August 27, 2021

ផល​លំបាក​របស់​ពលករ​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូ​វីដ-១៩

ស្ត្រីខ្មែរដែលបម្រើការងារនៅក្នុងប្រទេសម៉ាឡេស៊ីនៅក្នុងជំនួបជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ២០១៧។  រូប៖ ស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី


ដោយ ខែ សុណង RFA 2021-08-26

ពលករ​ខ្មែរ​ដែល​ធ្វើ​ការងារ​ខុសច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី អំពាវនាវ​រក​ជំនួយ​បន្ទាន់​ក្នុងអំឡុងពេល​ប្រទេស​នេះ មាន​ការ​រីក​រាលដាល​ខ្លាំង​ដោយ​ជំងឺ​កូ​វីដ​-១៩​។ ពួកគាត់​គ្មាន​ការងារ​ធ្វើ បាត់បង់​ប្រាក់​ឈ្នួល​ប្រចាំថ្ងៃ ខ្វះខាត​ជីវភាព និង​មាន​បំណុល​ជាប់​ខ្លួន​ជាដើម​។ ក្រៅ​ពី​នេះ ពួកគាត់​បាត់បង់​សិទ្ធិ​សេរីភាព​ដើរហើរ ដោយ​អាច​ប្រឈម​នឹង​អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់ខ្លួន​ទៀត​ផង។

ស្ត្រី​ជនជាតិ​ចាម វ័យ ៣៧ ឆ្នាំ​ម្នាក់ ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅក្នុង​បន្ទប់​ជួល​តូច​មួយ​ជាមួយ​កូនស្រី​អាយុ​ជាង ១០​ឆ្នាំ ២​នាក់ នៅក្នុង​ខេត្ត​ជូហូ (Johor) ប្រទេស​ម៉ាឡេស៊ី (Malaysia) ត្អូញត្អែរ​ថា ពួកគាត់​បច្ចុប្បន្ន​កំពុង​ប្រឈម​បញ្ហា​ជីវភាព និង​គ្មាន​ប្រាក់​សង​ម្ចាស់​បំណុល​នោះ​ទេ។

ពលករ​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី លោកស្រី ហ៊ុល វាសនា ឈ្មោះ​ចាមថា យ៉ាអៃសាស់ ជា​អ្នក​ខេត្ត​បាត់ដំបង ថ្លែង​ថា គាត់​ស៊ីឈ្នួល​ដេរខោ​អាវ និង​មើល​កូន​អោយ​ជនជាតិ​ម៉ាឡេស៊ី​ជាង ៨​ឆ្នាំ​មក​ហើយ​។ លោកស្រី​ថា នៅ​ទៅ​នេះ​សំបូរ​ការងារ​ធ្វើ​ណាស់ សូម្បីតែ​ក្រុម​គ្រួសារ​គាត់​ដែល​រស់នៅ​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់ ក៏​អាច​រក​ប្រាក់​ចំណូល​បាន​ដែរ​។ ប៉ុន្តែ​ចាប់តាំងពី​មាន​ការ​រីក​រាលដាល​ជំងឺ​កូវីដ​-១៩ មក ជិត ២​ឆ្នាំ​មក​នេះ គ្រួសារ​របស់​គាត់​មាន​ជីវភាព​ធ្លាក់​ដុនដាប​ខ្លាំង​៖ «គេ​បិទ​រោងចក្រ​ដេរ​ក្រណាត់​អ៊ីចឹង​ទៅ អត់​សូវ​មាន​អី​ដេរ​ទេ ដូច​ថា​រោងចក្រ​មួយ​អត់​មាន រោងចក្រ​ពួកម៉ាក​គេ​មាន​ទៅ​សុំ​គេ​ដេរ​តិចៗ បាន​មួយ​ខែ​១០០​ដុល្លារ ១៥០​ដុល្លារ សម្រាប់​ថ្លៃ​ផ្ទះ ហើយ​ហូបចុក​ជួនកាល​មាន​ម៉ាឡេស៊ី​គេ​ជួយ​ចែក​អង្ករ​អ៊ីចឹង និង​គ្រឿងផ្ទះ​បាន​តិចតួច​ប៉ុន្តែ​ដូច​ថា លុយ​យើង​ត្រូវការ​លុយ​និង​អ្វីៗ​ផ្សេងៗ ទៀត​វា​អត់​មាន​។ ពីមុន​គេ​មាន​ធ្វើការ​ធម្មតា​ខ្ញុំ​មាន​មើល​កូន​ម៉ាឡេ​២ ៣ នាក់​អី​ដែរ ឥឡូវ​ម្ដាយ​គេ​អត់​បាន​ធ្វើ​ការ​ដែរ គេ​មើល​ខ្លួន​គេ​ទៅ ខ្ញុំ​ដេរ​បាន​តិចៗ​ខ្វះ​មុខ​ខ្វះក្រោយ»។

លោកស្រី ហ៊ុល វាសនា ថ្លែងបន្ត​ថា ក្នុង​ស្ថានភាព​ពេល​នេះ សូម្បីតែ​ប្រាក់​បង់ថ្លៃ​សាលារៀន​ឲ្យ​កូនៗ ក៏​លោកស្រី​គ្មាន​លទ្ធភាព​ដែរ ពីព្រោះ​លោកស្រី​រក​ចំណូល​បាន​តិច តែ​ចំណាយ​ខ្ពស់​។ មួយវិញទៀត​លោកស្រី​ជំពាក់​បំណុល​គេ ៣​ពាន់​ដុល្លារ ដែល​ត្រូវ​បង់​ការប្រាក់​ជាប្រចាំ​ផង​៖ «កូន​ឥឡូវ​គេ​ផ្អាក​សាលា​អ៊ីចឹង​អត់​បាន​រៀន​ទេ រៀន​អនឡាញ​តិចតួច​ឥឡូវ​គេ​ត្រូវការ​ទារ​លុយ​រាល់​ខែ ចូល​លក្ខណៈ​ជំពាក់​លុយ​គ្រូ​អី​ដូច​ថា​យើង​វា​រត់​អត់​រួច​ណា និយាយ​ឲ្យ​ចំ​ទៅ ២​នាក់​ហ្នឹង ជិត​១០០​ដុល្លារ ថ្លៃ​ផ្ទះ​ទាំង​ទឹក​ទាំង​ភ្លើង​អី​ប្រហែលជា​៨៥ ទៅ​៩០​ដុល្លារ​។ រោងចក្រ​ផ្សេង​គេ​ឆ្លៀត​ឲ្យ​ដេរ​តិចៗ​អ៊ីចឹង​ទៅ បាន​១៥០​ដុល្លារ អីចឹង​ទៅណា អត់​គ្រប់​ទេ ព្រោះ​ក្នុង​មួយ​ខែ​ខ្ញុំ​ចំណាយ​ច្រើន​ដែរ ដូច​ថា​យើង​មាន​បង្វិល​ជំពាក់​គេ មាន​បង់​ការ​អី​បន្តិចបន្តួច​ទៀត​ណា​បង់​ការ​ទៅ»។

ថ្លែង​ដល់​ចំណុច​នេះ លោកស្រី ហ៊ុល វាសនា ហៅ អៃសាស់ រៀបរាប់​ថា ជីវិត​ជា​ជនអន្តោប្រវេសន៍​មក​ធ្វើ​ការ​នៅ​ស្រុក​គេ​ដោយ​ខុសច្បាប់ លោកស្រី​និង​កូនស្រី​រស់នៅ​ទាំង​ភ័យខ្លាច ភ្នែក​នៅ​នឹង​កញ្ចឹង​ក មិន​ហ៊ាន​ចេញ​ទៅ​រក​ការងារ​ឆ្ងាយ​ពី​កូនស្រីៗ​ដែល​នៅ​ក្មេងខ្ចី​នោះ​ទេ​។ លោកស្រី​ថា ប្ដី​លោកស្រី​ត្រូវ​បាន​សមត្ថកិច្ច​ម៉ាឡេស៊ី ចាប់​ដាក់​ពន្ធនាគារ​ជាង​៩​ខែ និង​បាន​បញ្ជូន​ទៅ​ស្រុក​ខ្មែរ​វិញ ដោយសារ​គ្មាន​លិខិតស្នាម​ស្របច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី​។ លោកស្រី​ថា គាត់​ធ្លាប់​ត្រូវ​ប៉ូលិស​អន្តោប្រវេសន៍​ចាប់​ដាក់គុក​ម្ដង​ដែរ រីឯ​ប្ដី​គាត់​ធ្លាប់​ត្រូវ​ចាប់ខ្លួន ៣​ដង​។ លោកស្រី​ថា បំណុល​ដែល​លោកស្រី​ជាប់ជំពាក់​គេ​សព្វថ្ងៃ​នេះ គឺ​ដោយសារ​គាត់​ទៅ​ខ្ចី​គេ យក​ទៅ​បង់​ផាក និង​ចំណាយ​រត់ការ​ផ្សេងៗ កាល​ពី​ពេល​គាត់​និង​ប្ដី​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​៖ «និយាយ​ឲ្យ​ចំ​ទៅ​ប្ដី​ខ្ញុំ​ជាប់​៣​ដង​ហើយ គាត់​ទៅ​រក​ត្រី​លក់​គេ​ចុះ​មក​គេ​ចាប់ កាលនោះ​អត់​មាន​កូវីដ​យើង​បង់​ផាក​ឲ្យ​គេ​ទៅ ចាប់​២១​ថ្ងៃ​គេ​បញ្ជូន​ទៅ​ខ្មែរ​វិញ​អស់​១​ពាន់​ដុល្លារ ខ្ញុំ​អស់​មួយ​សារ​ហ្នឹង​ទៅ។ ប្ដី​ខ្ញុំ​ចាប់ផ្ដើម​ជប់​ប៉ាស្ព័រ​ដូច​អ្នក​ទេសចរណ៍​មួយ​ខែ​ម្ដង នៅ​ថៃ ១​ខែ​ចំណាយ​១៥០​ដុល្លារ ប្រហែល​១​ឆ្នាំ កន្លះ គេ​បើកថា​ធ្វើតាម​ពួក​រោងចក្រ​ក៏​ទៅ​ធ្វើ​នឹង​គេ​ទៀត​អត់​បាន ចាត់ទុកជា​អាសា​បង់ ខ្ញុំ​អស់​ប្រហែល​ជាប់​២-៣ ពាន់​ដុល្លារ​ប្ដី​ខ្ញុំ​ត្រូវ​គេ​ចាប់​ម្ដងទៀត គេ​ប្រលែង​មក​វិញ​គេ​សុំ​ម្នាក់​៤៥០​ដុល្លារ​ទៀត​អស់​មួយ​សារ​ហ្នឹង​ទៀត​។ លើក​ទី​៣​នេះ ធ្ងន់​បណ្ដោយ»។

មិន​ខុសគ្នា​នោះ​ទេ ជីវិត​ពលករ​ចំណាកស្រុក​ខ្មែរ​ដែល​គ្មាន​ឯកសារ​ស្របច្បាប់ កំពុង​រស់នៅ​ធ្វើការ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ផ្សេង​ទៀត ក៏​កំពុង​ជួប​បញ្ហា​ប្រឈម​ស្រដៀង​គ្នា​ក្នុង​អំឡុង​វិបត្តិ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ នេះ​ដែរ។

ជា​ស្ត្រី​មេម៉ាយ​កូន​ពីរ លោកស្រី សំ សុភ័ណ្ឌ វ័យ ៤២​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​នេះ ប្រមាណ​៥​ឆ្នាំ ហើយ​។ លោកស្រី​ថ្លែង​ថា ដោយសារតែ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ពួកគាត់​គ្មាន​ការងារ​ធ្វើ​ច្រើន​ដូច​មុន​ទេ​។ នៅពេល​ថ្ងៃ​ពួកគាត់​ជិះ​ម៉ូតូ​ទៅ​ឆ្ងាយ​ដើរ​បេះ​ផ្សិតចំបើង​ធម្មជាតិ​យក​ទៅ​លក់ ហើយ​នៅពេល​យប់ គាត់​និង​ប្អូនប្រុស​បាន​សុំ​ថៅកែ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​ធ្វើការ​វេន​យប់ លួចលាក់​ពី​ភ្នែក​ប៉ូលិស​ម៉ាឡេស៊ី​។ ចំណែក​ប្រាក់​ឈ្នួល​វិញ គេ​ឲ្យ​គាត់​ទាប​ជាង​អ្នក​មាន​ឯកសារ​ស្របច្បាប់​។ ប៉ុន្តែ​លោកស្រី​ថ្លែង​ថា ស៊ូ​រត់​លាក់ខ្លួន​គេច​ពី​សមត្ថកិច្ច​យ៉ាង​ប្រថុយប្រថាន ឲ្យ​តែ​បានការ​ងារ​ធ្វើ​ខ្លះ ក្រែង​បាន​ប្រាក់​ដោះបំណុល​៖ «​ពិបាក​បំផុត​រឿង​លុយកាក់​ហ្នឹង​ហើយ ខ្ញុំ​ជំពាក់​គេ​ច្រើន​កាលណោះ​ខ្ញុំ​ជំពាក់​ធនាគារ​នៅ​ខ្មែរ​ពេល​មក​ដល់​ស្រុក​ម៉ាឡេ​នេះ ដូច​ថា ម៉ែ​គាត់​ចាស់​ហើយក៏​អត់​ឱ្យ​ម៉ែ​គាត់​ទៅ​បង់​ធនាគារ​ខ្ញុំ​ក៏​យក​លុយ​គេ​នៅ​ម៉ាឡេ​ហ្នឹង យក​ទៅ​ឲ្យ​ម៉ែ​បង់​ផ្ដាច់​ធនាគារ​នៅ​ខ្មែរ យើង​រក​អត់​សូវ​បាន​អ៊ីចឹង​លុយ​ការ​ទៀត ចេះតែ​កើនៗ ពេល​កូរ៉ូណា​នេះ ម៉េច​ក៏​គេ​នៅតែ​គិតការ​រហូត​ការ​ស្មើ​ដើម​ហើយ​ឥឡូវ ថ្ងៃមុន​រត់​ដែរ​ហ្នឹង​នៅ​រោងចក្រ​នាំគ្នា​រត់​ព្រោះ​អី​ប៉ូលិស រត់​ចូល​ព្រៃ​វេទនាណាស់​អ្នក​នៅ​នេះ​ឥឡូវនេះ»។

លោកស្រី សុភ័ណ្ឌ បន្ត​ថា នៅពេល​បានការ​ងារ​ធ្វើ​ម្ដងៗ​ក៏​រត់ ពេល​នៅផ្ទះ​គ្មាន​ការងារ​ធ្វើ​ក៏​ភ័យខ្លាច​។ លោកស្រី​ថា នៅពេល​បាន​ដំណឹង​ថា ប៉ូលិស​ចុះ​ចាប់​អ្នក​រស់នៅ​ខុសច្បាប់​ម្ដងៗ ពួកគាត់​ភ័យខ្លាច​ហើយក៏​ទៅ​សុំ​ជ្រកកោន​មិត្តភក្ដិ ឬ​អ្នក​ស្គាល់​ជនជាតិ​ម៉ាឡេស៊ី ស្នាក់នៅ​មួយ​យប់​ដើម្បី​ដោះ​ទាល់​មួយ​គ្រា​សិន។

លោកស្រី សំ សុភ័ណ្ឌ ថ្លែង​ទាំង​អួល​ដើម​ក​ថា ពួកគាត់​ពិតជា​ចង់​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ដល់​ពួកគាត់ ដែល​កំពុង​រស់នៅ​ខុសច្បាប់​ក្នុង​ប្រទេស​ម៉ាឡេស៊ី ឲ្យ​អាច​រស់នៅ​សមរម្យ ពិសេស​ជួយ​អន្តរាគមន៍​បាន​ត្រឡប់​ទៅ​រស់នៅ​ប្រទេស​ខ្មែរ​វិញ ពីព្រោះ​គាត់​រក​ប្រាក់​លែង​បាន ហើយ​នឹក​ម្ដាយ​និង​កូនៗ​យ៉ាង​ខ្លាំង​៖ «អត់​មាន​ការងារ​ធ្វើ ចេះតែ​នៅៗ​រាប់​ឆ្នាំ​រាប់​ខែ​ហ្នឹង ចង់ទៅ​ផ្ទះ​អត់​មាន​លុយ​មាន​កាក់​អ៊ីចឹង នាំគ្នា​និយាយ​ថា បើ​គេ​ឲ្យ​នាំគ្នា​ជិះ​ម៉ូតូ​បាន​សុខចិត្ត​នាំគ្នា​ជិះ​ម៉ូតូ​ទៅផ្ទះ​ហើយ នៅ​នេះ​ចេះតែ​យូរ​ឆ្នាំ​អត់​បាន​សល់​លុយ​សល់​កាក់ ហើយ​កូន​កាន់តែ​ធំ​ទៅ​ហើយ​ម្ដាយ​គ្មាន​លុយ​ឲ្យ​កូន»។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ និង​មន្ត្រី​ស្ថាន​អគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ឆ្លើយតប​បានទេ ដោយ​ហៅ​ទៅ​លេខ​ទូរស័ព្ទ​របស់​ស្ថានទូត​ជាច្រើន​ខ្សែ តែ​មិន​មាន​អ្នកទទួល​។ ប៉ុន្តែ​ស្ថាន​ឯកអគ្គរាជទូត នៅ​ថ្ងៃទី ២៥ សីហា បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ថា ប្រជាពលរដ្ឋ ពលករ​/​ពល​ការិនី ដែល​ពុំ​មាន​ឯកសារ​ស្របច្បាប់ អាច​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​ដោយ​ខ្លួនឯង តាមរយៈ​កម្មវិធី ធ្វើ​មាតុភូមិនិវត្តន៍ (Recalibration Programme) របស់ អន្តោប្រវេសន៍​ម៉ាឡេស៊ី​។ ចំពោះ​អ្នក​ដែល​មាន​លិខិតឆ្លងដែន​ហួស​សុពលភាព ខូច ឬ​បាត់​អាច​ស្នើសុំ​លិខិត​ធ្វើដំណើរ​បណ្ដោះអាសន្ន​នៅ​ស្ថាន​ឯកអគ្គរាជទូត «​ដោយ​ឥតគិតថ្លៃ»។

ជុំវិញ​ស្ថានភាព​លំបាកលំបិន​របស់​ពលករ​នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​ការងារ ឲ្យ​ដឹង​ថា មាន​ពលករ​ខ្មែរ​ទាំង​ស្របច្បាប់​និង​មិន​ស្របច្បាប់​ជាង​១០​ម៉ឺន​នាក់​នៅ​ប្រទេស​ម៉ាឡេស៊ី កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ពួកគេ​កំពុង​ប្រឈម​បញ្ហា​អត់​ការងារ​ធ្វើ ខ្វះ​ម្ហូបអាហារ ខ្វះ​ជម្រក​រស់នៅ​សមរម្យ និង​ឆ្លង​ជំងឺ​កូវីដ​-១៩ និង​ចង់បាន​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បាន​វិល​ត្រឡប់​មក​ស្រុកកំណើត​វិញ។

មន្ត្រី​អង្គការ​សង់ត្រាល់ (Central) ទទួល​បន្ទុក​សិទ្ធិ​ការងារ​លោក ឌី ថេហូយ៉ា ថ្លែង​ថា ចាប់តាំងពី​មាន​ការ​រីក​រាលដាល​ជំងឺ​កូវីដ​-១៩ ឆ្នាំ ២០២០ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​លោក​មិនទាន់​ឃើញ​មាន​គោល​នយោបាយ​ណាមួយ​របស់​រដ្ឋាភិបាល​ដើម្បី​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ពលករ​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ផ្សេងៗ ក្នុង​ការ​ផ្ដល់​នូវ​កិច្ច​គាំពារ​សង្គម ស្បៀងអាហារ និង​ការ​ជួយ​ផ្សេងៗ ពិសេស​ដំណើរការ​នៃ​ការ​ធ្វើ​មាតុភូមិនិវត្តន៍ នៅឡើយ​ទេ​។ លោក​ថា បើ​ក្រឡេក​មើល​ចេតនា​នៃ​ការបង្កើត​ស្ថាន​កុងស៊ុល និង​ស្ថានទូត គឺ​ដើម្បី​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ទទួល​នោះ ដូច្នេះ​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ក្នុង​ការ​ជួយ​ធានា​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​ប្រកប​ដោយ​សេចក្ដីថ្លៃថ្នូរ​៖ «កាតព្វកិច្ច​របស់​កុលស៊ុល ឬ​ស្ថានទូត​ហ្នឹងហើយ ដែល​ត្រូវ​ដឹង​ថា តើ​អ្វី​ជា​បញ្ហា​របស់​ពលរដ្ឋ​របស់​ខ្លួន​ជាពិសេស​ក្នុង​កាលៈទេសៈ​ដែល​គាត់​អត់​មានការ​ងារ​ធ្វើ​គាត់​អត់​មាន​ប្រាក់​ចំណូល ឬមួយ​ចាំបាច់​គាត់​ត្រូវ​ត្រឡប់​ទៅ​ខ្មែរ​វិញ អាហ្នឹង​ហើយ​ដែល​រដ្ឋ​ត្រូវធ្វើ​ម៉េច​សម្របសម្រួល​ឲ្យ​គាត់​បាន​ទៅ​ខ្មែរ​វិញ វា​អត់​មាន​ត្រូវ​អី​គាត់​ត្រូវ​ចំណាយ​ថវិកា​ក្នុង​ការ​ត្រឡប់មកវិញ​ទេ បើសិនជា​គាត់​អ៊ីចឹង​បន្ត​ក្នុង​ការ​ធ្វើការ ឬ​រស់នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ស្ថានទូត ស្ថាន​កុងស៊ុល​កម្ពុជា ក៏​ត្រូវ​តែ​មាន​តួនាទី​សម្របសម្រួល​ឲ្យ​គាត់​មាន​ការងារ​ធ្វើ មាន​ប្រាក់ចំណូល​ឬ​ផ្ដល់​នូវ​កិច្ច​គាំពារ​សង្គម ជួយ​ផ្ដល់​ជំនួយ​ទាក់ទង​ផ្ដល់​ស្បៀងអាហារ​ក្នុង​កាលៈទេសៈ​មានការងារ​ជាដើម​អ៊ីចឹង នេះ​ជា​កាតព្វកិច្ច​របស់​រដ្ឋ»។

មន្ត្រី​សិទ្ធិ​ការងារ​រូប​នេះ ឲ្យ​ដឹង​ថា តាម​ការសិក្សា​កន្លង​មក ពលរដ្ឋ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ក្រៅ​ប្រទេស​ប្រមាណ​៧០% បាន​ជាប់​ជំពាក់​បំណុល​គេ។ លោក ឌីថេ ហូយ៉ា បន្ត​ថា បញ្ហា​នេះ​រដ្ឋ​ក៏​ត្រូវ​មាន​កាតព្វកិច្ច​ដែរ ក្នុង​ការ​ជួយ​សម្របសម្រួល​ឲ្យ​ពលរដ្ឋ​រួច​ផុត​ពី​ការ​គំរាមកំហែង​នៃ​ការ​សង​បំណុល​ទាំងអស់​នេះ ដើម្បី​ឆ្លង​ផុត​ពី​វិបត្តិ​កូវីដ-១៩។

ត្រឡប់​មក​ស្ដាប់​ស្ថានភាព​លោកស្រី ហ៊ុល វាសនា វិញ ទោះបីជា​មានការ​លំបាក​យ៉ាងណាក៏ដោយ ក៏​លោកស្រី ថា​មិន​ទាន់​ចង់​វិលត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ​ឡើយ ព្រោះ​គាត់​ក្រីក្រ​គ្មាន​ដីធ្លី និង​ផ្ទះ​សម្បែង​។ លោកស្រី​ថា តាំង​ពី​អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់​ប្ដី​លោកស្រី​ដាក់គុក រួច​បញ្ជូន​ទៅ​ស្រុក​ខ្មែរ​វិញ គាត់​និង​កូនៗ​កំពុង​រស់នៅ​យ៉ាង​លំបាកលំបិន គ្មាន​ការងារ​ធ្វើ​ជាប់លាប់ រំពឹង​លុយ​បន្តិចបន្តួច​ឲ្យ​ប្ដី​ផ្ញើ​ឲ្យ​ពី​ស្រុក​ខ្មែរ​ដើម្បី​ទិញ​អាហារ និង​សងបំណុល​គេ៕

No comments: