August 24, 2021

អង្គការ​សុខភាព​ពិភពលោក​ថា វ៉ាក់សាំង​​តែ​​ឯង​​មិន​​អាច​​បញ្ឈប់​​ការ​រាត​ត្បាត​​​​ជំងឺ​​កូវីដ១៩​​បាន​ទេ

អង្គការ​សុខភាព​ពិភពលោក​ថា វ៉ាក់សាំង​​តែ​​ឯង​​មិន​​អាច​​បញ្ឈប់​​ការ​រាត​ត្បាត​​​​ជំងឺ​​កូវីដ១៩​​បាន​ទេ។
 រូប៖ WHO in Cambodia


ដោយ មួង ណារ៉េត RFA 2021-08-23

អង្គការ​សុខភាព​​ពិភពលោក ​(WHO) ព្រមាន​ជាថ្មី​​នៅថ្ងៃទី២៣ ខែសីហា ថា​វ៉ាក់សាំង​តែ​ឯង​ មិន​អាច​បញ្ឈប់​ការ​រាតត្បាត​នៃ​ជំងឺកូវីដ-១៩​បាន​ទេ។ សារ​ព្រមាន​​ជា​ថ្មី​នេះ​ត្រូវបាន​​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការណ៍​របស់​ខ្លួន ដោយ​សង្កត់​ធ្ងន់​លើ​​មេរោគ​បំប្លែង​ថ្មីមួយ​ចំនួន រួម​ទាំង​​មេរោគ​​បំប្លែង​​ថ្មីប្រភេទ​ដែលតា​ (Delta)​ផង ដែល​មាន​គ្រោះ​ថ្នាក់​ និង​ចម្លង​រាលដាល​យ៉ាង​លឿន។

ទោះជា​យ៉ាងនេះ​ក្ដី អង្គការ​នេះ​ថា ដើម្បី​ទប់ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ បាន​ គឺ​ទាល់​តែ​ទាំង​អស់​គ្នា​ រួមគ្នា​អនុវត្ត ៦ ​ប្រការ។ ទី១ ការចាក់វ៉ាក់សាំង​ឲ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅ​បាន។ ទី២​ ការរក្សា​គម្លាត​បុគ្គល និង​ចៀសវាង​កន្លែង​មនុស្ស​កុញ​ច្រើន។ ទី៣ ការពាក់ម៉ាស់។ ទី៤​ ការក្អក​ឬ​កណ្តាស់​ផ្ទប់​នឹង​កែងដៃ ឬ​ក្រដាស​ជូតមាត់។ ទី៥ ការបើកចំហរ​បង្អួច​ឲ្យខ្យល់​ចេញ​ចូល​បាន​ល្អ និង​ទី៦​ ការលាង​សម្អាត​ដៃ​ជា​ប្រចាំ។

សារ​ព្រមាន​ជាថ្មីនេះ​ធ្វើ​ឡើង ស្របពេល​ដែល​អ្នក​ស្លាប់​ដោយ​សារ​ជំងឺកូវីដ-១៩ នៅលើ​ពិភពលោក​ បាន​កើន​ដល់​ជិត​បួនលាន​ប្រាំសែន​នាក់ (៤.៤៤៦.៨៤០ នាក់) គិត​ត្រឹម​ថ្ងៃទី២៣ ខែសីហានេះ និង​មាន​អ្នក​ឆ្លង​ជំងឺនេះ​ជិត ពីរ​រយ​ដប់​បី​លាននាក់ (២១២.៦៩៩.៩២០ នាក់)។

ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ឲ្យ​ដឹង​ថា គិត​ត្រឹម​ចុង​ខែកក្កដា មេរោគ​បំប្លែង​ថ្មីប្រភេទ​ ដែលតា បាន​ឆ្លង​ដល់ ១៣២ ប្រទេស។

ដោយឡែក​នៅ​ប្រទេស​កម្ពុជា ក្រសួង​សុខាភិបាល ថា​គិត​ចាប់​ចុង​ខែមីនា ដល់ថ្ងៃទី២១ ខែសីហា ​មេរោគ​បំប្លែង​ថ្មីប្រភេទ ដែលតា​នេះ បាន​ឆ្លង​រាលដាល​ពេញ​ផ្ទៃប្រទេស លើកលែង​តែ​ខេត្តកែប និង​ខេត្តក្រចេះ​ប៉ុណ្ណោះ។ ក្នុង​ចំណោម​ករណី​នៃ​មេរោគ​បំប្លែង​ថ្មីប្រភេទ ដែលតា នៅ​កម្ពុជា ជិត ១.០០០ ករណី (៩៩៩ ករណី) ភាគច្រើន​កើត​មាន​នៅ​ទីក្រុង​ភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប និង​ខេត្ត​បន្ទាយមានជ័យ។ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​អ្នកស្រី ឱ វណ្ណឌីន ព្រមាន​ពីការ​បំប្លែង​ខ្លួន​ថ្មីៗ​បន្ថែម​ច្រើន​ទៀត​ នៃ​មេរោគ​កូវីដ-១៩នេះ៕

No comments: