August 30, 2021

លោក ហ៊ុន សែន រង​ការ​រិះគន់​ដែល​បង្ហោះ​ចម្រៀង​លក្ខណៈ​នយោបាយ​ប្រជាភិថុតិ

ហ្វេសប៊ុក​​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។  Screenshot


ដោយ ខែ សុណង RFA 2021-08-29

ប្រជា​ពលរដ្ឋ​មួយ​ចំនួន និង​អ្នក​ឃ្លាំមើល​សង្គម រិះគន់​ថា ការ​បង្ហោះ​បទ​ចម្រៀង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​រៀងរាល់​ថ្ងៃនេះ គឺជា​ការ​ធ្វើ​នយោបាយ​ប្រជាភិថុតិ ដែល​ទំនងជា​មិន​អាច​ទាក់ទាញ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​បាន​ទេ​។ មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល ឆ្លើយតប​ថា ការ​បង្ហោះ​បទ​ចម្រៀង​ទាំងនេះ គឺជា​សិទ្ធិ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហើយ​ប្រសិនបើ​ប្រជាពលរដ្ឋ​រូប​ណា មិន​ពេញចិត្ត កុំ​ចូល​ស្តាប់។

ប្រជាពលរដ្ឋ និង​អ្នកឃ្លាំមើល​សង្គម លើកឡើង​ថា ប្រជាពលរដ្ឋ​ភាគច្រើន​សុទ្ធតែ​ដឹង​ថា ចម្រៀង​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រាល់ថ្ងៃ​នេះ គ្រាន់តែ​ជា​ការ​បញ្ចើចបញ្ចើ​លើកជើង​លោក និង​គ្រួសារ​របស់​លោក ដោយ​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​ឡើយ។

ពលករ​ខ្មែរ​មួយ​រូប​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ លោកស្រី លី ថ្លែង​ថា បទ​ចម្រៀង​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន សុទ្ធតែ​ពីរោះ និង​មាន​អត្ថន័យ​ល្អ ប៉ុន្តែ​លោក ហ៊ុន សែន មិនបាន​អនុវត្ត​តាម​ខ្លឹមសារ​នៃ​បទ​ចម្រៀង​ទាំង​នោះ​ទេ​។ លោកស្រី​បន្ត​ថា ទោះបីជា​លោក ហ៊ុន សែន ខំ​ចំណាយធនធាន​ជួល​ក្រុម​សិល្បករ​ទាំង​សម័យ និង​បុរាណ ដើម្បី​តាក់តែង​បទ​ចម្រៀង​សរសើរ​លើកជើង​លោក​យ៉ាង​ណា​ក្តី ក៏​មិន​អាច​ទាក់ទាញ​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​បាន​ដែរ​៖ «បទ​ចម្រៀង​គាត់​ចេញ​មក​ដូចជា​ការ​សម្ដែង​ដូចជា​អរគុណ សន្តិភាព ដូច​បទ​ចម្រៀង​ថ្មីៗ គ្រាន់តែ​ជា​ការ​សម្ដែង​។ បើ​គាត់​ជា​នាយករដ្ឋមន្ត្រី​ដឹកនាំ ត្រឹមត្រូវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​លំបាក​វេទនា ដូចជា​រាល់ថ្ងៃ​យើង​ឃើញ​ហើយ​រឿង​ផ្លែឈើ គ្រាន់តែ​គ្នា​សម្ដែង​មតិ​ថា ផ្លែឈើ​លក់​អត់​ដាច់ ក៏​ចាប់​គ្នា​ដាក់គុក ក៏​ចាប់​គ្នា​យក​ទៅ​គំរាម។ គាត់​មិន​បាច់​មក​សម្ដែង​បទ​ចម្រៀង ឬ​សម្ដែង​អាកប្បកិរិយា​អ៊ីចឹង​ឲ្យ​ប្រជា​ពលរដ្ឋ​ស្តាប់ ព្រោះ​ពលរដ្ឋ​ឥឡូវ​លែង​ល្ងង់​ហើយ ។​គាត់​យល់​ច្បាស់​ណាស់​អ្វី​ជា​អ្វី»។

ជាមួយ​គ្នា​នេះ សកម្មជន​គណបក្ស​សង្គ្រោះជាតិ លោក ករុណា ពៅ ថ្លែង​ថា លោក​ហួសចិត្ត​ដែល​លោក ហ៊ុន សែន ខ្វះ​ការ​ទទួលខុសត្រូវ​ចំពោះ​ការដឹកនាំ​ប្រទេសជាតិ បែរជា​ចំណាយ​ពេលវេលា​បង្ហោះ​រូបភាព​ក្រុម​គ្រួសារ និង​បទ​ចម្រៀង​ដែល​លើក​សរសើរ​ខ្លួនឯង​ខុសពី​ការពិត​តាម​បណ្ដាញ​ហ្វេសប៊ុក​ទៅវិញ​។ លោក​យល់​ថា លោក ហ៊ុន សែន គួរតែ​មាន​សេចក្តី​ក្លាហាន​ចេញ​ពី​ភូមិគ្រឹះ ចុះ​ជួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយ​វិបត្តិ​ជំងឺ​កូវីដ​-១៩ និង​យកចិត្តទុកដាក់​ស្តារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ ទើប​ជា​រឿង​ត្រឹមត្រូវ​៖ «មេដឹកនាំ​ពិភពលោក ដូច​គេ​មិន​បាន​អួតអាង​រឿង​ដឹកនាំ​របស់​ថ្នាក់ដឹកនាំ​ណាមួយ​ទេ ព្រោះ​មានតែ​មួយ​នៅ​កម្ពុជា គាត់​មាន​តែ​បង្ហោះ​អួតអាង​សមិទ្ធផល របស់​ខ្លួនឯង​ដូចជា​ការ​សាងសង់​អី​ផ្សេងៗ​ស្ពាន សាលា​អី គាត់​ដាក់​ឈ្មោះ​គាត់។ ជា​ជំនួយ​របស់​បរទេស តែ​គាត់​ដាក់ឈ្មោះ​របស់​គាត់​ទាំងអស់ អត់​បាន​ឆ្លុះបញ្ចាំង​ពី​តថភាព​រួម​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ទេ គឺ​ដើម្បី​អួតអាង​ថា ខ្លួនឯង​ជា​មេដឹកនាំ អស្ចារ្យ តែ​តាមពិត​គឺ​សូន្យ»។

ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​បែបនេះ គឺ​បន្ទាប់​ពី​ពួកគាត់ កត់​សម្គាល់​ឃើញ​ថា លោក ហ៊ុន សែន តែងតែ​បង្ហោះ​បទ​ចម្រៀង​៣​ទៅ​៤​បទ នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ជា​រៀងរាល់ថ្ងៃ ដែល​ពួកគាត់​យល់​ថា ខ្លាំង​ជាង​ផលិតកម្ម​ចម្រៀង​ធំៗ​នៅក្នុង​ស្រុក​ខ្មែរ​ទៅទៀត​។ បទ​ចម្រៀង​ទាំងនោះ សុទ្ធតែ​និពន្ធ​និង​ច្រៀង​ដើម្បី​លើក​សរសើរ​លោក ហ៊ុន សែន និង​គ្រួសារ​លោក ក្នុង​បំណង​ទាក់ទាញ​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ឲ្យ​គាំទ្រ និង​ដឹងគុណ​លោក​។ បទ​ចម្រៀង​ដែល​បង្ហោះ​មួយ​រយៈ​ចុងក្រោយ​នេះ គឺ​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ការ​អរគុណ​សន្តិភាព ការ​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ និង​រឿង​លោក ហ៊ុន សែន បញ្ជា​ឲ្យ​ក្រុម​អង្គរក្ស​របស់​លោក​ចុះ​ទិញ​ផ្លែ​មៀន​ពី​ប្រជាកសិករ​នៅ​ខេត្ត​បាត់ដំបង និង​ប៉ៃលិន ជាដើម​៖ «មកដល់​ប៉ៃលិន និង​បាត់ដំបង ធ្វើ​ដំណើរ​ឆ្លង​ទៅ​ចម្ការ ប្រមូល​ទិញ​ផ្លែ​មៀន និង​តាង៉ែន​ផល្លា តាម​បទបញ្ជា​សម្តេច​តេជោ»។

ទោះជា​យ៉ាងណា ទន្ទឹម​នឹង​ចេញផ្សាយ​បទ​ចម្រៀង​លើក​សរសើរ​លោក ហ៊ុន សែន រឿង​ទិញ​ផ្លែ​មៀន និង​ផ្លែ​តាង៉ែន ដើម្បី​ជួយ​កសិករ​នេះ អាជ្ញាធរ​បែរជា​ចាប់​កសិករ​ដាំ​មៀន​ម្នាក់​ដាក់​ពន្ធនាគារ​១០​ខែ​ដោយសារ​បង្ហោះ​សារ​បញ្ចេញមតិ​រិះគន់​រឿង​គ្មាន​ទីផ្សារ​ទៅវិញ។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ថា បទ​ចម្រៀង​ទាំងនោះ​ទំនងជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះ​លើ​ហ្វេសប៊ុក​ដោយ​ខ្លួនឯង ប៉ុន្តែ លោក មិន​ដឹង​ថា លោកនាយក​រដ្ឋមន្ត្រី​ជួល​ក្រុម​សិល្បករ​ដើម្បី​និពន្ធ​និង​ច្រៀង​ឲ្យ​លោក ឬ​យ៉ាងណា​នោះ​ទេ​។ លោក​យល់​ថា បទ​ចម្រៀង​មួយចំនួន អាច​បាន​មក​ពី​អ្នកស្ម័គ្រចិត្ត ឬ​អ្នកគាំទ្រ​។ លោក​បន្ត​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​រូប​ណា មិន​ពេញចិត្ត​បទ​ចម្រៀង​ទាំងនោះ មិនបាច់​ចូល​ស្តាប់​នោះ​ទេ​៖ «ចម្រៀង​ទាំងអស់​ហ្នឹង​ពាក់ព័ន្ធ​នឹង​សិល្បៈ​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​សម្តេច។ អ្នកណា​មិន​ពេញចិត្ត​គឺជា​រឿង​អ្នក​មិន​ពេញចិត្ត បើ​មិន​ពេញចិត្ត ទុក​ឲ្យ​អ្នក​គេ​ពេញចិត្ត​គេ​ស្តាប់ គេ​សប្បាយ​គេ​រីករាយ​ជាមួយ​ចម្រៀង​ហ្នឹង។ ទាំងអស់ គ្នា​ចូលចិត្ត​គ្រប់​ចង្វាក់​ទាំងអស់ ដូចជា​យើង​ទៅ​ចូលរួម​ក្នុង​ពិធី​អី​ណាមួយ​ក៏ដោយ មាន​ចង្វាក់​រាំវង់ ចង្វាក់​រាំក្បាច់ និង​ចង្វាក់​បរទេស​ដទៃទៀត ខ្លះ​ចូលចិត្ត​ចង្វាក់​នេះ​ចង្វាក់​នោះ ដូច្នេះ​អ្នក​ដែល​លើកឡើង​នេះ បាន​សេចក្តី​ថា អត់​មាន​វប្បធម៌​ក្នុង​ការគោរព​សិទ្ធិ​អ្នកដទៃ​នោះ​ទេ»។

ចាប់តាំង​ពី​ជំងឺ​កូវីដ​-១៩ រាតត្បាត​នៅក្នុង​ប្រទេស​កម្ពុជា​មក លោកនាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ហាក់​មិនសូវ​បង្ហាញ​មុខជា​សាធារណៈ​នោះ​ទេ​។ មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​រូប​នេះ តែង​សកម្ម​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដូចជា​បង្ហោះ​បទ​ចម្រៀង និង​រូបភាព​រីករាយ​ជួបជុំ​ក្រុម​គ្រួសារ​របស់​លោក ខណៈ​ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​ទីកន្លែង​រងគ្រោះ​បាត់បង់​ការងារ និង​ប្រាក់ចំណូល​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន គឺជា​មេដឹកនាំ​ដែល​ចូល​ចិត្តការ​បញ្ចើចបញ្ចើ និង​មិន​ចូលចិត្ត​ការរិះគន់​នោះ​ទេ ព្រោះ​ពេលខ្លះ​លោក បាន​ចាត់ទុក​ខ្លួនឯង ជា​ស្តេច​ចាប់​ជាតិ ឬ​ជា​កូន​ស្តេច​នាគ​ជាដើម ដូច្នេះ​ទើប​មន្ត្រី​និង​មនុស្ស​ជំនិត​របស់​លោក នាំគ្នា​ផលិត​បទ​ចម្រៀង​លើកជើង ដើម្បី​ឲ្យ​លោក​សប្បាយចិត្ត​។ ទោះជា​យ៉ាងណា លោក យល់​ថា ប្រជា​ពលរដ្ឋ​ភាគច្រើន មិន​ចូលចិត្ត​ស្តាប់​ចម្រៀង​ដែល​មាន​លក្ខណៈ​បញ្ចើចបញ្ចើ​ខុសពី​ការពិត​ឡើយ​៖ «ខ្ញុំ​មើល​ឃើញ​ថា វា​មិនមែន​វិធី​ទាក់ទាញ​ការ​គាំទ្រ​ទេ។ ខ្ញុំ​យល់​ថា លោកនាយក​រដ្ឋមន្ត្រី​ខ្លួនឯង ក៏​គាត់​ដឹង​ច្បាស់​ដែរ​ថា ពលរដ្ឋ​លែង​គាំទ្រ​ទៅ​ហើយ​ដូច្នេះហើយ​បាន​ជា​មធ្យោបាយ​របស់​គាត់​មានតែ​សំឡុត មាន​តែ​គំរាម មានតែ ចាប់ចង ដាក់គុក​អ៊ីចឹង​ទៅ ព្រោះ​បើ​ក្នុង​ករណី​គាត់​ដឹង​ថា ពលរដ្ឋ​នៅ​មាន​ការ​គាំទ្រ គឺ​គាត់​បើក​លំហ​នយោបាយ​ហើយ​។ រាល់ថ្ងៃ​នេះ គាត់​មិន​ហ៊ាន​ប្រកួត​ជាមួយ​គូ​ប្រកួត​ដែល​មាន​កម្លាំង​ស្មើ​គាត់​ទេ​។ គាត់​ចង់តែ​ប្រ​កួត​ជាមួយ​អ្នកណា​ដែល​ខ្សោយ​ជាង»។

កន្លងទៅ​ក្រុម​អ្នក​សិល្បៈ​មួយ​ចំនួន ដូចជា​អ្នកកំប្លែង អ្នក​និពន្ធ អ្នកចម្រៀង​ល្បីៗ​ទាំង​បុរាណ និង​សម័យ ព្រមទាំង​អ្នកកាសែត​ជាដើម ទទួល​បាន​តំណែង​ធំៗ​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រី​រាជការ​ស៊ីវិល ដោយសារតែ​ពួកគេ យ​និយាយ ឬ​សរសេរ និង​ច្រៀង​លើកជើង​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន។ ចំណែក​អ្នក​ដែល​និយាយ​ពិត​ដើម្បី​ប្រយោជន៍​ជាតិ តែ​មិន​ស្រប​នឹង​ទស្សនៈ​របស់​លោក​វិញ លោក ហ៊ុន សែន និង​បក្ខពួក​តែង​ចាត់ទុកជា​សត្រូវ ជា​ក្រុម​អគតិ ឬ​ក្បត់​ជាតិ ហើយ​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់គុក ឬ​ត្រូវ​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​រស់នៅ​បែកបាក់​គ្រួសារ​ជាដើម។

ការ​បង្ហោះ​ចម្រៀង​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន នេះ ក្រៅពី​ការ​លើក​សរសើរ​ការ​ដឹក​នាំ​របស់​លោក​ហើយ​នោះ វា​ក៏​ហាក់​ជា​ការឃោសនា​បង្កើន​ប្រជាប្រិយភាព​មុន​រដូវ​កាល​បោះឆ្នោត​ដែរ​។ ទោះជា​យ៉ាងណា អ្នកឃ្លាំមើល វាយតម្លៃ​ថា មេដឹកនាំ​គណបក្ស​អំណាច​រូប​នេះ នៅ​តែ​បាត់បង់​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ ដូច​កាល​ពី​ឆ្នាំ ២០១៣ និង ២០១៧ ដដែល ពី​ព្រោះតែ​ការ​ដឹកនាំ​បែប​ផ្ដាច់ការ និង​រំលោភ​សិទ្ធិមនុស្ស ធ្ងន់ធ្ងរ​របស់​លោក​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ៕

No comments: