August 22, 2021

ម្តាយ​ឪពុក​ទារក​រងគ្រោះ​ស្នើ​រដ្ឋមន្ត្រី​យុត្តិធម៌​ជំរុញ​ពន្លឿន​សំណុំរឿង​ប្រឆាំង​នឹង​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ

រូប​ពី​បណ្ដាញសង្គម


ដោយ សន ចាន់រដ្ឋា RFA 2021-08-21

ម្តាយ​ឪពុក​ទារក​រងគ្រោះ ស្នើ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ជំរុញ​ឱ្យ​តុលាការ​ក្រុងភ្នំពេញ​ពន្លឿន សំណុំរឿង​ប្រឆាំង​នឹង​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ​នូទ្រីលេត​ (Nutrilatt) ដែល​គ្មាន​គុណភាព និង​បាន​ធ្វើ​ឱ្យ​ទារក​ខ្វះ​គ្រាប់​ឈាមក្រហម ជាតិ​ដែក​និង​ស័ង្កសី​ធ្ងន់ធ្ងរ​។ សំណើ​នេះ​ធ្វើឡើង​បន្ទាប់​គ្រួសារ​រងគ្រោះ ពុំ​ទាន់​ទទួល​បាន​ចំណាត់ការ​ណាមួយ​ពី​តុលាការក្រុង​ភ្នំពេញ ក្នុង​រយៈពេល​ជាច្រើន​ខែ​មកនេះ ។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​អន្តរា​គម​ពន្លឿន​សំណុំ​រឿង​នេះ​ឱ្យ​បាន​ឆាប់ ដើម្បី​ធានា​នូវ​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​របស់​គ្រួសារ​កុមារ​រងគ្រោះ។

ម្តាយ​ទារក​រងគ្រោះ​លើកឡើង​ថា តុលាការ​បាន​ហៅ​ពួកគាត់​ទៅ បំភ្លឺ​និង​សាកសួរ​លើ​បណ្តឹង​រដ្ឋប្បវេណី​តែ​២​ដង​ប៉ុណ្ណោះ ចាប់តាំងពី​ខែ​មករា​មក បន្ទាប់​ពី​ពួកគាត់​បាន​ដាក់​បណ្តឹង​កាលពី​ចុងឆ្នាំ​២០២០ កន្លង​ទៅ។

ម្តាយ​ទារក​កើត​ជំងឺ​ស្លេកស្លាំង​លោកស្រី ចាន់ ផល្គុន ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​២១ សីហា លោកស្រី​យល់ថា​រឿង​នេះ​តុលាការ​ក្រុងភ្នំពេញ​មិន​គួរ​ចំណាយពេល​ស៊ើបអង្កេត​យូរ​នោះ​ទេ ព្រោះ​មន្ត្រី​ជំនាញ​ក្រសួង​ពាណិជ្ជ​បាន​រក​ឃើញ​ភស្តុតាង​បែប​វិទ្យាសាស្ត្រ​រួចហើយ ដែល​បង្ហាញ​ពី​កំហុសឆ្គង​របស់​ភាគី​ក្រុមហ៊ុន​។ លោកស្រី​ថា ការ​ពន្យារ​ពេលនេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ ពេលវេលា និង​ផ្លូវចិត្ត​ជាដើម​។ លោកស្រី​ស្នើ​ក្រសួងពាណិជ្ជកម្ម​ជួយ​ផ្តល់​មេធាវី​ការពារ​ក្តី​រឿង​នេះ ដើម្បី​ជួយ​សម្របសម្រួល​ផ្លូវច្បាប់​ដើម្បី​តាមដាន​រឿង​នេះ៖ «​កន្លង​ពេល​ហ្នឹង​មក​ស្ងាត់​សូន្យ​អត់​មាន​ចំណាត់ការ​ការ​ធ្វើ​បច្ចុប្បន្នភាព​បន្ថែម​ថា តើ​នីតិវិធីតុលាការ​គេ​ដើរ​ដល់​ណា​ហើយ​ជំហាន​ណា​ដើម្បី​ឱ្យ​ពួកគាត់​បានដឹង​ចឹង​ចង់​ស្នើ​ទៅ​ឯកឧត្តម​រដ្ឋមន្ត្រី​ដើម្បី​សុំ​ការ​គាំទ្រ​ពី​ខាង​លោក​ក៏​ដូច​សុំ​ឱ្យ​លោក​ជួយ​ចាត់វិធានការ​រឿង​មួយ​ដែល​ជា​រឿង​គួរ​ផ្តល់​អាទិភាព​ព្រោះ​អានេះ​វា​ទាក់ទង​នឹង​សុខភាព​អ្នក​ប្រើប្រាស់​ចៃដន្យ​អី​វា​ប៉ះ​ជាមួយ​អាយុជីវិត​របស់​ទារក»។

ស្រដៀង​គ្នា​នេះ​ដែរ​ម្តាយ​ទារ​កកើត​ជំងឺ​ស្លេកស្លាំង​ម្នាក់ទៀត លោកស្រី លីវ សំណាង ថ្លែង​ថា​រយះ​ជាច្រើន​ខែ​មក​ហើយ​ដែល​តុលាការ​មិនដែល​ផ្តល់​ដំណឹង​ជុំវិញ​ដំណើរការ​រឿង​ក្តី​នេះ​ទេ ទោះបី​លោកស្រី​ព្យាយាម​សាកសួរ​ព​ត៌​ខាង​តុលាការ​ក្រុងភ្នំពេញ​ក៏ដោយ​។ រីឯ​ក្រសួង​សុខាភិបាល​វិញ លោកស្រី​ថា ក្រសួង​ក៏​មិន​ផ្តល់​កិច្ចសហការ​ដូចជា​សេវា​ប្រឹក្សា​យោបល់​និង​ជួយ​សម្រួល​ថ្លៃ​ព្យាបាល​និង​ផ្លូវច្បាប់​នោះ​ទេ​។ លោកស្រី​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​ព្រងើយកន្តើយ​ចំពោះ​កុមារ​រងគ្រោះ ខណៈ​លោកស្រី​ជា​ម្តាយ​កំពុង​រស់នៅ​ទាំង​ការឈឺចាប់ និង​សោកស្តាយ​ដោយ​មិនទាន់​ទទួល​បាន​យុត្តិធម៌៖ «​តាំង​ពី​ក្មេង​អាយុ​ពីរ​បី​ខែ​រហូត​ឥឡូវ​ក្មេង​អាយុ​មួយ​ខួប​ពីរ​ខួប​ជាង​អស់ហើយ​ហ្នឹង ហើយ​មិច​ប្រឹង​តាមដាន​ក្មេង​ហ្នឹង​អាយុ​១៨ បាន​បញ្ចប់​រឿង​ខ្ញុំ​អត់​យល់ ការពិត​អយុត្តិធម៌​រហូតមកដល់​ពេល​ហ្នឹង​អត់​មាន​គេ​ហៅថា​ដំណោះស្រាយ​ណាមួយ​មក​លើ​ម្តាយ​ឪពុក​កុមារ​រងគ្រោះ»។

ម្តាយ​ទារក​កើត​ជំងឺ​ស្លេកស្លាំង​ម្នាក់​ទៀត លោកស្រី ជា សុគន្ធារី ប្រាប់​ថា​កូន​របស់​លោកស្រី​ប្រើប្រាស់​ម្សៅ​ទឹកដោះគោ​ម៉ាក​នូទ្រីលេត​របស់​ក្រុមហ៊ុន​អេសអេនធីខេ (S&TK Trading Co. LTD.,) ទំរាំ​លោកស្រី​ដឹង​សឹង​ហួសពេល​ព្យាបាល​កូន​ទៅ​ហើយ​។ ស្ត្រី​រូប​នេះ​ថា​កូន​លោកស្រី​បាន​កើត​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម ខ្វះ​ជាតិ​ដែក​និង​ស័ង្កសី​ធ្ងន់ធ្ងរ បណ្តាល​ឱ្យ​ប៉ោង​ក្បាល លូតលាស់​យឺត រាងកាយ​មិន​រឹងមាំ​ជាដើម​។ លោកស្រី​ចាប់ផ្តើម​ព្យាបាល​ជំងឺ​ឱ្យ​កូន​តាំងពី​គេ​អាយុ​៩​ខែ​រហូតដល់​បច្ចុប្បន្ន។ លោកស្រី​បន្ត​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​សំណុំរឿង​ប្រឆាំង​នឹង​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ​នូទ្រីលេត​ឱ្យ​បាន​ឆាប់ ដើម្បី​ផ្តល់​សំណង​សមរម្យ​និង​យុត្តិធម៌​សម្រាប់​កុមារ​រងគ្រោះ៖ « ខ្ញុំ​នៅ​បារម្ភ​រឿង​មួយទៀត​ដែរ​គ្រូពេទ្យ​គាត់​ថា ប៉ះពាល់​ជាតិ​ដែក​អំឡុង​ពេល​ការលូតលាស់​គាត់​អ៊ីចឹង មិន​ដឹង​ថា​កូន​ខ្ញុំ​ធំ​តិច​ទៀត​ទៅ​ផ្នែក​ប្រាជ្ញា​ស្មារតី​គាត់​មិន​ដឹង​ត្រូវ​រៀន​ខ្សោយ​ជាងគេ​មិច​ទេ ឥឡូវ​ខ្ញុំ​នៅតែ​តាមដាន​គាត់​រហូត​មក​ដល់​ធំ​ចូល​រៀន»។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន ដើម្បី​សុំ​ការ​បញ្ជាក់​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​២១ សីហា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល​។ វិទ្យុ​អាស៊ីសេរី​ក៏​មិនទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន អេស អេន ធីខេ ត្រេ​ឌី​ង (S&TK trading Co.,LTD) ដែល​នាំចូល​ម្សៅ​ទឹកដោះគោ​នូទ្រីលេ​ត​នេះ​បាន​ដែរ។

កាលពី​ខែ​មករា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​កោះហៅ​ម្ដាយ​ឪពុក​ទារក​រងគ្រោះ ឱ្យ​ចូល​បំភ្លឺ​បន្ថែម​លើ​បណ្ដឹង​របស់​ពួកគេ ដែល​ប្ដឹង​ទាមទារ​សំណង​ពី​ក្រុមហ៊ុន អេស អេន ធីខេ ត្រេឌីង។

ជុំវិញ​រឿង​នេះ ប្រធាន​តុលាការ​ក្រុងភ្នំពេញ លោក តាំង ស៊ុនឡាយ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​មិន​អាច​តម្រូវ​តាមចិត្ត​ម្តាយ​ឪពុក​កុមារ​រងគ្រោះ​បាន​ទ ព្រោះ​ករណីនេះ​លោក​ទើប​ទទួល​សំណុំរឿង​ពី​ស្ថាប័ន​អយ្យការ​កាលពី​ម្សិលមិញ ហើយ​បន្ទាប់​មក​ខាង​លោក​នឹង​សិក្សា​លើ​សំណុំរឿង​ទើប​អាច​ដាក់​កម្មវិធី​បាន​។ លោក​បដិសេធ​បកស្រាយ​ជុំវិញ​ការ​យឺត​យ៉ាង​នៃ​សំណុំ​រឿង​នេះ ដោយ​លោក​ស្នើ​ឱ្យ​ម្តាយ​ឪពុក​កុមារ​រងគ្រោះ​រក​មេធាវី​ដើម្បី​តាមដាន​ដើម្បី​ដឹង​អំពី​ដំណើរការ​ជុំវិញ​រឿង​ក្តី​នេះ៖ «គ្នា​ទើប​ទទួល​សំណុំរឿង​ថ្ងៃ​ព្រហស្បតិ៍​ត្រូវ​មើល​រឿង​ឱ្យ​យល់​ហើយ​បាន​គេ​ដាក់​កម្មវិធី​បាន ហើយ​បើ​គាត់​ថា​យឺត​ខ្ញុំ​អត់​យោបល់​ឆ្លើយតប​ទេ»។

ទោះជា​យ៉ាងណា ម្តាយ​ទារក​រងគ្រោះ​អះអាង​ថា ជាង​៥​ខែ​មក​ហើយ​ដែល​ពួកគាត់ ពុំ​ទាន់​ទទួល​បាន​ចំណាត់ការ​ណាមួយ​ពី​តុលាការក្រុង​ភ្នំពេញ​នៅឡើយ​ទេ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍ថា​តុលាការ​មាន​កាតព្វកិច្ច​ពន្លឿន​នីតិវិធី​ជុំវិញ​សំណុំ​រឿង​នេះ​។ លោក​ថា ការ​អូស​បន្លាយ​នីតិវិធី​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​របស់ គ្រួសារ​កុមារ​រងគ្រោះ ។ លោក​សង្កេត​ឃើញ​ថា តុលាការ​ហាក់​មិនសូវ​ខ្នះខ្នែង​ជុំវិញ​រឿង​នេះ​ទេ​។ លោក​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ជំរុញ​តុលាការ​ពន្លឿន​លើ​សំណុំ​រឿង​នេះ ស្របតាម​គោលជំហរ​របស់​ក្រសួង​កន្លង​មក​ដែល​ចង់​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​៖ «នៅ​ពេល​ដែល​យើង​ធ្វើការ​អូស​បន្លាយ​រឿង​ហ្នឹង​ឱ្យ​វា​វែងឆ្ងាយ​អ៊ីចឹង​អាច​ធ្វើឱ្យ​ប៉ះពាល់​ទៅដល់​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​របស់​ជនរងគ្រោះ ហើយ​បើ​យើង​មើល​ទំហំ​រឿង​ហ្នឹង​វា​ហាក់បីដូចជា​មិន​គួរ​មានការ​អូស​បន្លាយ​ដល់​រយៈពេល​ប៉ុណ្ណឹង​ទេពី​ព្រោះ​រឿង​នឹង​យូរហើយ»។

កាលពីដើម​ខែ​កញ្ញា ២០២០ ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជា​ឱ្យ​ផ្អាក​ចរាចរ និង​ប្រមូល​ត្រឡប់​មក​វិញ​នូវ​ម្សៅ​ទឹកដោះគោ នូទ្រីលេត ចំនួន ៦​លេខ​កូដ (487 488 536 537 538​និង 539) និង​បញ្ឈប់​ការ​នាំ​ចូល​ម្សៅ​ទឹកដោះគោ​ប្រភេទ​នេះ​ចូល​ទីផ្សារ​ក្នុង​ប្រទេស​។ ការ​ចាត់​វិធានការ​ក្តៅ​នេះ បន្ទាប់ពី​ក្រសួង​រក​ឃើញ​ថា ផលិតផល​ទាំងនេះ ខ្វះ​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ ដែល​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​កុមារ និង​ទារក ដែល​ទទួលទាន​ម្សៅ​ទឹកដោះគោ​នេះ​។​

ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ​នូទ្រីលែត បាន​ប្រកាស​សូមទោស​ជា​សាធារណៈ ហើយ​អះអាង​ថា ក្រុមហ៊ុន​មិន​នឹក​ស្មាន​ថា ម្សៅ​ទឹកដោះគោ​ដែល​ក្រុមហ៊ុន​កំពុង​នាំចូល និង​ចែកចាយ​អស់​រយៈពេល ៩​ឆ្នាំ មាន​បញ្ហា​បច្ចេកទេស លើ​ធាតុ​ផ្សំ​នៃ​ម្សៅ​ទឹកដោះគោ លេខ​កូដ​ទាំង ៦​នេះ​ទេ។

ទោះជា​យ៉ាងណា ភាគី​ក្រុមហ៊ុន​មិន​ព្រម​បង់​សំណង​តាម​ការ​ទាមទារ​របស់​ឪពុកម្ដាយ​កុមារ​រងគ្រោះ​នោះ​ទេ ទោះជា​មានការ​សម្របសម្រួល​ពី​ក្រសួងពាណិជ្ជកម្ម​ក៏ដោយ ទើប​ករណីនេះ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការក្រុង​ភ្នំពេញ​។ គ្រួសារ​កុមារ​រងគ្រោះ​អះអាង​ថា សំណុំ​រឿង​នេះ​ពាក់ព័ន្ធ​អាយុជីវិត និង​សុខភាព​ទារក ទើប​ពួកគាត់​បន្ត​ទាមទារ​រក​យុត្តិធម៌​ឱ្យ​ខាង​តែ​បាន​តាម​គ្រប់​មធ្យោបាយ៕

No comments: