August 30, 2021

កសិករ​នៅ​ស្ទាក់ស្ទើរ​ក្នុង​ការ​បង្កបង្កើនផល​ស្រូវវស្សា ទោះបី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ឡើង​វិញ

ទិដ្ឋភាព​ដំណាំ​ស្រូវ​របស់​កសិករ​នៅ​ឃុំ​ស្រះរាំង ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ ជួប​គ្រោះ​រាំង​ស្ងួត​ខ្វះ​ទឹក​ស្រោចស្រព។ រូប​ថត កាល​ពី​ថ្ងៃទី២០ កក្កដា ២០១៩។  Photo Provided


ដោយ សន ចាន់រដ្ឋា RFA 2021-08-29

កសិករ​មួយចំនួន នៅ​ស្ទាក់ស្ទើរ​ក្នុង​ការ​បង្កបង្កើនផល​ស្រូវ​វស្សា​នៅ​ឆ្នាំនេះ ដោយសារតែ​ស្ថានភាព​ទឹកភ្លៀង​ធ្លាក់ នៅ​មាន​ភាព​រប៉ាត់រប៉ាយ។ អ្នកជំនាញ​កសិកម្ម​បារម្ភ​ថា​ប្រសិនបើ​កសិករ​នាំគ្នា​បោះបង់​ការ​បង្កើន​ផល​ស្រូវវស្សា​ច្រើនពេក​នឹង​ធ្វើ​ឲ្យ​កម្ពុជា​អាច​ជួប​បញ្ហា​ខ្វះខាត​ស្បៀង​អាហារ។

បើ​ទោះ​ជា​មាន​ភ្លៀង​ធ្លាក់ បណ្ដាល​ឲ្យ​លិចលង់​នៅ​តាម​តំបន់​មួយចំនួន​ក្ដី ក៏​កសិករ​នៅ​តាម​ខេត្ត​ខ្លះ អះអាង​ថា ពួកគាត់​ចង់​ផ្អាក​ធ្វើស្រែ​វស្សា​នៅ​ឆ្នាំនេះ ព្រោះតែ​ស្ថានភាព​ទឹក​មិន​នឹងន និង​តម្លៃ​ស្រូវ ដែល​លក់​វិញ មិន​សឹង​មិន​រួច​ថ្លៃដើម។

កសិករ​រស់នៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង លោកស្រី សំ ចន្ទី ដែល​ទើបតែ​ខូចខាត​ស្រូវ​អស់​ច្រើន​ស្រែ ដោយសារ​អត់​ទឹក​បូម​ដាក់​ស្រែ​កាលពី​ថ្មីៗ​នេះ មិនទាន់​សម្រេចចិត្ត​ភ្ជួរ​រាស់​ដី ធ្វើស្រែ​ឡើងវិញ​ទេ​។ កសិករ​រូប​នេះ នៅ​រង់​ចាំ​មើល​ទឹកភ្លៀង​សិន​។ លោកស្រី បន្ត​ថា​ប្រសិនបើ​ទឹកភ្លៀង​ធ្លាក់​ច្រើន អាច​បង្ហូរ​ចូល​អាងទឹក​កំពីងពួយ​បាន លោកស្រី​នឹង​ភ្ជួរ​រាស់ស្រែ ព្រួស​ស្រូវ​វិញ​។ តែ​លោកស្រី ក៏​បារម្ភ​ថាបើ​ភ្លៀង​ធ្លាក់​ច្រើនពេក នឹង​ជន់​លិចលង់​ផលដំណាំ​នៅពេល​ខាងមុខ​ផង​ដែរ៖ «​ភ្ជួរ​ហើយ​យូរ​ដែរ​ហើយ ប្រហែលជា​កន្លះ​ខែ នាំគ្នា​ភ្ជួរ​ចោល​អស់​ហើយ គ្មាន​នរណា​បាន​ទេ​ស្រូវ​ឆ្នាំនេះ​។ ភ្លៀង​ប៉ុន្មាន​ថ្ងៃ​ហ្នឹង គេ​ខ្លះ​កំពុងតែ​ភ្ជួរ​ដី ទើបតែ​ភ្ជួរ​ហើយ​ចោល​អា​ចាស់​ហ្នឹង​។ គេ​នាំគ្នា​ចាំ​មើល​សិន អត់​ទាន់​នរណា​ហ៊ាន​ព្រួស​ស្រូវ​ទេ»។

កសិករ​ម្នាក់​ទៀត នៅ​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ លោក សុខ បៀន មិន​បារម្ភ​រឿង​ទឹក​ជន់​លិច​ស្រូវ​ខែវស្សា​ទេ ព្រោះ​នៅ​តំបន់​នោះ​ខ្ពស់​ពី​ទឹក តែ​លោក បារម្ភ​រឿង​គ្មាន​ទឹក​បូម​ដាក់​ស្រែ​ច្រើន​ជាង។លោក ឲ្យ​ដឹង​ថា ទោះជា​ខែវស្សា​ក៏​អ្នកស្រុក​បាកាន​ត្រូវ​បូមទឹក​ដាក់​ស្រែ​ដែរ។ កសិករ​រូប​នេះ ចង់​ឲ្យ​អាជ្ញាធរ​រៀបចំ និង​ស្ដារ​ប្រឡាយ​ទឹក ឲ្យ​មាន​ចរន្តទឹក​ហូរ​ឡើងវិញ ដើម្បី​កសិករ​អាច​បង្ហូរ និង​បូមទឹក​ធ្វើស្រែ​នៅ​ខែ​វស្សា៖ «ទឹក​បូម​ដាក់​ដែរ តែ​មមាច សត្វ​មមាច​រោម​ដើម​ទៅ​វា​ក្រហម​រលួយ​ដើម បាញ់ថ្នាំ​។ ម្នាក់ៗ​បាញ់​ពីរ បី សារ​ហើយ​។ ឆ្នាំ​នេះ សង្ស័យ​តែ​ខាត​ទេ ដាក់​ពូជ​សុមាលី​ទៅ សង្ស័យ​តែ​ងាប់​ទេ ម្នាក់ៗ​បាញ់​តែ​ថ្នាំ​ហើយ»។

កាលពី​ពាក់​កណ្ដាល​ខែ​សីហា ស្រូវ​ច្រើន​នៅ​ខេត្ត​បន្ទាយមានជ័យ​ប្រែ​ពណ៌​ឡើង​ក្រហម និង​ក្រៀម​ស្វិត​ខូចខាត​ទាំងស្រុង​ដោយសារ​ការ​ជួប​គ្រោះ​រាំងស្ងួត​ជាង​២​ខែ​មក​ហើយ​។ កសិករ​អះអាង​ថា អាជ្ញាធរ​មិន​បាន​ជួយ​ដល់​ពួកគាត់​ទេ​។ ដំណាំ​ស្រូវ​ដែល​ខូចខាត​ដោយ​គ្រោះ​រាំងស្ងួត​មាន​ច្រើន គ្រាន់តែ​ក្នុងស្រុក​មង្គលបូរី និង​ស្រុក​ព្រះនេត្រព្រះ មាន​រាប់​ម៉ឺន​ហិកតារ​ទៅ​ហើយ។

ស្ថានភាព​ខ្វះ​ទឹក​ធ្វើស្រែ​នេះ ក៏​កើតឡើង​នៅ​តាម​ខេត្ត​ផ្សេងទៀត ដែល​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ដែរ​។ កសិករ​ម្នាក់ នៅ​ស្រុក​អង្គរ​បូរី ខេត្តតាកែវ លោក ផាន់ ប៊ុនហ៊ាង ឲ្យ​ដឹង​ថា នៅ​ខាង​លោក​ខែ​នេះ​ទៅ​ហើយ ក៏​មិនទាន់​មាន​ទឹក​ហូរ​ចូល​តាម​ព្រែក និង​ប្រឡាយ​ដែរ​។ លោក​ថា​កសិករ​ខ្លះ មាន​បំណង​ថា នឹង​ចង់​កាត់បន្ថយ ឬ​បោះបង់​ការ​ធ្វើ​ស្រែ​តែម្ដង ដោយសារតែ​បញ្ហា​ទឹក និង​បញ្ហា​តម្លៃ នៅពេល​លក់​ចេញ​ឲ្យ​ទៅ​វៀតណាម​ម្ដងៗ៖ «មាន​ច្រើនណាស់ ដោយសារ​ឥឡូវ​អ្នកខ្លះ គាត់​មាន​ដី​តិចតួច​ហើយ​អាការ​ធ្វើស្រែ​ហ្នឹង​វា​ប្រឈម​ការ​ចំណាយ​ហ្នឹង​ច្រើន​ទៀត​។ អ៊ីចឹង​ទៅ គាត់​ជួល​ដី​ហ្នឹង​ឲ្យ​ទៅ​គេ​អ្នក​ផ្សេង​ទៅ ហើយ​គាត់​រត់​ទៅ​ធ្វើ​សំណង់​នៅ​ភ្នំពេញ​អ៊ីចឹង​ទៅ គាត់​ជួល​ផ្ទះ​គេ​នៅ​ហ្នឹង​នោះ»។

ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ស្រី វុឌ្ឍី និង​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា បាន​ទេ នៅ​ថ្ងៃទី​២៨ សីហា​។ ទោះជា​យ៉ាងណា ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​(facebook)​ថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តាម​តំបន់​មួយចំនួន រាប់បញ្ចូល​ទាំង​ក្រុងព្រះសីហនុ ដែល​ភ្លៀង​ជន់​លិច​ខ្លាំង កាល​ថ្ងៃទី​២៥ សីហា។

អ្នកជំនាញ​កសិករ ព្រួយបារម្ភ​ថាបើ​ស្រែ​ស្រូវ​នៅតែ​បន្ត​ខូចខាត​ច្រើន​ទៀត កសិករ​នឹង​ប្រឈម​គ្មាន​គ្រាប់ពូជ​សម្រាប់​បង្កបង្កើនផល​ទៀត​។ តំណាង​បណ្ដាញ​ពហុ​វិស័យ (CGCN) លោក ជា សុភ័ក្ត សង្កេតឃើញ​ថា កសិករ​មួយចំនួន ពិតជា​គ្មាន​ទឹកចិត្ត​ក្នុង​ការ​បង្កបង្កើនផល​ស្រូវ​ពិតមែន ដោយសារតែ​ការ​ខ្វះ​ទឹក និង​ការ​លក់​បាន​តម្លៃថោក នៅពេល​ទទួល​បាន​ទិន្នផល។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល ស្ដារ​ប្រព័ន្ធ​ប្រឡាយ​ទឹក ដើម្បី​ធានា​ឲ្យ​កសិករ​ទាំងអស់ មាន​ទឹក​បូម​ដាក់​ស្រែ​គ្រប់គ្រាន់ និង​ត្រូវ​ត្រៀមខ្លួន​បញ្ចៀស​បញ្ហា​ទឹក​ជន់​លិច​ផលដំណាំ នៅ​ខែវស្សា​ឲ្យ​មាន​ប្រសិទ្ធភាព។ លោក​បារម្ភ​ថា​ក្នុង​ករណី​រដ្ឋាភិបាល​មិន​អន្តរាគមន៍​ឲ្យ​មាន​ប្រសិទ្ធភាព កសិករ​ជា​ច្រើន​នឹង​បោះបង់​មុខរបរ​ធ្វើស្រែ ហើយ​បញ្ហា​ប្រឈម​ពេល​នេះ កម្ពុជា​អាច​នឹង​ខ្វះខាត​ស្បៀង​អាហារ៖ «ដល់​អ៊ីចឹង បើ​កាលណា​ការផលិត​ស្បៀង​របស់​គាត់​មិន​បាន វា​ធ្វើ​ឲ្យ​កង្វះខាត​ស្បៀង​ជា​លក្ខណៈ​តំបន់ ឬក៏​ក្នុងភូមិ​ឃុំ​របស់​គាត់​។ អ៊ីចឹង​គាត់​ងាក​ទៅ​អាស្រ័យ​ស្បៀង​ពី​ខាងក្រៅ បាន​ន័យថា​បាន​ពី​តំបន់​ដែល​ផលិត​ស្រូវប្រាំង ឬក៏​នាំចូល​ពី​ប្រទេស​ជិត​ខាត​។ អ៊ីចឹង​ធ្វើ​ឲ្យ​ពួកគាត់​ខ្វះខាត​សម្រាប់​ការ​ផលិត​ហូបចុក​ខ្លួនឯង ហើយ​គាត់​ងាក​ទៅ​ទិញ​ពី​ខាងក្រៅ»។

កាលពី​ឆ្នាំ​២០២០ កម្ពុជា​ប្រមូល​ផល​ស្រូវ​បាន​ជាង​ដប់​លាន (១០.៩៣៥.៦១៨) តោន​លើ​ផ្ទៃដី​កសិកម្ម​សរុប​ជាង​បី​លាន (៣.២៦៨.៩៦៨)​ហិកតារ​។ ជាមួយ​គ្នា​នេះ កម្ពុជា​បាន​នាំ​ចេញ​ស្រូវ និង​អង្ករ បាន​ជាង​បី​លាន​(៣,៥៨)​តោន ដោយ​ទទួល​បាន​ទឹកប្រាក់​ជាង​មួយ​ពាន់ (១,២៦​ពាន់​)​លាន​ដុល្លារ។ ចិន​គឺជា​ទីផ្សារ​នាំចេញ​អង្ករ​បាន​ច្រើន​ជាង​គេ​បំផុត បន្ទាប់​មក​គឺ​សហភាព​អឺរ៉ុប៕

No comments: