំណើរ​ការ​អភិវឌ្ឍ​របស់​ខ្លួន​ដែរ។ មិន​អាច​អភិវឌ្ឍ​ទៅ​បាន​បាន​ទេ បើ​សិន​ជា​មិន​ការ​ព្រមព្រៀង​ពី​ពលរដ្ឋ​រស់​នៅ​តំបន់​ហ្នឹង»។

កាល​ពី​ពេល​ថ្មី​នេះ អាជ្ញាធរ​ខេត្ត​កណ្ដាល​បាន​បញ្ចេញ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាង ៦០០នាក់ ទៅ​បិទ​ផ្លូវ​ជុំវិញ​ការដ្ឋាន​សាង​សង់​ព្រះលាន​យន្តហោះ​ថ្មី​នៃ​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅ​ប្រទេស​កម្ពុជា ហៅ​កាត់ អូ.ស៊ី.អាយ.ស៊ី (OCIC) របស់​លោក ពុង ឃាវសែ ដើម្បី​រារាំង​ពលរដ្ឋ​ជាង ៣០០គ្រួសារ​កុំ​ឲ្យ​ចូល​ទៅ​រារាំង​សកម្មភាព​ក្រុមហ៊ុន​ដែល​ឈូស​ឆាយ​ដី​ស្រែ​របស់​ពួក​គាត់។

មុន​ពេល​ប្រើ​កម្លាំង​សមត្ថកិច្ច​នេះ សាលា​ខេត្ត​កណ្ដាល ចេញ​លិខិត​ជូន​ដំណឹង​មួយ​ អំពី​ការ​កាយ​ផ្ដាច់​ផ្លូវ​អម​ប្រឡាយ​លេខ៩០ គឺ​ដើម្បី​រំដោះ​ទឹក​ភ្លៀង​ចេញ​ពី​ការដ្ឋាន​ឲ្យ​បាន​ឆាប់ ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​គម្រោង​សាងសង់​ផ្លូវ​យន្ត​ហោះ​ទី១ ជា​គម្រោង​អាទិភាព។ អាជ្ញាធរ​ព្រមាន​ថា បើ​មាន​ជន​ណា​ទៅ​រារាំង​ដល់​ការ​អនុវត្ត​នេះ​ រដ្ឋបាល​ខេត្ត​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅ​ប្រទេស​កម្ពុជា ហៅ​កាត់​អូ.ស៊ី.អាយ.ស៊ី (OCIC) របស់​លោក ពុង ឃាវសែ ដែល​ជា​អ្នកជំនួញ​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​បាន​សិទ្ធិ​សាងសង់​ព្រះលាន​យន្តហោះ​ខ្នាត​អន្តរជាតិ​មួយ​នៅ​ទី​នោះ។ តាម​គម្រោង ក្រុមហ៊ុន​នឹង​សាងសង់​រួចរាល់​នៅ ឆ្នាំ២០២៣។ ព្រះលាន​យន្តហោះ​ថ្មី​នេះ វិនិយោគ​ក្នុង​ទឹក​ប្រាក់​ប្រមាណ ១.៥០០លាន​ដុល្លារ លើ​ផ្ទៃដី ២.៦០០ហិកតារ។

ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​សរុប ៣៣០គ្រួសារ នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ​បាន​អូស​បន្លាយ​ជាង ៣ឆ្នាំ​មក​ហើយ​ ដោយ​ពលរដ្ឋ​មិន​ព្រម​ទទួល​យក​សំណង​ដែល​អាជ្ញាធរ​ផ្ដល់ឲ្យ​ចន្លោះ​ពី ៣ដុល្លារ​ទៅ ៨ដុល្លារ ក្នុង​ដី​ ១ម៉ែត្រ​ការ៉េ។

ក្រុម​ប្រជាពលរដ្ឋ​ដែល​បាត់​ដីស្រែ​និង​ដី​លំនៅឋាន​ជាង ៣០០គ្រួសារ ប្រកាន់​ជំហរ​រួម​គ្នា នៅ​តែ​បន្ត​ការ​តវ៉ា​ពី​អាជ្ញាធរ​និង​រដ្ឋាភិបាល​ លុះ​ត្រា​បាន​ទទួល​ដំណោះ​ស្រាយ​សមរម្យ៕

No comments: