September 1, 2021

«ថៃ​សន្យា​ផ្ដល់​ភាព​ស្របច្បាប់​និង​​ចាក់​វ៉ាក់សាំង​​កូវីដ​-១៩​​ឲ្យ​​​​​ពលករ​​ក្រោយ​​​ការ​​ដាក់​​ញត្តិ​​ទៅ​ក្រសួង​ការងារ»​​​

ពលករខ្មែរនៅក្នុងប្រទេសថៃប្រមូលផ្តុំគ្នាដាក់ញត្តិស្នើសុំអន្តរាគមន៍ពីរដ្ឋាភិបាលថៃជួយពួកគេក្នុងពេលវិបត្តិនៃជំងឺកូវីដ១៩ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។  រូប៖ ពលករខ្មែរ​ផ្ដល់​ឱ្យ


RFA 2021-08-31

តំណាង​ពលករ​​អះអាង​​ថា ​​​​​​ក្រសួង​ការងារ​​ថៃ​បាន​​សន្យា​យល់​ព្រម​​​​​ផ្ដល់​ភាព​ស្រប​ច្បាប់ ​និង​​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​​​កូវីដ-​១៩​​​(Covid-19) ឲ្យ​​​ពលករ​ទាំង​អស់។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​ដែល​ក្រុម​ពលករ​ខ្មែរ​ជាង​៥០​នាក់ បាន​​នាំ​គ្នា​ដាក់​ញត្តិ​​​ទៅ​ក្រសួង​ការងារ កាល​ពី​ថ្ងៃ​ទី​៣០ ខែសីហា។ អ្នក​ឃ្លាំមើល​សិទ្ធិ​ពលករ​​រំពឹង​​ថា​ក្រោយ​ការ​ចាក់​វ៉ាក់សាំង​រួច ពលករ​នឹង​ឆាប់​ទទួល​បាន​ការងារ​ធ្វើ​វិញ។​​

ស្ថានភាព​ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃនៅ​តែ​មិន​ទាន់​មាន​ភាព​ប្រសើរដោយ​ភាគច្រើន​មិន​ទទួល​បាន​អត្ថប្រយោជន៍​ពី​ក្រសួង​ការងារ​ថៃ និង​មិន​ទាន់​បាន​ចាក់​វ៉ាក់​សាំង​​បង្ការ​ជំងឺ​កូវីដ-​១៩ ​នៅ​ឡើយ​ទេ។

ប្រធាន​មូលនិធិ​​ពលករ​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃលោក ស៊ុន សីហា ឲ្យ​ដឹង​នៅថ្ងៃទី៣១ ខែសីហាថា​​ តំណាង​ពលករ​ប្រហែល​ ៥០ ​នាក់បាន​​ជួបជុំ​គ្នា​ នៅ​​ថ្ងៃ​ទី​៣០ ខែសីហា និង​បាន​យក​ញត្តិ​ដាក់​ជូន​ក្រសួង​ការងារ​ថៃ​ ដើម្បី​សុំ​ឲ្យ​មាន​ការ​គិតគូរ​​ដល់​ពលករ​កំពុង​ជួប​ទុក្ខ​លំបាក​ក្នុង​ការដ្ឋាន​​សំណង់ និង​នៅ​តាម​បន្ទប់​ជួល​។ លោក​បន្ត​ថា ក្រុម​ពលករ​បាន​ថ្លែង​សារ​ពី​ទុក្ខ​កង្វល់​ជា​ច្រើន​នៅ​មុខ​ក្រសួង​ការងារ​ថៃ ពិសេស​គឺ​ការ​ទាមទារ​ឲ្យ​​​​អាជ្ញាធរ​ថៃ​​កុំ​រើស​អើង​ពលករ និង​ត្រូវ​​ផ្ដល់​សេវា​សុខាភិបាល​​ឲ្យ​បាន​ស្មើ​ភាព​គ្នា​ ដោយ​មិន​ត្រូវ​ទុក​ពលករ​ខ្មែរ​ដែល​ឆ្លង​ជំងឺ​កូវីដ-​១៩ ចោល​នោះទេ។

ប៉ូលិស​ថៃមិន​បាន​​​រារាំង មិន​បង្ក​ភាព​រញ៉េរញ៉ៃ​​​ រុញ​ច្រាន រំខាន​​ ឬ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ដល់​ការ​ដាក់​ញត្តិ​របស់​ពលករ​ឡើយ​​។ ក្រោយ​​ពី​បាន​ថ្លែង​សារ​ចប់​រួច​រាល់ ក្រុម​ពលករ​បាន​ដាក់​ញត្តិ​ទៅ​​ក្រសួង​ការងារ​ថៃ ហើយ​​អាជ្ញាធរ​ថៃ ​ក៏​បាន​ហៅ​តំណាង​ពលករ​ចូល​ជួប និង​សន្យា​អន្តរាគមន៍​ជួយ​​ពលករ​ឲ្យ​អស់​ពី​លទ្ធភាព៖ «ស្នើ​ឲ្យ​ពិនិត្យ​មើល​ទៅ​លើ​ការដ្ឋាន​សំណង់​មួយ​ចំនួន ដែល​ពួកគាត់​ស្នាក់នៅ​មិន​សម​សម្រាប់​មនុស្ស​នៅហើយ​អនាម័យ​ហ្នឹង​វា​អត់​ល្អ​។ មុជ​ទឹក​អាង​នៅ​កណ្ដាល​វាល​រួម​គ្នា​ មួយ​រយ ឬ​ពីរ​រយ​នាក់​រួម​គ្នា​អ៊ីចឹង​ទៅ​ ហើយ​ការ​ប្រើ​បង្គន់​ហ្នឹង គឺ​បង្គន់​សង់​ពី​​បាំង​ស័ង្កសី​ដែល​គ្មាន​អនាម័យ ហើយ​បង្គន់​បី​ បួន ប្រាំ ប្រើ​មនុស្ស​បី បួន​រយ​នាក់ ហើយ​គ្មាន​អនាម័យ ដែល​ងាយ​ស្រួល​ឆ្លង​ជំងឺ​កូវីដ​១៩ ទៅ​​ដល់​ពលករ​យើង»។

លោក ស៊ុន សីហា បន្ថែម​ទៀត​ថា ​បន្ទាប់​ពី​ទទួល​បាន​ការ​សន្យា​នេះ​ហើយ​ ពលករ​មាន​​ភាព​កក់​ក្ដៅ​​​ជាង​មុន​ និង​ខិតខំ​បន្ត​ទ្រាំ​រស់​នៅ​រង់​ចាំ​​ធ្វើការ​បន្ត​ទៀត នៅក្នុង​ប្រទេស​ថៃ។ ទោះ​​ជា​យ៉ាង​ណា តំណាង​ពលករ​រូប​នេះឲ្យ​ដឹង​ថា ​ពួកគាត់គ្មាន​បំណង​ដាក់​ញត្តិ​ទៅ​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ​ទេ ដោយសារ​​មិន​មាន​ភាព​ជឿជាក់​ថា​ មន្ត្រី​នៃ​ស្ថានទូត​អាច​ជួយ​ពលករ​បាន​។

កាល​ពី​ចុង​ខែ​មិថុនា ក្រុម​មូលនិធិ​ពលករ​ខ្មែរ​ធ្លាប់​បាន​ដាក់​ញត្តិ​ទៅ​រដ្ឋ​សភា​ថៃ និង​គណៈ​រដ្ឋ​មន្ត្រី​ថៃម្ដង​ហើយ ដើម្បី​​ស្នើសុំ​ឲ្យ​មាន​​​ដំណោះស្រាយ​ជុំវិញ​​បញ្ហា​​ប្រឈម​នៃ​វិបត្តិ​ជំងឺ​កូវីដ​-១៩។ កាល​នោះ​ក្រុម​ពលករ​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ថៃ យក​ចិត្ត​ទុក​ដាក់​ជួយ​​ផ្គត់ផ្គង់​​ម្ហូប​អាហារ​ និង​​សេវា​ព្យាបាល​ជំងឺ​កូវីដ១៩​ដល់​ពលករ​​ឲ្យ​បាន​សមរម្យ។

ជុំវិញ​បញ្ហា​នេះវិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃលោក អ៊ូក សោភ័ណ្ឌ និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហ​​ប្រតិបត្តិ​ការ​អន្តរ​ជាតិលោក កុយ គួង បាន​ទេ នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា។ តែ​យ៉ាង​ណាលោក​ កុយ គួង បាន​ប្រាប់​សារ​ព័ត៌មានវីអូឌី​(VOD)​ថា​ មន្ត្រី​ស្ថានទូត​​តែងតែ​​យក​អំណោយ​ចែក​​ឲ្យ​​​ពលករ​​កំពុង​ជួប​ការ​លំបាក​ទីទ័ល​ខ្លាំង និង​​​ទាក់ទង​ទៅ​​​​អាជ្ញាធរ​​មូលដ្ឋាន​របស់​ថៃ​ ដើម្បី​ស្នើសុំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ជួយ​​ដោះស្រាយ​បញ្ហា​នានា​របស់ពលករ។

អ្នក​ឃ្លាំមើល​សិទ្ធិ​ពលករទទួល​ស្គាល់​ថា ​ស្ថានទូត​ខ្មែរ​ និង​អាជ្ញាធរ​ថៃ បាន​យក​ចិត្ត​ទុក​ដាក់​​ខ្លះ ដល់​ពលករ​ខ្មែរ​មែន នៅ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ តែ​​នៅ​​តិច​តួច​ និង​មិន​​ទាន់​គ្រប់​គ្រាន់​តម្រូវ​ការ​ជា​មូលដ្ឋាន​របស់​ពលករ​នៅ​ឡើយ​។

មន្ត្រី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស​(Central)​ប្រចាំ​​ប្រទេស​ថៃលោក លឹង សុផុន លើក​ទឹក​ចិត្ត​ឲ្យ​​មន្ត្រី​ស្ថានទូត​ខ្មែរ ធ្វើ​សកម្មភាព​ជួយ​ពលករ​ឲ្យ​បាន​ច្រើន​ជាង​នេះ និង​​ជួយ​ឧបត្ថម្ភ​ស្បៀង​អាហារ​ឲ្យ​បាន​ច្រើន​បន្តិច ដើម្បី​​លើក​ទឹក​ចិត្ត​​ដល់​ពលករ​​ខ្មែរ ដែល​កុំ​ឲ្យ​ធ្វើ​ដំណើរ​ទាំង​ប្រថុយ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ។

លោកយល់​ថា ​ប្រសិន​បើ​មន្ត្រី​ស្ថានទូត​ខ្មែរមាន​ភាព​សកម្ម​ខ្លាំង ​ដោយ​​ចែក​អំណោយ​ដល់​ពលករ​ និង​​រក​វ៉ាក់សាំង​​ចាក់​​ឲ្យ​ពលករ​​តាំង​ពី​ដំបូង នោះ​ពលករ​នឹង​មិន​សម្រុក​ទៅ​ស្រុក​វិញ​ច្រើន​ទេ ហើយ​បញ្ហា​ប្រឈម​របស់​ពលករ​​ក៏​​សូវ​​​ធ្ងន់ធ្ងរ​ខ្លាំង​ដូច​បច្ចុប្បន្ន​​ដែរ៖ «ខ្ញុំ​គិត​ថា ​បងប្អូន​ពលករ​ខ្មែរ ​ប្រហែល​ជា​​មិន​ត្រឡប់​ទៅ​ខ្មែរ​ច្រើន​អ៊ីចឹង​ទេ បើ​សិន​ជា​គាត់​ (ស្ថានទូត)​មាន​វិធានការ​ណា​មួយ​ដើម្បី​ទប់​ស្កាត់​រឿង​ហ្នឹង​។ កន្លង​មក​បងប្អូន​ ដែល​ឆ្លង​កូវីដ​ហើយ ដែល​គាត់​មិន​ដឹង​ថា​ ​គាត់​ជា​ពី​កូវីដ​ហើយ គាត់​ទៅ​ចាក់​វ៉ាក់សាំង​នៅ​កន្លែង​ណា ឬ​មួយ​គាត់​ដែល​កំពុង​តែ​ឆ្លង​កូវីដ​ហ្នឹង​មិន​ដឹង​ទៅ​ព្យាបាល​នៅ​កន្លែង​ណា គឺ​​គាត់​តែងតែ​ព្រួយ​បារម្ភ​។ គាត់​តែងតែ​សង្ឃឹម​ថា​ ត្រឡប់​ទៅ​ខ្មែរ​ហើយ បាន​ចាក់​វ៉ាក់សាំង»។

របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន្ត​បង្ហាញ​ថា​ គិត​ចាប់​ពី​ខែ​ធ្នូ ឆ្នាំ២០២០ ដល់​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១ មាន​ពលករ​​ បាន​វិល​ត្រឡប់​ពី​ប្រទេស​​ថៃ ​ជាង​បួន​ម៉ឺន (៤៤.០០០)​នាក់ ចូល​មក​កម្ពុជា​។ ​​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​ប្រទេស​ថៃបាន​ថយ​ចុះ ពី​ជាង​ពីរ​ម៉ឺន​(​២០.០០០)​នាក់ ក្នុង​មួយ​ថ្ងៃ​មក​នៅ​ជាង​មួយ​ម៉ឺន​បួន​ពាន់​ (១៤​.០០០)​នាក់​។ ទោះ​យ៉ាង​ណា រដ្ឋាភិបាល​ថៃ​​នៅតែ​បន្ត​វិធានការ​​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ដដែល​ ប៉ុន្តែ​​បាន​​បន្ធូរ​បន្ថយ​វិធានការ​​​តឹងរ៉ឹង​នៅ​តំបន់​មួយ​ចំនួន​​ ដោយបើកឱ្យមនុស្សអាចធ្វើដំណើរឆ្លងខេត្តបាន ចាប់​​ពី​ថ្ងៃ​១ ខែ​កញ្ញា តទៅ​​៕

No comments: