August 30, 2021

លោក ទៀ បាញ់ បដិសេធ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​កប៉ាល់​លួច​ប្រេង​ឆៅ​ចេញ​ពី​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់។  រូប​ពី​ហ្វេសប៊ុក​លោក ទៀ បាញ់


ដោយ មាន ឫទ្ធិ RFA 2021-08-30

រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ អះអាង​ថា ករណី​កប៉ាល់​ដ៏​ធំ​លួច​ប្រេង​ឆៅ​ចេញពី​ប្រទេស​កម្ពុជា​ដែល​ទាហាន​ជើងទឹក​ប្រទេស​ឥណ្ឌូណេស៊ី​ចាប់បាន​នោះ មិន​ជាប់​ទាក់ទង​ការ​ឃុបឃិត ឬ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​អាជ្ញាធរ​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ យល់ថា ករណី​នេះ អាច​កើតឡើង​ដោយសារ​ការ​ឃុបឃិត​គ្នា និង​អសមត្ថភាព​គ្រប់គ្រង​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន។

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រុមហ៊ុន គ្រីស អិនណឺជី (Kris Energy) បាន​ជួល​កប៉ាល់​លួច​ប្រេង​ឆៅ​កម្ពុជា ហើយ​ដឹក​ទៅ​ប្រទេស​ថៃ​ដើម្បី​បំពេញ​ផ្លូវច្បាប់ ។ លោក​បន្ត ថា រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ប្តឹង ទៅ​សមត្ថកិច្ច​ឥណ្ឌូណេស៊ី សុំ​កិច្ចការ​សហការ​ទាមទារ​រឹបអូស​នាវា ដែល​បាន​លួច​ដឹក​ប្រេង​ឆៅ​ចេញពី​កម្ពុជា​នោះ​មក​ឲ្យ​កម្ពុជា​វិញ ពីព្រោះ​ក្រុមហ៊ុន​នោះ​មិនបាន​អនុវត្ត​តាម​កិច្ចសន្យា​កន្លង​មក។

លោក ទៀ បាញ់ បញ្ជាក់​ថា ក្រសួង​រ៉ែ​និង​ថាមពល​គឺជា​អ្នកទទួល​ខុស​ត្រូវ​ជុំវិញ​ករណីនេះ ចំណែក​ក្រសួង​ការពារជាតិ​របស់​លោក តាមរយៈ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​មាន​សមត្ថកិច្ច​ត្រឹម​ស្វែងរក​កប៉ាល់​លួច​ដឹក​ប្រេង តប​តាម​សំណើ និង​រាយការណ៍​ត្រឡប់​ទៅ​វិញ​តែប៉ុណ្ណោះ ដោយសារ​ខាង​លោក​មិន​ជាប់​ពាក់ព័ន្ធ​លើ​វិស័យ​ប្រេង​នេះ​ទេ។ លោក​អះអាង​ថា រឿង​នេះ​មិនជាប់​ពាក់ព័ន្ធ​ការ​ឃុបឃិត ឬ​ប្រព្រឹត្ត​អំពើ​ពុក​លួ​យ​របស់​មន្ត្រី​លោក​ទេ ដោយ​លោក​លើក​ហេតុផល​ថា កប៉ាល់​ដឹក​ប្រេង​នោះ រត់គេច​ពី​អាជ្ញាធរ​កម្ពុជា តែ​លោក​មិន​បញ្ជាក់​ហេតុអ្វី​បានជា​កប៉ាល់​នោះ​គេច​ផុត​ពី​លំហ​សមុទ្រ​កម្ពុជា​នោះ​ទេ​។ លោក​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​ប្រឹងប្រែង​លើ​កិច្ចការ​នេះ ដោយ​ប្តឹង​ទៅ​គ្រប់​ភាគី​ទាំងអស់​ដើម្បី​ទាមទារ​ប្រេង​ដែល​ជា​ចំណែក​របស់​កម្ពុជា​មក​វិញ៖ «ឥឡូវនេះ​មន្ត្រី​ខាងយើង​នេះ​កំពុង​ប្តឹង​ធ្វើ​ម៉េច​យក​ប្រេង​ដែល​បូម​បាន​ទាំង​ប៉ុន្មាន​ហ្នឹង ទោះជា​លក់ដូរ​យ៉ាងណា​ខ្ញុំ​អត់​ដឹង​ទេ យ៉ាងណាក៏ដោយ​ត្រូវ​មាន​ចំណែក​របស់​កម្ពុជា​គឺ​ត្រូវតែ​មាននៅ​ក្នុង​នោះ ប្តឹងផ្តល់​គ្នា​ឥឡូវនេះ គេ​មាន​មេធាវី​អី​របស់​គេ អាហ្នឹង​តាមផ្លូវ​ច្បាប់​របស់​គេ​ប្តឹង​គ្រប់​រឿង​ទាំងអស់»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក សៀង ថៃ និង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​២៩ ខែសីហា​។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ជៀប សួរ ប្រាប់​ថា លោក​ជាប់រវល់។

ទោះជា​យ៉ាងណា កាលពី​ថ្ងៃទី​២៧ ខែ​សីហា មន្ត្រី​នាំពាក្យ​យោធា​ជើង​ទឹក​ឥណ្ឌូណេស៊ី លោក (Julius Widjojono) ប្រាប់​សារ​ភ្នាក់ងារ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ប៊ែណា ញ៉ូវស៍ (BenarNews) ថា ការ​ឃាត់​កប៉ាល់​ដឹក​ប្រេង​ឆៅ​ពី​កម្ពុជា មិនមែន​តាម​សំណើ​របស់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​មូលហេតុ​នៃ​ការ​ឃាត់​កប៉ាល់​នេះ គឺ ដោយសារតែ​កប៉ាល់​នោះ បាន​រំលោភ​ដែនសមុទ្រ​ឥណ្ឌូណេស៊ី​។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ការ​ប្រគល់​ភស្តុតាង​ទៅ​ឲ្យ​កម្ពុជា​នឹង​ត្រូវ​សម្រេច​ដោយ​ចៅក្រម​ឥណ្ឌូណេស៊ី។ មន្ត្រី​យោធា​ឥណ្ឌូណេស៊ី​ថា លិខិត​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី មិន​បាន​ស្នើ​ឲ្យ​ឥណ្ឌូណេស៊ី សង​ប្រេង​ឆៅ​វិញ​នោះ​ទេ ។ ការ​លើកឡើង​របស់​ភាគី ឥណ្ឌូណេស៊ី​ពេលនេះ ហាក់​ផ្ទុយ​ពី​អះអាង​របស់​ភាគី​កម្ពុជា ដែល​ថា​ភាគី​កម្ពុជា ស្នើ​ទៅ​ប៉ូលិស​អាំងទែប៉ូល ឲ្យ​ចាប់​កប៉ាល់​ដឹក​ប្រេង​នោះ​។ ភាគី​កម្ពុជា​តែង​អះអាង​ទៀត​ថា រដ្ឋាភិបាល​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ឲ្យ​បញ្ជូន​ប្រេង​ឆៅ​ទាំង​នោះ​មក​កម្ពុជា​វិញ។

ជុំវិញ​រឿង​នេះ ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្កាន់ហ្សាឡេស ដេវីដសុន (Alejandro Gonzalez-Davidson) មើលឃើញ​ថា​ករណីនេះ អាច​ជាប់​ពាក់ព័ន្ធ​ករណី​អំពើពុករលួយ​រវាង​រដ្ឋាភិ​បាល​កម្ពុជា និង​ក្រុមហ៊ុន​គ្រីសអែណឺជី ជាពិសេស​បង្ហាញ​ឲ្យ​ឃើញ​ពី​អសមត្ថភាព​របស់​អាជ្ញាធរ​ក្នុង​ការ​គ្រប់គ្រង​ដែនសមុទ្រ​របស់​ខ្លួន​។ លោក​អស់​សំណើច​ដោយ​ពុំ​គួរ​ឱ្យ​ជឿ​ថា កប៉ាល់​ទំហំ​ធំ​អាច​លួច​ដឹក​ប្រេង​ផុត​ពី​ភ្នែក​អាជ្ញាធរ​កម្ពុជា។ លោក​ថា ប្រសិន​បើ​ទាហាន​ជើងទឹក​ឥណ្ឌូណេស៊ី មិន​ចាប់​បាន​កប៉ាល់​លួច​ដឹក​ប្រេង​នេះ​វិញ នោះ​ពលរដ្ឋ​ខ្មែរ​ប្រហែលជា​មិនដឹង​រឿង​ទាំងនេះ​ទេ។ លោក​បន្ត​ថា រឿង​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​រង​ការ​អាម៉ាស់​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​ព្យាយាម​លាក់បាំង​ព័ត៌មាន​ចំពោះ​ពលរដ្ឋ៖ «រឿង​ហ្នឹង​ចំឡែក​មែនទែន ខ្ញុំ​ឃើញថា​កំពុង​វិវត្ត​ទៅជា​រឿង​អាម៉ាស់​បំផុត​ដល់​របប​លោក ហ៊ុន សែន ដែល​ក្រោយ​ថា ក្រុមហ៊ុន​ក្ស័យធន​ក្រោយ​មិន​អាច​បំពេញ​កិច្ច​សន្យា​ថា ប្រទេស​កម្ពុជា​មាន​ចំណូល​ប៉ុន្មាន​រយ​លាន​ដុល្លារ​ពី​ប្រេងកាត​ហ្នឹង ក្រោយ​មក​ក្រុមហ៊ុន​ក្ស័យធន​ផង មិន​ត្រឹម​ក្ស័យធន​ទេ គឺ​ដឹក​ប្រេង​ប៉ុន្មាន​បារ៉ែល​ហ្នឹង​យក​ទៅ​បាត់​អាហ្នឹង​គឺ​វា​ប៉ះពាល់​មុខមាត់​មែនទែន»។

ក្រុមហ៊ុន គ្រីស អែនណឺជី ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី បាន​ប្រកាស​ក្ស័យធន កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២១ កន្លង​ទៅ​នេះ ដោយសារតែ​កម្ពុជា​គ្មាន​ប្រេង​ច្រើន មិន​គ្រប់​សង​បំណុល​ក្រុមហ៊ុន។

អាជ្ញាធរ​ឥណ្ឌូណេស៊ី កាលពី​ចុង​ខែ​កក្កដា បាន​ចាប់​កប៉ាល់​ដឹក​ប្រេង​មួយ​គ្រឿង និង​ឃាត់ខ្លួន​សមាជិក​នាវិក​១៨​នាក់ ដែល​ដឹក​ប្រេង​ឆៅ​ពី​កម្ពុជា​ប្រមាណ ៣​សែន​ធុង មានតម្លៃ​ជាង ២០​លាន​ដុល្លារ ចូល​ដែនសមុទ្រ​ប្រទេស​ឥណ្ឌូណេស៊ី​។ ក្រុម​អ្នកឃ្លាំមើល​យល់​ថា រឿង​ករណី​កប៉ាល់​លួច​ប្រេង​ឆៅ​កម្ពុជា​នេះ អាច​ជាប់​ទាក់ទង​នឹង​អំពើពុករលួយ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ទើប​ភាគី​កម្ពុជា​បង្ហាញ​ព័ត៌មាន​តិចតួច និង​ពេលខ្លះ​ផ្ដល់​ដំណឹង​មិន​ច្បាស់លាស់​ថែម​ទៀត​ផង៕

No comments: