August 23, 2021

អ្នក​ឃ្លាំ​មើល​សិទ្ធិមនុស្ស និង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​បារម្ភ​ថា ការ​ទាមទារ​រឿង​ដីធ្លី​អាច​ក្លាយ​បទល្មើស​ញុះញង់

លោក ឌី វិជ្ជា កូនប្រុស​អតីត​អគ្គស្នងការ​នគរបាល​ជាតិ លោក ហុក ឡង់ឌី និង​ជា​កូន​ប្រសា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មានតួនាទីអគ្គស្នងការ​រង​នបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ អគ្គស្នងការ​នគរបាល​ជាតិ។  រូប​គេហទំព័រអគ្គស្នងការ​នគរបាល​ជាតិ


ដោយ ម៉ៅ សុធានី RFA 2021-08-22

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស និង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​បារម្ភ​ថា ការ​ទាមទារ​រក​យុត្តិធម៌​រឿង​ដីធ្លី​អាច​នឹង​រង​ការ​ចោទ​ប្រកាន់​ថា ប្រព្រឹត្ត​បទល្មើស​ញុះញង់​។ កង្វល់​នេះ កើត​មាន​ក្រោយពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​តែងតាំង​កូនប្រសា​លោក ហ៊ុន សែន ម្នាក់​ឲ្យ​ធ្វើជា​ប្រធាន​ស៊ើបអង្កេត​និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​អ្នក​ញុះញង់​ករណី​ជម្លោះដីធ្លី​គ្រប់ ខេត្ត​-​រាជធានី។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស និង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី ជំរុញ​ទៅ​អាជ្ញាធរ ឬ​រដ្ឋាភិបាល​ឲ្យ​ពន្លឿ​ន​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ ជាជាង​ការ​ការបង្កើត​ក្រុមការងារ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​អ្នក​ញុះញង់​ករណី​ជម្លោះដីធ្លី និង​ការទន្ទ្រាន​កាន់កាប់​ដី។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត យល់​ថា ការ​បង្កើត​ក្រុម​ការងារ​នេះ​ហាក់ដូចជា​រដ្ឋាភិបាល​ចង់​បង្ហាញ​ជា​ថ្មី​ទៀត ថា ខ្លួន​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ដីធ្លី​។ ទោះ​យ៉ាងណា អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ ព្រួយបារម្ភ​ថា បើ​ក្រុម​ការងារ​អនុវត្ត​ការងារ​មិន​បាន​ត្រឹមត្រូវ នោះ​អាច​នឹង​មាន​ការចោទប្រកាន់​ក្រុម​ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​ជា​អ្នក​ញុះញង់​ទៅវិញ៖ «ខ្ញុំ​មានការ​ព្រួយបារម្ភ ក្រែង​ប៉ះពាល់​ដល់​គាត់​(​ពលរដ្ឋ​) ចោទប្រកាន់​គាត់​រក​ឃើញ​ថា គាត់​ជា​អ្នក​ញុះញង់​អី​ក្នុង​ការ​តវ៉ា​ទំនាស់​ដីធ្លី​ព្រោះ​ឥឡូវនេះ​ភាគច្រើន ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដីធ្លី​ហ្នឹង​គាត់​ជា​អ្នក​តវ៉ា ឬក៏​ដាក់​សំណើ ឬក៏​ជួប​ប្រជុំ​គ្នា​ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​អីចឹង»។

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ស្នើ​ទៅ​ក្រុមការងារ​ថ្មី​នេះ គួរ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ និង​បំពេញការងារ​ឈរ​លើ​មូលដ្ឋាន​ជាក់ស្ដែង ដោយ​មិនមែន​ការ​ដាក់​បន្ទុក ឬ​ហាមប្រាម​ពលរដ្ឋ​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​ទាមទារ​បញ្ហា​ដីធ្លី​នោះ​ទេ។ លោក ថេង សាវឿន ដែល​ធ្វើ​ការងារ​ជាមួយ​ពលរដ្ឋ​បញ្ហា​ដីធ្លី សង្កេត​ឃើញ​ថា កន្លងមក ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​មួយចំនួន​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ព្រោះ​ការ​ទាមទារ​ដីធ្លី​របស់​ខ្លួន​។ ទោះ​យ៉ាងណា អ្នកឃ្លាំមើល​សិទ្ធិ​កសិករ​រូប​នេះ បញ្ជាក់​ថា លោក​មិន​គាំទ្រ​បុគ្គល​ណា​រំលោភ​យក​ដីធ្លី​ពលរដ្ឋ ឫ​អ្នក​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​នោះ​ឡើយ៖ «បញ្ហា​ដីធ្លី​ទាំងអស់​មិនមែន​សុខៗ​កើតឡើង​ទេ​មាន​ទំនាស់​គ្រប់​ភាគី​អ៊ីចឹង​យើង​ចង​ឲ្យ​គ្រប់ការ​ស៊ើបអង្កេត​ការស្រាវជ្រាវ​ឈរ​លើ​គោលការណ៍​យុត្តិធម៌ តម្លាភាព​និង​ផ្ដល់​ការ​ទុកចិត្ត​ទៅ​ដល់​ប្រជាជន»។

ប្រតិកម្ម​របស់​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​បែបនេះ ក្រោយពេល​អគ្គស្នងការ​នគរបាល​ជាតិ លោក លោក នេត សាវឿន ដែល​ត្រូវជា​ក្មួយ​ប្រសា​លោក ហ៊ុន សែន ផង​នោះ បាន​តែងតាំង អគ្គ​ស្នងការ​រង​មួយ​រូប គឺ​លោក ឌី វិជ្ជា ដែល​ជា​កូនប្រសា​លោក ហ៊ុន សែន ឱ្យ​ដឹកនាំ​ការស៊ើបអង្កេត​រក​អ្នក​ញុះញង់​តវ៉ា​រឿង​ដីធ្លី​ទូទាំង​ប្រទេស។

លោក ឌី វិជ្ជា ជា​កូនប្រុស​អតីត​អគ្គស្នងការ​នគរបាល​ជាតិ លោក ហុក ឡង់ឌី ហើយ​លោក​ក៏​មាន​តួនាទី​ស្នួល​មួយទៀត​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ អគ្គស្នងការ​នគរបាល​ជាតិ ។ ពាក់ព័ន្ធ​តួនាទី​រឿង​រកមុខ​អ្នក​ញុះញង់​បញ្ហា​ដីធ្លី លោក ឌី វិជ្ជា មាន​សិទ្ធិ​ប្រើប្រាស់ និង​អន្តរាគមន៍ កងកម្លាំង​នៃ​នាយកដ្ឋាន​ផែន​សន្តិសុខ និង​ចាប់ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ។

សេចក្ដីសម្រេច​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ កាល​ថ្ងៃទី​១២ ខែសីហា ឲ្យ​ដឹង​ថា កម្លាំង​ចារកម្ម​ប្រចាំ​រាជធានី​-​ខេត្ត ត្រូវ​ប្រមូល​ព័ត៌មាន ស្រាវជ្រាវ និង​ស្វែងរក​មុខសញ្ញា​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ពាក់ព័ន្ធ​អ្នក​ញុះញង់​រឿង​ដីធ្លី។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម ពី​លោក ឌី វិជ្ជា និង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បាន​ទេ​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា​។​

ទោះយ៉ាងណា លោក ឆាយ គឹមខឿន ឲ្យ​សារព័ត៌មាន​វីអូឌី (VOD) ដឹង​ថា ក្រុមការងារ​នេះ​បាន​បង្កើត​ជិត​៣​ឆ្នាំ​មក​ហើយ ដើម្បី​រកមុខ​សញ្ញា​អ្នក​ញុះញង់​ករណី​ជម្លោះដីធ្លី ប៉ុន្តែ ក្រុមការងារ​នេះ​មិន​ដោះស្រាយ​វិវាទ​ដីធ្លី​នោះ​ទេ។

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​ម្នាក់ លោក ហ៊ី រ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​ព្រួយបារម្ភ​ថា អាជ្ញាធរ ឬ​សមត្ថកិច្ច នឹង​យក​លេស​ករណី​ញុះញង់ ហាមឃាត់​មិន​ឲ្យ​រូបលោក ឬ​ពលរដ្ឋ​ផ្សេង​ធ្វើការ​ទាមទារ​តវ៉ា​រឿង​ដីធ្លី ។ ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​រូប​នេះ ជំរុញ​ទៅ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​គួរ​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​តំបន់​លោក​រស់នៅ​ឲ្យ​ឆាប់រហ័ស៖ «ខ្លាច​គេ (សមត្ថកិច្ច) ចោទ​ប្រកាន់​ថា​យើង​ញុះញង់​រឿង​ដីធ្លី​អ៊ីចឹង​តាមពិត​មានអី​ត្រូវ​ញុះញង់​ព្រោះ​យើង​ធ្វើ​ដើម្បី​ស្នើសុំ​ដីធ្លី​របស់​យើង​កាន់កាប់​ជាក់ស្ដែង»។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ថេង សាវឿន ឲ្យ​ដឹង​ថា បណ្ដាញ​កសិករ​របស់​លោក​ចំនួន​៧​នាក់​ក្នុង​នោះ​ស្រី​ម្នាក់​កំពុង​ជាប់​ពន្ធនាគារ​ព្រោះ​ការ​ទាមទារ​បញ្ហា​ដីធ្លី​របស់​ពួកគេ ហើយ​អ្នក​ទាំង​ភាគច្រើន​រង​ការ​ចោទ​ពី​បទ​ញុះញង់។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស និង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី លើកឡើង​ថា ការស្វែងរក​អ្នក​ប្រព្រឹត្ត​បទល្មើស​ញុះញង់ ឬ​រំលោភ​ដី​រដ្ឋ​ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ ឬ​តុលាការ​រួច​ហើយ ដូច្នេះ ការ​បង្កើត​ការងារ​នេះ​បន្ថែម​ទៀត​នឹង​ធ្វើ​ឲ្យ​ការ​បំពេញ​ការងារ​ជាន់​លើ​គ្នា ហើយ​ថែមទាំង​ជា​ការ​ខ្ជះខ្ជាយ​ថវិកា និង​ធនធាន​រដ្ឋ​ផង​ដែរ៕

No comments: