August 7, 2021

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ថា ​លោក ហ៊ុន សែន ​និង​បក្ខពួក ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វើ​ឲ្យ​ខូចខាត​ប្រជាធិបតេយ្យ​ និង​រំលោភ​សិទ្ធិមនុស្ស

(ឆ្វេង) លោក ម៉ាកូ រូប៊ីអូ (Marco Rubio) (កណ្ដាល) លោក អ៊ែដ ម៉ារ៍ឃី (Ed Markey) និង​លោក ឌិក ឌើប៊ិន (Dick Durbin) សមាជិកព្រឹទ្ធសភា​អាមេរិក  រូប៖ ហ្វេសប៊ុកលោកទាំងបី


ដោយ សេក បណ្ឌិត RFA 2021-08-06

សមាជិក​ព្រឹទ្ធសភា​អាមេរិក​គ្រោង​លើក​យក​សេចក្ដី​ព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​ក្រុម មេ​ដឹក​នាំ​របប​លោក ហ៊ុន សែន ​ដែល​ធ្វើឲ្យ​ខូចខាត​ប្រជាធិបតេយ្យ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស ទៅ​បង្ហាញ​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​សភា​សហរដ្ឋ​អាមេរិក។ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ថា រដ្ឋាភិបាល​កម្ពុជា ​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​ប្រកាស​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​នេះ​ទេ ​ព្រោះ​ជា​សិទ្ធិ និង​ជា​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​អាមេរិក។

សេចក្ដីព្រាង​ច្បាប់​ស្ដីពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​កម្ពុជា (Cambodia Democracy and Human Rights Act) មាន​គោល​បំណង​ឲ្យ​របប​លោក ហ៊ុន សែន ​ទទួល​ខុស​ត្រូវ​លើ​ទង្វើ​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ​ខណៈ​ដែល​ក្រុម​មេដឹកនាំ​របប​នេះ កំពុង​បន្ត​បង្ក្រាប ស្ថាប័ន​ប្រជាធិបតេយ្យ​រំលោភ​សិទ្ធិមនុស្ស ​និង​កម្ទេច​សំឡេង​នយោបាយ​ប្រ​ឆាំង។

សមាជិកព្រឹទ្ធសភា​អាមេរិក ៣រូប​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ រួម​មាន លោក អ៊ែដ ម៉ារ៍ឃី (Ed Markey) លោក ម៉ាកូ រូប៊ីអូ (Marco Rubio) និង​លោក ឌិក ឌើប៊ិន (Dick Durbin) លើកឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី៥ ខែ​សីហា​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​តាម​បែប​ឯក​បក្ស​ដែល​រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា ​តាម​រយៈ​អំពើ​ពុករលួយ ​ការ​ហាម​ឃាត់​សិទ្ធិ​អ្នក​នយោបាយ​បក្ស​ប្រឆាំង ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ ​ច្បាប់​បែប​គាប​សង្កត់ ​ព្រមទាំង​ការ​បង្ក្រាប​លើ​សេរីភាព​បញ្ចេញ​មតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ ជាពិសេស ​គណបក្ស​ប្រឆាំង​ដ៏​សំខាន់ គឺ​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​គេ​បំបិទ​ចោល ហើយ​ថ្នាក់​ដឹក​នាំ​បក្ស​នេះ​ ក្នុង​នោះ​រួម​ទាំង​មាន​លោក កឹម សុខា ផង ត្រូវ​បាន​គេ​ធ្វើ​ទុក្ខ​បុក​ម្នេញ ចាប់​ដាក់​ពន្ធនាគារ និង​ខ្លះ​ទៀត ត្រូវ​បាន​និរទេស​ខ្លួន។

ប្រធាន​អនុ​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក ​ទទួល​បន្ទុក​កិច្ចការ​អាស៊ីបូព៌ា​ លោក អ៊ែដ ម៉ារ៍ឃី (Ed Markey) ថ្លែង​ថា ពលរដ្ឋ​ខ្មែរ​សម​តែ​ទទួល​បាន​នូវ​អ្វី​ដែល​​ជា​ការសន្យា​នៅក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​១៩៩១។ នោះ​គឺ​លទ្ធិ​ប្រជាធិបតេយ្យ​បែប​តំណាង​ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ មិន​មែន​ជា​ការ​គ្រប់​គ្រង​បែប​ផ្ដាច់ការ​ឯក​បក្ស​បែប​នេះ​ឡើយ។ លោក​បន្ត​ថា សំណើ​ច្បាប់​ដាក់​ទណ្ឌកម្ម​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា សហរដ្ឋ​អាមេរិក​ នឹង​មិន​ឈរ​ឱប​ដៃ​នៅ​ស្ងៀម​នោះ​ទេ ពីព្រោះ​លោក ហ៊ុន សែន និង​បក្ខ​ពួក​របស់​គាត់ ​បាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ ធ្វើ​ទុក្ខ​បុក​ម្នេញ​និង​ដាក់​គុក​សកម្ម​ជន​នយោបាយ​ប្រឆាំង ដាក់​ទិសដៅ​បង្ក្រាប​លើ​សេរីភាព​បញ្ចេញ​មតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ព្រម​ទាំង​បង្កើន​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ឯង​កាន់តែ​ខ្លាំង​តាមរយៈ​អំពើ​ពុក​រលួយ​ដ៏​រាល​ដាល​នៅ​កម្ពុជា។

ស្រដៀង​គ្នា​នេះ​ដែរ សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយ​រូប​ទៀត គឺ​លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ថ្លែង​ថា ក្រោម​ការ​ដឹកនាំ​បែប​អាជ្ញាសឹក​របស់​ជន​ផ្ដាច់ការ​ ហ៊ុន សែន ​ប្រទេស​កម្ពុជា​បន្ត​ដើរ​ថយ​ក្រោយ​ឡើង​វិញ បន្ទាប់​ពី​មានការ​រីក​ចម្រើន​ខ្លះ​នា​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយនេះ​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ។ សមាជិក​ព្រឹទ្ធសភា​អាមេរិក​រូប​នេះ បញ្ជាក់​ថា លោក​មាន​មោទនភាព​ដែល​បាន​ចូលរួម​ដឹកនាំ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​កន្លង​មក​របស់​សមាជិក​សភា​ទាំង​ពីរ​គណបក្ស ដើម្បី​ធ្វើឲ្យ​លោក ហ៊ុន សែន ​ត្រូវតែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បង្ក្រាប​លើ​គូប្រជែង​នយោបាយ និង​វិទ្យុ​អាស៊ី​សេរី។

ជាមួយ​គ្នា​នេះ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ម្នាក់​ទៀត​លោក ឌិក ឌើប៊ិន (Dick Durbin) មាន​ប្រសាសន៍​ថា រឿង​ដែល​កាន់តែ​ច្បាស់​នោះ គឺ​ថា អ្វី​ដែល​នៅ​សេស​សល់​តិចតួច​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ។លោក​សង្កត់​ធ្ងន់​ថា លោក និង​សហការី​ប្រកាន់​ជំហរ រួមគ្នា​ប្រឆាំង​នឹង​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​ជា​ចំហ​របស់​លោក ហ៊ុន សែន ហើយ​ទាម​ទារ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​អ្នក ដែល​បំផ្លាញ​អនាគត​ដ៏​ល្អ​ប្រសើរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

ប្រសិន​បើ​ចូល​ជាធរមាន ច្បាប់​នេះ​នឹង​បើក​ផ្លូវ​ឱ្យ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លោក ហ៊ុន សែន ​និង​មន្ត្រី​ជាន់​ខ្ពស់​​ក្នុង​ជួរ​របប​សព្វថ្ងៃ ​និង​មន្ត្រី​យោធា ឬ​កង​សន្តិសុខ ដែល​បាន​ចូល​ដៃ​ក្នុង​ការ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​នោះ។ ទណ្ឌកម្ម​ទាំងនោះ​រួមមាន​បង្កក​ទ្រព្យសម្បត្តិ​ដែល​ពួក​គេ​លាក់​ទុក​នៅ​សហរដ្ឋ​អាមេរិក និង​បិទ​ទិដ្ឋាការ​មន្ត្រី​ទាំង​នោះ ដោយ​មិន​ឲ្យ​ជាន់​ទឹក​ដី​អាមេរិក​ជា​ដើម។

ឆ្លើយតប​រឿង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ថ្លែង​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​ចាប់​អារម្មណ៍​រឿង​អាមេរិក​ព្រមាន​ដាក់​ទណ្ឌកម្ម​នេះ​ទេ ព្រោះ​ជា​ការ​​លើកឡើង​ដដែលៗ ជា​យូរ​មក​ហើយ។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា ​គ្មាន​ភាព​ចាំបាច់​ងាក​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​ឯ​ណា​ទៀត នោះ​ទេ ដោយ​លោក​អះអាង​ថា សព្វ​ថ្ងៃ​នេះ រដ្ឋាភិបាល​កំពុង​ដើរ​តាម​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ​ស្រាប់​ទៅ​ហើយ៖ «ប៉ះពាល់​គឺ ប៉ះពាល់​តែ​អ្នក​មាន​លុយ​យក​ទៅ​ដាក់​ឲ្យ​គេ​រឹប​អូស​តែ​ប៉ុណ្ណឹង​ទេ ប៉ុន្តែ​ចំពោះ​មន្ត្រី​ទូទៅ​នៅ​ទូទាំង​ប្រទេស​កម្ពុជា អត់​មាន​ប៉ះពាល់​ទេ ព្រោះ​អត់មាន​លុយ​យក​ទៅ​ដាក់​ឲ្យ​គេ​រឹបអូស​ទេ»។

ទោះ​ជា​យ៉ាង​ណា​ក្ដី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី៥ សីហា​ថា ដំណឹង​ស្តីពី​ការ​ពន្លឿន​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​របប​ក្រុង​ភ្នំពេញ​នេះ អាច​ធ្វើ​ឲ្យ​មាន​ការ​ជ្រួល​ច្របល់​ក្នុង​ជួរ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ពីព្រោះ​លោក​ថា មាន​មន្ត្រី​គណបក្ស​នេះ​ជា​ច្រើន ដែល​មាន​ក្រុម​គ្រួសារ​រស់នៅ​សហរដ្ឋ​អាមេរិក​ ហើយ​បាន​យក​ទ្រព្យសម្បត្តិ​ជាច្រើន​របស់​ខ្លួន​ទៅ​លាក់​នៅ​សហរដ្ឋ​អាមេរិក។

ជុំវិញ​រឿង​នេះ សហ​ស្ថាបនិក​នៃ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា បណ្ឌិត រ៉ូ វណ្ណៈ មាន​ប្រសាសន៍​ថា ​ការណ៍​ដែល​សភា​អាមេរិក ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​នេះ ក្រៅពី​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រជាធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ហើយ​នោះ ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឥទ្ធិពល​ចិន​នៅ​កម្ពុជា និង​នៅ​ក្នុង​តំបន់​ផង​ដែរ។ លោក​ជឿ​ថា សេចក្ដីព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​នេះ អាច​នឹង​ត្រូវ​បាន​អនុម័ត និង​ចូល​ជា​ផ្លូវការ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា នៅ​តែ​មិន​ធ្វើ​ឲ្យ​មាន​ប្រក្រតីភាព​នៃ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស ព្រមទាំង​មិន​ប្រកាន់​យក​​គោល​នយោបាយ​អព្យាក្រឹត្យ ស្រប​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទេ​នោះ៖ «សហរដ្ឋ​អាមេរិក យល់​ថា ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ​ជាជាង​ប៉ះពាល់​លើ​មេដឹកនាំ​ប្រទេស ​ព្រោះ​យើង​ដឹង​ថា មេដឹកនាំ​ប្រទេស ​គាត់​មាន​លទ្ធភាព​ក្នុង​ការ​រស់​នៅ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​នេះ​រាប់​ទសវត្សរ៍​ដូច្នេះ​ហើយ​បាន​ជា​ច្បាប់​ក្រោយៗ​នេះ ភាគ​ច្រើន​គេ​ធ្វើ​កម្រិត​ទៅលើ​បុគ្គល​វិញ។ ដូច្នេះ​បុគ្គល​ដែល​រង​ការ​ដាក់​ទណ្ឌកម្ម​នេះ ទី១ គឺ​ខូច​មុខ​មាត់​ខូច កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ ខូច​មុខមាត់​របស់​បុគ្គល និង​មុខ​មាត់​របស់​ប្រទេស​លើ​ឆាក​អន្តរជាតិ ​ត្រូវ​បាន​គេ​មើល​ស្រាល​ពេបជ្រាយ​ថា ជា​ប្រទេស​រំលោភ​សិទ្ធិមនុស្ស និង​ជា​ប្រជាធិបតេយ្យ។ទី២ ​គឺ​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​របស់​បុគ្គល​ដែរ ដោយសារតែ​យើង​ដឹង​ថា ការ​ធ្វើ​ចរាចរ​លុយ​ស្ថិត​ក្នុង​ប្រព័ន្ធ​រូបិយវត្ថុ​ដុល្លារ​អន្តរ​ជាតិ ​គឺ​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ ច្បាស់ជា​បង្កក​ឬ​ទប់ស្កាត់»។

ទោះ​ជា​សេចក្ដី​ព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន មិន​ទាន់​ចូល​ជាធរមាន​ក៏ដោយ ក៏​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​គ្រាក់​ៗ ​និង​មនុស្ស​ជំនិត​របស់​លោក​ ហ៊ុន សែន​ ជា​ហូរហែ​មក​ហើយ ដោយ​ប្រើ​ប្រាស់​ច្បាប់​សាកល​គ្លូបល មែគនីតស្គី អ៊ែក (Global Magnitsky Act)។ អ្នក​ទាំង​នោះ រួម​មាន​មេកង​អង្គរក្ស​លោក ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀង អនុប្រធាន​ទី១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​លោក គន់ គីម ​និង​សមាជិកគ្រួសារ៣ នាក់​ទៀត ​ព្រម​ទាំង​មេ​ឈ្មួញ​ឈើ​ដ៏​ធំ​នៅ​ស្រុក​ខ្មែរ គឺលោក ទ្រី ភាព និង​ក្រុមហ៊ុន​របស់​លោក។ សហរដ្ឋ​អាមេរិក​ក៏​ប្រើ​ច្បាប់​ដដែល​នេះ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​ហ៊ុន​រដ្ឋ​ចិន យូឌីជី (UDG) នៅ​ខេត្ត​កោះកុង​ផង​ដែរ។ សហរដ្ឋ​អាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​បុគ្គល​ទាំង​នេះ និង​ក្រុមហ៊ុន​របស់​ពួក​គេ បន្ទាប់​ពី​រក​ឃើញ​ថា ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ អំពើ​ពុក​រលួយ និង​ការ​ច្បាម​យក​សម្បត្តិ​ធម្មជាតិ​របស់​កម្ពុជា​ដោយ​ខុសច្បាប់​ជាដើម៕

No comments: