August 18, 2021

គ្រួសារ​និង​ក្រុម​សិទ្ធិ​មនុស្ស​អំពាវ​នាវ​ឲ្យ​ដោះ​លែង​លោក រ៉ុង ឈុន និង​អ្នក​ផ្សេង​ទៀត មុន​ពេល​តុលា​ការ​ប្រកាស​សាល​ក្រម

រូបឯកសារ៖ លោក ​រ៉ុង ឈុន ​​ប្រធាន​សហភាព​សហជីព​កម្ពុជា​ រំឭកពី​ចលនា​សហជីព​របស់​លោក ​ជា វិជ្ជា​ ក្នុងខួប​លើក​ទី​១៦ឆ្នាំនៃឃាតកម្ម​លើ​លោក​ជា វិជ្ជានៅទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​២២ ខែ​មករា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ) 


លាស់ លីបលីប | VOA Khmer, 17 សីហា 2021

ភ្នំពេញ — មួយ​ថ្ងៃ​មុន​ពេល​តុលា​ការ​រាជ​ធានី​ភ្នំពេញ​គ្រោង​ប្រកាស​សាល​ក្រម​លើ​មេដឹកនាំ​សហជីព លោក រ៉ុង ឈុន និងអ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ក្រុម​សង្គម​ស៊ីវិល​និង​សាច់​ញាតិ​របស់​ពួក​គេ បាន​ទទូច​សុំ​ឲ្យ​តុលា​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ពួកគេ។

ក្រោយ​បញ្ចប់​សវនា​ការ​ជុំ​ទី​៤​ដែល​ជា​ជុំ​ចុង​ក្រោយ​កាល​ពី​ចុង​ខែ​កក្កដា តុលាការ​គ្រោង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ពុធ ទី​១៨ ខែ​សីហា លើ​លោក រ៉ុង ឈុន និង​មនុស្ស​ពាក់​ព័ន្ធ​២នាក់​ផ្សេង​ទៀត គឺ​អតីត​សកម្ម​ជន​បក្ស​ប្រឆាំង កញ្ញា​ ស កន្និកា និង​លោក តុន និមល ជា​អតីត​ក្រុម​ប្រឹក្សា​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ។

លោក សំ សុគង់ មេធាវីការពារក្តី​ឲ្យ​លោក រ៉ុង ឈុន និង​អតីត​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ ទាំង​២នាក់ បាន​ថ្លែង​ប្រាប់​VOA​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ពួក​គេ​ទាំង​៣​នាក់​នឹង​ឡើង​សវនា​ការ​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​១៨ ខែសីហា។ មេធាវី​រូប​នេះ​នៅ​តែ​យល់​ឃើញ​ថា​កូន​ក្តី រួម​មាន​លោក រ៉ុង ឈុន មិន​មាន​កំហុស​នោះ​ទេ ដោយ​សារ​កូន​ក្តី​គ្រាន់​តែ​ប្រើ​សិទ្ធិ​សម្តែង​មតិ​ផ្ទាល់​ខ្លួន និង​ធ្វើ​ការ​ងារ​ការ​ពារ​ផល​ប្រយោជន៍​សង្គម​តែ​ប៉ុណ្ណោះ។

លោក សំ សុគង់ បន្ថែម​ថា​ភ័ស្តុ​តាង​ក្នុង​ការ​ចោទ​ប្រកាន់ ភាគ​ច្រើន​ជា​សេចក្តី​ថ្លែង​ការ​ណ៍​តប​របស់​រដ្ឋា​ភិបាល​ទៅ​លោក​ រ៉ុង ឈុន តែ​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា​៖ «ក្នុង​ពេល​សវនា​ការ​អត់​មាន​ឃើញ​អ្វី​ជា​ភស្តុ​តាង​អ្វី​ច្រើន​ទេ។ វា​គ្រាន់​តែ​ជា​សេច​ក្តី​ថ្លែង​ការ​ណ៍ ហើយ​និង​សេចក្តី​ថ្លែង​ការណ៍តប​របស់​ខាង​រដ្ឋា​ភិ​បាល​វិញ។ អញ្ចឹង​ខ្ញុំ​គិត​ថា​វា​នៅ​មាន​ការ​សង្ស័យ។ ការ​យល់​ឃើញ​របស់​មេធាវី គួរ​តែ​តុលា​ការ​ឲ្យ​កូន​ក្តី​រួច​ផុត​ពី​បទ​ចោទ​[ប្រកាន់]»។

អ្នកស្រី ចេង ស្រីនី អាយុ​៣៧​ឆ្នាំ ដែល​ជា​ភរិ​យា​ លោក តុន និមល អតីត​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​VOA​ថា​អ្នក​ស្រី​នឹង​ទៅ​ចូល​រួម​សវនា​ការ​ប្រកាស​សាលក្រម​របស់​ស្វាមី​នៅ​ថ្ងៃ​ពុធ​។ អ្នកស្រី​នៅ​តែ​ទទូច​ឲ្យ​តុលា​ការ​ដោះ​លែង​ស្វាមី​ឲ្យ​មាន​សេរី​ភាព​ឡើង​វិញ។

អ្នកស្រី​ថ្លែង​ថា​៖«តុលាការ​[ត្រូវតែ​]រក​យុត្តិធម៌​[ក្នុង​ការ​]ទ​ម្លាក់ការ​ចោទ​ទាំង​អស់ ​ពីព្រោះ​គាត់​អត់​មាន​កំហុស​អីទេ ឲ្យគាត់​មក​ជួប​ប្រពន្ធ ជួប​កូន​វិញ​មក ​ពី​ព្រោះ​កូន​ចេះ​តែ​យំ​សួរ​រក​ឪពុក​ដែរ​[ថា]​ថ្ងៃ​ណា​ប៉ា​មក​វិញ​ៗ [ហើយ​]ចេះ​សួរ​រក​នឹក​យំ។ ជួនណា​ម៉ោង​៩ ម៉ោង​១០[យប់] ហើយ​នៅ​តែ​យំ​រក​ប៉ា។ ម៉ាក់​អើយ​កូន​នឹក​ប៉ា​ណាស់​!»។

បើ​តាម​អ្នកស្រី ចេង​ ស្រីនី ស្វាមី​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ចាប់​តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២០ ដែល​ប៉ះពាល់​សេដ្ឋ​កិច្ច​គ្រួសារ​របស់​អ្នកស្រី គឺ​«ធ្លាក់​ដុន​ដាប​យ៉ាង​ខ្លាំង» ក្រោយ​ស្វាមី​ត្រូវ​បាន​ចាប់​ខ្លួន។

អ្នកស្រី​បន្ត​ថា៖ «ជីវភាព​មាន​[ការ​]ដុន​ដាប​មែន​ទែន ពីព្រោះ​កូន​ឥឡូវអត់​បាន​រៀន​អត់​បាន​អី​ទេ នៅ​ផ្ទះ​ទាំង​ពីរ​ទាំង​បី ហើយ​រក​អី​ក៏​មិន​បាន។ សម័យ​កូវីដ​អញ្ចឹង ខ្ញុំ​ទៅ​លក់​គឺ​លក់​មិន​ដាច់។ ហើយ​អញ្ចឹង​សង្ឃឹម​ថា​លុយ​យើង​សល់​បន្តិច​បន្តួច ​គ្រាន់​ចាយ​ហ្នឹង ចេះ​តែ​ចា​យ​តេកតក់​ៗ ចាំ​មើល​ប្តី​ចេ​ញ​មក​វិញ​អញ្ចឹង»។

លោក រ៉ុង ឈុន មេដឹកនាំ​សហជីព និង​ជា​អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ផង​នោះ​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​យប់​ថ្ងៃ​៣១ ខែ​កក្កដា ឆ្នាំ​២០២០ ក្រោយ​ពី​លោក​បាន​ចុះ​ទៅ​ខេត្ត​ត្បូង​ឃ្មុំ​ហើយ​បាន​ជួប​ប្រជា​ពលរដ្ឋ​នៅ​ទី​នោះ​ដែល​អះអាង​ថា​ដី​របស់​ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​វៀត​ណាម​ហាម​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ ហើយ​ការ​បោះ​បង្គោល​ព្រំដែន​បាន​ចូល​មក​ទឹក​ដី​កម្ពុជា។ ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន នាំ​ឲ្យ​មាន​ការ​តវ៉ា​ពី​សកម្មជន​មួយ​ចំនួន ហើយ​មនុស្ស​ជាង​១០​នាក់​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​ផង​ដែរ ក្នុង​នោះ​ក៏​មាន​កញ្ញា ស កន្និកា ដែល​ជា​អតីត​សកម្មជន​ម្នាក់​របស់​គណបក្ស​សង្រ្គោះ​ជាតិ។

ម្តាយ​របស់​កញ្ញា ស កន្និកា គឺ​អ្នកស្រី ឈិន សុផល ក៏ទ​ទូច​ឲ្យ​តុលាការ​ដោះ​លែង​កូន​ស្រី។ អ្នកស្រី​បន្ត​ថា​៖ «ខ្ញុំ​ចេះ​តែ​បន់​ឲ្យ​គេ​[តុលាការ]​ឆាប់​ដោះ​លែង​[កូន​ខ្ញុំ]​មក​ ពី​ព្រោះ​អី​[កូន​ខ្ញុំ]​គ្មាន​កំហុស​គ្មាន​អី​ទេ»។

កញ្ញា ស កន្និកា ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ខែ​សីហា ឆ្នាំ​២០២០ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»​ដូច​លោក រ៉ុង ឈុន ដែរ​ តាម​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា ក្រោយ​ពី​បាន​ចូលរួម​តវ៉ា​ឲ្យ​មាន​ការ​ដោះ​លែង លោក រ៉ុង ឈុន។

អ្នកស្រី អ៊ុក​ ឆាយ៉ាវី ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ថ្លែង​ថា​ប្រសិន​បើ​តុលា​ការ​កម្ពុជា​ឯករាជ្យ នោះ​លោក រ៉ុង ឈុន និង​ជន​ជាប់​ចោទ​ផ្សេង​ទៀត នឹង​មិន​ត្រូវ​ប្រឈម​មុខ​នឹង​ការ​កាត់​ឲ្យ​មាន​ទោស​ឡើយ។

អ្នកស្រី​ថ្លែង​ថា​៖« បើ​សិន​ជា​តុលាការ​ឯក​រាជ្យ​ ខ្ញុំ​មាន​សង្ឃឹម[ហើយ]​បើ​តុលាការ​តេឡេ ខ្ញុំ​គ្មាន​សង្ឃឹម​ថា​គេ​នឹង​ដោះ​លែង​លោក រ៉ុង ឈុន ទេ»។

លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​របស់​ក្រសួង​យុត្តិ​ធម៌ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​៖ «ការ​សម្រេច​យ៉ាង​ណា​នៅ​លើ​តុលាការ»។

កាល​ពី​ថ្ងៃ​អាទិត្យ អង្គការ​លីកាដូ​ដែល​ជា​អង្គ​ការ​ឃ្លាំ​មើល​និង​ការ​ពារ​សិទ្ធិ​មនុស្ស បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន ដោយ​អំពាវ​នាវ​ឲ្យ​ដោះ​លែង​លោក រ៉ុង ឈុន និង​សកម្ម​ជន​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត។ អង្គ​ការ​លីកាដូ​បញ្ជាក់​ក្នុង​សារ​ថា៖ «មួយ​រយៈ​ចុងក្រោយ​នេះ អាជ្ញាធរ​រដ្ឋ​បាន​បង្កើន​ការ​ចាប់​ខ្លួន ចោទ​ប្រកាន់ និង​ចាប់​ដាក់​ពន្ធ​នាគារ​សកម្ម​ជន​សង្គម​ជា​ច្រើន​នាក់ ដែល​តែង​តវ៉ា​បែប​អហិង្សា ដោយ​លើក​ឡើង​ពី​បញ្ហា​សិទិ្ធ​មនុស្ស​នៅ​ក្នុង​ប្រទេស ដូច​ជា​ការ​រំលោភ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ សេរី​ភាព​នៃ​ការ​ជួបជុំ និង​ប្រមូល​ផ្តុំ​ ​រឿង​ព្រំដែន និង​ថ្មីៗ​នេះគឺ​បញ្ហា​បំណុល​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ​របស់​ប្រជា​ពលរដ្ឋ»៕

No comments: