August 25, 2021

បទសម្ភាសន៍៖ មន្ត្រី HRW ថា ការចោទប្រកាន់​ថា​អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស​អន្តរជាតិ​ប្រឆាំង​នឹង​​គម្រោង​​អភិវឌ្ឍ​នៅ​កម្ពុជា​គឺ​​ជា​​ការ​ប្រមាថ

នាយកផ្នែក​តស៊ូមតិ​ប្រចាំតំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ សម្ភាស​តាម​ទូរស័ព្ទ​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។  រូប៖ HRW


ដោយ មាន ឫទ្ធិ RFA 2021-08-25

មន្ត្រី​អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) ថា ការចោទប្រកាន់​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល ដែលថា ​អង្គការ​របស់​លោក​​ប្រឆាំងទៅ​នឹង​​ការ​អភិវឌ្ឍ​នៅ​​កម្ពុជា គឺ​ជា​ការ​ប្រមាថ។ មន្ត្រី​រូបនោះ គូសបញ្ជាក់​​ថា អ្វីដែល​អង្គការ​​របស់​លោក​​ចង់​ឃើញ​​នៅ​មុន​ការ​អភិវឌ្ឍ​គម្រោង​ណាមួយ​​នោះ គឺ​ការ​ពិគ្រោះយោបល់​​ឱ្យ​បាន​ពេញលេញ​​ជាមួយ​​គ្រប់​ភាគី​ពាក់ព័ន្ធ​​ដើម្បី​​បញ្ចៀស​​នូវ​​ផលប៉ះពាល់​​នានា​បណ្តាល​​មក​ពី​​គម្រោង​នោះ។ មន្ត្រី​ដដែល​ពន្យល់​ថា ទំនប់​វារីអគ្គិសនី​​មិនមែន​​ជា​ដំណោះស្រាយ​​បៃតង​​ចំពោះ​​បរិស្ថាន​​នោះទេ។

ជាបន្តទៅទៀតនេះ សូម​អញ្ជើញ​លោក​អ្នកនាង​ស្តាប់​បទសម្ភាសន៍​រវាងលោក មាន ឫទ្ធិ និង​លោក ចន ស៊ីហ្វថុន (John Sifton) នាយកផ្នែក​តស៊ូមតិ​ប្រចាំតំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ ជុំវិញ​របាយការណ៍​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភសិទ្ធិមនុស្ស​បណ្តាល​មកពី​ការសាងសង់​ទំនប់វារីអគ្គិសនី​សេសាន​ក្រោម២ ដូចតទៅ៖

លោក មាន ឫទ្ធិ៖ ថ្មីៗនេះ អង្គការ​របស់​លោក​ទើប​បាន​ចេញផ្សាយ​របាយការណ៍​មួយ​ស្តីពី​ផលប៉ះពាល់​ផ្នែកសិទ្ធិមនុស្ស​នៃ​គម្រោង​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ចិន​នៅ​កម្ពុជា ដោយ​យក​ករណី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម ២ ធ្វើ​ជា​ករណីសិក្សា។ អង្គការ​របស់​លោក​បាន​វាយតម្លៃ​ថា មាន​អំពើរំលោភ​សិទ្ធិមនុស្ស​ជាច្រើន ជាពិសេស​ពាក់ព័ន្ធនឹង​សិទ្ធិ​សេដ្ឋកិច្ច សិទ្ធិសង្គម និង​សិទ្ធិ​វប្បធម៌។ សូមលោក​ជួយ​ពន្យល់​ត្រួសៗ​ប្រាប់​អ្នកស្តាប់​របស់​យើង​បន្តិចមើល ជុំវិញ​ការរកឃើញ​ទាំងនេះ?

លោក ចន ស៊ីហ្វថុន៖ របាយការណ៍​នេះ​ពិនិត្យ​មើល​យ៉ាងលម្អិត​ទៅលើ​ការណ៍ដែល​គម្រោង​នេះ​ប៉ះពាល់​ដល់​ពលរដ្ឋ​មូលដ្ឋាន និង​ជនជាតិ​ដើម​ភាគតិច​ដែល​បាន​បាត់បង់​ទីជម្រក​ដោយសារ​ការសាងសង់​ទំនប់​នេះ ព្រមទាំង​ការប៉ះពាល់​ដល់​សហគមន៍​នៅផ្នែក​ខាងលើ និង​ខាងក្រោម​ទំនប់​នេះ ផងដែរ។ ជាក់ស្តែង ចំណូល​របស់​ពួកគេ​បាន​មកពី​ការនេសាទ​ត្រី បាន​ធ្លាក់ចុះ​ដោយសារតែ​ទំនប់​នេះ​ប៉ះពាល់​ដល់​បន្លាស់ទី និងការបង្កកំណើត​របស់​ពូជត្រី​សំខាន់ៗ​ជាច្រើន។ វា​ក៏​កំពុង​ប៉ះពាល់​ដល់​ទន្លេមេគង្គ​ទាំងមូល​ផងដែរ។ យើង​រកឃើញថា គ្មានឡើយ​ការផ្តល់​សំណង​សមរម្យ​ចំពោះ​ផលខូចខាត​ទាំងអស់​នេះទេ។ ពលរដ្ឋ​ដែល​រស់នៅ​ក្រៅ​តំបន់​ដែល​រង​ការបន្លាស់ទី ពុំ​ទទួលបាន​សំណងទេ។ រីឯ ពលរដ្ឋ​ដែល​រស់​នៅ​ក្នុងតំបន់​ដែល​រង​ការបន្លាស់ទី ទទួលបាន​សំណង​មិនសមរម្យ។ ទោះបីជា​ពួកគេ​ទាំងនោះ ទទួលបាន​ផ្ទះ​នៅ​ឯភូមិថ្មី​ក៏ដោយ ក៏ប៉ុន្តែ ភូមិថ្មីនោះ​ស្ថិតនៅ​តំបន់​រីងស្ងួត​ឆ្ងាយ​ពី​ទន្លេ ដែល​ពួកគេ​ពិបាក​នឹង​ធ្វើស្រែចម្កា​ចិញ្ចឹមជីវិត។

ចំណុច​សំខាន់នោះ​គឺ​ស្ថិតនៅត្រង់​ថា ពលរដ្ឋ​រាប់ពាន់​នាក់ ធ្លាក់​ក្នុងជីវភាព​កាន់តែ​អាក្រក់ និង​លំបាកលំបិន​សព្វថ្ងៃ​នេះ​ដោយសារតែ​ទំនប់វារីអគ្គិសនី​នេះឯង។ ប្រសិន​បើអ្នក​ប្រៀបធៀប​ទៅនឹង​អត្ថប្រយោជន៍​នៃ​អគ្គិសនី​ដែល​ទទួល​បាន​មក​ពី​ការសាងសង់​ទំនប់នេះ មាន​សំណួរ​ច្រើន​ណាស់​ដែលគេ​អាចសួរ​នាំ​អំពី​ថាតើ​គេគួរតែ​សាងសង់​ទំនប់​នេះ​ដែរឬទេ? ពីព្រោះ​យើងកំពុង​និយាយពី​ទឹកប្រាក់​រាប់សិប​លានដុល្លារ​ដែល​បាត់បង់​ទៅ​ដោយសារ​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា។ តើ​ទំនប់​នេះ​មាន​តម្លៃ​សម​នឹង​សាងសង់​ដែរឬទេ? អ្វីទៅ​ជា​អត្ថប្រយោជន៍​នៃ​ទំនប់​នេះ? បើតាម​ដែល​យើង​ដឹង រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​ចិនដែល​បាន​សាងសង់​ទំនប់​នេះ មិន​បាន​ពិគ្រោះយោបល់​ពី​ការវិភាគ​ផ្នែកសេដ្ឋកិច្ច ដើម្បី​ពិនិត្យ​មើលថា​តើ​ទំនប់​នេះ​សម​នឹង​តម្លៃ​នៃ​ការសាងសង់​នោះ​ដែរឬទេ។

លោក មាន ឫទ្ធិ៖ បាទ! កម្ពុជា​បាន​បដិសេធ​ពី​រឿង​រំលោភសិទ្ធិមនុស្ស​ពាក់ព័ន្ធនឹង​ការសាងសង់​ទំនប់​នេះ។ ខ្ញុំ​បាន​សាកសួរទៅ​មន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ហើយ​លោក​បាន​ហៅ​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​​របស់​លោក​ថា មាន​ចេតនា​បម្រើឱ្យ​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​ជាក់លាក់ ក្នុងគោលដៅ​ដើម្បី​ធ្វើ​វិទង្សនា​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា។ តើ​លោក​ឆ្លើយតប​បែបណា​ដែរ​ចំពោះ​ការលើកឡើង​នេះ? ម្យ៉ាងវិញទៀត មន្ត្រី​ដដែល​នេះ​បាន​ផ្តល់​អំណះអំណាង​ថា ក្រៅពី​ការណ៍​ដែល​ទំនប់​នេះ​ផ្តល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជា​ជារួម ទំនប់​នេះ​ក៏​ជួយ​ធានាថា កម្ពុជា​សម្រេចបាន​នូវ​គោលដៅ​សន្តិសុខ​ថាមពល​តាមរយៈ​ថាមពល​កកើតឡើងវិញ ដែល​កម្ពុជា​គួរតែ​ទទួលបាន​ការសរសើរ​ជាជាង​ការរិះគន់។ មន្ត្រី​ដដែល​ចោទសួរ​ថាតើ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ចង់ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​រស់​នៅ​ដោយ​ប្រើ​ចង្កៀង​ប្រេងកាត ដូច​កាលពីក្នុង​អំឡុង​សម័យ​ទសវត្សរ៍ ១៩៨០ ឬយ៉ាងណា។ តើលោក​បកស្រាយ​បែបណាដែរ​ចំពោះ​អំណះអំណាង​ទាំងនេះ?

 លោក ចន ស៊ីហ្វថុន៖ មន្ត្រី​រូបនោះ គួរតែចេះ​​ខ្មាស់អៀន​ខ្លួនឯង​ក្នុងការ​និយាយអះអាង​តាម​បែប​ក្មេងបៀម​ដៃ និង​មិនសម​ទំនង​​យ៉ាងដូច្នេះ អំពី​អង្គការឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃស៍ វ៉ច្ឆ របស់​យើង។ យើង​គឺជា​អង្គការ​សិទ្ធិមនុស្ស ដែល​មិនប្រកាន់​និន្នាការ​នយោបាយ ឬ​បក្សសម្ព័ន្ធ ហើយ​បំពេញ​ការងារ​នៅក្នុង​ប្រទេស​ជាច្រើន​នៅទូទាំង​ពិភពលោក ដែល​មាន​ប្រព័ន្ធ​នយោបាយ​ផ្សេងៗគ្នា មាន​ប្រព័ន្ធ​រដ្ឋាភិបាល​ផ្សេងៗគ្នា រាប់​ចាប់តាំងពី​នៅ​ប្រទេសអាហ្វហ្កានីស្ថាន (Afganistan) រហូតដល់​ប្រទេសប៉េរូ (Peru) ពី​ប្រទេសស៊ីរី (Syria) រហូតដល់​ប្រទេស​អាព្រិក​ខាងត្បូង (South Africa) ជាដើម។ យើង​ពុំមាន​របៀបវារៈ​នយោបាយ​អ្វីឡើយ ហើយ​វារិតតែគ្មាន​ទៅទៀត​កុំថាឡើយ​ដល់​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ ក្រៅតែពី​ធ្វើការ​ដើម្បី​លើកកម្ពស់​វិស័យ​សិទ្ធិមនុស្ស និង​ជាពិសេស​គឺ​ពាក់ព័ន្ធ​នឹង​ផលប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​នេះឯង។

យើង​មិនមែន​ថា កម្ពុជា​មិនគួរ​អភិវឌ្ឍន៍​សមត្ថភាព​ផលិត​អគ្គិសនី​ដោយខ្លួនឯង​នោះទេ។ ផ្ទុយទៅវិញ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ ថែមទាំង​បាន​ឈានដល់​ទៅ​ស្នើថា មនុស្សគ្រប់រូប​មាន​សិទ្ធិ​ក្នុងការ​ទទួលបាន​​អគ្គិសនី​ប្រើប្រាស់ រួមទាំង​ជំរុញ​ឱ្យ​​មនុស្ស​ទូទៅ​ទទួលបាន​នូវសិទ្ធិ​ជាច្រើន​កាន់តែឆាប់រហ័ស​ទៀតផង។ ឥឡូវនេះ​អគ្គិសនី​បានក្លាយ​ជា​តម្រូវការ​ប្រើប្រាស់​ចាំបាច់​ដូចជា​ទឹក​អញ្ចឹងដែរ ដែល​ចាំបាច់​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ។ សំណួរគឺ​នៅត្រង់ថា តើយើង​ត្រូវ​ផលិត​អគ្គិសនី​បាន​ដោយរបៀបណា? តើ​យើង​ត្រូវ​ទទួលបាន​អគ្គិសនី​ពីណាមក? ហើយថាតើ​មាន​ផលប៉ះពាល់​អ្វីខ្លះ​ដែល​នឹង​កើតមាន​ឡើង​នៅពេល​ដែល​អ្នកសម្រេច​ចិត្ត​ធ្វើ​ដូច្នោះ។ ជាឧទាហរណ៍ យើង​មិន​គិតថា ចាំបាច់​ត្រូវសាងសង់​រោងចក្រ​ផលិតអគ្គិសនី​ដោយ​ការដុតធ្យូង​នោះទេ។ យើង​ក៏​មិន​ជឿ​ថា ទំនប់​វារីអគ្គិសនី​នេះ គួរ​តែត្រូវបាន​សាងសង់​នោះទេ។ ប្រហែលជាអាចថា ទំនប់​វារីអគ្គិសនី​អាចសាងសង់​នៅកន្លែង​ផ្សេង ឬក៏​កាត់ទន្លេ​ដែល​មាន​ផ្ទៃអាង​ទប់ទឹក​តូចជាងនេះ ហើយ​មាន​ឧបករណ៍​ទ្វារទឹក​អាច​ឲ្យ​ត្រី​ហែល​ឆ្លងកាត់​បាន ជាដើម។ ខ្ញុំ​ចង់​មានន័យថា យើង​មាន​បំណង​ចង់​ពិភាក្សា​អំពី​ជម្រើស​ផ្សេងទៀត។ ក៏ប៉ុន្តែ​ការណ៍​ដែល​និយាយថា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃស៍ វ៉ច្ឆ បែរជា​ប្រឆាំង​នឹង​ការអភិវឌ្ឍ​នៅ​កម្ពុជា​ទៅវិញនោះ គឺជា​ការប្រមាថ​ដល់​បុគ្គលិក​របស់​យើង​ដែល​បាន​ធ្វើការងារ​អស់​ជាច្រើន​ទសវត្ស​មកហើយ ដើម្បី​ចងក្រងអំពី​អំពើឃោឃៅ​របស់​ក្រុមខ្មែរក្រហម ចងក្រងអំពើ​រំលោភ​បំពាន​សិទ្ធិមនុស្សនានា​ក្នុងបរិបទ​នៃ​ការបោះឆ្នោត ក្នុងបរិបទ​ពាក់ព័ន្ធនឹង​សិទ្ធិ​របស់​ជនជាតិដើម​ភាគតិច អស់ជាច្រើន​ទសវត្ស​មកហើយ គិតចាប់តាំងពី​ទសវត្ស​ទី៨០​មក។

លោក មាន ឫទ្ធិ៖ បើលោក​ជា​មន្ត្រី​កម្ពុជា​វិញ អញ្ចឹង តើ​លោក​ធ្វើដូចម៉េច​ដើម្បី​ធានា​ឱ្យ​កម្ពុជា​មាន​​សន្តិសុខ​ថាមពល ខណៈ​រក្សា​នូវ​តុល្យភាព​ផ្នែក​សិទ្ធិមនុស្ស ដោយ​ពុំមាន​ការរំលោភ​សិទ្ធិណាមួយនោះ?

លោក ចន ស៊ីហ្វថុន៖ បាទ! នោះហើយ​គឺជា​អ្វី​ដែល​យើង​ចាំបាច់​ត្រូវតែ​ពិគ្រោះយោបល់​ម្តងហើយ​ម្តង​ទៀត។ អ្នកត្រូវតែ​ពិគ្រោះយោបល់​ជាមួយ​ក្រុមអ្នកជំនាញ​ផ្នែកថាមពល ក្រុមអ្នកជំនាញ​ផ្នែកបរិស្ថាន និង​ពលរដ្ឋ​រងផលប៉ះពាល់ ជាពិសេស​ជនជាតិដើម​ភាគតិច ដែល​រង​ផលប៉ះពាល់​ពីគម្រោង។ គឺ​តាមរយៈ​ការពិគ្រោះយោបល់​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធនេះហើយ ដែល​អនុញ្ញាតឱ្យ​អ្នកអាច​ធ្វើសេចក្តីសន្និដ្ឋាន​អំពីវិធីសាស្ត្រ​ដ៏ល្អបំផុត​ក្នុងការ​ផលិត​អគ្គិសនី​តាមតម្រូវការ​ចាំបាច់។ ដូចជាថា មានតម្រូវការ​អគ្គិសនី​នៅ​តំបន់​ប្រជុំជន ដែល​ចាំបាច់​ត្រូវ​តែ​ផលិត​ក្នុងទ្រង់ទ្រាយ​ធំ។ ក៏ប៉ុន្តែ ក៏មាន​តម្រូវការអគ្គិសនី​នៅតាម​ទីជនបទ ដែល​អាច​ដោះស្រាយ​បាន​តាមរយៈ​ផលិតកម្ម​ទ្រង់ទ្រាយ​តូចដោយប្រើ​ផ្ទាំងសូឡា​ស្រូប​យក​ពន្លឺ​ពី​ព្រះអាទិត្យ​នៅតាម​ផ្ទះ​នីមួយៗ និង​ដោយ​រោងចក្រផលិត​អគ្គិសនី​ជាដើម។ អ្វីដែលយើង​ដឹង​អំពី​ទំនាក់ទំនង​រវាង​បរិស្ថាន និង​ផលិតកម្ម​ថាមពល បញ្ជាក់ថា ដំណោះស្រាយ​តែងតែ​ស្មុគស្មាញ។ ដំណោះស្រាយ​ទាំងនោះ​មាន​ជាច្រើន​ទម្រង់​ផ្សេងៗគ្នា។ វាជាដំណោះស្រាយ​ដែលពេលខ្លះទៅ អ្នកប្រើប្រាស់​វិធីសាស្ត្រ​សាងសង់​ទំនប់​វារីអគ្គិសនី ហើយពេលខ្លះទៀត អ្នកប្រើប្រាស់​ផ្ទាំងសូឡា​ស្រូប​ពន្លឺ​ពីព្រះអាទិត្យ​ខ្លះទៅ។ ហើយ​ក៏​ផ្តោត​ជា​សំខាន់​លើ​ប្រសិទ្ធភាព ។ល។ និង ។ល។ ខ្ញុំ​ចង់មានន័យថា មិនមាន​ដំណោះស្រាយ​មួយ​ជាក់លាក់​នោះទេ។ ការសាងសង់​ទំនប់​វារីអគ្គិសនី​ដ៏ធំមួយ មិន​អាច​ដោះស្រាយ​បញ្ហា​អគ្គិសនី ឬ​ថាមពល​បាននោះទេ។ អ្នកចាំបាច់​ត្រូវ​អនុវត្តតាម​ជំហាន​ជាក់លាក់ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ដែល​អ្នកចង់បាន។ ក៏ប៉ុន្តែ កម្ពុជា​ពុំបាន​ចាត់វិធានការ​ទាំងអស់​នេះទេ។ ដូចគ្នា​អញ្ចឹងដែរ គំនិតផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ចិន ក៏​មិនបាន​ចាត់វិធានការ​ដូច្នេះ​ដែរ។ ពួកគេ​គ្រាន់តែ​សម្រេចចិត្ត​លើ​គម្រោង​ធំមួយ ហើយ​ពួកគេ​មិន​បាន​ស្តាប់​ការតវ៉ា ឬកង្វល់​នានា​ឡើយ។ ក៏ប៉ុន្តែ សូមកុំ​ច្រឡំ​ឱ្យ​សោះថា ដោយមិនខ្វល់​ពីកង្វល់​នានា​របស់​ជនជាតិដើម​ភាគតិច ដោយ​មិន​ខ្វល់ខ្វាយ​ពី​កង្វល់​របស់​ពួកគេ និង​បង្ខំ​ឱ្យ​ពួកគេ​ទទួល​យក​សំណង​ដែល​មិន​សមរម្យ រដ្ឋាភិបាល​និង​ក្រុមហ៊ុន​សាងសង់ កំពុងតែ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ហើយ។ នេះ​មិនមែន​ជា​សេចក្តីសម្រេចចិត្ត​ផ្នែក​គោលនយោបាយ​ទេ។ តែវាជា​បញ្ហា​ផ្លូវច្បាប់។

លោក មាន ឫទ្ធិ៖ និយាយ​ពី​រឿង​គំនិតផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ចិន​វិញ យើង​ដឹងថា ក្នុង​អំឡុង​ឆ្នាំ២០១៩ ក្រុមមេដឹកនាំ​ចិន​បាន​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ជាថ្មី​របស់​ពួកគេ​ថា ពួកគេ​នឹង​ប្រយ័ត្នប្រយែង​ជាងមុន​​ដោយធានា​ថា រាល់​គម្រោងនានា​ពាក់ព័ន្ធនឹង​គំនិតផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ​នេះ នឹង​គោរព​បរិស្ថាន មាន​តម្លាភាព និង​ការទទួល​ខុសត្រូវ​ឱ្យបាន​ប្រសើរ​ជាងមុន​ជាដើម។ ដោយ​យក​ករណីសិក្សា​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២​នេះ ធ្វើ​ជា​ឧទាហរណ៍ តើ​លោក​គិតថា​ចិន​បាន​កែប្រែ​ឥរិយាបថ​របស់​ខ្លួន ហើយងាក​មក​ធ្វើតាម​ការប្តេជ្ញាចិត្ត​ដូច្នេះ​ដែរឬទេ​នាពេលនេះ? តើ​វាមានន័យ​យ៉ាងដូចម្តេច​ដែរ​ចំពោះ​គម្រោងនានា​របស់​ចិន​នៅ​កម្ពុជា ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវនេះ ជារួមនោះ?

លោក ចន ស៊ីហ្វថុន៖ បាទ! ចិន​នៅ​មិនទាន់​ធ្វើតាម​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​នេះ​នៅឡើយទេ។ យើង​ត្រូវ​ទាមទារ​ឱ្យ​ចិន​ធ្វើតាម​អ្វីដែល​ពួកគេបាន​សន្យា​អះអាង​នេះ។ ក៏ប៉ុន្តែ ប្រសិនបើ​ពួកគេ​ចង់​ធ្វើឱ្យបាន​ត្រឹមត្រូវ ពួកគេ​ចាំបាច់​ត្រូវតែ​ស្វែងរក​ជំនួយ។ ពួកគេ​ចាំបាច់​ត្រូវ​ស្នើសុំ​ជំនួយ​ពី​អង្គការ​សង្គមស៊ីវិល និង​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​នានា​ដូចជា​ធនាគារ​ពិភពលោក (World Bank) ជាដើម ដែលជាអ្នក​បាន​យល់ច្បាស់​​អំពី​វិធីសាស្ត្រ​នានា​ដែល​ត្រូវធ្វើ​ចំពោះ​រឿងរ៉ាវ​ទាំងអស់​នេះ​ឱ្យ​កាន់តែ​ប្រសើរឡើង ជាជាង​អ្វីដែល​ចិន​កំពុងធ្វើ​នាពេលនេះ​ក្រោម​គំនិតផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ពួកគេ។ មែនទែនទៅ គឺ​ធនាគារពិភពលោក និង​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ ដឹងអំពី​របៀប​នៃ​ការពិគ្រោះយោបល់។ កម្រិត​ធនាគារ​ពិភពលោក​នេះ ក៏នៅមាន​បញ្ហា​មួយ​ចំនួន​នៅឡើយ​ដែរ។ តែ​យ៉ាងហោចណាស់​ពួកគេ​មាន​យន្តការ​តវ៉ា​ច្បាស់លាស់។ យ៉ាងហោចណាស់ ពួកគេ​មាន​គោលនយោបាយ និង​របៀបរបប​ក្នុងការ​បញ្ចៀស​នូវ​ការតវ៉ា​ណាមួយ។ តាមការពិតទៅ ធនាគារ​ពិភពលោក បាន​ណែនាំ​​មិនឱ្យ​សាងសង់​ទំនប់​វារីអគ្គិសនី​ប្រភេទនេះទេ ដែល​វា​មានន័យ​គ្រប់គ្រាន់​ណាស់ទៅហើយ​ឱ្យ​យើងដឹង​ពី​ផលខូចខាត​ជាច្រើននោះ។ អ្នកដឹងទេ វារីអគ្គិសនីនេះ មាន​សមត្ថភាព​ផលិត​អគ្គិសនី​បានត្រឹមតែ ៤០០ មេហ្កាវ៉ាត់ ប្រៀបធៀប​ទៅនឹង​ទំហំ​នៃ​ការបាត់បង់​ទីជម្រក និង​បរិមាណ​បម្រុងទឹកទុក ដែល​វាបង្កើតបាន​ គឺខុសគ្នាឆ្ងាយ។ ទាំងនេះ យើងនៅ​មិនទាន់​និយាយ​ដល់​រឿងធ្វើឱ្យ​ប្រែប្រួល​អាកាសធាតុ​នៅឡើយ​ផង។ ខ្ញុំ​សូម​បញ្ជាក់​ថា ទំនប់វារីអគ្គិសនី​បញ្ចេញ​នូវ​ឧស្ម័ន​ផ្ទះកញ្ចក់​ដ៏សម្បើម ដោយសារតែ​សារធាតុ​ផុយស្រួយ​នៃ​រុក្ខជាតិ​នានា នៅពេល​ដែលត្រូវ​លិចលង់​ដោយសារ​ទំនប់​នេះ។ ដូច្នេះ អ្នកដឹងហើយ​ថា វាមិនមែន​ជា​គម្រោង​បៃតង​ស្អីគេ​នោះឡើយ៕

No comments: