August 28, 2021

"ការ​ជជែក​ពី​សន្តិសុខ​ទឹក​មេគង្គ​ជា​រឿង​ល្អ ប៉ុន្តែ​មាន​រឿង​ច្រើន​​ទៀត​ដែល​ត្រូវ​ជជែក​ការពារ​ជម្លោះ"

#រូបត្លុកនយោបាយ៖ ចិន ជូនដំណឹងយឺតយ៉ាវដល់ប្រទេសខ្សែទឹកខាងក្រោម ជុំវិញការរឹតត្បិតរំហូរទឹកទន្លេមេគង្គដោយវារីអគ្គិសនីមួយរបស់ខ្លួន។  RFA


ដោយ មាន ឫទ្ធិ RFA 2021-08-27

ក្រុម​អ្នកជំនាញ សាទរ​កិច្ច​សន្ទនា​អំពី​បញ្ហា «​សន្តិសុខ​ទឹក​» រវាង​គណៈកម្មការ​ទ​ន្លេ​មេគង្គ MRC និង​សមាគម​អាស៊ាន ដែល​ត្រូវ​បាន​ធ្វើ​ឡើងជា​លើកដំបូង​កាល​ពី​ពេល​ថ្មីៗ​នេះ​។ ពួកគេ​ហៅ​ដំណើរការ​កិច្ច​សន្ទនា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​សន្តិសុខ​ទឹក ឬ​វិបត្តិ​ទឹក​នៅ​តំបន់​ទន្លេមេគង្គ​នេះ ថា​ជា​ជំហាន​វិជ្ជមាន​មួយ​។ ក៏ប៉ុន្តែ ពួកគេ​ព្រមាន​ថា​នៅ​មាន​រឿងរ៉ាវ​ត្រូវធ្វើ​ជាច្រើន​ទៀត​ដើម្បី​បញ្ចៀស​ជម្លោះ​ដណ្តើម​ទឹក​រវាង​ប្រទេស​ខ្សែទឹក​ខាងលើ និង​ប្រទេស​ខ្សែទឹក​ខាងក្រោម នា​ពេល​អនាគត។

នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​គណៈកម្មការ​ទន្លេមេគង្គ និង​តំបន់​អាស៊ាន​ទាំងមូល​បង្កើត​ឱ្យ​មាន​នូវ​កិច្ច​សន្ទនា​អំពី​បញ្ហា «​សន្តិសុខ​ទឹក​» នេះ​ឡើង ក្នុង​គោលដៅ​ដើម្បី​ស្វែងរក​នូវ​ដំណោះស្រាយ​ប្រកបដោយ​លក្ខណៈ​ច្នៃប្រឌិត​ពាក់ព័ន្ធ​នឹង​បញ្ហា​វិបត្តិ​ទឹក​នៅ​តំបន់​ទន្លេមេគង្គ​រវាង​ប្រទេស​នៅ​តាម​ខ្សែទឹក​ខាងលើ និង​ប្រទេស​នៅ​តាម​ខ្សែទឹក​ខាងក្រោម​។ កិច្ច​សន្ទនា​តាម​ប្រព័ន្ធ​អនឡាញ​ស្ដីពី​បញ្ហា​សន្តិសុខ​ទឹកទន្លេ​មេគង្គ​នេះ ត្រូវ​បាន​ធ្វើឡើង​រយៈពេល​ពីរ​ថ្ងៃ កាលពី​ថ្ងៃទី​១៩ និង​២០ ខែសីហា កន្លង​ទៅ​នេះ មាន​ការ​ចូលរួម​ពី​ក្រុម​អ្នក​ជំនាញ ប្រតិភូ​ក្នុង​តំបន់​ទាំងពីរ ដៃគូ​អភិវឌ្ឍន៍ អង្គការ​ប្រចាំ​តំបន់ និង​អន្តរជាតិ សរុប​ជាង ១​រយ​នាក់​។ កិច្ច​សន្ទនា​នេះ ធ្វើ​ឡើង​ក្នុង​គោលដៅ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​កង្វះ​ទឹក ការ​បំពុល​ទឹក និង​មហន្តរាយ​នានា​ពាក់ព័ន្ធ​នឹង​ទឹក​ដូចជា​គ្រោះ​ទឹក​ជំនន់ និង​គ្រោះ​រាំងស្ងួត​ជាដើម។

នាយក​កម្មវិធី​អាស៊ីអាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោលនយោបាយ ស្ទីមសុន សេនធឺរ (Stimson Center) លោក ប្រាយអ៊ិន អាយល័រ (Brian Eyler) ហៅ​កិច្ច​សន្ទនា​អំពី​បញ្ហា​សន្តិសុខ​ទឹក​នេះ​ថា ជា​ជំហាន​ត្រឹមត្រូវ​មួយ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម្រាប់​តំបន់​ទាំងមូល​៖ «​អាស៊ាន អាច​ផ្តល់​ឱ្យ​នូវ​ទស្សនៈ​ពាក់ព័ន្ធ​ជាច្រើន​អំពី​ទីក្រុង​ឆ្លាត​វៃ ការ​ធ្វើ​ផែនការ​ទឹក ព្រមទាំង​ការប្រែប្រួល​អាកាសធាតុ ជាដើម​។ គណៈកម្មការ​ទន្លេមេគង្គ តាម​ពិត​ទៅ មាន​សមត្ថភាព​ខ្ពស់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ថែរក្សា​ទន្លេ និង​គ្រប់គ្រង​អភិបាលកិច្ច​ទឹក​ឆ្លងដែន ដែល​សមត្ថភាព​របស់​សមាគម​អាស៊ាន​នៅ​មាន​កម្រិត​នៅឡើយ​...​។ វិស័យ​ដទៃទៀត​ដែល​អាស៊ាន​អាច​ជួយ​បាន មាន​ដូចជា ការព្យាករណ៍​អំពី​ទឹកជំនន់ និង​គ្រោះ​រាំងស្ងួត ដែល​គណៈកម្មការ​ទន្លេ​មេគង្គ បាន​ស្នើ​សុំ​ឱ្យ​មានការ​ជួយ​ជ្រោមជ្រែង​ជា​យូរ​មក​ហើយ​។ សំខាន់​ជាង​នេះ​ទៀត អាស៊ាន អាច​ជួយ​ចែករំលែក​តម្រូវការ​របស់​សហគមន៍​របស់​តំបន់​មេគង្គ ទៅ​ក្នុង​បរិបទ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ដ៏​ទូលំទូលាយ​មួយ»។

ស្រដៀង​គ្នា​នេះ​ដែរ អ្នកជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត ឈាង វណ្ណារិទ្ធ មាន​ប្រសាសន៍​ថា កិច្ច​សន្ទនា​នេះ គឺជា​ជំហាន​សំខាន់​មួយ​ដើម្បី​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​រួម​នៅក្នុង​តំបន់ ជាជាង​ការរិះគន់​ភាគី​ណាមួយ​ដែល​លោ​កថា​នឹង​ធ្វើ​ឱ្យ​ពិបាក​ឈាន​ទៅ​រក​កិច្ច​សហប្រតិបត្តិការ​ក្នុងការ​ដោះស្រាយ​បញ្ហា​៖ «​សមាជិក ៥ របស់​អាស៊ាន​គឺជា​ប្រទេស​ដែល​ពឹងពាក់​ទៅលើ​ដង​ទន្លេមេគង្គ​នៅក្នុង​តំបន់​មេគង្គ​។ អញ្ចឹង វា​ពាក់កណ្តាល​សមាជិក​អាស៊ាន​នៅក្នុង​តំបន់​មេគង្គ​។ បញ្ហា​សន្តិសុខ​ទឹក​នៅក្នុង​តំបន់​មេគង្គ​យើង ក៏​ជា​បញ្ហា​សន្តិសុខ​ទឹក​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ជា​រួម​ដែរ​។ យើង​ឃើញថា កិច្ចពិភាក្សា​ហ្នឹង​គឺ​សំដៅ​ខ្លាំង​ទៅលើ​ដំណោះស្រាយ​។ អ៊ីចឹង​នេះ គឺជា​អ្វីមួយ​ខ្ញុំ​គិតថា​ត្រឹមត្រូវ​ពីព្រោះ​ថា តម្រង់​នូវ​កិច្ចពិភាក្សា​ទៅ​រក​ដំណោះស្រាយ វា​បាន​ប្រយោជន៍​ច្រើនជាង​នូវ​ការ​ធ្វើ​នយោបាយ​នីយកម្ម ឬក៏​ធ្វើការ​រិះគន់​ភាគី​នេះ ឬ​ភាគី​ណាមួយ​នោះ​ទៅ ដែល​វា​ពិបាក​នឹង​ឈាន​ទៅ​រក​កិច្ច​សហប្រតិបត្តិការ​...»។

បណ្ឌិត ឈាង វណ្ណារិទ្ធ ពន្យល់​ថា ដំណោះស្រាយ​ដែល​កិច្ច​សន្ទនា​នេះ​បាន​ផ្តោត​សំខាន់​នោះ គឺ​ការ​ជំរុញ​ឱ្យ​មាន​នូវ​ការ​ផ្លាស់ប្តូរ​ព័ត៌មាន និង​ការគ្រប់គ្រង​ធនធានទឹក​ប្រកបដោយ​តម្លាភាព ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិជ្ជា បញ្ញា​សិប្បនិម្មិត (Artificial Intelligence) ដើម្បី​រក​ដំណោះស្រាយ​លើ​ការ​ប្រែប្រួល​អាកាសធាតុ សន្តិសុខ​ទឹក សន្តិសុខ​ស្បៀង និង​ភាពជា​ដៃគូ​រវាង​ផ្នែក​រដ្ឋ និង​ឯកជន ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដើម្បី​ប្រមូល​ធនធាន​មក​ជួយ​អភិវឌ្ឍន៍​តំបន់ និង​ការពារ​បរិស្ថាន​។ លោក​ផ្តល់​អនុសាសន៍​ថា ដើម្បី​ឱ្យ​ការ​ដោះស្រាយ​បញ្ហា​វិបត្តិ​ទឹក​នៅ​តំបន់​ទន្លេ​មេគង្គ​នេះ មាន​ប្រសិទ្ធភាព​ទៅបាន ការណ៍​នេះ​ទាមទារ​ឱ្យ​គណៈកម្មការ​ទន្លេមេគង្គ មានអំណាច​បន្ថែម​ទៀត​ក្នុង​ការ​ដាក់ចេញ​នូវ​ផែនការ​អនុវត្ត​ជាក់ស្តែង ខណៈ​សមាជិក​ទាំង ៤​ប្រទេស​របស់​គណៈកម្មការ​នេះ រួមមាន​កម្ពុជា ឡាវ ថៃ និង​វៀតណាម ត្រូវ​មាន​ការទទួលខុសត្រូវ​ក្នុង​ការ​អនុវត្ត​បន្ថែម​ទៀត​ទាក់ទង​នឹង​គោលនយោបាយ​គ្រប់គ្រង​ធនធានទឹក និង​ការអភិវឌ្ឍន៍​ក្នុង​តំបន់។

បន្ថែម​ពីលើ​ការយល់ឃើញ​នេះ អ្នកជំនាញ​អភិបាលកិច្ច​ទឹក លោក ហែម ឧត្ដម មានប្រសាសន៍ថា​កិច្ច​សន្ទនា​នេះ​ធ្វើឡើង​គ្រាន់តែ​ជា​ការ​ស្ទាបស្ទង់​នៅ​ឡើយ ខណៈ​បញ្ហា​ចម្បង​មួយ​នៃ​ការសាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ខ្សែទឹក​ខាងលើ​ជាពិសេស​ពី​សំណាក់​ប្រទេស​ចិន តំបន់​ទាំងមូល​នៅតែ​គ្មាន​ដំណោះស្រាយ​ជាក់លាក់​ដដែល​ដើម្បី​តម្រូវ​ប្រទេស​ចិន​ទទួលខុសត្រូវ​ចំពោះ​ផល​ខូចខាត​ផ្នែក​បរិស្ថាន​បណ្តាល​មក​ពី​ការសាងសង់​ទំនប់​វារីអគ្គិសនី​ទាំងនេះ​៖ «​ខ្ញុំ​គិត​ថា នៅ​ពេល​ដែល​ប្រទេស​ទាំងអស់​ហ្នឹង គាត់​មិន​ថា​មាន​ភាព​ខុសគ្នា​ផ្នែក​នយោបាយ សេដ្ឋកិច្ច វប្បធម៌ អី​ក៏ដោយ បើសិនជា​គាត់​តម្កល់ ដាស់តឿន​ឡើងវិញ​នូវ​វិបត្តិ​បរិស្ថាន បញ្ហា​បម្រែបម្រួល​អាកាសធាតុ តម្កល់​រឿង​ហ្នឹង​ជាធំ ជា​អាយុជីវិត​នៃ​ជាតិ​សាសន៍​ណាក៏ដោយ ហើយ​ឥឡូវ យើង​ក៏​ឃើញ​ដែរ វា​ស្តែង​ឡើងជា​រៀងរាល់ថ្ងៃ​ហើយ​។ អ៊ីចឹង នេះ​ជា​បញ្ហា​ធំ​មួយ​ដែល​គាត់​មាន​ជា​រួម​នៅក្នុង​ការ​គិតគូ​រទាំង​អស់​គ្នា​។ ប្រហែលជា​ការ​ជជែក​គ្នា​លើកដំបូង ខ្ញុំ​ដូចជា​អត់​ទាន់​ឃើញ​ការ​គូស​បញ្ជាក់​នូវ​បញ្ហា​បរិស្ថាន​នេះ ឱ្យ​ច្បាស់លាស់​នៅឡើយ​ទេ​។ វា​ផ្ដោត​សំខាន់​តែ​នៅក្នុង​រឿង​គោលនយោបាយ រឿង​បច្ចេកវិទ្យា និង​រឿង​ភាពជា​ដៃគូ​នៅឡើយ​ទេ​។ អ៊ីចឹង នៅ​មាន​លក្ខណៈ​ការទូត​ច្រើន អត់​ទាន់​មានការ​ងារ​អី​ចំៗ»។

ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​បរិស្ថាន​បង្ក​ឡើង​ដោយ​ប្រទេស​ចិន​នេះ អ្នកជំនាញ​កិច្ចការ​អន្តរជាតិ​មួយរូប​ទៀត គឺ​បណ្ឌិត អៀ សុផល ប្រាប់ វិទ្យុ​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​ថា កិច្ច​សន្ទនា​អំពី​បញ្ហា​សន្តិសុខ​ទឹក​នេះ គឺជា​រឿង​វិជ្ជមាន​មួយ ប៉ុន្តែ​លោក​ថា​បញ្ហា​ចម្បង​បំផុត​នោះ គឺ​ស្ថិត​នៅ​ត្រង់​ថា តើ​គណៈកម្មការ​ទន្លេមេគង្គ និង​តំបន់​អាស៊ាន​ទាំងមូល​ហ៊ាន​ប្រឈមមុខ​យ៉ាង​ដូចម្តេច​ចំពោះ​សកម្មភាព​នានា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទន្លេមេគង្គ និង​បរិស្ថាន​ប្រព្រឹត្តិ​ដោយ​ប្រទេស​ចិន​។ លោក​ចោទ​ជា​សំណួរ​ថា តើ​សមាជិក​អាស៊ាន​ណាខ្លះ​ហ៊ាន​ងើបឈរ​ជំនួសមុខ​ឱ្យ​ប្រទេស​ដែល​រង​ផល​ប៉ះពាល់​ដោយសារតែ​ទង្វើ​របស់​ប្រទេស​ចិន​នៅ​ពេល​ដែល​និយាយ​អំពី​បញ្ហា​ទន្លេ​មេគង្គ?

អ្នកជំនាញ​ដដែល​ផ្តល់​អនុសាសន៍​ថា ដំណោះស្រាយ​ដ៏​ប្រសើរ​បំផុត​នោះ គឺ​វិធីសាស្ត្រ​ក្នុង​ការ​ពាក់ព័ន្ធ​សមាជិក​អាស៊ាន​ទាំងអស់​ឱ្យ​និយាយ​គ្នា​ដោយ​គ្មាន​វត្តមាន​របស់​ភាគី​ចិន ដើម្បី​ដាក់ចេញ​នូវ​ជំហរ​ជាក់លាក់​មួយ ដែល​អាច​ឱ្យ​តំបន់​មេគង្គ​ត្រូវ​បាន​ថែរក្សា​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ លោក​ពន្យល់​ថា ការ​សម្លាប់​ទន្លេមេគង្គ​ជាមួយនឹង​ការសាងសង់​ទំនប់​វារីអគ្គិសនី នឹង​រឹតតែ​នាំទៅរក​គ្រោះមហន្តរាយ ព្រោះ​ទំនប់​វា​រី​អគ្គិសនី​នីមួយៗ​កាត់​ផ្តាច់​ដៃទន្លេ​មេគង្គ ហើយ​ធ្វើ​ឱ្យ​ពលរដ្ឋ​ដែល​រស់នៅ​ខ្សែទឹក​ខាងក្រោម​កាន់តែ​ពិបាក​ក្នុង​ការ​ចិញ្ចឹម​ជីវិត​រស់​នៅ។

វិបត្តិ​ទឹក​នៅ​តំបន់​ទន្លេមេគង្គ កំពុងតែ​ក្លាយជា​បញ្ហា​ប្រឈម​កាន់តែ​ខ្លាំង​មួយ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​ជាពិសេស​ប្រទេស​នៅ​តាម​ខ្សែទឹក​ខាងក្រោម​មាន​ដូចជា កម្ពុជា ថៃ (Thailand) និង​វៀតណាម (Vietnam) ជាមួយនឹង​ប្រទេស​នៅ​ខ្សែទឹក​លើ មាន​ដូចជា ចិន មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា និង​ឡាវ (Laos) ជាដើម​។ បញ្ហា​នេះ​កើតមានឡើង​ស្រប​ពេល​ដែល​ទន្លេមេគង្គ​កំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​ដោយ​ការប្រែប្រួល​អាកាសធាតុ និង​បង្កឡើង​ដោយ​មនុស្ស​តាមរយៈ​ការសាងសង់​ទំនប់​វារ​អគ្គិសនី​ដ៏​ច្រើន​លើសលុប​នៅ​តាម​ប្រទេស​ខ្សែទឹក​ខាងលើ​ជាពិសេស​ប្រទេស​ចិន និង​ឡាវ ខណៈ​តំបន់​មេគង្គ​ទាំងមូល​នៅ​មិន​ទាន់​មាន​យន្តការ​ច្បាប់​ច្បាស់លាស់​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​។ អស់​រយៈពេល​ជាង ២​ឆ្នាំ​ជាប់​គ្នា​ហើយ ដែល​កម្ពុជា ជាពិសេស នៅ​តំបន់​ទន្លេសាប រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ពី​វិបត្តិ​នេះ ដោយ​ត្រូវ​ប្រឈម​នឹង​គ្រោះ​រាំងស្ងួត និង​គ្រោះ​រីងស្ងួត​មិន​ធ្លាប់​មាន​ពី​មុន​មក ការ​ធ្លាក់​ចុះ​ទិន្នផល​ត្រី ព្រមទាំង​គ្រោះ​ទឹក​ជំនន់​ដ៏​អាក្រក់​ជា​បន្តបន្ទាប់​។ គ្រោះ​រាំងស្ងួត​កាលពី​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ បាន​បណ្ដាល​ឱ្យ​ទឹកទន្លេ​មេគង្គ​ស្រក​ចុះ​ក្នុង​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​។ គណៈកម្មការ​ទន្លេមេគង្គ​ព្យាករណ៍​ថា គ្រោះ​រាំងស្ងួត និង​ទឹកជំនន់​កាន់តែ​អាក្រក់​នឹង​បន្ត​កើត​មាននៅ​តំបន់​ទន្លេមេគង្គ​កាន់តែ​ញឹកញាប់​ថែមទៀត​នា​ពេល​អនាគត។

នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ បណ្ឌិត អាន ពេជ្រ​ហត្ថ​ដា ធ្លាប់​ពន្យល់ថា តំបន់​ទន្លេមេគង្គ​កំពុង​ជួបប្រទះ​នូវ​បញ្ហា​គំរាមកំហែង​ជាច្រើន រួមផ្សំ​ទាំង​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​បង្កើត​ឱ្យ​មាន​នូវ​ភាព​លំបាក​លំបិន​ផ្នែក​សេដ្ឋកិច្ច និង​ការខូចខាត​ផ្នែក​បរិស្ថាន​កាន់តែ​អាក្រក់​ជាង​មុន​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ក្រៅ​ពី​នេះ ក៏​នៅ​មាន​ការ​ហូរ​ច្រោះ​ដាច់​ដី​នៅ​តាម​ច្រាំងទន្លេ ការ​ធ្លាក់​ចុះ​ទិន្នផល​ត្រី​នៅ​តំបន់​ដីសណ្ដ​ទន្លេមេគង្គ ដោយសារតែ​ការ​កើនឡើង​បរិមាណ​ប្រើប្រាស់​ទឹក និង​ការប្រែប្រួល​អាកាសធាតុ​។ លោក​ថា ទន្លេមេគង្គ​ក៏​បាន​ប្រែប្រួល​នា​រយៈពេល​ចុង​ក្រោយ​នេះ​ដោយសារតែ​ការប្រែប្រួល​ជលសាស្ត្រ​បង្កឡើង​ដោយ​ការសាងសង់​ទំនប់​វារីអគ្គិសនី​ជាច្រើន​នៅ​លើ​ដង​ទន្លេមេគង្គ ដែល​ការណ៍​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ទន្លេមេគង្គ និង​ធ្វើ​ឱ្យ​អាយុជីវិត និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​នៅ​តំបន់​នេះ ត្រូវ​ប្រឈម​នឹង​ហានិភ័យ។

ទន្លេមេគង្គ ឬ​ហៅថា​ទន្លេ​ឡានឆាង (Lancang) នៅ​ប្រទេស​ចិន គឺជា​បេះដូង​នៃ​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក ដែល​មាន​ប្រជាជន​សរុប​ជាង ៧០​លាន​នាក់ ពឹង​ផ្អែកលើ​ទន្លេ​នេះ និង​ដៃទន្លេ​នេះ សម្រាប់​ម្ហូបអាហារ ទឹក ការ​ដឹកជញ្ជូន និង​ទិដ្ឋភាព​ដទៃទៀត​នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ ទន្លេ​នេះ​គឺជា​ទន្លេ​ដែល​វែង​ជាងគេ​ទី​១២ នៅ​លើ​ពិភពលោក មាន​ប្រវែង​ប្រមាណ​ជិត ៥​ពាន់​គីឡូម៉ែត្រ។

ក្រុម​អ្នក​ជំនាញ​មួយ​ចំនួន​ធ្លាប់​ព្រមាន​ថា ប្រសិនបើ​ទន្លេ​នេះ​មិន​ត្រូវ​បាន​គ្រប់គ្រង​ឱ្យ​បាន​ល្អ​នោះ​ទេ នោះ​ប្រទេស​ពាក់ព័ន្ធ​អាច​ប្រឈម​នឹង​ជម្លោះ​ដណ្តើម​ទឹក​រ៉ាំរ៉ៃ​ជា​លក្ខណៈ​អន្តរប្រទេស​នៅ​ក្នុង​តំបន់​ទាំងមូល មិន​ខុសពី​រឿងរ៉ាវ​ដែល​ធ្លាប់​កើតមាន​នៅ​ទន្លេ​នីល (Nile River) នៃ​ទ្វីប​អាហ្វ្រិក ជម្លោះ​ដណ្តើម​ទឹក​នៅ​តំបន់​មជ្ឈិម​បូព៌ា និង​នៅ​តំបន់​អាស៊ី​កណ្តាល​នោះ​ឡើយ៕

No comments: