August 19, 2021

លោកសម រង្ស៊ី គ្រោង​ជួប​មន្រ្តី​អាមេរិក​ជំរុញ​​​ការ​​​អនុម័ត​​​ច្បាប់​​ដាក់​​ទណ្ឌកម្ម​​របប​​លោក ហ៊ុន សែន

(កណ្តាល) លោក សម រង្សុី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងលោកស្រី ជូឡុង សូម៉ួរា ចេញដំណើរតាមជើងយន្តហោះ Air France ឆ្ពោះទៅសហរដ្ឋអាមេរិក (USA ) កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ រូប៖ Sun TV


ដោយ ជាតិ ចំណាន RFA 2021-08-18

លោក សម រង្ស៊ី ប្រធាន​​ស្ដីទី​​គណបក្ស​សង្រ្គោះជាតិ គ្រោង​ដឹកនាំ​ក្រុម​​មន្រ្តី​​គណបក្ស​នេះ​​ទៅ​ជួប​​មន្រ្តី​ពាក់ព័ន្ធ​របស់​​សហរដ្ឋ​អាមរិក ដើម្បី​ជំរុញការអនុម័ត​សេចក្តី​ស្នើច្បាប់​ដាក់​ទណ្ឌកម្មរបបលោក ហ៊ុន សែន។

អនុប្រធាន​គណបក្ស​សង្រ្គោះជាតិលោក អេង ឆៃអ៊ាង ប្រាប់​វិទ្យុអាស៊ីសេរី​ថា លោក សម រង្ស៊ី បាន​ចេញ​ដំណើរ​ពី​ប្រទេស​បារាំង​ទៅ​កាន់​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃទី១៨ ខែសីហា ម្សិលម៉ិញ ដើម្បី​បំពេញ​បេសកកម្ម​រយៈពេល​មួយខែ។ លោក អេង ឆៃអ៊ាង បន្ត​ថា លោក សម រង្ស៊ី គ្រោង​ជួប​ជាមួយ​មន្រ្តី​ក្រសួងការបរទេស​អាមេរិក តំណាងរាស្ត្រ សមាជិក​ព្រឹទ្ធសភា និង​មន្រ្តី​ពាក់ព័ន្ធ​មួយចំនួន​ទៀត ដើម្បី​ពិភាក្សា​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោកថា​ ក្នុង​នោះ លោក សម រង្ស៊ី ​ក៏​នឹង​លើកឡើង​ពី​ការធ្វើទុក្ខ​បុកម្នេញ ការលួចវាយ​ដំ និង​ការចាប់ឃុំខ្លួន​សម្មជន​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនា​គារ ជាបន្តបន្ទាប់។ លោកថា​ ចំណុច​សំខាន់​មួយ​ក្នុង​ចំណោម​នោះ ​គឺ​ការជំរុញ ការអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្ម របប លោក ហ៊ុន សែន៖ «សំខាន់​នៅ​កម្ពុជាយើង​ ពួកជន​ផ្ដាច់ការចេះ​តែ​ងងើល មិនគិតគូពីអ្វី ដែល​ជាសំណើជាសំណូមពរ​របស់បណ្ដាប្រទេស​ជាមិត្ត ដែល​ប្រកាន់​ប្រជាធិបតេយ្យទេ។ អ៊ីញ្ចឹង​ហ្នឹង​សុទ្ធសឹង​ជាប្រធានបទ ដែល​យើង​នឹង​ពិភ្សា ដើម្បីសុំឱ្យ​សហរដ្ឋអាមេរិក​ហ្នឹង​គិតគូ»។

បើទោះជាយ៉ាងណាលោក អេង ឆៃអ៊ាង នៅ​មិនទាន់​អាច​បញ្ជាក់​បាន​ពី​ពេល​វេលា​ជាក់លាក់ ដែលលោក សម រង្ស៊ី នឹង​ដឹកនាំ​ក្រុម​មន្រ្តី​ទៅ​ជួប​មន្រ្តី​អាមេរិក​នេះ​នៅ​ឡើយ​ទេ។

គណៈកម្មាធិការ​កិច្ចការបរទេស​រដ្ឋសភាអាមេរិក​កាលពី​ខែកក្កដា បាន​អនុម័ត​សេចក្តីស្នើ «ច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ២០២១» ឬ H.R.4686 ​ ដើម្បីដាក់​ទណ្ឌកម្ម​ក្រុមមេដឹកនាំ​នៅ​កម្ពុជា​ ដោយ​សារ​តែបាន​រម្លាយ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ រីឯ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដ៏​មាន​ឥទ្ធិពល៣រូប​ផ្សេង​ទៀត ក៏​កំពុង​ដាក់​សេចក្តី ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្មស្រដៀងគ្នា​មួយ​ទៀត​គឺ (សេចក្តីព្រាង​ច្បាប់​ស្តីពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យកម្ពុជា) ទៅឱ្យ​ព្រឹទ្ធសភា​អាមេរិក​ពិនិត្យ ដើម្បី​ដាក់ទណ្ឌកម្ម​ក្រុមមេដឹកនាំ​នៅកម្ពុជាដែរ។

ខ្លឹមសារ​នៃ​សេចក្ដីព្រាង​ច្បាប់​នោះ ​គឺ​ការបង្កក​ទ្រព្យសម្បត្តិ និង​ការរឹតត្បិត​ទិដ្ឋាការ​ចូល​ទឹកដី​​អាមេរិក។ របប​ឯកបក្ស និង​មន្រ្តី​នៃ​របប​នេះ​អាច​នឹង​រួចផុត​ពី​ទណ្ឌកម្មនេះបាន​ល្គឹក​ណា ពួកគេរៀបចំ​ស្ដារ​ប្រជាធិបតេយ្យ បញ្ឈប់​សកម្មភាព​រំលោភ​សិទ្ធិមនុស្ស និងត្រូវឈរ​លើ​គោលការណ៍​អព្យាក្រិត្យ​ ចំពោះ​​នយោបាយ​ការបរទេស​របស់​ខ្លួន ដោយមិន​ត្រូវងាក​ទៅរក​ចិន​ជា​ខ្នង​បង្អែក​ទាំង​ស្រុងនោះទេ៕

No comments: