August 23, 2021

លោក នី សុខា ៖ ខ្ញុំ​លះបង់​ដើម្បី​សិទ្ធិមនុស្ស មិនមែន​ដើម្បី​អំណាច

ប្រធាន​សមាគម​អាដហុក លោក នី សុខា (រូប​កណ្ដាល) ពេល​បញ្ជូន​មក​ដល់​សាលាឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៦។  RFA/Rann Samnang


ដោយ សេក បណ្ឌិត RFA 2021-08-22

អតីត​អ្នកទោស​មនសិការ​ដែល​ត្រូវ​ចាប់ខ្លួន​ដោយ​ការងារ​សិទ្ធិមនុស្ស លោក នី សុខា ត្រូវ​បាន​គេ​ជ្រើសតាំង​ជា​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ហៅ​កាត់​ថា អាដហុក (ADHOC) រយៈពេល​ជាង​មួយខែ​ហើយ បន្ត​ពី​ដំណែង​ពី​លោក ធន សារាយ ដែល​ចូលនិវត្តន៍​។ លោក នី សុខា ធ្លាប់​ត្រូវ​បាន​របប​លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ​ជាង​១​ឆ្នាំ និង​ទទួលរង​ការគំរាមកំហែង​ជាច្រើនលើក តែ​លោក​នៅតែ​ពេញចិត្ត​ធ្វើការ​ងារ​ក្នុង​វិស័យ​សិទ្ធិមនុស្ស​នេះ ដើម្បី​រួម​ចំណែក​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មាន​យុត្តិធម៌​សង្គម សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​។ តើ​លោក នី សុខា ជា​បុគ្គល​បែប​ណា និង​មាន​ប្រវត្តិ​ការងារ​អ្វីខ្លះ?

ក្រោយ​ឡើងកាន់ដំណែង​ថ្មីថ្មោង​ជា​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(ADHOC) លោក នី សុខា ប្តេជ្ញា​បន្ត​បេសកកម្ម​របស់ខ្លួន​ដើម្បី​ចូលរួម​ជំរុញ​ឲ្យ​មាន​ដំណើការ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ពេញលេញ​នៅក្នុង​ប្រទេស​កម្ពុជា ទោះបី​ប្រឈម​ការ​ធ្វើទុក្ខបុកម្នេញ​បែបណា​ក្តី។ បុរស​សម្បុរ​ស រាងស្តើង​ខ្ពស់ស្រឡះ​រូប​នេះ តែងតែ​រិះគន់​ត្រង់ៗ​លើ​អាជ្ញាធ​រដ្ឋាភិបាល តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ​ធំៗ ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស ដោយ​សំអាង​លើ​ច្បាប់​ជាតិ និង​អន្តរជាតិ​យ៉ាងច្បាស់​លាស់។

លោក នី សុខា ថ្លែង​ថា ការណ៍​ដែល​ធ្វើ​ការងារ​ក្នុង​វិស័យ​សិទ្ធិមនុស្ស​សព្វថ្ងៃនេះ ព្រោះ​លោក ចង់​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​សង្គម​កម្ពុជា មាន​សុខដុមរមនា​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប មិនមែន​សម្រាប់តែ​អ្នក​មាន​លុយ និង​អ្នក​មានអំណាច៖ «​ខ្ញុំ​អត់​មាន​ចង់ឃើញ​អ្វី ក្រៅពី​សង្គមជាតិ យើង​ប្រជា​ពលរដ្ឋ​យើង រស់នៅ​ដោយ​សេចក្តីថ្លៃថ្នូរ​មានការ​គោរព​សិទ្ធិ​គ្នា​ទៅវិញទៅមក​នៅក្នុង​សង្គម​ហ្នឹង សង្គម​មួយ​ដែល​មាន​យុត្តិធម៌ មានការ​គោរព​ច្បាប់​បាន​ត្រឹមត្រូវ មិន​មាន​ការជិះជាន់​គ្នា ការ​គាប់សង្កត់​គ្នា គឺជា​គោលដៅ​ចម្បង​របស់ខ្ញុំ​ដែល​ខ្ញុំ​ក្នុង​មួយជីវិត​នេះ មិន​ចង់​បាន​អំណាច​បុណ្យ​សក្តិ​អី​ទៀត​ទេ»។

លោក នី សុខា កើត​នៅ​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ​១៩៧២ ក្នុង​គ្រួសារ​កសិករ​មួយ​នៅ​ភូមិ​ស្នាយពល់ ឃុំ​រការ ស្រុក​ពារាំង ខេត្ត​ព្រៃវែង ដែលមាន​បងប្អូន​បង្កើត​៦​នាក់។ លោក​គឺជា​កូន​ទី​៥។ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោកស្រី ម៉ែន លក្ខិណា ក្នុង​ឆ្នាំ​១៩៩៣។ បច្ចុប្បន្ន​ក្នុង​វ័យ​៤៩​ឆ្នាំ លោក​មាន​កូន​៥​នាក់ ក្នុង​នោះ​ស្រី ១​នាក់ ប្រុស​៤​នាក់ និង​មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ។

ក្រោយ​បញ្ចប់​របប​ខ្មែរក្រហម​ក្នុង​ឆ្នាំ​១៩៧៩ លោក នី សុខា បាន​តស៊ូ​រៀនសូត្រ​រហូត​បញ្ចប់​បាក់​ឌុប​ក្នុង​ឆ្នាំ​១៩៩០។ បន្ទាប់​មក ដោយសារតែ​ប្រទេស​កម្ពុជា នៅ​បន្ត​មាន​សង្គ្រាមរ៉ាំរ៉ៃ​នោះ លោក បាន​ចូល​បម្រើកងទ័ព​ពីរ​ឆ្នាំ និង​ធ្លាប់​ចូលរួម​ប្រយុទ្ធ​ជាមួយ​ពួក​ខ្មែរក្រហម នៅ​សមរភូមិ​ភ្នំ​វល្លិ៍ នា​ដើមឆ្នាំ​១៩៩១។ លុះដល់​ពេល​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ២៣ តុលា ១៩៩១ លោក នី សុខា បាន​លាឈប់​ពី​ជីវភាព​កងទ័ព​វិញ ហើយ​បានចាប់ផ្តើម​ចូល​ប្រឡូង​ក្នុង​សកម្មភាព​ការពារ​សិទ្ធិមនុស្ស​នៅក្នុង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC)​ចាប់​តាំងពី​ឆ្នាំ​១៩៩២​មក​។ ដំបូង​ឡើយ លោក គឺជា​បុគ្គលិក​ស្ម័គ្រចិត្ត​របស់​អាដហុក​ប្រចាំ​នៅ​សាខា​ខេត្ត​បាត់ដំបង៖ «ខ្ញុំ​មាន​និស្ស័យ​ខាង​វិស័យ​ច្បាប់ ខាង​វិស័យ​សិទ្ធិមនុស្ស​ហ្នឹង ចូលចិត្ត​ឈឺឆ្អាល​រឿង​អយុត្តិធម៌​ក្នុងសង្គម និង​ការ​រំលោភ​សិទ្ធិ​អីហ្នឹង ខ្ញុំ​ក៏​ចូល​ប្រឡូក​ការងារ​ជា​អ្នកស្ម័គ្រចិត្ត​នៅ​ក្នុង​សមាគម​អាដហុក​នៅ​ពេលនោះ​ទៅ»។

ក្នុង​ពេល​បំពេញការងារ​ជា​អ្នក​សិទ្ធិមនុស្ស​នេះ លោក នី សុខា បាន​ចំណាយ​ពេល​៧​ឆ្នាំ ដើម្បី​សិក្សា​បន្ថែម រហូត​បានបញ្ចប់​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ផ្នែក​នីតិសាស្ត្រ​ជំនាញ​នីតិសាធារណៈ នៅ​សាកល​វិទ្យា​មួយ ព្រមទាំង​ទទួលបាន​ការបណ្តុះបណ្តាល​ផ្នែក​សិទ្ធិមនុស្ស​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​ជាច្រើន​ផងដែរ។ ដោយសារតែ​ការតស៊ូ​បំពេញការងារ និង​ភាព​ឈ្លាស​វៃ លោក នី សុខា ត្រូវបាន​ដំឡើង​តួនាទី​ជា​បន្តបន្ទាប់​រហូត​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​របស់​ស្ថាប័ន​សិទ្ធិមនុស្ស​ដ៏​ធំ​និង​ល្បី​ល្បាញ​មួយ​នេះ កាល​ពី​ដើម​ខែ​កក្កដា កន្លង​ទៅ៖ «យើង​ក៏​មិន​ភ្លេចគុណ​លោក ធន សារាយ ដែល​លោក​មានគុណ​ជួយ​បណ្តុះបណ្តាល​ពួកយើង អប់រំ​ពួកយើង​ឲ្យ​មាន​សមត្ថភាព​ក្នុងការ​ដឹកនាំ​សមាគម​អាដហុក​បន្តទៀត​។ យើង​ក៏​មាន​មោទនភាព និង​ប្តេជ្ញាចិត្ត​ដែរ ដោយ​ខិតខំ​បន្ត​បេសកកម្ម​ពី​លោក​ប្រធាន ធន សារាយ។ យើង​នៅតែ​ប្រកាន់​ជំហរ​មួយ​គឺជា​អ្នកការពារ​សិទ្ធិមនុស្ស ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ មិន​បម្រើ​ឲ្យ​គណបក្ស​នយោបាយ គឺ​យើង​ធ្វើការ​ដោយ​ឯករាជ្យ និង​អព្យាក្រិត្យ»។

រយៈពេល​ជិត​៣០​ឆ្នាំ​មកនេះ លោក នី សុខា បាន​បំពេញ​ការងារ​ជាច្រើន​ក្នុង​ការ​ជួយ​លើកកម្ពស់​ការ​គោរព​សិទ្ធិមនុស្ស​ក្នុង​សង្គម​កម្ពុជា តាមរយៈ​ការអប់រំ​ផ្សព្វផ្សាយ​អំពី​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ច្បាប់ ដល់​មន្ត្រីរាជការ​កង​កម្លាំងប្រដាប់អាវុធ និង​ប្រជា​ពលរដ្ឋ​។ ពិសេស​ជាង​នេះ គឺ​ការជួយ​ដល់​ប្រជា​ពលរដ្ឋ ក្រីក្រ ទន់ខ្សោយ ដែល​ទទួលរង​នូវ​ការ​រំលោភ​បំពារបំពាន​សិទ្ធិ​ពី​សំណាក់​បុគ្គល​មាន​អំណាច និង​មានទ្រព្យ តាមរយៈ​ការ​ជួយ​ប្រឹក្សា​យោបល់​ផ្លូវច្បាប់ ជួយ​សរសេរ​ពាក្យ​បណ្តឹង ចុះ​អង្កេត​តាមដាន​ប្រមូល​ពត៌មាន និង​ធ្វើ​អន្តរាគមន៍​ជួយ​រងគ្រោះ ដោយ​មិន​គិតពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។​ពេល​ខ្លះ​លោក បាន​ទទួល​រង​នូវ​ការ​សំឡុត​គំរាមកំហែង​ប្រើ​ហិង្សា ឬ​សម្លាប់ និង​ព្រមាន​ចាប់​ដាក់​ពន្ធនាគារ​ជាដើម ព្រោះ​ជាទូទៅ​អ្នក​ដែល​អាច​រំលោភបំពាន​សិទ្ធិមនុស្ស គឺ​សុទ្ធតែជា​បុគ្គល​មាន​លុយ និង​មាន​អំណាច៖ «មាន​ពេល​ម្តងនោះ ប៉ូលិស​ម្នាក់​នៅ​ខាង​ពន្ធនាគារ ដែល​កាលណោះ ខាង​សមាគម​អាដហុក មាន​ការ​ចូល​ទៅ​ពន្ធនាគារ ដើម្បី​ពិនិត្យ​ស្ថានភាព​អ្នក​ជាប់ឃុំ ហើយ​ពេលដែល​គាត់​ស្រវឹង គាត់​ដក​កាំភ្លើង​ភ្ជង់​ក្បាល​ខ្ញុំ​ហ្មង។ គាត់​ថែមទាំង​បាន​មាក់ងាយ​មកលើ​យើង​ថា ស្អី​អា​សិទ្ធិមនុស្ស អា​អាដហុក ដោយ​មិនមាន​ជា​រឿង​អី​ធំ​ដំ​សោះ តែ​គាត់​ហាក់ដូចជា​មិន​សប្បាយចិត្ត​ជាមួយ​ការងារ​របស់​យើង​។ ក្រោយៗ​មក​ទៀត ក៏​មាន​រឿង​មិន​ខុសគ្នា​ដែរ​។ ពេល​មានការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ឈូស​ឆាយ​ផ្ទះ ហើយ​យើង​ចុះទៅ​ឃ្លាំមើល​រឿង​បណ្តេញ​ចេញ​នេះ ក៏​ខាង​សមត្ថកិច្ច ខាង​ប៉ូលិស បាញ់​ក្បែរៗ​ជើង​យើង សំឡុត​ឲ្យ​យើង​ចេញពី​ទីនោះ»។

ធ្ងន់ធ្ងរ​ជាង​នេះ លោក នី សុខា ធ្លាប់​ត្រូវបាន​អាជ្ញាធរ​រដ្ឋាភិបាល បាន​ចាប់ខ្លួន​លោក និង​បុគ្គលិក​អាដហុក​៣​រូប​ទៀត រួមទាំង​បងប្រុស​បង្កើត​របស់​លោក​ម្នាក់​ផង​ដែរ គឺ​លោក នី ចរិយា ជា​អគ្គលេខាធិការរង​គ.ជ.ប ដាក់​ពន្ធនាគារ​១៤​ខែ កាល​ពី​ឆ្នាំ​២០១៦ ដោយសារតែ​ការងារ​មនុស្សធម៌​ជួយ​ជនរងគ្រោះ។ តុលាការ​បាន​ចោទប្រកាន់​អ្នក​ទាំង​៥​រូប​ពីបទ​សមគំនិត និង​សូកប៉ាន់​សាក្សី ក្នុង​សំណុំរឿង​សញ្ចារកម្ម​ពាក់ព័ន្ធ​នឹង​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា​។ ប៉ុន្តែ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ចាត់ទុកថា​ជា​សំណុំរឿង​នយោបាយ​។

រដ្ឋាភិបាល ហ៊ុន សែន បាន​ដោះលែង​អ្នកការពារ​សិទ្ធិមនុស្ស​ទាំង​៥​នាក់​វិញ ក្រោយ​មានការ​ថ្កោលទោស​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​។ លោក នី សុខា ថ្លែង​ថា ការ​ចាប់​ឃុំខ្លួន​លោក​ទាំង​អយុត្តិធម៌​នៅ​ពេល​នោះ ធ្វើ​ឲ្យ​ឈឺ​ចាប់ និង​មិន​អាច​បំភ្លេច​បាន​មក​ដល់​សព្វ​ថ្ងៃ៖ «ខ្ញុំ​មានការ​ឈឺចាប់​ខ្លាំង​មែនទែន ព្រោះថា អ្វី​ដែល​យើង​បាន​ធ្វើ គឺ​មិន​បាន​ទៅ​រំលោភ ឬក៏​ធ្វើ​អី្វ​ឲ្យ​មាន​កំហុស​ខាង​ផ្លូវច្បាប់​ទេ យើង​គ្រាន់តែ​ធ្វើ​ក្នុងនាម​ជា​អ្ន​ការពារ​សិទ្ធិមនុស្ស ក្នុងនាម​គោលការណ៍​របស់​សមាគម ដើម្បី​ជួយ​ជនរងគ្រោះ​ដែល​គាត់​គ្មាន​ទីពឹង​ខាង​ផ្លូវច្បាប់ ដោយ​ឲ្យ​គាត់​មានលទ្ធភាព​ទៅ​តតាំង​តាមផ្លូវ​ច្បាប់​ដើម្បី​ឲ្យ​មាន​ជា​យុត្តិធម៌​នៅក្នុង​សង្គម បែរ​ជា​ទទួលរង​នូវ​ការចោទប្រកាន់ថា យើង​សូក​ប៉ាន់​សាក្សី​ទៅវិញ»។

បើទោះបីជា លោក​ទទួលរង​ការ​ធ្វើទុក្ខបុកម្នេញ​និង​គំរាមកំហែង​ជាច្រើនលើក​ហើយ​ក្តី ក៏​អ្នកការពារ​សិទ្ធិមនុស្ស​រូបនេះ នៅតែ​មាន​សេចក្តី​ក្លាហាន​និយាយ​ការពិត ដើម្បី​ឲ្យ​រដ្ឋាភិបាល កែលម្អ​ស្ថានភាព​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដែល​កំពុង​ធ្លាក់ចុះ​ដុនដាប់​ក្នុងពេល​បច្ចុប្បន្ននេះ​ឲ្យ​ល្អប្រសើរ​ឡើង​វិញ។

ភរិយា​របស់​លោក នី សុខា គឺ​អ្នកស្រី ម៉ែន លក្ខិណា និយាយ​ថា លោកស្រី​តែងតែ​បារម្ភ​អំពី​សុវត្ថិភាព​ស្វាមី​ជានិច្ច ព្រោះ​ការងារ​សិទ្ធិមនុស្ស​នេះ តែងតែ​ប្រឈម​ជាមួយ​បុគ្គល​មាន​លុយ​មាន​អំណាច ប៉ុន្តែ​អ្នកស្រី មិន​ដែល​ហាមឃាត់​ស្វាមី​ឡើយ។ អ្នកស្រី​បន្ត​ថា ស្វាមី​អ្នកស្រី​ជា​បុគ្គល​ដែល​មាន​សមាន​ចិត្តល្អ​ម្នាក់​ចំពោះ​មនុស្ស​ទូទៅ ហើយ​មាន​ឆន្ទៈ​មុតមាំ និង​ពុះពារ​ជួយ​ជនរងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌ និង​មិន​ចេះ​ត្អូញត្អែ​ការងារ​ឲ្យ​គ្រួសារ​បាន​ដឹង​នោះ​ទេ៖ «គាត់​ជា​មនុស្ស​មាន​មនោសញ្ចេតនា ចិត្ត​គាត់​គឺថា ជាមួយ​អ្នកណា​ក៏​ដូច​អ្នកណា​ដែរ ចង់​គេ​ធ្វើ​អាក្រក់​ដាក់​គាត់​ក៏ដោយ គាត់​នៅតែ​ល្អជា​មួយ​គេ។ នេះ​ជា​ចរិត​ស្វាមី​ខ្ញុំ។ គាត់​មិនដែល​ធ្វើអំពើ​អ្វី​អាក្រក់​ដាក់​លើ​អ្នក​ណា​ទេ»។

ជាមួយ​គ្នា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី ក្នុងនាម​ជា​មិត្ត​រួម​អាជីព​តាំងពី​ឆ្នាំ​១៩៩២​មក ថ្លែង​សរសើរ លោក នី សុខា ថា មនុស្ស​រួសរាយ​រាក់ទាក់​ស្លូតបូត ប៉ុន្តែ​បំពេញការងារ​សិទ្ធិមនុស្ស​ប្រកប​ដោយ​ភាព​ម៉ឺង​មាត់ ព្រមទាំង​មាន​ចំណេះដឹង​រឹងមាំ​ផ្នែក​ច្បាប់៖ «លោក​បាន​ឆ្លងកាត់​បទពិសោធន៍​ច្រើន​នៅ​មូលដ្ឋាន រហូត​ដល់​ក្លាយជា​ថ្នាក់​ដឹកនាំ​នៅ​ថ្នាក់ជាតិ។ សម្រាប់​ចរិត​របស់លោក​វិញ លោក​រួសរាយ​រាក់ទាក់​ជាមួយ​សហការី​។​លោក​មិន​មាន​ចរិត​ឆ្មើងឆ្មៃ​ទេ រហូត​មាន​ការ​ពេញ​ចិត្ត​ពេញ​ថ្លើម​ពី​អតីត​ប្រធាន​ លោក ធន សារាយ ហើយក៏​មានការ​គាំទ្រ និង​បោះឆ្នោត ដើម្បី​ជ្រើសរើស​ឲ្យ​លោក​ធ្វើជា​ថ្នាក់ដឹកនាំ ដោយ​យើង​មាន​ការ​ជឿទុកចិត្ត​លើ​សមត្ថភាព​របស់​លោក»។

ងាក​ទៅ​លោក នី សុខា វិញ លោក​ថ្លែង​ថា ទោះបីជា​ការងារ​សិទ្ធិមនុស្ស​នេះ មិន​អាច​ធ្វើ​ឲ្យ​លោក​មាន​លុយ​មាន​អំណាច និង​ប្រឈម​គ្រោះថ្នាក់​ក្តី ក៏​លោក​សប្បាយ​ចិត្ត និង​មាន​មោទនភាព​នៅ​ពេល​ឃើញ​ជនរងគ្រោះ​ជាច្រើន​ដែល​លោក​បាន​ជួយ​ទាំង​នោះ ទទួល​បាន​យុត្តិធម៌៕

No comments: