August 19, 2021

មន្រ្តី​រាជបណ្ឌិត្យ​សភា​ជំរុញ​អាមេរិក​កុំ​រិះគន់​ប្រជាធិបតេយ្យ បើ​ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កម្ពុជា

រូបឯកសារ៖ សិស្សវិទ្យាល័យ កាន់ទង់ជាតិអាមេរិកនិងកម្ពុជា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ភរិយាប្រធានាធិបតីអាមេរិកមកកាន់កម្ពុជា នៅខេត្តសៀមរាប កាលពីថ្ងៃ២១ ខែមីនា ឆ្នាំ២០១៥។


ស៊ុន ណារិន | VOA Khmer, 19 សីហា 2021

ភ្នំពេញ — ការ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​របស់​លោក​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក W. Patrick Murphy អំពី​ការ​ផ្តន្ទា​ទោស​លើ​លោក រ៉ុង ឈុន មេដឹកនាំ​សហជីព កាល​ពី​ថ្ងៃ​ពុធ ត្រូវ​បាន​មន្រ្តី​ជាន់​ខ្ពស់​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល លើក​ឡើង​ថា​ជា​ការ​លូក​ដៃ​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។ មន្រ្តី​ក៏​ជំរុញ​អាមេរិក​កុំ​រិះគន់​ប្រជាធិបតេយ្យ បើ​ចង់​ធ្វើ​ឲ្យ​ប្រសើរ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​ស្តីពី​«កម្ពុជា​នៅ​ចន្លោះ​មហា​អំណាច​ចិន​និង​សហរដ្ឋ​អាមេរិក» ដែល​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ រៀប​ចំ​ដោយ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា។

លោក គិន ភា ដែល​ជា​វាគ្មិន​មួយ​រូប​ក្នុង​កិច្ច​ពិភាក្សា​នោះ បាន​ថ្លែង​ថា​កម្ពុជា​ស្ថិត​នៅ​«ចំណុច​កណ្តាល» ក្នុង​ការ​ប្រទាញ​ប្រទង់​ដោយ​មហា​អំណាច ប៉ុន្តែ​កម្ពុជា​មិន​ងាក​ទៅ​រក«ចិននិយម» ឬ​«អាមេរិកនិយម»​ឡើយ ប៉ុន្តែ​កម្ពុជា​ប្រកាន់​«កម្ពុជានិយម» ហើយ​ការ​បង្កើត​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ផ្សេង គឺ​ដើម្បី​រក្សា​ផល​ប្រយោ​ជន៍​សម្រាប់​កម្ពុជាយូរ​អង្វែង។

លោក គិន ភា បន្ថែម​ថា​ការ​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​របស់​រដ្ឋាភិបាល​អាមេរិក ក៏​ដូច​ជា​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​របស់​អាមេរិក​«តែង​លូក​ឡំ​ជាមួយ​បញ្ហា​ផ្ទៃ​ក្នុង​របស់​កម្ពុជា» ជា​លក្ខណៈ​«រុកគួន​រំខាន​ភាព​សុខ​ក្សេម​ក្សាន្ត​របស់​កម្ពុជា»។


លោក​ថ្លែង​ថា៖ «ចំណុច​នេះគួរ​តែ​ពិចារណា​ឡើង​វិញ បើ​សិន​ជា​មាន​ចេតនា​លើក​កម្ពស់​កម្រិត​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ»។

លោក​បន្ថែម​ថា​អាមេរិក​គួរ​តែ​ខ្វល់​ខ្វាយ​អំពី​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ ធនធាន​មនុស្ស ពង្រឹង​ការវិនិយោគ និង​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​កម្ពុជា។

លោក​បន្ថែម​ថា៖ «មិន​មែន​ខ្វល់ខ្វាយ​តែ​រឿង​ប្រជាធិបតេយ្យ ចាក់​ពុម្ព​ប្រជាធិបតេយ្យ​បែប​បស្ចិមលោក​ដែល​ពិបាក​នឹង​ដុះកើត​នៅ​អាស៊ី និយាយ​ជា​រួម និង​នៅ​កម្ពុជា និយាយ​ដោយ​ឡែក»។

មន្រ្តី​រូប​នោះ​លើក​ឡើង​ទៀត​ថា​នយោបាយ​ការ​បរទេស​របស់​កម្ពុជា គឺ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ គឺ​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​នយោបាយ​អព្យាក្រឹត​អចិន្ត្រៃយ៍​និង​មិន​ចូល​បក្ស​សម្ព័ន្ធ។

និយាយ​អំពី​ទំនាក់​ទំនង​កម្ពុជា​អាមេរិក លោក​អះអាង​ថា​អាមេរិក​មិន​ដែល​មាន​«គោល​នយោ​បាយ​ច្បាស់​លាស់»ចំពោះ​កម្ពុជា​ទេ។ លោក​បន្ត​ថា​ទំនាក់​ទំនង​កម្ពុជា​អាមេរិក​«ហាក់​ស្ថិត​ក្រោម​ស្រមោល​នៃ​ទំនាក់​ទំនង​កម្ពុជា​ចិន» ដែល​លោក​សំដៅ​ថា​កម្ពុជា​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ចិន ប៉ុន្តែ​អាមេរិក​បែរ​ជា​យល់​ថា​ធ្វើ​ឲ្យ​ខូច​ទំនាក់​ទំនង​ជាមួយ​ខ្លួន។

លោក​ Chad Roedemeier អ្នកនាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ការ​ជំរុញ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ និងការគោរព​សិទ្ធិ​មនុស្ស គឺ​ជា​ចំណុច​ស្នូល​នៃ​នយោបាយ​ការបរទេស​អាមេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជុំវិញ​ពិភព​លោក។

លោក​បញ្ជាក់​ថា៖ «ជា​មិត្ត​មួយ​របស់​កម្ពុជា យើង​គាំទ្រ​ប្រជាជន​កម្ពុជា និង​សិទ្ធិ​របស់​ពួកគេ​សម្រាប់​ប្រជាធិបតេយ្យ និង​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​ដែល​ស្រប​តាម​រដ្ឋធម្មនុញ្ញ»។

អ្នក​នាំពាក្យ​រូប​នោះ​បាន​ឲ្យ​ដឹង​ថា​សហ​រដ្ឋអាមេរិក​បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ជាង​៣ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​នេះ។

កាល​ពី​ដើម​ខែ​មិថុនា នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​អនុរដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​អ្នកស្រី ​Wendy Sherman បានទទូច​ឲ្យ​ថ្នាក់​ដឹកនាំ​កម្ពុជា​ «រក្សា​គោល​នយោបាយ​ការបរ​ទេស​ឯករាជ្យ​និង​រក្សា​តុល្យភាព​ដើម្បី​ផលប្រយោជន៍​ដ៏​ល្អ​បំផុត​របស់​ពលរដ្ឋ​កម្ពុជា»។ អ្នកស្រី​អះអាង​ថា​អាមេរិក​មាន​បំណង​ធ្វើ​ការ​ជាមួយ​ប្រទេស​កម្ពុជា នៅ​ក្នុង​តួនាទី​របស់​ខ្លួន​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ ហើយ​ជួយ​ធានា​ឲ្យ​កម្ពុជា​អាច​ដើរ​តួនាទី​ប្រកប​ដោយ​ន័យ​ស្ថាបនា នៅ​ក្នុង​ការ​ដោះ​ស្រាយប​ញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ និង​នយោបាយ​សំខាន់ៗ នៅ​ក្នុង​តំបន់ ដូច​ជា​បញ្ហា​ប្រទេស​កូរ៉េ​ខាង​ជើង បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង និង​បញ្ហា​តំបន់​ទន្លេ​មេគង្គ។

នៅ​ក្នុង​កិច្ច​ពិភាក្សា​នោះ​ដែរ លោក ពុយ គា អ្នក​សារព័ត៌មាន​ជើង​ចាស់​មួយ​រូប និង​បច្ចុប្បន្ន​ជា​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់​ទីភ្នាក់​ងារ​ព័ត៌មាន​ជប៉ុន​ក្យូដូ បាន​ថ្លែង​ថា​ទំនាក់​ទំនង​កម្ពុជា​និង​អាមេរិក​«តែង​ដើរ​រលាក់» ទោះ​កម្ពុជា​មាន​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​អាមេរិក តាំង​ពី​ឆ្នាំ​១៩៥០​ដែល​យូរ​ជាង​ទំនាក់​ទំនង​ការ​ទូត​រវាង​កម្ពុជា​និង​ចិន ដែល​ចាប់​ផ្តើម​ក្នុង​ឆ្នាំ​១៩៥៨។

លោក​បន្ថែម​ថា​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ សហរដ្ឋ​អាមេរិក​មិន​ដែល​អញ្ជើញ​នាយក​រដ្ឋមន្រ្តី​របស់​កម្ពុជា​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​សហរដ្ឋ​អាមេរិក​នោះ​ទេ។ វា​ខុស​ពី​ប្រទេស​ចិន​ដែល​ប្រធានាធិបតី លោក ស៊ី ជីនពីង ​(Xi Jinping) បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា កាល​ពី​ឆ្នាំ​២០១៦។

លោក ពុយ គា បន្ថែម​ថា៖ «ហើយ​ពេល​នោះ​ហើយ ដែល​មាន​សារ​ព័ត៌មាន​បរទេស​មួយ​គេ​ចាប់​ផ្តើម​សរសេរ​ថា​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ចាប់​ផ្តើម​សរសេរប្រវត្តិ​សាស្រ្ត​កម្ពុជា​ថ្មី​ឡើង​វិញ ក្រោម​ការ​ជួយ​ទំនុក​បម្រុង​របស់​លោក ស៊ី ជីនពីង»។

នៅ​ក្នុង​កិច្ច​ពិភាក្សា​ជា​សាធារណៈ​មួយ​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២១ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ថា​បើ​លោក​មិន​ពឹង​ចិន តើ​លោក​ពឹង​អ្នក​ណា​វិញ? លោក​បន្ថែម​ថា​ការ​ដែល​លោក​ពឹង​ចិន គឺ​សម្រាប់​ប្រយោជន៍​ក្នុង​ការ​ទទួល​បាន​ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់​ជាដើម។

លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធាន​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​កម្ពុជា ​(AVI) ដែល​ជា​វាគ្មិន​មួយ​រូប​ក្នុង​កិច្ច​ពិភាក្សា​ដែល​រៀបចំ​ដោយ​រាជ​បណ្ឌិត្យសភា​កម្ពុជា បាន​លើក​ឡើង​ថា​នយោបាយ​ការបរទេស​ត្រូវ​បើក​ចំហ ហើយ​រាប់​អាន​គ្រប់​ប្រទេស ដោយ​បង្កើត​មិត្ត​ឲ្យ​បាន​ច្រើន។ ទោះ​ជា​យ៉ាង​ណា លោក​បញ្ជាក់​ថា​ពេល​អនុវត្ត​ជាក់​ស្តែង វា​មាន​ការ​លំបាក ហើយ​ពេល​ខ្លះ វា​«នាំ​ឲ្យ​បាត់​បង់​ជំនឿ​ចិត្ត»​ពី​ប្រទេស​ផ្សេង​ទៀត។

បើ​តាម​លោក ឈាង វណ្ណារិទ្ធ ប្រសិន​បើ​គោល​នយោ​បាយ​ការ​បរទេស​មិន​មាន​ការ​ឯកភាព​គ្នា​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ទេ នោះ​គោល​នយោ​បាយ​ការ​បរ​ទេស មិន​មាន​«ប្រសិទ្ធភាព»​ឡើយ។

លោក​ថ្លែង​ថា៖ «អញ្ចឹង​ទេ គ្រប់​គណបក្ស​នយោ​បាយ គ្រប់​តួ​អង្គ​ជាតិ តួ​អង្គ​រដ្ឋ និង​មិន​មែន​រដ្ឋ គួរ​តែ​ជំរុញ​បន្ថែម​ការ​ពិភាក្សា​ទាក់​ទង​នឹង​ការ​ពិភាក្សា​គោល​នយោ​បាយ​ការបរទេស​កម្ពុជា​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភាព​ឯកភាព​គ្នា​ក្នុង​ស្រុក​សិន»។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិប​តេយ្យ​កម្ពុជា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​សហរដ្ឋ​អាមេរិក​«ឈឺឆ្អាល»រឿង​ប្រជា​ធិប​តេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដោយ​សារ​អាមេរិក​ជា​ប្រទេស​ហត្ថលេខី​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ហើយ​អាមេរិក​ជា«ជើង​ឯក»​នៃ​គុណតម្លៃ​របស់​ខ្លួន គឺ​ផ្តល់​តម្លៃ​ដល់​ប្រជា​ធិប​តេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស។

លោក​ថ្លែង​ថា៖ «ហេតុ​នេះ ការ​ឈឺ​ឆ្អាល​ ឬ​ក៏​ការ​លើក​ជា​កង្វល់ និង​ផ្តល់​ជា​អនុសាសន៍​ចំពោះ​ការ​រំលោភ​បំពានផ្នែក​សិទ្ធិ​មនុស្ស ឬ​ការ​ធ្លាក់​ចុះ​នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ គឺ​ជា​អ្វី​ដែល​សហរដ្ឋ​អាមេរិក​គួរ​ធ្វើ​ក្នុង​នាម​ទាំង​សហភាគី​សហ​ប្រតិបត្តិការរបស់​កម្ពុជា​ដោយ​ឈរ​លើ​គោល​ការណ៍​របស់​ខ្លួន និង​ក្នុង​នាម​ជា​ហត្ថលេខី​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស»។

លោក​បន្ថែម​ថា​ការ​អនុវត្ត​ន៍​នយោបាយ​ការបរទេស​កម្ពុជា​«ផ្ទុយ»​ពី​ការ​ចែង​នៅ​ក្នុងរដ្ឋ​ធម្មនុញ្ញ ដោយ​បាន​«ងាក»ទៅ​ប្រទេស​ចិន ដែល​នាំ​ឲ្យ​កម្ពុជា​បាត់​បង់​ជំហរ​អព្យាក្រឹត​របស់​ខ្លួន៕

No comments: