September 1, 2021

ពលករ​ខ្មែរ​នៅ​ម៉ាឡេស៊ី៩​នាក់បាន​វិលមក​កម្ពុជា​វិញ​តាម​រយៈទូតខ្មែរ ប៉ុន្តែ​ពលករ​ជា​ច្រើន​នៅ​តែ​ត្អូញត្អែ​រឿង​គ្មាន​លុយ​បង់​ថ្លៃ​រត់ការ

ពលករខ្មែរនៅប្រទេសម៉ាឡេស៊ីមុនពេលធ្វើដំណើរមកកាន់ប្រទេសកម្ពុជាវិញតាមរយៈការជួយសម្របសម្រួលពីស្ថានទូតខ្មែរកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។  រូប៖ ក្រសួងការបរទេសកម្ពុជា


ដោយ មួង ណារ៉េត RFA 2021-08-30

ពលករ​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី ៩នាក់ បានវិល​មក​កម្ពុជា​វិញ ដោយ​មានការ​សម្រប​សម្រួល​ពី​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី ប៉ុន្តែ​ពលករ​ជាច្រើន នៅ​តែ​ត្អូញ​ត្អែ​​រឿង​គ្មាន​លុយ​បង់​ថ្លៃរត់ការ​ឲ្យ​មន្រ្តី​ស្ថានទូត​ ដើម្បីជួយ​សម្រួល​ដំណើរ​វិល​ទៅ​កម្ពុជា​វិញ។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បានដក​ស្រង់​ប្រសាសន៍​អ្នកនាំពាក្យ​ក្រសួង​ការបរទេសលោក កុយ គួង កាលពី​ថ្ងៃទី២៩ ខែសីហា ថា​ពលករខ្មែរទាំង៩នាក់នេះ​ ជួបការ​លំបាក​​ក្នុងអំឡុង​នៃ​ការ​រីករាលដាល​នៃជំងឺកូវីដ-១៩ ទើប​ពួកគាត់​ចង់ត្រឡប់​មក​កម្ពុជា​វិញ។ ក្នុង​នោះ​ពលករ ៨ នាក់​បាន​មក​ដល់​កម្ពុជា​កាលពីថ្ងៃទី២៩ ខែសីហា និង​មួយនាក់ទៀតមក​ដល់ថ្ងៃទី៣០ ខែសីហា។

មន្រ្តីក្រសួង​ការបរទេស​ដដែលបញ្ជាក់​ថា ក្នុងរយៈពេល ៦​ ខែ ដើមឆ្នាំនេះ​ ស្ថានទូត​បានជួយ​អន្តរាគមន៍​បញ្ជូនពលករខ្មែរ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ត្រឡប់​មក​កម្ពុជា​វិញ​បាន​ ៣៣២ នាក់។

ក្នុង​ពេល​ជាមួយគ្នា​នេះ ប្រភព​ដដែល​បន្តថា ភាគីកម្ពុជា​បាន​ជួយ​សង្គ្រោះស្រ្តីខ្មែរ​ ១២ នាក់​ ដែល​ជា​ជន​រងគ្រោះ​ដោយ​សារ​ការជួញដូរ​មនុស្ស​នៅ​ប្រទេស​ចិនផងដែរ។ លោក កុយ គួង ថា​ស្ថានទូត​ខ្មែរ​នៅ​ក្រុងឆុងឈីង ប្រទេសចិន សហការ​ជាមួយ​អាជ្ញាធរ​ចិន ដើម្បី​បញ្ជូន​ស្រ្តីទាំងនេះ​ មក​ដល់​កម្ពុជា​វិញ​នៅដើមខែកញ្ញា​នេះ។

ទោះបី​ជា​អាជ្ញាធរ​ខ្មែរ​អះអាងថា បានជួយ​អន្តរាគមន៍​ ដើម្បី​សម្រួល​ឲ្យពលករ​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​វិល​មក​កម្ពុជា​វិញ​ខ្លះ​ក៏​ដោយ ក៏​ពលករ​មួយ​ចំនួន​ថ្មីៗនេះ​បាន​ត្អូញត្អែ​ពីការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​មន្រ្តីស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ការកេង​ប្រវ័ញ្ច​ផលប្រយោជន៍​របស់​ពួកគាត់​ ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ។ ពលករ​ទាំងនោះ​អះអាង​ថា ពួកគេត្រូវ​បង្ខំចិត្ត​ខ្ចីបុល​គេ​ ដើម្បី​បាន​ប្រាក់​បង់​ឲ្យ​មន្រ្តីស្ថាន​ទូត ឲ្យ​ជួយ​សម្រួល​ដំណើរ​វិល​ទៅកម្ពុជាវិញ។ ខ្លះទៀត ត្អូញ​ត្អែ​ថា ​ពួក​គាត់​គ្មាន​ប្រាក់​បង់ថ្លៃរត់​ការ​នេះ​ទេ ព្រោះត្រូវ​ចំណាយ​រហូត​ដល់​ជាង ១ពាន់៦រយដុល្លារ (១.៦៥០) ទៅ​ឲ្យ​អ្នក​រត់​ការ។ មានពលករខ្លះ ត្រូវចាញ់​បោក​បុគ្គល ដែល​ពួកគាត់​អះអាងថា ជា​មន្រ្តីទូត​ ដោយ​ត្រូវ​បង់ប្រាក់​ប្រមាណ ៨០០ ដុល្លាររួច មន្រ្តីនោះ​បែរ​ជា​យក​ប្រាក់​របស់​ពួកគាត់​ រួចក៏​គេចវេះ​ពីការ​ទទួល​ខុស​ត្រូវ។

ស្ថាន​ឯកអគ្គរាជទូតកម្ពុជា​ ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី២៥ សីខែហា បាន​ច្រានចោល​ការ​លើក​ឡើង​របស់​ពលករ ហើយ​បញ្ជាក់​ថា មន្ត្រី​ស្ថានទូត​មិន​បាន​កេង​ចំណេញ​ផលប្រយោជន៍​នោះ​ទេ ហើយ​ចាត់ទុក​ករណីនេះ​ជា​ការ​យល់​ច្រឡំ​។

ទោះជាយ៉ាងនេះក្ដី ពលករ​ខ្មែរ​ជា​ច្រើន​នាក់ ដែល​កំពុង​ធ្វើ​ការ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ ចង់​ឃើញ​ស្ថានទូត​ខ្មែរ​បញ្ឈប់​បុគ្គល ​ដែល​ទាមទារ​ប្រាក់​ពី​ពួកគាត់​ហួសហេតុជា​ថ្នូរ​នឹង​ការ​ជួយ​សម្របសម្រួល​បញ្ជូន​ពួកគាត់​ទៅ​ស្រុក​ខ្មែរ​វិញនេះ​៕

No comments: