September 1, 2021

គ្រួសារ​អ្នក​ជាប់​ឃុំ​បារម្ភ​​សុខទុក្ខ​សាច់​ញាតិ ក្រោយ​រក​ឃើញ​ជំងឺ​កូវីដ​បំប្លែង​ថ្មី​ឌែលតា​លើ​អ្នក​ទោស

សមាជិក​គ្រួសារ និង​អ្នក​គាំទ្រ​ នាំ​គ្នា​ទៅ​លើក​ទឹក​ចិត្ត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​សកម្មជន​ដីធ្លី ដែល​នគរបាល​នាំ​ទៅ​សាលាដំបូង​ខេត្ត​ត្បូង​ឃ្មុំ នៅ​ព្រឹក​​ថ្ងៃ​ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។  Photo Provided


ដោយ មួង ណារ៉េត RFA 2021-08-30

គ្រួសារ​អ្នក​​ជាប់​​ឃុំ​​បារម្ភ​​អំពី​សុខ​ភាព និង​​សុខទុក្ខ​សាច់​​ញាតិ​ជា​ខ្លាំង ក្រោយ​ពេល​ក្រសួង​សុខាភិបាល​រក​ឃើញ​ជំងឺ​កូវីដ​បំប្លែង​ថ្មី​ឈ្មោះ​ឌែលតា (Delta) ឆ្លង​លើ​អ្នក​ទោស​នៅ​ក្នុង​ពន្ធនា​គារ។ អាជ្ញាធរ​ពន្ធនាគារ អះអាង​ថា អ្នក​ជាប់​ឃុំ​នៅ​ពន្ធនា​គារ​ខេត្ត​បន្ទាយ​មាន​ជ័យ ឆ្លង​ជំងឺ​កូវីដ​ប្រភេទ​ឌែលតា។ មន្ត្រី​​​​សង្គម​​​​ស៊ីវិល​ទទូច​ដល់​មន្ត្រី​ពន្ធនាគារ​ផ្តល់​ព័ត៌មាន​ដល់​​គ្រួសារ​អ្នក​ជាប់ឃុំ​ដោយ​តម្លាភាព និង​ស្នើ​​ឱ្យ​​​​អាជ្ញាធរ​​​ពាក់​​​ព័ន្ធ​​អនុវត្ត​​នីតិវិធី​​ដោះ​​លែង​​ទណ្ឌិត​​ដោយ​​មាន​​លក្ខខណ្ឌ​ឱ្យ​បាន​ឆាប់ ​ដើម្បី​កាត់​បន្ថយ​បញ្ហា​ប្រឈម​ដោយសារ​ជំងឺ​វីដ១៩ នៅ​ក្នុង​ពន្ធនាគារ។

ក្រុម​គ្រួសារ​​របស់​អ្នក​ជាប់​ឃុំ​ដោយ​មូលហេតុ​នយោបាយ កំពុង​ព្រួយ​បារម្ភ​ជាថ្មី​ម្តង​ទៀត​​ពី​​​ស្ថានភាព​អ្នក​ជាប់​ឃុំ បន្ទាប់​ពី​ទទួល​ដំណឹង​ថា ជំងឺ​កូវីដ​១៩​បំប្លែង​ថ្មី​ឈ្មោះ​ឌែលតា ឆ្លង​ចូល​ដល់​ក្នុង​​ពន្ធនាគារ។

ប្រពន្ធ​​របស់​​​លោក ម៉ក់ សំអាន គឺ លោកស្រី ប៉ុយ ចាន់លី ប្រាប់​​​​អាស៊ី​សេរី​នៅ​ថ្ងៃទី៣០ សីហា ថា​ប្តី​លោក​​ស្រី​​បាន​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល ៨ខែ​ទាំង​អយុត្តិធម៌ និង​បាន​​​ឆ្លង​​ជំងឺ​​កូវីដ១៩ នៅ​ក្នុង​ពន្ធនាគារ​មាត់ឃ្មង់ ខេត្ត​ត្បូងឃ្មុំ។ លោកស្រី​បន្ត​​ថា​​​ មន្ត្រី​​ពន្ធនាគារ​មិន​​អនុញ្ញាត​​ឱ្យ​​ប្តី​​លោកស្រី​​ទូរស័ព្ទ​​មក​​គ្រួសារ​នោះ​ទេ រហូត​មក​ដល់​ពេល​នេះ ដែល​ធ្វើ​ឱ្យ​លោក​ស្រី​បារម្ភ​សុខ​ភាព និង​សុខទុក្ខ​ប្តី​ដោយ​ខ្លាច​មន្ត្រី​ពន្ធនាគារ​មិន​បាន​មើល​ថែ និង​ព្យាបាល​ដិត​ដល់។ ​ ​លោក​​ស្រី​​បន្ត​​​ស្នើ​​​ដល់​​​តុលាការ​​ឱ្យ​​ដោះ​​លែង​​​ប្តី​​លោក​ស្រី​វិញ ព្រោះ​​គាត់​​​មិន​​បាន​​​ប្រព្រឹត្ត​​​កំហុស​​ដូច​​ការ​​ចោទ​​ប្រកាន់​​នោះ​​ឡើយ៖ «ឮ​ថា​គាត់​កើត​កូវីដ​អារម្មណ៍​ខ្ញុំ​ទប់​ខ្លួន​ឯង​មិន​បាន​ផង ឃើញ​គាត់​នៅ​ក្នុង​នោះ​មិន​ដឹង​យ៉ាង​មិច​យ៉ាង​ម៉ា​នៅ​ក្រៅ​ទៅ​យើង​ស្ទុះ​ស្ទា​រក​ពេទ្យ​​រក​ អ៊ីចឹង​នៅ​ក្នុង​នោះ​មិន​ពេលណា​បាន​គេ​ឱ្យ​ថ្នាំ​លេប​ ពន្យារ​កុំ​ឱ្យ​គាត់​ក្តៅ​ខ្លួន ឬ​មួយ​កុំ​ឱ្យ​ឈឺ​ក្បាល​ធ្ងន់ធ្ងរ​រៀប​មិច នៅ​តែ​បារម្ភ​ពី​សុខ​ទុក្ខ​របស់​គាត់​ព្រោះអី​គាត់​មាន​ជំងឺ​ប្រចាំ​កាយ»។

ស្រដៀង​គ្នា​នេះ​ដែរ ប្រពន្ធ​របស់​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ដែល​កំពុង​ជាប់​ពន្ធនាគារ​ខេត្ត​កណ្តាល លោក គឹម បូរិន គឺ​លោក​ស្រី ទ្រី ស្រីមុំ ប្រាប់​ថា ចាប់​តាំង​ពី​អាជ្ញាធរ​ខេត្ត​នេះ​ចាប់​ខ្លួន​ប្តី​ដាក់​ពន្ធនាគារ​មក លោកស្រី​មិន​អាច​ទាក់ទង ឬ​ទទួល​ដំណើរ​ណា​មួយ​ពី​ប្តី​នៅ​ឡើយ​ទេ ដោយ​បាន​ត្រឹម​តែ​ផ្ញើ​ម្ហូប​អាហារ​ប៉ុណ្ណោះ ។ លោក​ស្រី​ព្រួយ​បារម្ភ​សុខភាព​ប្តី​ខ្លាច​ឆ្លង​ជំងឺ​កូវីដ១៩​បំប្លែង​ថ្មី​នេះ ក្រោយ​ទទួល​ដំណឹង​នៅ​តាម​ពន្ធនាគារ​មាន​អ្នក​ទោស​ឆ្លង​ជំងឺ​នេះ។ បច្ចុប្បន្ន​លោក​ស្រី​ត្រូវ​ទទួល​បន្ទុក​ចិញ្ចឹម​កូន​តូច​បី​នាក់​ដោយ​ស្នើ​ទៅ​តុលាការ​ដោះលែង​ប្តី​លោក​ស្រី នៅ​ក្រៅ​ឃុំ​ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ និង​ជួយ​ផ្គត់ផ្គង់​គ្រួសារ​ដែល​កំពុង​លំបាក​លំបិន​នេះ៖ «ត្រូវ​ចិញ្ចឹម​កូន​តូចៗ​បីនាក់​ព្រោះ​កាល​ប្តី​នៅ​គាត់​ជា​ជំហរ​គ្រួសារ​ទាំង​មូល​ដល់​ពេល​គាត់​ជាប់​អ៊ីចឹង​ពិបាក​ទាំង​ជីវភាព​ពិបាក​គ្រប់​សព្វ ខ្ញុំ​ស្នើ​ឱ្យ​តុលាការ​ដោះ​លែង​ប្តី​ខ្ញុំ​មក​វិញ»។

ឆ្លើយ​តប​រឿង​នេះ អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​​ពន្ធនាគារ​នៃ​ក្រសួង​មហា​ផ្ទៃ លោក នុត សាវនា ថ្លែង​ថា ស្ថាន​ភាព​ផ្ទុះ​រាល​​ដាល​ជំងឺ​កូវីដ​១៩​នៅ​តាម​ពន្ធនាគារ​បាន​ថយ​ចុះ​ហើយ ប៉ុន្តែ​អ្នក​ជាប់​ឃុំ​ថ្មី ចំនួន​១០​នាក់​នៅ​ពន្ធនាគារ​បន្ទាយជ័យ​​បាន​​ឆ្លង​​ជំងឺ​​វីដ១៩​​បំប្លែង​​ថ្មី​ប្រភេទ​ឌែលតា។ លោក​​បន្ត​​ថា អ្នក​​ជាប់​​ដែល​អ្នក​ឆ្លង​អាជ្ញាធរ​បាន​ញែក​ពួក​គាត់​ដាក់​ដោយ​ឡែក ដោយ​យក​ចិត្ត​ទុក​ដាក់​ព្យា​បាល និង​ផ្តល់​ចំណី​អាហារ និង​បង្កើន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ជា​ដើម ។ លោក​ឱ្យ​ដឹង​ថា ខាង​ពន្ធនាគារ​កំពុង​រៀប​ចំ​នីតិ​វិធី​គ្រប់គ្រង និង​ដំឡើង​ប្រព័ន្ធ​ទូរស័ព្ទ​អចល័ត​បាន​ចំនួន​៣ទីតាំង​ហើយ​គឺ​ពន្ធនាគារ​រាជធានី​ភ្នំពេញ មណ្ឌល​កែ​ប្រែ​ទី១ និង​ទី២ ហើយ​នឹង​បន្ត​នៅ​តាម​ពន្ធនាគារ​ខេត្ត​ផ្សេង​​ទៀត៖ «យើង​ក៏​មិន​ធ្វេស​ប្រហែស​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ​បំប្លែង​ថ្មី​នេះ​ដែរ ដោយ​សារ​មាន​ប្រភេទ​បំប្លែង​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​អាជ្ញាធរ​ពន្ធនាគារ​យើង​មាន​ការ​លំបាក​ក្នុង​ការ​សម្រប​សម្រួល​ឱ្យ​ជីវភាព​ជន​ជាប់​ឃុំ​ហ្នឹង​គាត់​បាន​ទំនាក់​ទំនង​អី​ទៅ​ខាង​ក្រៅ​ជា​មួយ​សាច់​ញាតិ​គាត់​ឡើង​វិញ»។

ជុំវិញ​​រឿង​​នេះ នាយក​​​​រង​​​​ទទួល​​​​បន្ទុក​​​​ផ្នែក​​​​សិទ្ធិ​​​​មនុស្ស​​​នៃ​​​​អង្គការ​លីកាដូ (LICADHO) ​លោក អំ សំអាត មាន​​​​ប្រសាសន៍​​​​ថា ការ​ផ្តល់​ព័ត៌មាន​មិន​ច្បាស់​លាស់​ពី​សំណាក់​អាជ្ញាធរ​ពន្ធនាគារ បាន​ធ្វើ​ឱ្យ​សាច់ញាតិ​អ្នក​ជាប់​ឃុំ​ខ្វល់ខ្វាយ​បន្ថែម​ទៀត។ លោក​យល់​ថា​ការ​ផ្តល់​ដំណឹង​ឬ​ទំនាក់​ទំនង​ឱ្យ​គ្រួសារ​ពួក​គេ​ដឹង​ពី​ស្ថាន​ភាព​ជំងឺ​កូវីដ​១៩ មិន​ប៉ះ​ពាល់​ដល់​សន្តិ​សុខ​នៅ​ក្នុង​ពន្ធនាគារ​ទេ។ មន្ត្រី​​​សង្គមស៊ីវិល​រូប​នេះ​ថា សេចក្តី​សម្រេច​របស់​ក្រសួងយុត្តិធម៌​មិន​គួរ​អូស​បន្លាយ​ក្នុង​ស្ថាន​ភាព​ឆ្លង​រីករាល​ដាល​ជំងឺ​កូវីដ​ទៀត​ទេ ដោយ​លោក​​​​ទទូច​​ដល់​អាជ្ញាធរ​​​ពាក់​​​ព័ន្ធ​​ពន្លឿន​ការ​អនុវត្ត​​នីតិវិធី​​ដោះ​​លែង​​ទណ្ឌិត​​​ដោយ​​មាន​​លក្ខ​​ខណ្ឌ ព្រម​​ទាំង​​ដោះ​​​លែង​​អ្នក​​​ជាប់​​​ឃុំ​​​កម្រិត​​ទោស​​​ស្រាលៗ និង​​​អ្នក​​​ជាប់​​​ឃុំ​​​បណ្ដោះអាសន្ន ដើម្បី​​​កាត់​​បន្ថយ​​​បញ្ហា​​​ចង្អៀត​​ណែន ​និង​​​ហានិភ័យ​នៃ​ការ​​​ឆ្លង​​​ចូល​​​ក្នុង​​​ពន្ធនាគារ៖ «កូវីដ​បំប្លែង​ថ្មី​នេះ​វា​លឿន​ជាង​កូវីដ​មុន អ៊ីចឹង​កាល​ណា​វា​ជ្រៀត​ចូល​ក្នុង​ពន្ធនាគារ​ការ​ឆ្លង​គឺ​វា​លឿន នេះ​ជា​ការ​បារម្ភ​របស់​ក្រុម​គ្រួសារ​និង​យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធ​មនុស្ស​ហ្នឹង ខ្ញុំ​គិត​ថា​បើ​ព័ត៌មាន​តម្លា​ភាព​វា​ក៏​អាច​ជួយ​សម្រាប់​ខាង​ពន្ធនាគារ​ទាក់​ទង​មាន​សប្បុរសជន​ឬ​អង្គ​ការ​ជាតិ​និង​អន្តរ​ជាតិ​ណា​ពាក់​ព័ន្ធ​អាច​ជួយ​គ្នា​បាន​ជួយ​ទៅ អា​ហ្នឹង​ជា​រឿង​ល្អ​មួយ​ដែរ​ ក្នុង​ការ​ចូល​រួម​ទប់​ស្កាត់​ការ​រីក​រាល​ដាល​កូវីដ១៩​ហ្នឹង»។

គិត​ត្រឹម​ថ្ងៃ​ទី​២៨ សីហា ក្រសួង​សុខាភិបាល​បាន​​​ប្រកាស​​​​រក​​​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ បំប្លែង​ថ្មី​ឈ្មោះ​ឌែលតា (Delta) មាន​ជិត​២ពាន់​​នាក់ ( ១.៧៥២) ​​​ដោយ​​​​ក្នុង​ចំណោម​​​នោះ​​​​ក៏​មាន​ពិរុទ្ធជន ឬ​អ្នក​ទោស​នៅ​ក្នុង​​ពន្ធនាគារ​​ផង​​ដែរ ប៉ុន្តែ​ក្រសួង​សុខាភិបាល មិន​បាន​បញ្ជាក់​អំពី​ចំនួន​ជាក់​លាក់ និង​នៅ​ពន្ធនាគារ​ណា​មួយ​នោះ​ទេ។

កន្លង​មក មាន​ពន្ធនាគារ​​​​ប្រមាណ​​១០​​​កន្លែង​ហើយ​ដែល​​​​មាន​​​​អ្នក​​​​ជាប់​​​​ឃុំ និង​​​​មន្ត្រី​​​​អនុរក្ស​​ពន្ធនាគារ​​ជា​​ច្រើន​​​នាក់ ​​ឆ្លង​​​​ជំងឺ​កូវីដ​នេះ ក្នុង​​​នោះ​​​​រួម​​មាន​​​​ពន្ធនាគារ​​​នៅ​ភ្នំពេញ ខេត្ត​​​កណ្តាល កំពង់​ស្ពឺ និង​​​ខេត្ត​​​យ​ចំនួន​​​​ទៀត ដោយ​បណ្តាល​ឲ្យ​អ្នក​ជាប់​ឃុំ​ជិត​១០នាក់​បាន​ស្លាប់។​ ចំណែក​តួលេខ​​​អ្នក​ជាប់​ឃុំ​ដែល​​ឆ្លង​ជំងឺ​កូវីដ​​​សរុប​វិញ ​​អាជ្ញាធរ​ពន្ធនាគារ​​​មិន​​​បាន​​​ឱ្យ​​ដឹង​​ពី​​តួលេខ​ជាក់​លាក់​​​នោះ​​ទេ ដោយ​​​បញ្ជាក់​​ត្រឹម​​​ថា មាន​​​ចន្លោះ​​ពី ១០% ទៅ២០% នៃ​​​អ្នក​​​ជាប់​​​ឃុំ​​​នៅ​​​តាម​​កន្លែង​​នីមួយៗ បាន​ឆ្លង​ជំងឺ​កូវីដ៕

No comments: