August 19, 2021

បុរស​ម្នាក់ជាប់​គុក ១៨ខែ និង​ពិន័យ​ជា​ប្រាក់​ ២លាន​រៀល ​រឿង​សរសេរសារ «​កូន​មាន់ពាក់ម៉ាស់»

បុរស​ម្នាក់ជាប់​គុក ១៨ខែ និង​ពិន័យ​ជា​ប្រាក់​ ២លាន​រៀល ​រឿង​សរសេរសារ «​កូន​មាន់ពាក់ម៉ាស់»
រូប​លោក នី ណាក់ នៅ​​លើ​ហ្វេសប៊ុក ឈ្មោះ អាយមែន-ខេអេច្ឆ (Iman-KH) កាល​ពីថ្ងៃ​ទី៧ ខែធ្នូ ឆ្នាំ២០២០ ដែល​សរសេរ​សារ​ថា លោក​សង្ឃឹម​ថា «កូន​មាន់​នឹង​ចេះ​ពាក់​ម៉ាស់​គ្រប់​គ្នា ហើយ​ដេក​នៅ​ក្នុង​ទ្រុង កុំ​ចេញ​ក្រៅ​ឱ្យ​សោះ បើ​គ្មាន​ការ​ចាំបាច់»។  រូប៖ ហ្វេសប៊ុក IMan-KH


RFA 2021-08-18

សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​បុរស​ម្នាក់​រឿង​សរសេរ​ឌឺដង «ទិញ​ម៉ាស់​ពាក់​ឲ្យ​កូន​មាន់» ជាប់​ទោស ១៨ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២លាន​រៀល

សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស លោក នី ណាក់ អតីត​មន្ត្រី​ក្រសួង​កសិកម្ម​ម្នាក់ ដាក់​ពន្ធនាគារ ១៨ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២លាន​រៀល ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ ជេរ​ប្រមាថ​ជា​សាធារណៈ និង​ញុះញង់​ឱ្យ​មាន​ការ​រើសអើង កាល​ពី​ថ្ងៃ​ទី១៨ សីហា។
លោក នី ណាក់ បាន​ផ្សព្វផ្សាយ​ពី​ការ​ទិញ​ម៉ាស់​ពាក់​ឱ្យ​កូន​មាន់ និង​ត្រៀម​ដាក់​ទ្រុង​មាន់​ក្នុង​គ្រា​មាន​អាសន្ន ខណៈ​កម្ពុជា និង​ពិភពលោក ផ្ទុះជំងឺកូវីដ១៩ កាល​ចុង​ឆ្នាំ២០១៩។

លោក នី ណាក់ បាន​សរសេរ​លើ​ហ្វេសប៊ុក ឈ្មោះ អាយមែន-ខេអេក (Iman-KH) ថា៖ «ខ្ញុំ​បាន​ត្រៀម ឬ​ព្រាង​លិខិត និង​ឯកសារ​រួចរាល់​អស់​ហើយ ក្នុង​ការ​ស្នើ​ដាក់​ទ្រុង​មាន់​របស់​ខ្ញុំ​ក្នុង​ភាព​អាសន្ន ព្រោះ​មូលហេតុ មាន​មេរោគ​ផ្តាសាយ​រលាក​ផ្លូវ​ដង្ហើម កំពុង​តែ​រាតត្បាត​ក្នុង​កសិដ្ឋាន។ ខ្ញុំ​មិន​ចង់​គិត​ដល់​ចំណុច​នេះ​ទេ ព្រោះ​វា​ធ្វើ​ឱ្យ​ខូចខាត​សេដ្ឋកិច្ច​របស់​កូន​មាន់​យ៉ាង​ធ្ងន់ធ្ងរ ។ ខ្ញុំ​សង្ឃឹម​ថា កូន​មាន់​នឹង​ចេះ​ពាក់​ម៉ាស់​គ្រប់​គ្នា ហើយ​ដេក​នៅ​ក្នុង​ទ្រុង កុំ​ចេញ​ក្រៅ​ឱ្យ​សោះ បើ​គ្មាន​ការ​ចាំបាច់»។

សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា បាន​យក​សារ​នេះ​ជា​មូលដ្ឋាន ក្នុង​ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​លោក​បញ្ជូន​ទៅ​តុលាការ​កាល​ថ្ងៃ​ទី១១ ខែធ្នូ ឆ្នាំ២០២០។

ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សុង ប៊ុណ្ណារិទ្ធ បាន​ឲ្យ​សារ​ព័ត៌មាន​ក្នុង​ស្រុក​ដឹង កាល​ពី​ថ្ងៃ​ទី១៨ សីហា​ថា តុលាការ​បាន​សម្រេច​ដាក់​ទោស​បុរស​ម្នាក់​នេះ ដាក់​ពន្ធនាគារ ១៨ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២លាន​រៀល តាម​មាត្រា៣០៧ មាត្រា៤៩៤ និង​មាត្រា៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ។

ទោះ​យ៉ាង​ណា​ក្ដី សាលក្រម​នេះ បើក​ផ្លូវ​ឲ្យ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើ​ជន​ត្រូវ​ចោទ​មិន​សុខ​ចិត្ត​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​នេះ៕

No comments: