August 18, 2021

អ្នក​ជំងឺកូវីដ​​ចំនួន​​២១​​នាក់​​ទៀត​​បាន​​ស្លាប់ ​និង​​ឆ្លង​ថ្មីជិត​​៦​រយនាក់

ក្រសួងសុខាភិបាលប្រកាសបើកយុទ្ធនាការជាតិ​ក្រោម​ប្រធានបទ​ «រួមគ្នា​ទទួល​ខុសត្រូវ ​ទប់ស្កាត់​ការចម្លងវីរុសកូវីដ១៩» ខណៈអ្នក​ស្លាប់​ដោយ​សារជំងឺ​នេះកើន​ឡើង​​ដល់​​ជាង ១ពាន់ ៧រយនាក់(១.៧០៤) គិត​ត្រឹម​​ថ្ងៃទី១៦ ​ខែសីហា ឆ្នាំ២០២១។​  រូប៖ ក្រសួងសុខាភិបាល


ដោយ សុជីវី RFA 2021-08-16

អ្នក​​ស្លាប់​​ដោយ​សារ​ជំងឺ​កូវីដ-១៩ កើន​ឡើង​ដល់​ជាង ១ពាន់ ៧រយនាក់(១.៧០៤) ហើយ ​គិតត្រឹម​ថ្ងៃទី១៦ ​ខែសីហា ​​បន្ទាប់​ពី​អ្នកជំងឺ​ ២១ ​នាក់​ទៀត​បាន​ស្លាប់។ ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ មាន​ជិត៦រយនាក់(៥៩៣)​ ក្នុង​នោះ​ជាង​ ២រយនាក់ (២៣៦) ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

ក្រសួងសុខាភិបាល ​នៅថ្ងៃ​ដដែលនេះ​ ក៏បាន​ប្រកាស​បើក​យុទ្ធនាការ​ជាតិ ​ក្រោម​ប្រធានបទ​ «រួមគ្នា​ទទួល​ខុសត្រូវ ​ទប់ស្កាត់​ការចម្លងវីរុសកូវីដ១៩»។

យុទ្ធនាការនេះ ធ្វើ​ឡើង​ក្នុងគោល​បំណង​ដើម្បី​ក្រើនរំលឹក ​និងកា​របង្កើន​ជម្រុញការចូលរួមរ​បស់​បុគ្គល គ្រួសារ​ និង​សហគមន៍​ ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ទាំងរដ្ឋ​និង​​ឯកជន ព្រមទាំង​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់​ រួមទាំង​អង្គការជាតិ​ អន្តរជាតិ​ទាំងអស់​រួមគ្នា​អនុវត្ត​វិធានការ​ចាំបាច់ៗ​នានា ​ដែល​បាន​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​ ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺកូវីដ-១៩។

រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិបាល​លោក ​ម៉ម ​ប៊ុនហេង ​ណែនាំ​ដល់​អភិបាល​រាជធានី​-ខេត្ត ទាំងអស់​ យក​ចិត្ត​ទុកដាក់​អនុវត្ត​យុទ្ធនាការនេះ​ដោយ​បង្កើន​ការ​អប់រំផ្សព្វ ផ្សាយឲ្យ​បានទូលំ​ទូលាយ​ និងបន្ត​សហការ​ជាមួយ​ដៃគួរ​ពាក់ព័ន្ធ​ទាំង​អស់​ដូចជា ​សង្គមស៊ីវិលដើម្បី​បោះពុម្ភ ​ចែក​ចាយ​សម្ភារៈ​អប់រំ​សុខភាព​នៅទូទាំងរាជធានី-ខេត្ត​ ជាពិសេស​តាម​សហ​គមន៍ងាយរង​គ្រោះ​ និង​សហគមន៍​ក្រីក្រ។ លោកក៏ជំរុញឲ្យអាជ្ញាធរ​ណែនាំនិងចាត់វិធានការ​ដល់អាជីវកម្ម​ដែល​មានហា​និភ័យ​ខ្ពស់​ ដូចជា ​ក្លឹបកម្សាន្ត ​អាជីវកម្ម​ម៉ាស្សា ​ហាង​លក់​ និង​សេព​គ្រឿង​ស្រវឹង​ ភោជនីដ្ឋាន ​ផ្សារទំនើប ​ធនាគារ ​និង​កន្លែងអាជីវកម្ម​ជាច្រើនទៀត ​ត្រូវពង្រឹង​ការអនុវត្តតាម​វិធាន​ការ​សុខា​ភិបាល។ អាជ្ញាធរ​អាចបិទជា​បណ្តោះអាសន្ន​នូវទីតាំង​អាជីវកម្ម​ណា​ដែល​មិនគោរព​តាម​វិធានការ​សុខាភិ​បាល។

​ក្រៅពីនេះ ​ត្រូវ​ចាត់​តាំង​អាជ្ញាធរ​ភូមិ ​ឃុំ ​ស្រុក ​និងតំណាង​សហគមន៍​ត្រួត​ពិនិត្យ ​​​​​និង​ណែនាំ​ការ​អនុវត្ត​គម្លាត​សុវត្ថិភាព​បុគ្គលពីម្នាក់ទៅម្នាក់ចម្ងាយ​ពី ១ម៉ែត្រ​កន្លះឡើង​ទៅនៅ​តាម​ទី​សាធារណៈ ​និង​ត្រូវ​អនុវត្ត​គម្លាត​សុវត្ថិភាព​សង្គម​ឲ្យបាន​ហ្មត់ចត់​​ក្នុង​កម្ម​វិធីជួបជុំ​ផ្សេងៗ។​ លើសពីនេះ​ អាជ្ញាធរ​ ត្រូវណែ​នាំ​និង​ជំរុញ​ឲ្យប្រជា​ពលរដ្ឋ​ អនុវត្ត​​​អនា​ម័យ​ជានិច្ច​ ដូចជា ​លាងដៃ​ជា​មួយ​សាប៊ូ ឬ អាល់កុល​ឲ្យបាន​ញឹក​ញាប់ ​ ហើយ​ពាក់ម៉ាស់​ជាប្រចាំ ​និង​ណែនាំ​ដល់​ជន​ចាស់ជរា​ អ្នកមាន​ជំងឺ​ប្រចាំកាយ ​ស្ត្រី​មាន​ផ្ទៃពោះ ​និង​កុមារតូចៗ​ជាដើម ​ជៀស​វាងចេញ​ពីផ្ទះ​បើមិន​ចាំបាច់។ ទន្ទឹមគ្នានេះ​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ​អំពាវនាវដល់​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ វិស័យឯកជន ​និង​អង្គការ​ជាតិ-អន្តរជាតិ ​ចូល​រួមគាំទ្រ​ និង​សហ​ការ​អនុវត្ត​យុទ្ធនាការ​ជាតិនេះ។​

ការ​ប្រ​កាស​ដាក់​ចេញ​យុទ្ធនាការជាតិ​នេះ ​ខណៈ​មេរោគ​បំប្លែង​ខ្លួន​ថ្មីឈ្មោះដែលតា (Delta) កំពុងវាយលុកខ្លាំង។ ក្រសួងសុខាភិបាលឱ្យ​ដឹង​ថា​ គិត​ចាប់​ពី​ចុង​ខែមីនា​ រហូត​ដល់ថ្ងៃទី​១៣ ខែសីហា ​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ​ប្រភេទ​ដែលតា (Delta)ជិត ​៥រយ​នាក់ ដោយ​ក្នុង​នោះ​ មួយ​ចំនួន​ជា​ពលករ​ត្រឡប់​ពី​ប្រទេស​ថៃ ​និង​វៀតណាម អ្នក​ដំណើរ​តាម​យន្តហោះ ​មន្ត្រី​រាជការ និង​ពល​រដ្ឋ​ក្នុង​សហគមន៍។

គិត​ត្រឹម​ព្រឹក​​​ថ្ងៃ​ទី១៦ ខែសីហា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ៨ម៉ឺន៦ពាន់​នាក់ (៨៦.០៤១) ក្នុង​នោះ អ្នក​ជា​សះ​ស្បើយ​មាន​ជាង ៨ម៉ឺននាក់ (៨១.២០២)។ ទាក់ទង​នឹង​រឿងចាក់វ៉ាក់សាំងវិញ ក្រសួងប្រកាសថា គិត​ត្រឹម​ថ្ងៃទី១៥ ខែសីហា រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជូន​​ពលរដ្ឋ​បាន​ជាង ៨លាន ​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​សរុប​ ១០លា​ន ​នាក់។ ចំណែក​កុមារ ​និង​យុវជន​ដែល​មាន​​អាយុ​ពី ​១២ឆ្នាំដល់ ​១៧​ឆ្នាំ​វិញ ​ក្រសួង​បញ្ជាក់​ថា​ មន្ត្រី​សុខាភិបាល​ចាក់​វ៉ាក់សាំង​​បាន​ជិត​ ៦សែននាក់ ​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប​ជិត​២លាននាក់៕

No comments: