August 27, 2021

តើ​ជំនួយ​វ៉ាក់សាំង​ចិន​ផ្តល់​ដល់​កម្ពុជា​អាច​អូសទាញ​ទឹកចិត្ត​ពលរដ្ឋ​ខ្មែរ​ឱ្យ​គាំទ្រ​ចិន​បាន​ដែរឬទេ?

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) (ស្ដាំ)។ AFP


ដោយ មួង ណារ៉េត RFA 2021-08-26

ចាប់​តាំងពី​ពេល​ដែល​ប្រទេស​កម្ពុជា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​-១៩ គេ​សង្កេត​ឃើញ​ថា ទំនាក់ទំនង​រវាង​កម្ពុជា​និង​ចិន ហាក់​មាន​ភាព​ជិតស្និទ្ធ​កាន់តែ​ខ្លាំង​ឡើងៗ ជាច្រើន​កំរិត​ថែមទៀត​។ ចិន​ជា​ប្រទេស​ឈានមុខ​គេ​នៅ​ក្នុង​ការ​ផ្តល់​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ ដល់​កម្ពុជា​នៅក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។ ជំនួយ​វ៉ាក់សាំង​របស់​ចិន បាន​គ្រប​ដណ្តប់​ទៅ​លើ​ជំនួយ​វ៉ាក់សាំង​របស់​ប្រទេស​ផ្សេងៗ​ទៀត ដែល​ផ្តល់​ឱ្យ​កម្ពុជា។ ប្រទេស​ចិន​ក៏​ជា​ទីផ្សារ​ផ្គត់ផ្គង់​វ៉ាក់សាំង​ដែល​កម្ពុជា​បាន​បញ្ជា​ទិញ​ច្រើន​ជាង​គេ​បង្អស់​។ ក្រៅពី​ផ្តល់​ជំនួយ​វ៉ាក់សាំង សម្ភារៈ បរិក្ខារ​ពេទ្យ និង​លក់​វ៉ាក់សាំង ដែល​រដ្ឋាភិបាល​កម្ពុជា ថា មាន​តំលៃ​ថោក​ឱ្យ​កម្ពុជា ចិន​ក៏​បាន​បញ្ជូន​ក្រុម​គ្រូពេទ្យ​ជំនាញ មក​ជួយ​បណ្តុះបណ្តាល​បច្ចេកទេស ដល់​គ្រូពេទ្យ​ខ្មែរ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩ ទៀត​ផង។

តើ​ជំនួយ​របស់​ចិន ដែល​ផ្តល់​ដល់​កម្ពុជា​ទាំងអស់​នេះ អាច​អូសទាញ​ទឹកចិត្ត​ពលរដ្ឋ​ខ្មែរ​ឱ្យ​គាំទ្រ​ចិន​បាន​ដែរ​ឬទេ​?

តាមរយៈ​សកម្មភាព​មនុស្ស​ធម៌ ដែល​ចិន​កំពុង​ធ្វើ​មក​លើ​កម្ពុជា​នៅ​ពេល​នេះ ចិន​គួរ​ណាស់​តែ​ទទួល​បាន​នូវ​ការ​ស្រឡាញ់​ពេញចិត្ត ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ជាទូទៅ​។ ប៉ុន្តែ​តាម​ការអង្កេត​ជាក់ស្តែង ពលរដ្ឋ​ខ្មែរ​ហាក់​នៅតែ​យល់ឃើញ ថា​ចិន​ជាស​ភាវៈ​អាក្រក់​មួយ មិន​ទាន់​ល្អ​គ្រប់គ្រាន់ ដែល​ត្រូវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជាទូទៅ​គួរ​លើក​តម្កើង និង​ផ្តល់​ក្តី​ស្រឡាញ់​ឱ្យ​អស់ពីដួងចិត្ត​នៅឡើយ៖ «ចិន​មិន​ត្រឹមតែ មិន​ខ្វល់ខ្វាយ​ពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ប៉ុន្តែ ជំនួយ​ចិន​កំពុង​ទាញ​លទ្ធិប្រជាធិបតេយ្យ​ក​ម្ពុ​ជា​ឱ្យ​ដើរ​ថយក្រោយ​។ ចិន​មិន​ខ្វល់​ពី​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​។ ចិន​កំពុង​ជួយ​ជំរុញ​ឱ្យ​មាន​របប​ផ្ដាច់ការ​នៅ​កម្ពុជា និង​ពិភពលោក​។ ចិន​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ជនជាតិ​ចិន​តែង​បង្ក​អ​សន្តិសុខ​នៅ​ស្រុក​ខ្មែរ​។ ក្រុមហ៊ុន​ចិន​ចូលរួម​ចំណែក​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​របស់​ខ្មែរ​។ ពលរដ្ឋ​ខ្មែរ​យំ​ស្រែក​បាត់បង់​ដីធ្លី​ដោយសារតែ​ក្រុមហ៊ុន​ចិន​។ ចិន​កំពុង​ទាញ​ខ្មែរ​ចូលក្នុង​ហានិភ័យ​នៃ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​។ ចិន​ជា​ប្រភព​នាំ​ជំងឺ​កូ​វីដ​-១៩ ដល់​កម្ពុជា​និង​ពិភពលោក​» ។​ល​។ ទាំងអស់​នេះ​សុទ្ធសឹងតែ​ជា​ពាក្យពេចន៍​មួយ​ចំនួន ដែល​គេ​ធ្លាប់​បានឮ​ពលរដ្ឋ​ខ្មែរ​និយាយ ហាក់​សំដែង​ការ​មិន​ពេញចិត្ត​ចំពោះ​ចិន»។

តែ​ទោះជា​យ៉ាងនេះ​ក្ដី គេ​ក៏​ឃើញ​មាន​ដែរ អ្នក​ដែល​និយាយ​សរសើរ​ចិន។ ពាក្យ​សរសើរ​ចិន មាន​ដូចជា ថា​ចិន​ជា​អ្នក​រួមចំណែក​សំខាន់ ក្នុង​ការជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា​។ ចិន​ជា​អ្នក​ផ្តល់​ជំនួយ​ច្រើន​ជាងគេ​ដល់​កម្ពុជា​។ ចិន​ជា​អ្នក​សាងសង់​ផ្លូវថ្នល់ និង​ស្ពាន​ច្រើន​និង​វែង​ជាងគេ​នៅ​កម្ពុជា​។ ជំនួយ​របស់​ចិន​គ្មាន​លក្ខខណ្ឌ​ស្មុគស្មាញ។ ចិន​គោរព​អធិបតេយ្យភាព​កម្ពុជា​។ ចិន​មិន​ជ្រែ​ត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។ ចិន​មិន​ចូលចិត្ត​ប្រដែប្រដៅ និង​ចិន​លេង​ស្មើមុខស្មើមាត់​នឹង​កម្ពុជា ជាដើម។

ភាគច្រើន​នៃ​ពាក្យពេចន៍​សរសើរ​ទាំង​អស់នេះ គឺ​គេ​តែង​ឮ​ចេញពី​មាត់​របស់​ក្រុម​អ្នក​ជិតស្និទ្ធ​នឹង​ចិន រួមមាន​ទាំង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល​របស់​លោក និង​មន្ត្រី​នៃ​បក្ស​កាន់អំណាច​ដែល​កំពុង​ទទួល​បាន​លាភសក្ការៈ និង​ការ​គាំទ្រ​ពី​សំណាក់​ប្រទេស​ចិន។

ដូច្នេះ ប្រហែលជា​គេ​អាច​ធ្វើ​ការ​សន្និដ្ឋាន​បាន​ថា នៅក្នុង​ក្រសែភ្នែក​របស់​ពលរដ្ឋ​ខ្មែរ គឺ​មាន​ក្រុម​ដែល​ចាត់ទុក​ចិន ថា​ជាស​ភាវៈ​អវិជ្ជមាន​ផង និង​ក្រុម​ដែល​ចាត់ទុក​ចិន​ថា​ជាស​ភាវៈ​វិជ្ជមាន​ផង ហើយ​ក្រុម​នីមួយៗ​តែង​បាន​ចេញមុខ​លាតត្រដាង​នូវ​ទង្វើ​អាក្រក់​របស់​ចិន និង​ម្ខាង​ទៀត​ចេញមុខ​និយាយ​ការពារ​ចិន ក្នុង​នោះ​ក៏​រួមមាន​ទាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ។

គេ​នៅ​ចាំ​បាន​ថា ក្នុង​ពេល​ដែល​ពលរដ្ឋ​ខ្មែរ និង​ពិភពលោក​ទាំងមូល ហាក់​កំពុង​មើល​ចិន​ក្នុង​រូបភាព​មិនល្អ​នៅពេល​គេ​ដឹង​ថា ជំងឺ​កូ​វីដ​-១៩ មាន​ប្រភព​ចំលង​ចេញ​មកពី​ទីក្រុង​វូហាន ប្រទេស​ចិន ក្នុង​ពេលដែល​មានការ​សង្ស័យ​ថា ចិន​បាន​ព្យាយាម​បិទបាំង​ព័ត៌មាន​អំពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​-១៩ ទើប​បណ្តាល​ឱ្យ​ជំងឺ​នេះ ឆ្លង​រាតត្បាត​យ៉ាង​លឿន​រហ័ស​ទៅកាន់​ពិភពលោក លោក ហ៊ុន សែន បែរជា​មិន​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ឡើយ​។ លោក​ថែម​ទាំង​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​កុំ​ខ្លាច​ជំងឺ​នេះ​ឲ្យ​សោះ «​ខ្លា​មិន​ខ្លាច​ទៅ​ខ្លាច​អាចម៍​ខ្លា​! វា​ឆ្ងល់​អា​រឿង​កន្លែង​នេះ»។

លើស​ពី​នេះ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​នៅ​ពេល​នោះ​ទាំង​លោក ហ៊ុន សែន ទាំង​មន្ត្រី​ដែល​ហែហម​រូបលោក គ្មាន​អ្នកណាម្នាក់​ពាក់​ម៉ាស់​ដើម្បី​បង្ការ​ការ​ចំលង​រោគ​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ លោក ហ៊ុន សែន ថែម​ទាំង​បាន​ព្រមាន​បណ្ដេញ​អ្នកកាសែត​ណា ដែល​ពាក់​ម៉ាស់​ចូល​សាល​នោះ៖ «នេះ​អត់​មាន​អ្នកណា​ពាក់​ម៉ាស់​ទេ បើសិន​មាន​អ្នកណា​ពាក់​ម៉ាស់​ខ្ញុំ​ដេញ​ចេញ​ហើយ​! អត់​ឲ្យ​នៅ​ហ្នឹង​ទេ​! អ្ហែង​ទៅ​ស៊ី​ជាមួយ​ម៉ាស់​! ទៅ​នៅ​ជាមួយ​ម៉ាស់​ទៅ»។

ក្រោយ​មក​ទៀត ប្រហែលជា​ដឹង​ថា​អ្វី​ដែល​លោក​បាន​និយាយ​ហាក់​ជ្រុល​ពេក តែបើ​កែ​វិញ​ដូច​វា​អាម៉ាស់​ពេក​ដែរ លោក ហ៊ុន សែន មិន​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ និង​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ពាក់​ម៉ាស់​ភ្លាមៗ​នោះ​ទេ ដោយ​លោក​ចាប់ផ្តើម​ឱ្យ​ប្រើ​ក្រមា​ខ្ទប់មាត់​វិញ ព្រោះ​លោក​មាន​ជំនឿ​ថា ក្រមា​ក៏​អាច​ការពារ​ការ​ចំលង​មេរោគ​ជំងឺ​កូ​វីដ​-១៩​បាន ដូចជា​ម៉ាស​អ៊ីចឹង​ដែរ​។ ពេល​នោះ គេ​ចាប់ផ្តើម​ឃើញ​មន្ត្រី​របស់​លោក ហ៊ុន សែន អ្នកណាៗ​ក៏​មាន​ក្រមា​បង់​ជាប់​ក​ដែរ នៅ​ពេល​ហែហម​លោក​ទៅណា​មក​ណា​ម្តងៗ។

អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន គឺជា​មេដឹកនាំ​តែមួយគត់ នៅ​លើ​ពិភពលោក​ដែល​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន និង​ស្នើសុំ​មេដឹកនាំ​ចិន​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​វូហាន ទី​ដែល​ជំងឺ​កូវីដ​-១៩ កំពុង​ផ្ទុះឡើង​ខ្លាំង​នៅ​ពេល​នោះ ។ លោក ហ៊ុន សែន ថា​លោក​ទៅ​ប្រទេស​ចិន ដើម្បី​បង្ហាញ​នូវ​សាមគ្គីភាព និង​រួមសុខទុក្ខ​ជាមួយ​ប្រជា​ជាតិចិន។

ប៉ុន្តែ រដ្ឋាភិបាល​ចិន​មិន​ឱ្យ​លោក ហ៊ុន សែន ធ្វើដំណើរ​ទៅកាន់​ទីក្រុង​វូហាន​នោះ​ទេ ព្រោះ​ចិន​នៅ​ពេល​នោះ គ្រប់គ្រង​ស្ថានការណ៍​មិនទាន់​បាន​ល្អ​នៅ​ឡើយ​។ លើស​ពី​នេះ លោក ហ៊ុន សែន ថែមទាំង​មិន​ឱ្យ​និស្សិត​ខ្មែរ ដែល​កំពុង​ជាប់​គាំង​នៅ​ទីក្រុង​វូហាន ធ្វើ​ដំណើរ​ចាកចេញ​ពី​ទីនោះ​ត្រឡប់​មក​កម្ពុជា​វិញ​ឡើយ បើ​ទោះ​ជា​នៅ​មាន​ជើងហោះហើរ​ពី​ទី​នោះ​មក​កម្ពុជា​ក្តី ព្រោះ​លោក​ថា និស្សិត​ខ្មែរ​ត្រូវ​នៅ​ទីនោះ ដើម្បី​រួមសុខទុក្ខ​ជាមួយ​ប្រជាជន​ចិន៖ «អត់​មាន​តម្រូវការ​នៃ​ការ​ជម្លៀស​និស្សិត​ខ្មែរ​មកកាន់​កម្ពុជា​ទេ ដោយ​យើង​ទុក​នៅ​ទីនោះ ដែល​ជា​ការ​រួមសុខ​រួមទុក្ខ​ជាមួយគ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ»។ លោក ហ៊ុន សែន ក៏​មិនបាន​បិទ​ជើង​ហោះ​ពី​ប្រទេស​ចិន​មក​កម្ពុជា​នោះ​ដែរ។

ប្រហែលជា​ចិន​មើលឃើញ​ពី​ភក្ដីភាព​របស់​លោក ហ៊ុន សែន ចំពោះ​ប្រទេស​របស់​ខ្លួន​នេះ​ហើយ ទើប​នៅពេល​លោក ហ៊ុន សែន ហារ​មាត់​សុំ​អី​ពី​ចិន ចិន​ឱ្យ​ហ្នឹង ។ លោក ហ៊ុន សែន ស្នើសុំ​វ៉ាក់សាំង​ភ្លាម ចិន​សន្យា​ឱ្យ​វ៉ាក់សាំង​ភ្លែត​។ មក​ទល់​ពេល​នេះ ចិន​គឺជា​ប្រទេស​ឈានមុខ​គេ​ដែល​ផ្តល់​វ៉ាក់សាំង​ច្រើន​ជាងគេ​ដល់​កម្ពុជា វ៉ា​ដាច់​សហរដ្ឋអាមេរិក និង​ប្រទេស​ផ្សេង ទៀត​។ វ៉ាក់សាំង​ដែល​ជា​ជំនួយ​ចិន​ដល់​កម្ពុជា មាន​ជិត ៤​លាន​ដូស (៣.៨ លាន​ដូស)។

ចំណែក​ពី​ខាង​លោក ហ៊ុន សែន វិញ គេ​មើល​ឃើញ​ថា លោក ហ៊ុន សែន ហាក់​ពុំ​សូវ​ហ៊ាន​និយាយ​អ្វី ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជនជាតិ​ចិន ឬ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ចិន​នោះ​ដែរ។

មែនទែន​ទៅ បើ​និយាយ​ពី​ការ​រាតត្បាត​ខ្លាំង​នៃ​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា អ្នកណា​ក៏​ដឹង​ដែរ​ថា ប្រភព​នៃ​ព្រឹត្តិការណ៍​សហគមន៍​លើក​ទី​៣ នៅ​កម្ពុជា គឺ​ព្រឹត្តិការណ៍ ២០ កុម្ភៈ ដែល​កំពុង​ធ្វើ​ឱ្យ​មាន​ពលរដ្ឋ​ខ្មែរ​ឆ្លង និង​ស្លាប់​ក្នុង​ចំនួន​ដ៏​ច្រើន​ដូច​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​កើត​ចេញ​មក​ពី​ជនជាតិ​ចិន​មួយ​ក្តាប់​តូច​ដែល​គ្មាន​ការទទួលខុសត្រូវ បាន​សូក​លុយ​សន្តិសុខ​ដើម្បី​បាន​ចេញ​ពី​មណ្ឌល​ធ្វើ​ចត្តាឡីស័ក ដើម្បី​មក​ក្រៅ ចូល​ក្លឹប​ផឹកស៊ី ច្រៀង​រាំ​សប្បាយ។ នៅ​ទីបំផុត​បង្ក​មហន្តរាយ​ដល់​ខ្មែរ​។ ទោះជា​យ៉ាង​ណា គេ​មិនដែល​ឮ​លោក ហ៊ុន សែន និយាយ​បន្ទោស​ជនជាតិ​ចិន ដែល​គ្មាន​ការ​ទទួលខុសត្រូវ និង​អសីលធម៌​ទាំងអស់​នោះ​ទេ។

ពី​ខាង​ចិន​វិញ ចិន​ក៏​ហាក់​ថ្នាក់ថ្នម​លោក ហ៊ុន សែន សម្បើម​ណាស់​ដែរ។ រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក វ៉ាង យី នៅក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​កម្ពុជា​កាលពី​ខែ​តុលា ឆ្នាំ​២០២០ បាន​ប្រាប់​កម្ពុជា​ថា ចិន​នឹង​បន្ត​គាំទ្រ​កម្ពុជា ក្នុង​ការ​ថែរក្សា​អធិបតេយ្យភាព​ជាតិ និង​រឿង​ជាច្រើន​ទៀត​។ បើ​និយាយ​ពី​ជំងឺ​កូវីដ​-១៩ វិញ ចិន​ថា​នឹង​បន្ត​ជួយ​កម្ពុជា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ ដោយ​សន្យា​ផ្តល់​វ៉ាក់សាំង​ដល់​កម្ពុជា​ជា​អាទិភាព។

ប្រការ​ទាំងអស់​នេះ គេ​មិន​អាច​ប្រកែក​បាន​ទេ​ថា ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​នៃ​បក្ស​កុម្មុយនិស្ត​ចិន ពិត​ជា​មាន​ភាពរឹងមាំ ស្អិត​រមួត ដូចដែល​ភាគី​ទាំងពីរ​បាន​ប្រសិទ្ធ​នាម​ថា​ជា​«​មិត្ត​ដែកថែប​»​។ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ព្រះ កម្ពុជា លោក ស្យុង បូ ថា​ទំនាក់ទំនង​កម្ពុជា និង​ចិន ប្រៀប​ដូច​ស្រា​ល្អ ដែល​បិទ​ទុក​កាន់តែ​យូរ កាន់​តែ​មាន​រសជាតិ​ឆ្ងាញ់ និង​ក្លិន​ឈ្ងុយ។

បើ​និយាយ​ពី​វ៉ាក់សាំង​ចិន​វិញ គេ​មិនអាច​បដិសេធ​បាន​ឡើយ​ថា វ៉ាក់សាំង​នេះ ទោះ​តិច​ឬ​ច្រើន ពិតជា​បាន​ចូលរួម​ជួយ​កាត់បន្ថយ​នូវ​ភាព​ចលាចល ភាព​ភ័យ​ស្លន់ស្លោ និង​បន្ធូរ​នូវ​ភាព​តានតឹង​ផ្លូវចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​បាន​ខ្លះ​ដែរ​។ គេ​ពិតជា​បានឮ​ពលរដ្ឋ​ខ្មែរ​និយាយ ថា​ចាក់​វ៉ាក់សាំង​ចិន អាច​មាន​ប្រសិទ្ធភាព​ទាប​មែន តែ​វា​ប្រហែលជា​ប្រសើរ​ជាង​មិន​ចាក់​សោះ។

ទោះជា​បែបនេះ​ក្តី ក៏​មាន​ពលរដ្ឋ​ខ្លះ​និយាយ​ចំៗ​តែ​ម្តង​ថា ពួកគេ​ទៅ​ចាក់​វ៉ាក់សាំង គឺ​ដើម្បី​បាន​កាត​វ៉ាក់សាំង​ទុក​សម្រាប់​ប្រើប្រាស់​នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ មិនមែន​ចង់​ចាក់​វ៉ាក់សាំង​របស់​ចិន​ប៉ុន្មាន​នោះទេ​។ មកដល់​ត្រង់នេះ ប្រហែលជា​គេ​អាច​វាយ​តំលៃ​បាន​ថា ប្រសិនបើ​ពលរដ្ឋ​មាន​ជំរើស​ច្រើន វ៉ាក់សាំង​ចិន ប្រហែល​មិនមែន​ជា​ជំរើស​ដំបូង​របស់​ពលរដ្ឋ​ឡើយ។

ផ្អែក​តាម​ការ​ឆ្លុះបញ្ចាំង​ទាំងអស់​នេះ ចិន​ក៏​ប្រហែលជា​មិនទាន់​អាច​ឆក់​យក​បាន​បេះដូង​របស់​ពលរដ្ឋ​ខ្មែរ​នៅឡើយ​ដែរ បើ​ទោះ​ជា​ចិន​កំពុង​ឈានមុខ​ប្រទេស​ដទៃទៀត​នៅ​ក្នុង​ការ​ផ្តល់​ជំនួយ​វ៉ាក់សាំង​ដល់​កម្ពុជា​ក្តី។

តើ​នេះ​អាច​មក​ពី​ចិន​បាន​ធ្វើ​ទង្វើ​មិន​គប្បី​ច្រើន​ពី​មុន​មក ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាត់​ទំនុកចិត្ត​លើ​ចិន​ឬ​យ៉ាងណា​? ឬក៏​ថា រូបភាព​ទង្វើ​ល្អ​ដែល​ចិន​កំពុង​ធ្វើ​នៅ​ពេល​នេះ វា​នៅ​តិចតួច​ពេក បើ​ធៀប​ទៅ​នឹង​ទង្វើ​មិនល្អ ដែល​ពលរដ្ឋ​ខ្មែរ យល់ថា​ចិន​បាន​ធ្វើ​មក​លើ​កម្ពុជា​តាំងពី​ក្នុង​ពេល​អតីតកាល និង​បច្ចុប្បន្ន?

ពលរដ្ឋ​ខ្មែរ​ហាក់​នៅ​មាន​រឿង​ច្រើន​ណាស់ ដែល​មិនសូវ​ជា​សប្បាយ​ចិត្តនឹង​ចិន​ទាំង​ក្នុង​ពេល​អតីតកាល និង​បច្ចុប្បន្ន ដែល​ធ្វើ​ឱ្យ​ខ្មែរ​ពិបាក​ផ្តល់​ក្តី​ស្រឡាញ់​ឱ្យ​អស់​ពី​ចិត្ត​ចំពោះ​ចិន ។ ពិត​ណាស់ នៅក្នុង​អតីតកាល ចិន​គឺជា​អ្នកគាំទ្រ​ដ៏​មុតមាំ​របស់​ពួក​ខ្មែរក្រហម ដែល​របប​អាវ​ខ្មៅ​នេះ បាន​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​លើ​ពលរដ្ឋ​ខ្លួនឯង​ស្លាប់​មនុស្ស​ជិត ២ លាន់​នាក់។

សម្រាប់​ពេល​បច្ចុប្បន្ន បើ​និយាយ​ពី​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​វិញ ពលរដ្ឋ​ខ្មែរ​ក៏​ហាក់​នៅ​មិនទាន់​ពេញចិត្ត​នឹង​អត្តចរិត ឬ​ឥរិយាបថ​របស់​ជនជាតិ​ចិន ដែល​កំពុង​រស់នៅ​លើទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅឡើយ​។ ពលរដ្ឋ​ខ្មែរ​នៅតែ​ចាត់ទុក​វត្តមាន​នៃ​ជន​ជាតិចិន​នៅ​កម្ពុជា ថា​ជា​ហានិភ័យ​សម្រាប់​សង្គមជាតិ ដោយសារ​ជនជាតិ​ចិន​មួយចំនួន​បាន​បង្ក​អសន្តិសុខ ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​ចិន​ដូចគ្នា ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ នាំ​ឱ្យ​មាន​អំពើ​ឧក្រិដ្ឋកម្ម និង​បង្កើត​ឱ្យ​មាន​ភាព​អនាធិបតេយ្យ​នៅក្នុង​សង្គម​ខ្មែរ​។ ជាង​នេះ​ទៀត ក្រុមហ៊ុន​ចិន​ដែល​បាន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ក៏​ហាក់​ពុំ​សូវ​មានកេរ្តិ៍ឈ្មោះ​ល្អ​ឡើយ​។ ក្រុមហ៊ុន​ខ្លះ​ធ្វើ​ឱ្យ​រាស្ត្រ​ខ្មែរ​ទឹកភ្នែក បាត់បង់​ដីធ្លី ស្រែ​ចំការ ក្នុងពេលដែល​រោងចក្រ​សហគ្រាស​ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន ក៏​មាន​កេរ្តិ៍ឈ្មោះ​មិនសូវ​ល្អ​នៅក្នុង​ការគោរព​សិទ្ធិ​សេរីភាព​កម្មករ និយោជិត​នោះ​ដែរ។

លើស​ពី​នេះ ពលរដ្ឋ​ខ្មែរ​ក៏​កំពុង​មាន​ការ​បារម្ភ អំពី​ព័ត៌មាន​នៃ​វត្តមាន​កងទ័ព​ចិន នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​របស់​កម្ពុជា ដែល​ពលរដ្ឋ​គិតថា​អាច​អូស​ទាញ​កម្ពុជា ឱ្យ​ធ្លាក់​ទៅ​ក្នុង​គ្រោះ​នៃ​ការ​ប្រជែង​អំណាច​ផ្នែក​ភូមិសាស្ត្រ​នយោបាយ រវាង​មហាអំណាច និង​អាច​នាំ​កម្ពុជា​ឱ្យ​ដើរ​ភ្លាត់​គន្លង​អព្យាក្រឹតភាព នៃ​គោលនយោបាយ​ការបរទេស​របស់​ខ្លួន​។ ពលរដ្ឋ​ខ្មែរ​ក៏​មិន​ចង់​ឃើញ​ចិន​យក​កម្ពុជា​ធ្វើជា​កូនអុក ដើម្បី​បំរើ​មហិច្ឆតា​ភូមិសាស្ត្រ​នយោបាយ​របស់​ចិន​នៅក្នុង​តំបន់​។​

ជាងនេះ​ទៅ​ទៀត អ្វី​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ ជាពិសេស​អ្នក​និយម​ប្រជាធិបតេយ្យ អាច​មាន​សេចក្តី​អាក់អន់​ចិត្តនឹង​ចិន គឺ​ទង្វើ​របស់​ចិន ដែល​ដើរ​បញ្ច្រាស​ចរន្ត​ប្រទេស​ប្រជាធិបតេយ្យ ដូចជា​ក្នុងពេលដែល​សហគមន៍​អន្តរជាតិ រួម​ទាំង​សហភាព​អឺរ៉ុប​ផង ថ្កោលទោស និង​ដាក់ទណ្ឌកម្ម​របប​លោក ហ៊ុន សែន ជុំ​ទិស រឿង​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ដោយសារ​ការរម្លាយ​គ​ណ​បក្ស​សង្គ្រោះ​ជាតិ បណ្តេញ​អង្គការ​សង្គម​ស៊ីវិល បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​សកម្មជន​នយោបាយ និង​សង្គម ប្រទេស​ចិន​បែរជា​បង្ហាញ​ជំហរ​គាំទ្រ​ចំណាត់ការ​របស់​របប​នេះ និង​ឡើង​និយាយ​ការពារ​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​ថែម​ទៀត​ផង។

មិនតែប៉ុណ្ណោះ ក្រោយ​របប​ក្រុងភ្នំពេញ​រម្លាយ​គណបក្ស​ប្រឆាំង រដ្ឋាភិបាល​ចិន​បង្កើន​ភាព​នៃ​ភាពស្និទ្ធស្នាល​ជាមួយ​របប​ក្រុងភ្នំពេញ តាមរយៈ​ទស្សនកិច្ច​ផ្លូវការ​របស់​មន្ត្រីជាន់ខ្ពស់​ចិន​មក​កម្ពុជា ជា​ញឹកញាប់ ដែល​ជា​ការប៉ុនប៉ង​បង្ហាញ​បង្អែក​ដ៏​រឹងមាំ​ដល់​លោក ហ៊ុន សែន ក្នុង​ការ​បន្ត​ក្រាញ​អំណាច ទាំង​ក្នុង​រូបភាព​នៃ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ និង​ក្នុង​ស្ថានភាព​ដែល​ប្រទេស​ប្រជាធិបតេយ្យ​ជាច្រើន កំពុង​ដាក់​សម្ពាធ​កម្ពុជា​ក្នុង​រឿង​នេះ។

ត្រឹមតែ​រឿង​ផ្តល់​វ៉ាក់សាំង និង​ជំនួយ​គ្មាន​លក្ខខណ្ឌ​ដល់​កម្ពុជា ប្រហែលជា​មិនទាន់​គ្រប់គ្រាន់​ទេ​។ ចិន​ប្រហែលជា​អាច​នៅ​មាន​រឿង​ច្រើន​ទៀត​គប្បី​ធ្វើ ដើម្បី​ឆក់​យក​បេះដូង​ពលរដ្ឋ​ខ្មែរ​ឱ្យ​ទោរទន់​មក​ស្រឡាញ់ និង​ទុកចិត្ត​ខ្លួន។

ក្នុងនាម​ជា​មហាអំណាច និង​ជា​មិត្ត​របស់​កម្ពុជា ចិន​គប្បី​ដើរតួ​ជា​អ្នកសម្របសម្រួល​ឱ្យ​ភាគី​នយោបាយ​ខ្មែរ​ត្រូវរ៉ូវ​គ្នា មិនមែន​ចាប់​យក​តែ​ក្រុម​អ្នក​មាន​អំណាច ហើយ​មិន​ខ្វល់ខ្វាយ​ចំពោះ​ក្រុម​ដែល​ត្រូវ​បាន​គេ​រំលោភបំពាន​នោះ​ទេ។ ចិន​គប្បី​ចាប់ផ្តើម​ហ៊ាន​និយាយ​ពី​រឿង​រំលោភបំពាន​សិទ្ធិមនុស្ស ប្រព្រឹត្ត​ដោយ​រដ្ឋអំណាច​លើ​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​។ ចិន​គប្បី​ណែនាំ​ពលរដ្ឋ​ខ្លួន ឱ្យ​ប្តូរ​ឥរិយាបថ ចេះ​គោរព​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស និង​ណែនាំ​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ចិន ឱ្យ​មាន​ក្រមសីលធម៌​នៅក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា។

វា​ប្រហែលជា​ពិបាក​សម្រាប់​ចិន នៅក្នុង​ការ​និយាយ​អំពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយសារតែ​កត្តា​របប​នយោបាយ​ផ្ទាល់ខ្លួន និង​កេរ្តិ៍​មិនសូវ​ល្អ​របស់​ចិន​ជុំវិញ​ការគោរព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​របស់​ខ្លួន​។ ទោះជា​យ៉ាងនេះ​ក្តី ចិន​ប្រហែលជា​អាច​នៅ​មាន​ឱកាស ក្នុង​ការ​ស្តារ​មុខមាត់​របស់​ខ្លួន​បាន​ខ្លះ​ដែរ នៅ​ចំពោះមុខ​ភាព​មិន​ទុកចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​ជាទូទៅ។

ចិន​ជា​ប្រទេស​កុម្មុយនីស្ត​មែន ប៉ុន្តែ​ប្រទេស​នេះ ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​មួយ ដែល​ជាប់​កាតព្វកិច្ច​អន្តរជាតិ​ជាច្រើន រួម​ទាំង​កាតព្វកិច្ច​ក្នុង​ការ​ធានា​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ពិភពលោក និង​ជួយ​ជំរុញ​ការគោរព​សិទ្ធិមនុស្ស​ផង​ដែរ​។ ក្នុង​ន័យ​នេះ ចិន​មិន​គួរ​ដោយសារតែ​ប្រយោជន៍​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន បែរជា​បង្ហាញ​ជំហរ​គំ​ទ្រ និង​ធ្វើជា​ខ្នងបង្អែក ដល់​មេដឹកនាំ​ដែល​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នោះ​ឡើយ។

ជាង​នេះ​ទៅ​ទៀត ចិន​ប្រហែលជា​អាច​នាំ​យក​មេរៀន​កំណែទម្រង់​ល្អៗ ដែល​ខ្លួន​បាន​អនុវត្ត​ជោគជ័យ​នៅក្នុង​ប្រទេស​ចិន មក​ចែករំលែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដូចជា​មេរៀន​អំពី​កំណែទម្រង់​ប្រព័ន្ធ​តុលាការ ការ​ដកហូត​តួនាទី​មន្ត្រី​ចៅ​ក្រោម ព្រះរាជអាជ្ញា​ណា​ដែល​មិន​អនុវត្ត​តាម​វិជ្ជាជីវៈ និង​ក្រមសីលធម៌ ការ​លុប​បំបាត់​អំពើពុករលួយ អំពើ​ស៊ីសំណូកសូកប៉ាន់ ការ​លុបបំបាត់​ក្រុម​មន្ត្រី​ខិលខូច បក្ខពួក​និយម រំលោភ​អំណាច កេងប្រវ័ញ្ច ជិះជាន់​ប្រជាពលរដ្ឋ​ទន់ខ្សោយ និង​មន្ត្រី​ដែល​ប្រើប្រាស់​មូលនិធិ​របស់​រដ្ឋ​ខុស​ខ្ទង់​ជាដើម។

គេ​ធ្លាប់​ឃើញ​មាន​សេចក្តី​រាយការណ៍​ច្រើនណាស់ និយាយ​ពី​ចំណាត់ការ​របស់​រដ្ឋអំណាច​ចិន ទៅលើ​ប្រភេទ​មន្ត្រី​ខិលខូច​បែបនេះ​។ ដូច្នេះ ក្នុងនាម​ជា​«​មិត្ត​ដែកថែប​» របស់​លោក ហ៊ុន សែន ចិន​គួរ​ណាស់​ជួយ​ចែករំលែក​មេរៀន​ល្អៗ​ទាំងអស់​នេះ ដល់​មិត្ត​របស់​ខ្លួន​ក្រែង លោក ហ៊ុន សែន អាច​មាន​យុទ្ធវិធី​ល្អៗ នៅក្នុង​ការ​កំចាត់​មន្ត្រី​ខិលខូច​ក្រោមបង្គាប់​ក្នុង​ឋានៈ​លោក​ជា​មេដឹកនាំ​ប្រទេស​។​

សរុប​សេចក្តី​មក បើ​ចិន​នៅតែ​បន្ត​ថ្នាក់ថ្នម​ក្រុម​មានអំណាច ដែល​គេ​មើល​ឃើញថា​កំពុង​រំលោភបំពាន​អ្នក​ទន់​ខ្សោយ ហើយ​ព្រងើយកន្តើយ​ចំពោះ​ទុក្ខ​លំបាក​របស់​អ្នក ដែល​ត្រូវ​បាន​អ្នកកាន់អំណាច​ធ្វើទុក្ខបុកម្នេញ ចិន​ប្រហែលជា​មិនអាច​អូសទាញ ទឹកចិត្ត​ពលរដ្ឋ​ខ្មែរ​ជាទូទៅ ឱ្យ​ស្រឡាញ់​ទុកចិត្ត​ខ្លួន​បាន​នោះ​ឡើយ៕

No comments: