August 18, 2021

ប្រវត្តិ​វិទូ​ខ្មែរ​ស្នើ​កុំ​ឲ្យ​ប្រៀប​ធៀប​ការ​ដក​ទ័ព​របស់​អាមេរិក​ពី​អាហ្វហ្គានីស្ថាន ដូច​កម្ពុជា ប៉ុន្តែ​គួរ​សិក្សា​ករណី​ជាក់​ស្តែង

រូប​ឯកសារ៖ ទាហាន​ម៉ារីន​អាមេរិក​ម្នាក់​យាម​ការពារ​ក្នុង​បេសកកម្ម​ជម្លៀស​ពលរដ្ឋ​អាមេរិក​ Operation Eagle Pull កាល​ពី​ថ្ងៃ​ទី ១២ ខែ​មេសា ឆ្នា១៩៧៥ ខណៈ​ពលរដ្ឋ​អាមេរិក​និង​កម្ពុជា​​ឡើង​​ឧទ្ធម្ភាគចក្រ​​​ក្នុង​អំឡុង​ការ​ដក​​​វត្តមាន​​សហរដ្ឋ​អាមេរិក​​ចេញ​ពី​​ប្រទេស​កម្ពុជា។ Photo: AP


ស៊ុន ណារិន | VOA Khmer, 16 សីហា 2021

ភ្នំពេញ — អស់​រយៈ​ពេល​២០​ឆ្នាំ​នៃ​ការ​ឈ្លាន​ពាន​របស់​ទាហាន​អាមេរិក​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ក្រោយ​ការ​វាយ​ប្រហារ​ដោយ​យន្ត​ហោះ​លើ​អគារ​ពាណិជ្ជកម្ម​ពិភពលោក​របស់​អាមេរិក កាល​ពី​ឆ្នាំ​២០០១ សហរដ្ឋ​អាមេរិក​បាន​សម្រេច​ដក​កង​ទ័ព​ចេញ​ពី​ប្រទេស​មួយ​នេះ។ ការ​ដក​កង​ទ័ព​នេះ​នាំ​ឲ្យ​ក្រុម​បះបោរ​តាលីបង់​បាន​វាយ​ឈ្លាន​ពាន ហើយ​ចូល​កាន់​កាប់​ប្រទេស​មួយ​នេះ រហូត​ដល់​ប្រធានា​ធិបតី​អាហ្វហ្គានីស្ថាន​បាន​សម្រេច​ចាក​ចេញ​ពី​ប្រទេស ហើយ​មាន​ការ​ផ្ទេរ​អំណាច​ទៅ​ក្រុម​តាលីបង់។ (ព័ត៌មាន​ចុងក្រោយ​ពី​ស្ថានភាព​នៅ​អាហ្វហ្គានីស្ថានមាន​នៅ Live Blog វីអូអ​ខ្មែរ។)

ការ​ចាក​ចេញ​របស់​អាមេរិក​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​នាំ​ឲ្យ​ប្រជាជន​កម្ពុជា​មួយ​ចំនួន​បាន​ប្រៀបធៀប​ស្ថាន​ភាព​នេះ​ដូច​ទៅ​នឹង​ស្ថានភាព​នៃ​ការ​ចាក​ចេញ​របស់​ទាហាន​អាមេរិក​ពី​កម្ពុជា​ក្រោយ​គាំទ្រ​របប​លន់ នល់ ឆ្នាំ​១៩៧០​ដល់​១៩៧៥។ ការ​ពិភាក្សា​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​ក៏​បាន​ដាក់​បន្ទុក​ទៅ​លើ​អាមេរិក​ថា​បានចាក​ចេញពី​កម្ពុជា នាំ​ឲ្យ​មាន​របប​កាប់​សម្លាប់​ខ្មែរ​ក្រហម គឺ​ចាប់​ផ្តើម​ដំបូង​ពី​ការ​បណ្តេញ​ប្រជាជន​ដោយ​បង្ខំ​ចេញ​ពី​ទីក្រុង​ភ្នំពេញ កាល​ពី​ខែ​មេសា ឆ្នាំ​១៩៧៥ ដែល​ពេល​នោះ ក្រុម​ខ្មែរ​ក្រហម​បាន​ប្រកាស​ថា​អាមេរិក​នឹង​ទម្លាក់​គ្រាប់​បែក​នៅ​ក្នុង​ទីក្រុង។

​ឧទ្ធម្ភាគចក្រយោធា​អាមេរិក​ហោះ​ពី​លើ​ស្ថានទូត​សហរដ្ឋ​អាមេរិកក្នុង​ទី​ក្រុង​កាប៊ុល​ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២១។ (AFP)


​ទោះ​ជា​យ៉ាងណា អ្នក​ប្រវត្តិសាស្រ្ត​ខ្មែរ​បាន​ស្នើ​ឲ្យ​សាធារណជន​កម្ពុជា កុំ​ប្រៀប​ធៀប​ស្ថានភាព​នៅ​កម្ពុជា កាល​ពី​ប្រមាណ​៤៦​ឆ្នាំ​មុន ទៅ​នឹង​ស្ថាន​ភាព​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន និង​ស្នើ​ឲ្យ​មាន​ការ​សិក្សា​ករណី​នីមួយៗ​ជាក់​ស្តែង ហើយ​កុំ​ពិភាក្សា​ដោយ​ប្រកាន់​និន្នាការ​នយោបាយ។

សាស្រ្តា​ចារ្យ​ផ្នែក​ប្រវត្តិ​សាស្រ្ត និង​ទំនាក់​ទំនង​អន្តរ​ជាតិ លោក ឌៀប សុផល បាន​ថ្លែង​ថា​ការ​ប្រៀប​ធៀប​ព្រឹត្តិ​ការណ៍​ប្រវត្តិសាស្រ្ត គឺ​ជា​«ការ​លំបាក» ហើយ​ «វា​មិន​ដូច​គ្នា​នោះ​ទេ»។

លោក​ថ្លែង​ថា​៖ «យើង​មិន​បាច់​ប្រៀប​ធៀប​ទេ ពី​ព្រោះ​ប្រវត្តិ​សាស្រ្ត គេ​មិនឲ្យ​ប្រៀប​ធៀប​ទេ ហើយ​គេ​ក៏​មិន​ឲ្យ​ធ្វើ​លក្ខណៈ​ឈ្នាប់​នាំ​ឲ្យ​(មាន​អ្វី​មួយ)​ដែរ។ ស្រុក​ខ្មែរ​វា​អញ្ចឹង អញ្ចឹង​ហើយ​បាន​ជា​អាហ្វហ្គានីស្ថាន វា​អញ្ចឹង​ដែរ»។

ពលរដ្ឋ​អាហ្វហ្គានីស្ថានខ្លះ​ស្រវ៉ា​ឡើង​លើ​យន្តហោះ​ខណៈ​ពួក​គេ​រង់ចាំ​នៅ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១ ក្រោយពី​សង្គ្រាម​ដែល​អូស​បន្លាយ​អស់​២០​ឆ្នាំ​នៅ​ប្រទេស​ពួក​គេ​បាន​បញ្ចប់​ទៅ​យ៉ាង​ឆាប់​រហ័ស នៅ​ពេល​សហរដ្ឋ​អាមេរិក​បាន​សម្រេច​ដក​កង​ទ័ព​ ហើយ​ក្រុម​តាលីបង់​បានចូល​ដណ្តើម​កាន់កាប់​ការ​គ្រប់គ្រង​យ៉ាង​ឆាប់​រហ័ស។


លោក ឌៀប សុផល ដែល​បាន​និពន្ធ​សៀវ​ភៅ​ប្រវត្តិ​សាស្រ្ត​មួយ​ចំនួន ក្នុង​នោះ​មាន​សៀវ​ភៅ «ប្រភព​សង្រ្គាម​កម្ពុជា» ​ដែល​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុង​ឆ្នាំ​២០១៨ បាន​បន្ថែម​ថា៖ «ហើយ​មិន​ត្រូវ​យក​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្រ្ត យក​ទៅ​បម្រើឧបករណ៍​នយោ​បាយ ឬ​ជជែក​យក​ចាញ់​ យក​ឈ្នះ​នោះ​ទេ វា​នឹង​នាំ​ឲ្យ​ខូច វា​នាំ​ឲ្យ​ប៉ះពាល់​ការ​ស្វែង​រក​ការ​ពិត»។

បើ​តាម​លោក ឌៀប សុផល កាល​ពី​សម័យ​សង្រ្គាម​ក្នុង​ប្រទេស​កម្ពុជា សហរដ្ឋ​អាមេរិក​មិន​ត្រឹម​តែ​«ចាញ់»​សង្រ្គាម​នៅ​ស្រុក​ខ្មែរ​នោះ​ទេ តែ​«ចាញ់»​នៅ​ឥណ្ឌូ​ចិន​ទាំង​មូល ដែល​កាលនោះ​ជា​សង្រ្គាម​មនោគមន៍វិជ្ជា។

លោក​បញ្ជាក់​ថា៖ «គោល​បំណង​ធំ​របស់​សហរដ្ឋ​អាមេរិក ដើម្បី​បោស​សម្អាត​ពួក​កុម្មុយនីស្ត មិន​បាន​ជោគ​ជ័យ​ទេ។ អ្វី​ដែល​សហរដ្ឋអាមេរិក​មិន​បាន​សម្រេចនៅ​លើ​ទិសដៅ​សង្រ្គាម​របស់​ខ្លួន គឺ​ជា​បរា​ជ័យ ការ​ដក​កង​ទ័ព​នេះ។ នៅ​ក្នុង​អាហ្វហ្គានីស្ថាន គឺ​ទិស​ដៅ​ដើម្បី​បោ​សសម្អាត​ពួក​ឧទ្ទាម ពួក​ភេរវ​ករ បន្ទាប់​ពី​បានវាយ​ប្រហារ ​Wolrd Trade Center [មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភព​លោក] នៅក្នុង​ទីក្រុង​New York (ញូវយ៉ក) ថ្ងៃ​ទី​១១ ខែ​កញ្ញា​ ឆ្នាំ​២០០១»។

រូប​ឯកសារ៖ យន្តហោះ​ដែល​កាន់កាប់​ដោយ​ក្រុម​ភេរវករ​បើក​បុក​ប៉មភ្លោះ​នៃអតីត​អគារ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ទី​ក្រុង​ New York កាល​ពី​ថ្ងៃ​អង្គារ ទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១។


រហូត​មក​ដល់​ពេល​នេះ មាន​រយៈ​ពេល​២០​ឆ្នាំ​មក​ហើយ ចាប់​ពី​ឆ្នាំ​២០០១ ដែល​ទាហាន​អាមេរិក​បាន​ឈ្លាន​ពាន​អាហ្វហ្គានីស្ថាន ដើម្បី​ស្វែង​រក​ក្រុម​ភេរវជន​អាល់កៃដា ដែល​អាមេរិក​បាន​រក​ឃើញ​ថា​ជា​ក្រុម​វាយ​ប្រហារ​អគារ​ពាណិជ្ជកម្ម​ពិភព​លោក​ក្នុង​ទីក្រុង​New York កាល​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០០១ ដែល​សម្លាប់​មនុស្ស​ប្រមាណ​៣​ពាន់​នាក់ និង​របួស​ប្រមាណ​៦​ពាន់​នាក់។ ការ​ដក​កង​ទ័ព​នេះ​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​សន្យា​របស់​លោក​ប្រធានាធិបតី​Joe Biden​ដែល​ថាកង​ទ័ព​នឹង​ចាក​ចេញ​អស់ ត្រឹម​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២១។ អំពើ​ហិង្សា​នៅ​សម​រភូមិ​រវាង​កង​កម្លាំង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន និង​ក្រុម​បះ​បោរ​តាលីបង់​បាន កើន​ឡើង​យ៉ាង​ខ្លាំង ចាប់​តាំង​ពី​ថ្ងៃ​ទី១ ខែ​ឧសភា​នៅ​ពេល​កង​កម្លាំង​អន្តរ​ជាតិ ដឹកនាំ​ដោយ​អាមេរិក ចាប់​ផ្តើម​ដក​ចេញ​តាម​បញ្ជា​របស់​ប្រធានាធិ​បតី​លោក Joe Biden។

រូប​ឯកសារ៖ ទាហាន​អាមេរិក​ត្រឡប់​ពី​ការ​ប្រយុទ្ធ​មួយ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០០២​ បាន​មក​ដល់​មូលដ្ឋាន​ទ័ព Bagram នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​ត្រូវ​បង្កើត​ឡើង​ក្រោយ​ព្រឹត្តិការណ៍​វាយប្រហារ​ភេរវកម្ម​នៅ​សហរដ្ឋ​អាមេរិក ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១។


លោក ឌៀប សុផល អ្នក​ប្រវត្តិ​សាស្រ្ត​ម្នាក់ បន្ថែម​ថា​មុន​ពេល​ដែល​អាមេរិក​ដក​កង​ទ័ព​ចេញ​ពី​កម្ពុជា គឺ​មាន​ការ​វាយ​ចូល​របស់​កង​ទ័ព​ខ្មែរ​ក្រហម​រួច​ហើយ ដូច្នេះ​លោក​ថា​ការ​ដក​កង​ទ័ព​នោះ ជា​«ដំណាក់​កាល​ចុង​ក្រោយ»។ លោក​បន្ថែម​ថា​វា​ជា​ការ​ពិបាក​វាយ​តម្លៃ​ថា​តើ​អាមេរិក​ឈ្លាន​ពាន​ឬ​មិន​ឈ្លាន​ពាន​កម្ពុជា​កាល​នោះ ពី​ព្រោះ​វា​ជា​ទំនាស់​ផ្ទៃ​ក្នុង​របស់​កម្ពុជា ដែល​មាន​ភាគី​លន់ នល់ អតីតព្រះ​បរមរតនកោដ្ឋ​សម្តេចឪ​ព្រះនរោត្តម សីហនុ ​និង​ក្រុម​ប៉ុល ពត។

លោក​បន្ថែម​ថា៖ «បើ​លន់ នល់ មិន​អនុញ្ញាត លន់​ នល់​ពុំមាន​កិច្ច​ព្រម​ព្រៀង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ហើយ​លន់​ នល់ ដែល​ជា​ភាគី​ខ្មែរ​ដែរ សហរដ្ឋ​អាមេរិក​ក៏​ពុំ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ»។

បើ​តាម​លោក ឌៀប សុផល អាមេរិក​បាន​ដាក់​កង​ទ័ព​ក្នុង​ប្រទេស​កម្ពុជា មិន​ដល់​មួយ​ខែ​នោះ​ទេ ប៉ុន្តែការ​ទម្លាក់​គ្រាប់​បែក​មាន​រយៈ​ពេល​ប្រមាណ​៦​ខែ។ លោក​បញ្ជាក់​ថា​ការ​គាំទ្រ​របស់​អាមេរិក​លើ​របប​លន់ នល់ ច្រើន​ជា​រូបភាព​តំណាង​នយោបាយ សម្ព័ន្ធ​មិត្ត និង​ការ​ទូត រយៈ​ពេល​៥​ឆ្នាំ ដែល​ដឹកនាំ​ដោយ​លោក​សេនា​ប្រមុខ​លន់ នល់ មុន​ខ្មែរ​ក្រហម​ចូល​មក​ដល់ និង​កាន់​កាប់​ប្រទេស។

រូប​ឯកសារ៖ លោក John Gunther Dean អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា​ កាន់ទង់ជាតិអាមេរិកាំងដែលត្រូវបានយកចេញពីស្ថានទូតអាមេរិកនៅកម្ពុជា ពេលលោកបានទៅដល់មូលដ្ឋានទ័ពអាកាស Utapao ប្រទេសថៃ ថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥។ (AP)


លោក សំបូរ ម៉ាណ្ណារ៉ា សាស្ត្រាចារ្យ​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ម្នាក់ បាន​ថ្លែង​ថា​សមត្ថភាព​របស់​មេដឹកនាំ​ប្រទេស ជា​រឿង​សំខាន់​មួយ ក្នុង​ការ​ធានា​ការ​រីក​ចម្រើន​របស់​ប្រទេស ក្រោយ​ការ​ដក​កង​ទ័ព​របស់​ប្រទេស​ណាមួយ។ លោក​បន្ត​ថា​ចំណេះ​ដឹង​របស់​ប្រជា​ជន​អាហ្វហ្គានី​ស្ថាន ក៏​នៅ​មាន​កម្រិត ដូច​ជា​ប្រជា​ជន​កម្ពុជា​ដែរ។

លោក​ថ្លែង​ថា៖ «ទស្សនៈ​របស់​លោក​គ្រូ​ចំពោះ ប្រវត្តិ​សាស្រ្ត លោក​គ្រូ​យល់​ឃើញ​ថា​នេះ​ជា​ប្រវត្តិ​នយោបាយ​របស់​អ្នក​ដែល​កាន់​នយោបាយ​អ្នក​ដឹក​នាំ​នៅ​អាហ្វហ្គានីស្ថាន ខ្លួន​ឯង​ដែល​លោក​យក​ចិត្ត​ទុក​ដាក់ គិត​ចង់​ឲ្យ​ប្រទេស​របស់​លោក​មាន​ការ​រីក​ចម្រើន ប៉ុន្តែ​លោក​អត់​អាច​មាន​សមត្ថភាព​ចាប់​យក​មហា​អំណាច​ណា​មួយ ម្តង​ឆ្វេង ម្តង​ស្តាំ»។

លោក​ស្នើ​ឲ្យ​បញ្ញវន្ត​ក្នុង​ប្រទេស​កម្ពុជា​ពិចារណា ហើយ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​រឿង​រ៉ាវ​បែប​នេះ កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា។

លោក​បន្ថែម​ថា៖ «កាល​ណា យើង​វិភាគ​មិន​ត្រូវ ដូច​ថា​យើង​បញ្ញវន្ត វិភាគ​មិន​ត្រូវ យើង​ហាក់ដូច​ជា​ឲ្យ​តម្លៃទៅ​លើ​ការ​ប្រឈម​គ្នា។ យើង​មិន​ត្រូវ​គិត​រឿង​របស់​គេ​ទេ ហើយ​យើ​ង​ត្រូវ​ពិចារណា​រៀង​ខ្លួន។ ត្រូវ​គិត​ថា​យើង​ត្រូវ​ការ​ពារ កុំ​ឲ្យ​មាន​រឿង​អញ្ចឹង​កើត​ឡើង​ចំពោះ​ប្រទេស​យើង»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​អំពី​ការ​ដក​ទ័ព​អាមេរិក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន ក្នុង​សុន្ទរកថា​មួយ​នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២១។


កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២១ ប្រធានាធិបតី​អាមេរិក លោក Joe Biden ត្រូវ​បាន​ចោទសំណួរ​ពីអ្នក​សារ​ព័ត៌​មាន​ដែល​បាន​លើក​ឡើង​អំពី​ការ​ដក​កង​ទ័ព​ពី​អាហ្វ​ហ្គានី​ស្ថាន ដូច​គ្នា​នឹង​ភាព​ភ័យ​ខ្លាច​ដែល​កើត​ឡើង​ក្នុង​ប្រទេស​វៀតណាម កាល​ពី​ឆ្នាំ​១៩៧៥។ លោក Biden​ បាន​ថ្លែង​ថា​ក្រុម​បះ​បោរ​តាលីបង់ មិន​ដូច​ទាហាន​វៀត​ណាម​នោះ​ទេ គឺ​ពួក​គេ​មិន​អាច​ប្រៀប​ធៀប​សមត្ថភាព​សូម្បី​តែ​បន្តិច។ ដូច្នេះ​នឹង​មិន​មាន​កាលៈ​ទេសៈ​ណា​កើត​ឡើង​ដែល​មាន​ប្រជាជន​ឡើង​តាម​កាំ​ជណ្តើរ​ទៅ​កាន់​ដំបូល​នៃ​ស្ថានទូត​អាមេរិក​ក្នុង​ប្រទេស​អាហ្វ​ហ្គានីស្ថាន ដើម្បីជិះ​ឧទ្ធម្ភាគ​ចក្រ​ចាក​ចេញ​នោះ​ទេ។

លោក​បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល បាន​ថ្លែង​ថា​ការ​ដក​កង​ទ័ព​ពី​អាហ្វហ្គានីស្ថាន តិច​ឬ​ច្រើន ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​និង​អ្នកស្រាវ​ជ្រាវ​នឹក​ឃើញ​ការ​ដក​ទ័ព​ដូច​គ្នា​ក្នុង​ឆ្នាំ​១៩៧៥​ពី​ប្រទេស​កម្ពុជា បើ​ទោះ​លក្ខខណ្ឌ​កាល​នោះ​និង​ពេល​ឥឡូវ​នេះ ខុស​គ្នា​ខ្លះ។ លោក​បន្ត​ថា​កាល​នោះ ជា​សង្រ្គាម​រវាង​ប្លុក​មនោ​គមន៍​វិជ្ជា​នយោ​បាយ ហើយ​ការ​ជាប់​ពាក់​ព័ន្ធ​ពេល​នោះ​មិន​ផ្ទាល់ ដូច​អាមេរិក​ឈរ​ជើង​នៅ​អាហ្វហ្គានីស្ថាន​២០​ឆ្នាំ​នោះ​ទេ។ លោក​បន្ថែម​ថា​អាមេរិក​មិន​មែន​ចាញ់​ឬ​ឈ្នះ​សង្រ្គាម​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ប៉ុន្តែ​វា​ជា​ពេល​វេលា​មួយ ដើម្បី​ប៉ះ​ប៉ូវ​នយោ​បាយ​ផ្ទៃ​ក្នុង​របស់​ខ្លួន ក្រោយ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​លើ​សង្រ្គាម​នៅ​អាហ្វហ្គានីស្ថាន។

លោក គិន ភា បញ្ជាក់​ថា​រូបភាព​អវិជ្ជមាន​នៃ​ការ​ចាក​ចេញ​នេះ គឺ​«ប្រជាជន​អាហ្វហ្គានីស្ថានជា​អ្នក​ចាញ់»។

លោក​ថ្លែង​ថា៖ «យើង​មិន​រំពឹង​ថា​តាលីបង់​នឹង​គ្រប់​គ្រង​ដោយ​សន្តិភាព ដោយ​ប្រជាធិប​តេយ្យ ដោយ​ការ​គោរព​នូវ​សិទ្ធិ​មនុស្ស​ទេ ហើយ​យើង​ជឿ​ជាក់​ថាសង្រ្គាម​ស៊ីវិល អំពើ​ហិង្សា នឹង​មាន​ការ​ផ្ទុះ​ឡើង។ អ្វី​ដែល​យើង​ពិបាក​នឹង​ស្រមៃ​នោះ គឺ​ដូច​ដែល​កម្ពុជា​ធ្លាក់​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ពេល​សហរដ្ឋ​អាមេរិក​ចាក​ចេញ​ទៅ»។

រូបឯកសារ៖ ទាហាន​ខ្មែរ​ក្រហមចូល​ទី​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ក្រោយ​រដ្ឋធានីនៃ​សាធារណរដ្ឋ​ខ្មែរនៅ​ពេល​នោះ​ បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់ក្រុម​ខ្មែរ​ក្រហម។


លោក គិន ភា ឲ្យ​ដឹង​ទៀត​ថា​ក្រោយ​ការ​ចាក​ចេញ​របស់​អាមេរិក​ពី​កម្ពុជា ប្រទេស​មហា​អំណាច​មួយ​នេះ​មិន​បាន​ខ្វល់​អ្វី​ទៀត​ទេ ហើយ​ពុំ​ដែល​មាន​អន្ត​រាគមន៍​ប្រឆាំង​នឹង​របប​ខ្មែរ​ក្រហម​នោះ​ទេ។

លោក​បន្ថែម​ថា៖ «អញ្ចឹង​ហើយ​បាន​ជា​យើង​មើល​ឃើញ​ថា​ការ​ចាក់​របស់​គាត់​ហាក់​ដូច​ជា​បន្សល់​ទុក​នូវ​សោក​នាដកម្ម​មួយ ជា​ការ​បើក​ច្រក​ឲ្យ​របប​វាល​ពិឃាត​មួយ​ចូល​មក​កាន់​កាប់»។

អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ថា​ការ​វិភាគ​និង​ប្រៀប​ធៀប​ស្ថានភាព​នៅ​អាហ្វហ្គានីស្ថាន និង​កម្ពុជា ជា​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ ប៉ុន្តែ​លោក​គ្រាន់​តែ​បញ្ជាក់​ការ​ដាក់​ទ័ព​របស់​អាមេរិក​ក្នុង​ប្រទេស​ណាមួយ​ជា​«បេសកកម្ម​ជួយ មិន​មែន​ជា​បេស​ក​កម្ម​មក​ត្រួត​ត្រា​លើ​ប្រទេស​ណា​មួយ​ទេ»។ លោក​ថា​មនុស្ស​ភាគ​ច្រើន​យល់​ច្រឡំ​ថា​អាមេរិក​«មក​នៅ​ជាមួយ ឬ​ត្រួត​ត្រា​ជាមួយ» ដើម្បី​បាន​ «ផល​ប្រយោជន៍​នយោបាយ»។

លោក​ថ្លែង​ថា៖ «ដូច្នេះ​ការ​សម្រេច​ចិត្ត​ផ្លាស់​ប្តូរ​គោល​នយោបាយ​ក្នុង​ការ​ប្រឆាំង​ជាមួយ​មនោគមន៍វិជ្ជា​នេះ ជាមួយ​មនោ​គ​មន៍​វិជ្ជា​នោះ កម្ពុជា​គួរ​តែ​រៀន​សូត្រ​ឲ្យ​បាន​ច្បាស់ ថា​តើ​យើង​គួរ​ចូល​រួម​ប្រឆាំង​គេ ឬ​មួយ​យ៉ាង​ដូច​ម្តេច?»។

លោក ផៃ ស៊ីផាន បញ្ជាក់​ថាសង្រ្គាម​នៅ​វៀត​ណាម និង​នៅ​កម្ពុជា កាល​ពី​អតីត​កាល គឺ​ទាហាន​អាមេរិក​ចូល​រួម​ប្រឆាំង​នឹង​មនោគម​វិជ្ជា​កុំម្មុយនីស្ត​នៅ​ឥណ្ឌូចិន ហើយ​ប្រទេស​កម្ពុជា​ក៏​«​បាន​ក្លាយ​ជា​ជន​រង​គ្រោះ»៕

No comments: