August 18, 2021

សាច់​ញាតិ និង​សង្គម​ស៊ីវិល​ជំរុញ​ជា​ថ្មី​ឲ្យ​ពន្លឿន​ការ​ដោះ​លែង​ទណ្ឌិត​ភ្ជាប់​លក្ខខណ្ឌ ​ពេល​មាន​គណៈកម្មការ​​តែងតាំង​​ថ្មី

លោក ចៅ វាសនា អតីត​ចៅ​សង្កាត់​​​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៃ​​គណបក្ស​សង្គ្រោះ​ជាតិ​​ ដែល​កំពុង​ជាប់​កំពុង​ជាប់​ពន្ធនាគារ។Photo: RFA


ដោយ ម៉ៅ សុធានី RFA 2021-08-17

សាច់​ញាតិ និង​សង្គម​ស៊ីវិល​ជំរុញ​ជា​ថ្មី​ទៀត ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​អនុវត្ត​ការ​ដោះ​លែង​ទណ្ឌិត​​​ភ្ជាប់​លក្ខខណ្ឌ ក្រោយ​ពេល​ក្រសួង​យុត្តិធម៌​ប្រកាស​តែងតាំង​សមាសភាព​គណៈកម្មការ​ជាតិ​ដោះ​លែង​ទណ្ឌិត​ដោយ​ភ្ជាប់​លក្ខខណ្ឌ។

ដំណើរ​ការ​ដោះលែង​ទណ្ឌិត​ដោយ​ភ្ជាប់​លក្ខខណ្ឌ ​មាន​ភាព​យឺតយ៉ាវ បើ​ទោះ​ជា​ស្ថាន​ភាព​នៅ​ខាង​ក្នុង​ពន្ធនាគារ​កំពុង​ប្រឈម​ភាព​ចង្អៀត​ណែន និង​ហានិភ័យ​ខ្ពស់​នៃ​ការ​​ឆ្លង​ជំងឺ​កូវីដ១៩ (Covid-19) ក៏​ដោយ។

ប្រពន្ធ​របស់​អតីត​ចៅ​សង្កាត់​​​ប៉ោយប៉ែត នៃ​​គណបក្ស​សង្គ្រោះ​ជាតិ​​ លោក ចៅ វាសនា លោកស្រី វង្ស គិមហុង ហាក់​មិន​សូវ​រំពឹង​ខ្ពស់​ថា ​​​​គណៈកម្មការ​នេះ​ ព្រម​ដោះលែង​ប្ដី​របស់​លោកស្រី ឲ្យ​នៅ​ក្រៅ​ឃុំ​ដោយ​មាន​​ភ្ជាប់​លក្ខខណ្ឌ​មុន​កាល​កំណត់​​ទេ ព្រោះ​ជិត​ ៥​ឆ្នាំ​ហើយ ​រដ្ឋាភិបាល​មិន​ដែល​បាន​បន្ធូរ​បន្ថយ​ទោស​ឲ្យ​គាត់​ម្តង​ណា​ឡើយ។

ទោះ​យ៉ាង​ណា លោកស្រី សំណូម​ពរ​យ៉ាង​ទទូច​ឲ្យ​គណៈកម្មការ​ថ្មី​នេះ​ដោះលែង​ប្ដី​លោកស្រី និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​រូប​គាត់​ត​ទៅ​ទៀត ព្រោះ​គាត់​មាន​វ័យ​កាន់​តែ​ចាស់ ហើយ​បាន​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​យូរ​ឆ្នាំ​ហើយ។ លោកស្រី វង្ស គិមហុង អះអាង​ថា លោក ចៅ វាសនា នឹង​មិន​ព្រម​ទទួល​យក​លក្ខខណ្ឌ​ក្នុង​ន័យ​ចុះញ៉ម​ផ្នែក​នយោបាយ​ឡើយ៖ «បើ​សិន​ណា​យើង​យល់​ព្រម​មាន​លក្ខខណ្ឌ (នយោបាយ) អ្វី​អ៊ីចឹង គេ​ដោះ​លែង​យើង​យូរ​ណាស់​ហើយ។ អា​នេះ​គាត់​អត់​ព្រម​ទេ គាត់​ប្រាប់​ថា​គាត់​អត់​មាន​ខុស​អ្វី។ តែ​គាត់​ក៏​អត់​មាន​ភ័យ​ដែរ រឿង​អ្វី​មក​ដាក់​បន្ទុក​លើ​គាត់​ថា ខុស ឬ​ឲ្យ​គាត់​មាន​លក្ខខណ្ឌ។ គាត់​មាន​ធ្វើ​អ្វី​ខុស! បើ​ខ្ញុំ​ស្ដាប់​សំណុំ​រឿង​គាត់​ គឺ​ដាច់​ខាត​អត់​មាន​អ្វី​ខុស។ ប៉ុន្តែ​ដាក់​បន្ទុក​លើ​គាត់​ឲ្យ​ខុស​ បែរ​ជា​ស​ទៅ​ជា​ខ្មៅ​អ៊ីចឹង​ណា»។

ការ​លើក​ឡើង​នេះ ក្រោយ​ពី​ក្រសួងយុត្តិធម៌​បាន​​​ប្រកាស​តែងតាំង​សមាសភាព​​​​គណៈ​កម្មការ​ជាតិ​ដោះលែង​ទណ្ឌិត​ដោយ​ភ្ជាប់​លក្ខខណ្ឌ ដឹកនាំ​ដោយ​​រដ្ឋលេខាធិការ លោក គឹម សន្តិភាព​ ​​ដើម្បី​ពិនិត្យ​មើល​ពាក្យ​សុំ និង​ឯកសារ​នានា ​ពាក់ព័ន្ធ​នឹង​សំណើ​​​របស់​ប្រធាន​សាលាដំបូង ក្នុង​ការ​ស្នើសុំ​ដោះលែង​ទណ្ឌិត​មាន​ភ្ជាប់​លក្ខខណ្ឌ។ ​កាល​ពី​​ខែ​កក្កដា​ ក្រសួង​យុត្តិធម៌​បាន​​​ចេញ​ប្រកាស​​​បើក​ផ្លូវ​ឲ្យ​មាន​ការ​ដោះលែង​ទណ្ឌិត​​​ដោយ​ភ្ជាប់​លក្ខខណ្ឌ​ ​ជា​កាតព្វកិច្ច​មួយ ឬ​ច្រើន ដូច​ជា ការ​បំពេញ​សកម្មភាព​ខាង​វិជ្ជាជីវៈ ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​ទីលំនៅ​ជាក់លាក់ ឬ​តម្រូវការ​ផ្នែក​សុខាភិបាល ឬ​ភាព​ចាំបាច់​របស់​ទណ្ឌិត​ត្រូវ​រកស៊ី​ចិញ្ចឹម​គ្រួសារ​ជាដើម ដើម្បី​បញ្ជូន​ពួក​គេ​ទៅ​រស់​នៅ​ក្នុង​សង្គម​វិញ។ ការ​ដោះ​លែង​នេះ ជា​សមត្ថកិច្ច​របស់​ប្រធាន​សាលា​ដំបូង​រាជធានី​ខេត្ត។

ប៉ុន្តែ​ជាង​មួយ​ខែ​ហើយ​សមត្ថកិច្ច​មិន​ទាន់​​អាច​អនុវត្ត​វិធានការ​នេះ​ បាន​នៅ​ឡើយ​ទេ។ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដោះលែង​ទណ្ឌិត​ដោយ​មាន​ភ្ជាប់​លក្ខខណ្ឌ លោក គឹម សន្តិភាព បាន​ទេ នៅ​ថ្ងៃ​ទី១៧ សីហា។ តែ​លោក​ថ្លែង​ជាមួយសារ​ព័ត៌មាន​ Thmeythmey.com ថា អាជ្ញាធរ​ត្រូវ​ការ​ពេល​វេលា​ ដើម្បី​ព្រាង​លិខិត​ស្នាម​ផ្សេងៗ បញ្ជូន​ទៅ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត ឲ្យ​ចូលរួម​ត្រួត​ពិនិត្យ​បន្ថែម មុន​នឹង​ដាក់​ឲ្យ​អនុវត្ត។

លោក គឹម សន្តិភាព​ ដែល​ក្រសួងយុត្តិធម៌​ទើប​តែ​បាន​​​ប្រកាស​តែងតាំង​​​ថ្មីៗ ឱ្យ​ដឹកនាំ​​​​​គណៈ​កម្មការ​ជាតិ​ដោះលែង​ទណ្ឌិត​ដោយ​ភ្ជាប់​លក្ខខណ្ឌ។ រូប៖ ក្រសួងយុត្តិធម៌


បន្ថែម​ពី​លើ​ភាព​យឺតយ៉ាវ​នេះ ប្រធាន​សាលា​ជម្រះ​ក្ដី​មួយ​ចំនួន ក៏​មិន​ទាន់​បាន​សិក្សា​ច្បាស់​លាស់​ពី​ស្ថានភាព និង​ចំនួន​ទណ្ឌិត ដែល​នឹង​ត្រូវ​ស្នើសុំ​ដោះលែង​នេះ​ដែរ ដោយ​ទើប​តែ​សិក្សា​លើ​យន្តការ​ថ្មី​នេះ​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​បញ្ហា​នេះ សង្គម​ស៊ីវិល​ចង់​ឃើញ​មន្ត្រី​មាន​សមត្ថកិច្ច​ពន្លឿន​ការ​អនុវត្ត​នីតិវិធី​នេះ ដើម្បី​បន្ធូរ​បន្ថយ​ស្ថានភាព​ចង្អៀត និង​ហានិភ័យ​ឆ្លង​កូវីដ១៩ ក្នុង​ពន្ធនាគារ​ឲ្យ​បាន​ឆាប់។

អ្នក​សម្រប​សម្រួល​គម្រោង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក ហ៊ុន ស៊ាងហាក់ ជំរុញ​ឲ្យ​គណៈកម្មការ​ដោះលែង​ទណ្ឌិត​​មាន​ភ្ជាប់​លក្ខខណ្ឌ​ ធ្វើការ​ដោយ​តម្លាភាព និង​មិន​ត្រូវ​រើស​អើង​ឡើយ ដើម្បី​កុំ​ឲ្យ​រង​ការ​រិះគន់​​​​ពី​អំពើ​ពុក​រលួយ ឬ​​​​ភាព​មិន​ប្រក្រតី​​​នានា។ ក្នុង​ករណី​កើត​មាន​ភាព​មិន​ប្រក្រតី​មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​​លើក​ទឹក​ចិត្ត​ឲ្យ​​មាន​ការ​ដាក់​ទោស​ទណ្ឌ​ចំពោះ​មន្ត្រី​ពុក​រលួយ៖ «គួរ​តែ​មាន​យន្តការ​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​ងារ​ហ្នឹង ដើម្បី​ពិនិត្យ​មើល​ថា​តើ​ក្រុម​ការងារ ដែល​លោក​ធ្វើការ​ងារ​ហ្នឹង ពេល​ដែល​អនុវត្ត​ជាក់ស្ដែង​យើង​នឹង​ពិនិត្យ​មើល​​។ ឥឡូវ​នេះ យើង​កំពុង​តែ​ព្រួយ​បារម្ភ​ទេ មិន​ទាន់​ចេញ​ជា​សកម្មភាព​យ៉ាង​ណា។ ប៉ុន្តែ​ក្រុម​ការងារ​អង្គការ​សង្គម​ស៊ីវិល យើង​នឹង​ធ្វើការ​តាម​ដាន​ពិនិត្យ​ទៅ​លើ​សកម្មភាព​ការងារ​ហ្នឹង»។

បន្ថែម​ពី​នេះ លោក​ក៏​​​ជំរុញ​​​ឲ្យ​​រដ្ឋាភិបាល​​ដាក់​ចេញ​យន្តការ​​​ដោះ​លែង​អ្នក​ជាប់​ឃុំ​ដែល​មាន​ទោស​ស្រាលៗ ស្ត្រី​មាន​ផ្ទៃ​ពោះ ស្ត្រី​មាន​កូន​តូច​ក្នុង​បន្ទុក និង​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ ជាដើម​ ផង​ដែរ។​

កម្ពុជា​មាន​អ្នក​ជាប់ឃុំ​សរុប​ជិត​បួន​ម៉ឺន (៤០.០០០) នាក់ ដែល​ជា​ចំនួន​ច្រើន​លើសលប់ ព្រោះ​អង្គការ​ជាតិ និង​អន្តរជាតិ បាន​ប៉ាន់​ប្រមាណ​ថា​ពន្ធនាគារ​គួរតែ​ផ្ទុក​មនុស្ស​បាន​ត្រឹម​ចំនួន​ជាង ២ម៉ឺន ៦ពាន់ (២៦.៥៩៣) នាក់​ប៉ុណ្ណោះ។ នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ទៀត​សោត ជំងឺ​កូវីដ-១៩ ក៏​បាន​ឆ្លង​ចូល​ដល់​ពន្ធនាគារ​ប្រមាណ ១០កន្លែង និង​បណ្ដាល​ឲ្យ​អ្នក​ជាប់​ឃុំ និង​អនុរក្ស​ជា​ច្រើន​នាក់​ឆ្លង។ ក្នុង​ចំណោម​នោះ មាន​អ្នក​ជាប់​ឃុំ និង​អនុរក្ស​យ៉ាង​ហោច​ណាស់ ៨នាក់​ស្លាប់ ដោយ​សារ​ជំងឺ​នេះ៕

No comments: