August 18, 2021

ក្រុម​​សង្គម​​ស៊ីវិល​​ធ្វើ​យុទ្ធនាការ​​​​នៅ​​សប្ដាហ៍​​ទី​​២ ស្នើសុំ​​ដោះលែង​លោក រ៉ុង ឈុន និង​​​សកម្មជន​​សង្គម​​៧​​នាក់​

ក្រុមអង្គការសង្គមស៊ីវិលធ្វើយុទ្ធនាការ​នៅ​សប្ដាហ៍​ទី​២​នេះ ដើម្បី​ទាមទារ​​ឲ្យ​​ដោះលែង​លោក រ៉ុង ឈុន លោក ហ៊ុន វណ្ណៈ លោកស្រី ឈឿន ដារ៉ាវី កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា លោក មាន ព្រហ្ម​មុនី លោក មួង សុភ័គ លោក ថា ឡាវី និង​ ព្រះ​តេជគុណ​ កើត សារ៉ាយ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។  រូប៖ លីកាដូ


ដោយ មាន ឫទ្ធិ RFA 2021-08-16

ក្រុម​អង្គការ សមាគម និង​​បណ្ដាញ​ពលរដ្ឋ បន្ត​យុទ្ធនាការ​​​​​​​ទាមទារ​ដោះលែង​​​សកម្មជន និង​​អ្នក​ការពារ​​សិទ្ធិ​មនុស្ស​នៅ​​សប្ដាហ៍​ទី​២​​​ ដោយ​​​ស្នើសុំ​ឲ្យ​តុលាការ​​ដោះ​​លែង​​​ប្រធាន​​សហភាព​ការងារ​​កម្ពុជា និង​​ជា​​​តំណាង​​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​​កម្ពុជាលោក រ៉ុង ឈុន ​និង​​ក្រុម​យុវជន​ ៧​ នាក់​​ទៀត​​​​នៃ​​​ក្រុម​​ខ្មែរ​ថាវរៈ និង​សមាជិក​នៃ​សមាគម​សម្ព័ន្ធ​​​​និស្សិត​បញ្ញវន្ត​ខ្មែរ​​​។​ ជាមួយ​គ្នា​នេះ មេធាវី​ការពារ​ក្ដី​​ឲ្យ​យុវជន​ការពារ​បរិស្ថាន​ ៣​ រូប​​នៃ​ចលនា​មាតា​ធម្មជាតិ សោកស្ដាយ​ដែល​តុលាការ​ជាន់ខ្ពស់ នៅ​ថ្ងៃ​ទី​១៦ ខែសីហា បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​របស់​លោក យីម លាងហ៊ី យុវជន លី ចាន់ដារ៉ាវុធ និង​កញ្ញា ស៊ុន រដ្ឋា។

នៅ​សប្ដាហ៍​ទី​២​នេះ ក្រុម​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ដោះលែងលោក រ៉ុង ឈុន លោក ហ៊ុន វណ្ណៈ លោកស្រី ឈឿន ដារ៉ាវី កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា លោក មាន ព្រហ្ម​មុនី លោក មួង សុភ័គ លោក ថា ឡាវី និង​ ព្រះ​តេជគុណ​ កើត សារ៉ាយ។ អ្នក​ទាំង​៨​នាក់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​​​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តបទ​ឧក្រិដ្ឋ​ជាអាទិ៍​ ពាក់​ព័ន្ធ​បញ្ហា​ព្រំដែន និង​សកម្មភាព​តវ៉ា​ដោយ​អហិង្សា​នៅ​រាជធានី​ភ្នំពេញ។

ក្រុម​សង្គម​ស៊ីវិល​ បាន​បង្ហោះ​​រូប​ថត​របស់​ពួកគេ​ទាំង​ ៨ ​នាក់​​ និង​សរសេរ​សារ​​​ភ្ជាប់​នៅ​លើ​រូប​ថត​​​​​ ​​ដូចជា ​​មូល​ហេតុ​​ដែល​អាជ្ញាធរ​​​ចាប់ខ្លួន​​ពួកគាត់​ ចំនួន​ថ្ងៃ​​ដែល​ពួកគាត់​ជាប់​ឃុំ ​និង​ការ​​​ភ្ជាប់​សំណួរ​​​ថា​ឯណា​ទៅ​​​សិទ្ធិ​បញ្ចេញ​មតិ​របស់លោក រ៉ុង ឈុន ​ដែល​គ្រាន់​តែ​លើក​ឡើង​ពី​ក្ដី​បារម្ភ​របស់​កសិករ​នៅ​តាម​បណ្ដោយ​ព្រំដែន ទាក់ទង​​នឹង​ការ​បាត់បង់​ដី​ស្រែ​របស់​ពួកគេ​នៅ​ពេល​បោះ​បង្គោល​ព្រំដែន។ ​តើ​អ្វី​ជា​អំពើ​​​​​​ញុះញង់​​របស់​​យុវជន​ទាំង ​៧ ​នាក់​​ រួម​មាន ​ព្រះ​តេជគុណ កើត សារ៉ាយ​ដែល​​គ្រាន់​​តែ​អនុវត្ត​សិទ្ធិ​សេរីភាព​ចូល​​រួម​​តវ៉ា​អហិង្សា​ទាមទារ​ឲ្យ​ដោះលែងលោក រ៉ុង ឈុន និង​មាន​គម្រោង​តវ៉ា​អហិង្សា​នៅ​ទី​លាន​ប្រជាធិបតេយ្យ។ ក្រុម​អង្គការ សង្គម​ស៊ីវិល​ ក៏​បាន​ស្នើសុំ​ឲ្យ​​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​​ហ្វេសប៊ុក​(Facebook) ​ជាច្រើន ​​ចូលរួម​គាំទ្រ​ និង​ចែកចាយ​រូបភាព​ទាំង​នេះ​ដែរ​។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​អ្នកស្រី អ៊ុក ឆាយាវី ដែល​​​ចូលរួម​​​យុទ្ធនាការ​​បង្ហោះ​សារ​នេះ ​​​នៅ​តែ​រក្សា​ជំហរ​ថា​​​ លោក រ៉ុង ឈុន និង​សកម្មជន​ទាំង​៧​នាក់ មិន​បាន​ញុះញង់​ពលរដ្ឋ​​​ដូច​ការ​ចោទ​ប្រកាន់​​របស់​តុលាការ​ឡើយ​។ អ្នកស្រី​បន្ត​ថា ​​នឹង​​ចូលរួម​​ក្នុង​យុទ្ធនាការ​នេះ ​​​រហូត​ដល់​ពេល​មាន​ការ​​ដោះ​លែង​សកម្មជន និង​​អ្នក​ការពារ​​សិទ្ធិ​មនុស្ស​ទាំង​អស់​​​៖ «យុទ្ធសាស្ត្រ​មួយ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល ក៏​ដូច​ជា​​ស្ថាប័ន​ពាក់ព័ន្ធ​ហ្នឹង កុំ​ឲ្យ​រំលោភ​សិទ្ធិ​មនុស្ស។ បើ​ថា​ ការ​ដាក់​សម្ពាធ​ យើង​មិន​ដាក់​សម្ពាធ​ទេ។ អង្គការ​សង្គម​ស៊ីវិល​មិន​ដែល​ដាក់​សម្ពាធ​ទេ។ ប៉ុន្តែ​គ្រាន់​តែ​ចង់​ឲ្យ​រដ្ឋាភិបាល​ក៏​ដូចជា​អង្គការ​នានា​ហ្នឹង ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ឈប់​រំលោភ​សិទ្ធិ​មនុស្ស»។​​​

ក្រុម​អង្គការ​​សមាគម ​បណ្ដាញ​​​អ្នក​ការពារ​សិទ្ធិ​យុវជន និង​​ក្រុម​អ្នក​ស្រឡាញ់​​បរិស្ថាន​​ បាន​នាំ​គ្នា​​ធ្វើ​យុទ្ធការ​​ទាក់​ទាញ​​ការ​គាំទ្រ​លើ​​បណ្ដាញ​​សង្គម​នៅ​រៀង​រាល់​​សប្ដាហ៍​​ រហូត​​ដល់​​​​ទិវា​សិទ្ធិ​មនុស្ស​​អន្តរ​ជាតិ​​ថ្ងៃ​ទី​១០​​ ធ្នូ ​ដើម្បី​ស្នើសុំ​ឲ្យ​​រដ្ឋាភិបាល​ដោះលែង​​​​សកម្មជន ​និង​​អ្នក​ការពារ​​សិទ្ធិមនុស្ស​​ទាំងអស់​​ដែល​​កំពុង​​ជាប់ឃុំ​​ក្នុង​​ពន្ធនាគារ​​​ដោយ​អយុត្តិធម៌។

ក្រុម​អ្នក​ឃ្លាំមើល​​ទាំង​នោះ​​​ជឿ​ថា ​ការ​​ទាមទារ​​​ដោះ​លែង​​អ្នក​​ជាប់​ឃុំ​ដោយសារ​បុព្វហេតុ​​​សិទ្ធិ​សេរីភាព​ នឹង​អាច​​​ជំរុញ​ឲ្យ​តុលាការ និង​រដ្ឋាភិបាល​ទម្លាក់​ចោទ​បទ​ចោទ​ប្រកាន់​លើ​ក្រុម​សកម្មជន និង​អ្នក​ការពារ​សិទ្ធិ​​​ទាំង​អស់​នៅ​កម្ពុជា​​​។

ជុំវិញ​ករណី​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​​​​ភាគី​រដ្ឋាភិបាល និង​​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ បាន​ទេ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា។ តែ​​យ៉ាង​​ណា​​សមាជិក​និង​ជា​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាលលោក កត្តា អ៊ន ធ្លាប់​​ប្រាប់​វិទ្យុ​​អាស៊ី​សេរី​​​ថា​ ​យុទ្ធនាការ​នេះ ​គឺ​ជា​សិទ្ធិ​របស់​ក្រុម​សង្គម​ស៊ីវិល ​នឹង​គ្មាន​ប្រសិទ្ធភាព​ទេ ព្រោះ​សំណុំ​រឿង​​កំពុង​ស្ថិត​ក្នុង​​នីតិវិធី​​​របស់​តុលាការ។

ប្រធាន​សមាគម​សម្ព័ន្ធ​​​​និស្សិត​បញ្ញវន្ត​ខ្មែរលោក មួង សូនី និង​ត្រូវ​ជា​បង​ប្រុស​របស់​យុវជន​​កំពុង​ជាប់​ឃុំលោក មួង សុភ័គ​ ឲ្យ​ដឹង​ថា ​​​​សមាគម​លោក​​​គាំទ្រ​ចំពោះ​យុទ្ធនាការ​នេះ ព្រោះ​ទាំង​លោក រ៉ុង ឈុន និង​ក្រុម​យុវជន​ទាំង​នេះ សុទ្ធ​តែ​កំពុង​ជាប់ឃុំ​ដោយ​អយុត្តិធម៌៖ «យើង​មិន​បដិសេធ​ទេ ធ្វើ​ក៏​ធ្វើ​ទៅ យោបល់​ខ្ញុំ​ណា។ ប៉ុន្តែ​បើ​យល់​ល្អ​ថែម​មួយ​ទៀត​ទៅ។ ថែម​គឺ​ជួយ​ពួកគាត់​ផ្នែក​ការ​រស់​នៅ​ក្នុង​គុក​ ធ្វើ​ម្ដេច​ជំរុញ​ឲ្យ​មាន​ការ​ហូប​ចុក​គ្រប់គ្រាន់​​អ៊ីចឹង​ទៅ​ណា។ នៅ​ក្រៅ​ជួយ​​ផ្នែក​​សម្ភារៈ​ដល់​ពួកគាត់​ទៅ ព្រោះ​អ្វី​​ខ្ញុំ​មើល​ជីវភាព​គ្រួសារ​មួយ​ចំនួន​របស់​អ្នក​ជាប់​ឃុំ​ហ្នឹង​ក៏​ពិបាក​ដែរ ជួយ​តែ​ខ្លួន​ឯង​ក៏​មិន​គ្រាន់​ផង ហើយ​មក​ជួយ​ដល់​គ្រួសារ​ទៀត កាន់​តែ​លំបាក​ហើយ​»។

កាល​ពី​សប្ដាហ៍​មុន ក្រុម​សង្គម​ស៊ីវិល​បាន​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​បរិស្ថាន​កំពុង​ជាប់​ឃុំ​​ចំនួន​ ៦​ នាក់​។ ជាមួយ​គ្នា​នេះ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​សីហា​ ​សាលា​ឧទ្ធរណ៍​​បាន​បើក​សវនាការ​​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​បរិស្ថាន​ ​៣ រូប ដែល​​ចាប់​ខ្លួន​កាល​ពី​ពី​​ខែ​មិថុនា​​ គឺលោក ​យីម លាងហ៊ី ​លោក លី ចាន់​ដារ៉ាវុធ និង​កញ្ញា ស៊ុន​ រដ្ឋា។ តែ​​អាជ្ញាធរ​មិន​បាន​ដឹក​យុវជន​ទាំង ​៣ ​នាក់ មក​ចូល​រួម​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​នេះ​ទេ​។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​​ គឺ​លោក យឹម លាងម៉េង ​មិន​ព្រម​ដោះលែង​យុវជន​ទាំង ​៣ ​នាក់​នេះ​ទេ ដោយ​លោក​សម្រេច​តម្កល់​​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​ក្រោម​ហេតុផល​ថា ​បទ​​​រួម​គំនិត​ក្បត់​ និង​​ប្រមាថ​​ព្រះមហាក្សត្រ​ក្នុង​សំណុំ​រឿង​របស់​យុវជន​ទាំង​ ៣ ​​នាក់​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​មនុស្ស​ច្រើន​​នាក់ និង​កំពុង​ដំណើរ​ការ​ស៊ើប​អង្កេត​នៅ​សាលា​ដំបូង​។

​ក្រុម​មេធាវី​​​ការពារក្តី ហៅ​ការ​សម្រេច​ក្ដី​​នេះ​ថា​​ មិន​​ផ្ដល់​យុត្តិធម៌​សម្រាប់​កូន​ក្ដី​​។ លោក​មេធាវី សំ សុគង់​ បញ្ជាក់​ថា ​​ក្រុម​មេធាវី​នឹង​ស្នើសុំ​ជួប​កូន​ក្ដី​ក្នុង​ពន្ធនាគារ ដើម្បី​ប្រឹក្សា​ផ្នែក​ផ្លូវ​ច្បាប់​​បន្ថែម​ទៀត​៖ «អ៊ីចឹង​ហើយ​ក្រុម​មេធាវី នឹង​ជួប​ជាមួយ​កូន​ក្ដី​នៅ​ក្នុង​ពន្ធនាគារ​ដើម្បី​ពិគ្រោះ​យោបល់​ និង​ផ្ដល់​យោបល់​ទាក់ទង​ផ្លូវ​ច្បាប់​​ ហើយ​និង​ប្រាប់​ពួកគាត់​អំពី​រយៈ​ពេល​នៃ​បណ្ដឹង​សារទុក្ខ​បើ​សិន​ជា​កូន​ក្ដី​គាត់​ពឹង​ក្រុម​មេធាវីគាត់​ធ្វើ​បណ្ដឹង​សារទុក្ខ​ ក្រុម​មេធាវី​នឹង​ធ្វើ​បណ្ដឹង​ជូន​កូន​ក្ដី»។

ចំណែក​ក្រុម​សាច់​ញាតិ​​ដែល​ទន្ទឹង​រង់ចាំ​មើល​​ផ្លូវ​កូន​ប្រុស​ស្រី​របស់​ពួកគេ​ នៅ​​​ខាង​ក្រៅ​របង​សវនាការ​វិញ ​ក៏​​សោកស្ដាយ​​ចំពោះ​ការ​សម្រេច​​ក្ដី​នេះដែរ​។​​

មក​ទល់​ពេល​នេះ ​​​របប​ក្រុងភ្នំពេញ ​បាន​ចាប់​ខ្លួន​សកម្មជន​នយោបាយ ​​សង្គម ​​សិទ្ធិ​មនុស្ស ​និង​​បរិស្ថាន​ជាង​ ៨០ ​នាក់​​ហើយ​ ដាក់​​​ពន្ធនាគារ ដោយ​សារ​ការអនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​​របស់​ខ្លួន​។ ​​អង្គការ​សិទ្ធិ​មនុស្ស​​ជាតិ ​អន្តរជាតិ និង​​​ក្រុម​អ្នក​ជំនាញ​​សិទ្ធិ​មនុស្ស​របស់​អង្គការសហ​ប្រជា​ជាតិ​ផង​ ហៅ​​​ការ​ចាប់​ខ្លួន​ទាំង​នោះ ថា​​ជា​​សកម្មភាព​បង្ក្រាប​លើ​សំឡេង​រិះគន់។ ពួកគេ​​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​​សកម្មជន​ទាំង​អស់​ឲ្យ​គ្មាន​លក្ខខណ្ឌ និង​​​​​​បញ្ឈប់​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា​៕

No comments: