September 8, 2021

មន្ត្រី​ក្រសួង​មហាផ្ទៃ៖ ពេទ្យ​ណែនាំ​ឲ្យ​លោក រ៉ុង ឈុន ដែល​កំពុង​ជាប់​ពន្ធនា​គារ​វះ​កាត់​ភ្នែក

រូបឯកសារ៖ លោក រ៉ុង ឈុន ​ប្រធាន​សហភាព​សហ​ជីព​កម្ពុជា ប្រើ​មីក្រូ​និយាយ ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​មួយ​ក្នុងជម្លោះ​រវាង​កម្មករ និង​ម្ចាស់​រោងចក្រ ​នៅ​ក្បែរ​គេហដ្ឋាន​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០២០។ (AP Photo/Heng Sinith) 


ស៊ុន ណារិន | VOA Khmer, 07 កញ្ញា 2021

ភ្នំពេញ — លោក រ៉ុង ឈុន មេដឹកនាំ​សហ​ជីព ដែល​កំពុង​ជាប់​ពន្ធនាគារ ពី​«បទញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» រឿង​ព្រំដែន​ ត្រូវ​បាន​ពេទ្យ​ជំនាញ​ណែនាំ​ឲ្យ​វះ​កាត់​ភ្នែក​របស់​លោក​ ក្រោយ​ភាព​ស្រវាំងកាន់​តែ​ធ្ងន់ធ្ងរ។ នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធនា​គារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សាវនា។

លោក នុត សាវនា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​លោក រ៉ុង ឈុន ត្រូវ​បាន​បញ្ជូន​ទៅ​ពិនិត្យ​ភ្នែក​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី កាល​ពី​កន្លង​ទៅ ហើយ​ពេទ្យ​ជំនាញ​តម្រូវ​ឲ្យ​វះ​កាត់​ភ្នែក​ខាង​ស្តាំ​របស់​លោក​ដែល​មាន​បញ្ហា ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​ភ្នែកខាង​ឆ្វេង។ លោក​បន្ថែម​ថា​ក្រុម​គ្រូពេទ្យ​កំពុង​រក​ពេល​វេលា​សមរម្យ ដើម្បី​វះកាត់។

លោក​ថ្លែង​ថា៖ «គាត់​អត់​មាន​ប្រកែក​អី​ទេ យើង​ជួយ​សម្រួល​ដល់​ការ​វះ​កាត់ ហើយ​យើង​ក៏​បាន​ស្នើ​ទៅ​ពេទ្យ​ដែរ ដើម្បី​ដាក់​កម្មវិធី ដាក់​ពេល ណាត់​ពេទ្យ ដើម្បី​ផ្តល់​សេវា​វះកាត់​ជូន​គាត់»។

លោក នុត សាវនា បញ្ជាក់​បន្ថែម​ថា​នេះ​គ្រាន់​តែ​ជា​ការ​ព្យាបាល​តិច​តួច មិន​មែន​ធ្ងន់​ធ្ងរ​នោះ​ទេ ដែល​មិន​តម្រូវ​ឲ្យ​ជូន​ដំណឹង​ដល់​ក្រុម​គ្រួសារ​ឡើយ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ ​អ្នកស្រី​ អ៊ុក​ ឆាយ៉ាវី ដែល​ស្និទ្ធ​នឹង​លោក រ៉ុង ឈុន បាន​ថ្លែង​ថា​ លោក រ៉ុង ឈុន បាន​ហៅ​ទូរស័ព្ទ​មក​អ្នកស្រី កាលពី​ថ្ងៃ​ចន្ទ ទី​៦ ខែ​កញ្ញា ហើយ​ប្រាប់​ថា​ពេទ្យ​បាន​ឲ្យ​ថ្នាំ​បន្តក់​ភ្នែក ដោយ​លោក​ប្រាប់​ថា​«​កុំ​បារម្ភ»​អំពី​សុខ​ភាព​របស់​លោក។ ប៉ុន្តែ​អ្នកស្រី​មិន​ទាន់​មាន​ព័ត៌មាន​ថា​លោក​នឹង​ត្រូវ​វះ​កាត់​ភ្នែក​ឬ​យ៉ាង​ណា​ឡើយ។

អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថា​លោក រ៉ុង ឈុន ឈឺ​ភ្នែក​ខាង​ស្តាំ ហើយ​លោក​មាន​បញ្ហា​ភ្នែក​យូរ​មក​ហើយ។ អ្នកស្រី​បាន​ទទូច​សុំ​អាជ្ញាធរ​ពាក់​ព័ន្ធ​ទាំង​អស់​អនុញ្ញាត​ឲ្យ​លោក រ៉ុង ឈុន បាន​នៅ​ក្រៅ​ឃុំ ហើយ​អាច​សម្រាក​ព្យាបាល​ភ្នែក ដោយ​មាន​ការ​មើល​ថែ​ពី​អ្នក​ជិត​ស្និទ្ធនឹង​លោក។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «សូម​ឲ្យ​មាន​ការ​យោគ​យល់​ដល់​លោក រ៉ុង ឈុន ដោយ[សារ]​គាត់​មិន​មែន​[ប្រព្រឹត្ត​]​ជា​បទ​ល្មើសអ្វី​ទេ គាត់​គ្រាន់​តែឈឺ​ឆ្អាល​ក្នុង​បញ្ហា​សង្គម​…អញ្ចឹង​គួរ​តែ​គាត់​នៅ​ក្រៅ​ឃុំ ដើម្បី​ឲ្យ​ពួកយើង​ខ្ញុំ​ដែល​ជា​ក្រុម​ការងារ​ហ្នឹង​បាន​ទៅ​ជួយ​ថែទាំ​សុខភាព​គាត់​ដែរ​»។

គួរ​បញ្ជាក់​ថា​កាល​ពី​ខែសីហា តុលាការ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​លោក ​រ៉ុង ឈុន ​ឲ្យ​ជាប់​ពន្ធនា​គារ​២​ឆ្នាំ ពី​«បទញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម»​ ពាក់ព័ន្ធ​នឹង​ការ​ចុះ​ទៅ​ពិនិត្យ​មើល​ព្រំដែន និង​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ដ៏​ចម្រូង​ចម្រាស​អំពី​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ខេត្ត​ត្បូង​ឃ្មុំ។ អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​រូប​នោះត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​៣១ ខែ​កក្កដា ឆ្នាំ​២០២០៕

No comments: