August 23, 2021

អ្នក​​ជំងឺ​កូវីដ ១៤នាក់​​ទៀត​​បាន​​ស្លាប់ និង​​ឆ្លង​​ថ្មី​ជិត ៥​រយ​​នាក់​

ក្រុមគ្រូពេទ្យចុះយកសំណាករបស់ជនសង្ស័យឆ្លងជំងឺកូវីដ១៩ និងក្រុម​គ្រូពេទ្យ​មួយ​ក្រុម​ទៀតកំពុង​វេចខ្ចប់សាកសព​របស់​ជន​រងគ្រោះដែល​ស្លាប់​ដោយសារជំងឺកូវីដ-១៩ ដំបូងគេនៅកម្ពុជា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ រូប៖ RFA


ដោយ សុជីវី RFA 2021-08-22

អ្នក​​ស្លាប់​​ដោយ​​សារ​​ជំងឺ​កូវីដ-១៩ កើន​ឡើង​​ដល់​​ជិត​ ១ពាន់៨រយនាក់ (១.៧៩២) ​ហើយ ​បន្ទាប់​​ពី​​អ្នក​ជំងឺ​ ១៤នាក់ ​ទៀត​​បាន​​ស្លាប់។ ចំពោះ​ករណី​​ឆ្លង​ថ្មី​វិញ​មាន​​ជិត​៥រយ​នាក់ (៤៩៦) នៅ​​ថ្ងៃ​ដដែល​​នេះ ក្នុង​​នោះ​​ជិត ២រយ​នាក់ (១៧៦) ជា​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស។​

ជាមួយ​គ្នា​នេះ​ ក្រសួង​សុខាភិបាលឱ្យ​ដឹង​​ថា​ គិត​ចាប់​ពី​ថ្ងៃទី៣១ ​ខែ​មីនា​ រហូត​ដល់​ថ្ងៃទី​២១ ខែសីហា ​កម្ពុជា​​រក​ឃើញ​អ្នក​ឆ្លង​​ជំងឺ​កូវីដ-១៩ ​ប្រភេទ​ដែល​តា​​​(Delta)​ជិត​ ១ពាន់​នាក់ (៩៩៩)​ ដោយ​ក្នុង​នោះ​ មួយ​ចំនួន​ជា​ពលករ​ត្រឡប់​ពី​ប្រទេស​ថៃ ​និង​វៀត​ណាម អ្នក​ដំណើរ​តាម​យន្តហោះ ​មន្ត្រី​រាជការ​ យោធា​ ពិរុទ្ធជន ​អ្នកបកប្រែភាសា ​ជន​ជាតិ​បរទេស ​បុគ្គលិក​រោង​ចក្រកាត់ដេរ ​បុគ្គលិក​ធនាគារ ​និង​​ពល​រដ្ឋ​ក្នុង​សហគមន៍។ ខេត្ត​ដែល​មានអ្នកឆ្លងជំងឺកូវីដប្រភេទដែលតា​ រួម​​មាន​​ឧត្តរ​មានជ័យ ​បន្ទាយ​មានជ័យ ​សៀមរាប ​និងរាជធានីភ្នំពេញជាដើម។

រដ្ឋមន្ត្រីក្រសួង​សុខា​ភិបាល​លោក ​ ម៉ម ប៊ុនហេង ​នៅតែ​ក្រើន​រំលឹក ​និង​អំពាវនាវ​ដល់​​សាធារណជន​​ទូទាំង​​ប្រទេស​ ឱ្យបន្ត​ប្រុងប្រយ័ត្ន​ខ្ពស់​​ការពារ​ខ្លួន ​ដោយ​​ត្រូវចេះ​​ផ្លាស់ប្ដូរ​​ទម្លាប់​​រស់​នៅ​​​បែប​​គន្លងថ្មី ​ក្នុងបរិបទ​​ប្រយុទ្ធនឹង​ជំងឺ​កូវីដ-១៩ ដើម្បី​​គ្រប់គ្រង ​និង​​កាត់​ផ្តាច់​​នូវ​ខ្សែ​ចម្លង​​នៃ​វីរុសកូវីដ-១៩ ជា​​ពិសេស​​ប្រភេទ​បំប្លែងថ្មី​នេះ។ ទន្ទឹមគ្នានេះ រដ្ឋលេខាធិការក្រសួងសុខាភិបាល​អ្នកស្រី ឱ វណ្ណឌីន ថ្លែងក្នុងពេល​ចែក​អំណោយ​ដល់​ជនចាស់​ជរា​ អាយុចាប់ពី ១០០ឆ្នាំឡើង ដែល​ស្ម័គ្រចិត្តចាក់​វ៉ាក់សាំង​ថា ជំងឺកូវីដ នឹង​មិន​រលាយ​សាបសូន្យពីទឹកដីកម្ពុជា​នោះ​ទេ ព្រោះ​ជំងឺកូវីដ​នេះ ចេះតែ​បំប្លែង​ខ្លួន​ថ្មីជា​បន្តបន្ទាប់ និង​កំពុង​ឆ្លង​រាតត្បាត​ក្នុង​សកល​លោកឡើង​វិញ។ ប្រធានគណៈកម្មការចំពោះ​កិច្ច​ចាក់វ៉ាក់សាំង​កូវីដ-១៩ ក្នុង​ក្របខណ្ឌទូទាំង​ប្រទេស​រូបនេះ​ព្រមាន​ថា បុគ្គលដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​ក៏​ដោយ នៅតែ​មាន​ឱកាស​ឆ្លង​វីរុស​ប្រភេទ​បំប្លែង​ខ្លួនថ្មីនេះ​ដដែល។ ប៉ុន្តែអ្នកស្រីពន្យល់ថា បើទោះជាវីរុសបំប្លែង​ថ្មី មាន​លទ្ធភាព​ឆ្លងកាត់​ប្រព័ន្ធភាព​ស៊ាំរបស់​មនុស្ស​ក៏ពិត​មែន តែ​វ៉ាក់សាំង​នូវ​តែ​ជា​ឧបករណ៍​ដ៏មាន​ប្រសិទ្ធភាព​បំផុត ដែលអាច​កាត់​បន្ថយ​ជា​អតិបរិមា​នូវ​ភាព​ធ្ងន់ធ្ងរ​នៃ​សុខភាព កាត់​បន្ថ​យបាន​ជា​អតិបរិមា​នូវ​អត្រាមរណភាព និង​អត្រា​សម្រាក​ពេទ្យ។

គិត​ត្រឹម​ព្រឹក​​​​ថ្ងៃ​ទី២២ ខែសីហា កម្ពុជា​​មាន​​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជិត ៩ម៉ឺននាក់ ​(៨៩.​២៣១) ក្នុង​នោះ អ្នក​​ជា​​សះ​ស្បើយ​​មាន​​ជាង ៨ម៉ឺន ៥ពាន់​នាក់​(៨៥.០៨១)។​ ​ទាក់ទង​នឹង​​ការ​​ចាក់វ៉ាក់​សាំងវិញ ​ក្រសួង​​ប្រកា​ស​​ថា គិត​​ត្រឹ​ម​​ថ្ងៃទី​២១ ខែសីហា ​រដ្ឋាភិ​បាល​​ចាក់​វ៉ាក់សាំង​​ជូន​​​ពលរដ្ឋ​បាន​​ជាង ៨លាន ៦សែន​នាក់​ក្នុង​​ចំណោម​​ពលរដ្ឋ​ដែល​​ត្រូវ​​ចាក់​​វ៉ាក់សាំង​​សរុប​ ១០លាន​នាក់។ ចំណែក​​កុមារ និង​​យុវជន​​ដែល​​មាន​​​អាយុ​​ពី ១២​ឆ្នាំ ​ដល់ ១៧ឆ្នាំ​វិញ ​ក្រសួងបញ្ជាក់​ថា​ មន្ត្រី​សុខាភិបាល​​ចាក់​​វ៉ាក់សាំង​​​បាន​​ជាង ៩​សែន​នាក់ ក្នុង​ចំណោម​​អ្នក​​ដែល​​ត្រូវ​​ចាក់​​សរុប​​ជិត​ ២លាន ​នាក់៕

No comments: