August 30, 2021

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​​គោរព​សិទ្ធិមនុស្ស​​ពេញលេញ​ក្នុង​ការ​ទទួល​យក​​ជន​ភៀសខ្លួន​អាហ្វហ្គានីស្ថាន

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​​គោរព​សិទ្ធិមនុស្ស​​ពេញលេញ​ក្នុង​ការ​ទទួល​យក​​ជន​ភៀសខ្លួន​អាហ្វហ្គានីស្ថាន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។  រូបពី​ហ្វេសប៊ុក​លោក ហ៊ុន សែន


ដោយ ជាតិ ចំណាន RFA 2021-08-29

សង្គម​ស៊ីវិល​ស្វាគមន៍​ចំពោះ​រដ្ឋាភិបាល​ក្នុង​ការ​ប្រកាស​ទទួល​យក​ជនភៀសខ្លួន​អាហ្វហ្គានីស្ថាន មក​ស្នាក់​នៅ​បណ្ដោះអាសន្ន​។ ប៉ុន្តែ​ពួកគេ ជំរុញ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស​ឲ្យ​បាន​ពេញលេញ និង​ត្រូវ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ជនភៀសខ្លួន​អាហ្វហ្គានីស្ថាន ដើម្បី​កុំ​ឲ្យ​កើត​មាន​រឿងអាស្រូវ ដូច​ការ​ទទួល​យក​ជន​ភៀសខ្លួន កន្លង​មក។

កម្ពុជា មិន​ធ្លាប់​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ទទួលយក ឬ​ថែទាំ​ជនភៀសខ្លួន ឲ្យ​បាន​ល្អ​ប្រសើរ​ទេ​។ ប្រការ​នេះ បាន​ក្លាយជា​ក្ដី​បារម្ភ​សម្រាប់​ការ​ត្រៀម​ទទួលយក​ជនភៀសខ្លួន អាហ្វហ្គានីស្ថាន ចំនួន​៣០០​នាក់ មក​ស្នាក់នៅ​កម្ពុជា​បណ្ដោះអាសន្ន។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា យល់ថា​ជា​រឿង​ល្អ ដែល​កម្ពុជា​បាន​ចូលរួម​ចំណែក​ជួយ​ដល់​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ក្នុង​ស្ថានភាព​កំពុង​ជួប​ទុក្ខ​លំបាក​នេះ​។ ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស​ឲ្យ​បាន​ពេញលេញ និង​ត្រូវ​ជួយ​សម្រួល​ដល់​ការរស់នៅ​របស់​ជនភៀសខ្លួន​ឲ្យ​បាន​ល្អ ទើប​ការ​ទទួល​យក​ជនភៀសខ្លួន​លើក​នេះ ទទួល​បាន​ជោគជ័យ៖ «សហគមន៍​អន្តរជាតិ​មើល​មក​កម្ពុជា​ថា ជា​ប្រទេស​មួយ​ដែល​មាន​ភាព​មនុស្សធម៌​។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​នោះ ដោយសារតែ​វិបត្តិ​កូវីដ ហើយ​កម្ពុជា​កំពុងតែ​ទទួលខុសត្រូវ​លើ​ពលរដ្ឋ​ខ្លួន​ដែល​រង​លើ​វិបត្តិ​កូវីដ​ផង អាច​រង​ការរិះគន់​ដែរ បើសិនជា​រឿង​ទាំងអស់​ហ្នឹង យើង​អត់​អាច​ទទួលខុសត្រូវ​មួយ ដែល​គេ​មើលឃើញ​មក​ថា​កម្ពុជា​ពិតជា​អាច​ធ្វើ​បាន ក្នុង​ការ​គិតគូរ​អំពី​ជីវភាព​របស់​ប្រជាពលរដ្ឋ​របស់​អាហ្វហ្គានីស្ថាន​ផង ហើយ​និង​ការទទួលខុសត្រូវ​លើ​វិបត្តិ​កូវីដ​ហ្នឹង​ផង»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​តាម​ប្រព័ន្ធ​ឃោសនា​របស់​លោក​ឈ្មោះ (Fresh news)​កាលពី​ថ្ងៃទី​២៨ ខែសីហា ថា កម្ពុជា​នឹង​ទទួលយក​ជនភៀសខ្លួន​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ប្រមាណ​បី​រយ​(៣០០)​នាក់ ឲ្យ​ស្នាក់​នៅ​បណ្ដោះអាសន្ន មុន​នឹង​ទៅ​កាន់​ប្រទេស​ទី​៣។

លោក ហ៊ុន សែន អះអាង​ថា ការ​យល់ព្រម​ទទួល​យក​ជនភៀសខ្លួន​នេះ ធ្វើ​ឡើង​ក្នុង​គោលការណ៍​មនុស្សធម៌​តាម​ការ​ស្នើសុំ​របស់​អង្គការ​មូលនិធិ​អាស៊ី (The Asia Foundation) ប្រចាំ​កម្ពុជា ដែល​បាន​ស្នើ​មក​ក្រសួងការបរទេស​កម្ពុជា។ ជនភៀសខ្លួន​ទាំងអស់​នោះ គឺជា​បុគ្គលិក របស់​អង្គការ​មូលនិធិ​អាស៊ី (The Asia Foundation) ប្រចាំ​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​ជា​ពលរដ្ឋ​អាហ្វហ្គានីស្ថាន និង​ក្រុម​គ្រួសារ​របស់​ពួកគេ​។ ក្រោយ​ការ​បង្ហោះ​បាន​បន្តិច​ប្រព័ន្ធ​ឃោសនា​នេះ បាន​លុប​ព័ត៌មាន​នេះ​ចោល​វិញ។

វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិ​អន្តរជាតិ លោក កុយ គួង និង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​ទេ នៅ​ថ្ងៃទី​២៩ សីហា​។ តែ​យ៉ាងណា លោក ខៀវ សុភ័គ បាន​ប្រាប់​សារព័ត៌មានRFIថា ជា​គោលការណ៍​ក្នុង​ការ​បញ្ជូន និង​ការរៀបចំ​ជនភៀសខ្លួន​អាហ្វហ្គានីស្ថាន នឹង​ធ្វើ​ឡើង​តាម​នីតិវិធី​អន្តរជាតិ ដូចដែល​កម្ពុជា​ធ្លាប់​ទទួល​យក​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា (Rohingya)​ពី​កោះ​ណាវរូ (Nauru) ប្រទេស​អូស្ត្រាលី កាល​ពី​ពេល​កន្លង​ដែរ។

ប៉ុន្តែ​ការ​ទទួល​យក​ជនភៀសខ្លួន​ពី​កោះ​ណាវរូ ប្រទេស​អូស្ត្រាលី ឲ្យ​មក​រស់នៅ​កម្ពុជា កាលពី​ឆ្នាំ​២០១៤ ជា​ថ្នូរ​នឹង​ទឹកប្រាក់​ជំនួយ​ប្រមាណ​៣០​លាន​ដុល្លារ បាន​បរាជ័យ ដោយសារ​ជនភៀសខ្លួន​ចំនួន​៦​នាក់ បាន​សុំ​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ ក្រោយ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​មួយ​រយៈពេល។

ពាក់ព័ន្ធ​នឹង​ការ​ទទួល​យក​ជនភៀសខ្លួន​នេះ​ដែរ សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង ក៏​ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្លួនឯង​ជាពិសេស​សកម្មជន​បក្ស​ប្រឆាំង ដើម្បី​ឲ្យ​ពួកគេ​ហ៊ាន​វិលត្រឡប់​ចូល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ។

ប្រធាន​គណៈកម្មការ​​ដ្ឋ​បាល​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ក្រុង​បាងកក ប្រទេស​ថៃ លោក ឃ្លាំង ប៊ុនឡាយ យល់ថា លោក ហ៊ុន សែន ចង់​ធ្វើ​ប្រជាភិថុតិ​ដើម្បី​បោកប្រាស់​សហគមន៍​អន្តរជាតិ ជាជាង​ការ​ជួយ​ក្នុងនាម​មនុស្សធម៌​។ សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា លោក ហ៊ុន សែន គ្មាន​សន្តាន​ចិត្ត​ទូលាយ​បែបនេះ ព្រោះ​លោក​គឺជា​មេដឹកនាំ​គុំកួន និង​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្លួនឯង ដែល​ហ៊ាន​បញ្ចេញមតិ​រិះគន់​ជានិច្ច៖ «លោក ហ៊ុន សែន គួរតែ​ងាក​មក​ចាប់អារម្មណ៍​លើ​ប្រជាពលរដ្ឋ​ខ្លួនឯង ដែល​ជា​ជនភៀសខ្លួន​នយោបាយ​ក្នុង​ប្រទេស​គេ ដូចជា​ក្នុង​ប្រទេស​ថៃ​នេះ​ជាដើម​។ លោក ហ៊ុន សែន គួរតែ​ដើរ​ថយក្រោយ​មួយ​ជំហាន​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ផ្ដល់​សិទ្ធិ​សេរីភាព​ឲ្យ​ជនភៀសខ្លួន​ខ្មែរ ចូល​ទៅ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ ឲ្យ​បាន​រស់នៅ​ស្មើមុខ​ស្មើ​មាត់​គ្នា»។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ធ្លាប់​ចេញ​ចេញ​សេចក្ដីថ្លែងការណ៍​បង្ហាញ​ថា កម្ពុជា​ពុំ​មាន​សុវត្ថិភាព​សម្រាប់​ជនភៀសខ្លួន​ទេ ដោយសារ​អាជ្ញាធរ​តែង​តែ​ចាប់​បញ្ជូន​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ ដូចជា​ករណី​ចាប់​បញ្ជូន​ជនជាតិភាគតិច​អ៊ុយហ្គឺរ​(Uighurs)​ចំនួន​២០​នាក់ ទៅ​ឲ្យ​អាជ្ញាធរ​ចិន​ដាក់ទោស​វិញ កាលពី​ឆ្នាំ​២០០៩ និង​ការ​ចាប់​ជនភៀសខ្លួន​ជនជាតិ​ម៉ុងតាញ៉ា ពី​ខេត្តរតនគិរី ជាច្រើន​រយ​នាក់ រួម​ទាំង​ព្រះសង្ឃ​ខ្មែរក្រោម បញ្ជូន​ឲ្យ​អាជ្ញាធរ​វៀតណាម​ដាក់​ពន្ធនាគារ​ជាដើម​។ ករណី​ចុង​ក្រោយនេះ ជនភៀសខ្លួន​នយោបាយ​ថៃ​ម្នាក់ ឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ (Wanchalerm Satsaksit) ត្រូវ​បាន​ជនប្រដាប់អាវុធ​មួយ​ក្រុម​ចាប់ពង្រត់ កាលពី​ថ្ងៃទី​៤ មិថុនា ឆ្នាំ​២០២០ នៅក្នុង​ទីក្រុង​ភ្នំពេញ ហើយ​មក​ទល់​ពេល​នេះ​រដ្ឋាភិបាល​ក្រុងភ្នំពេញ មិនបាន​បង្ហាញ​ចំណាត់ការ​ស្វែងរក​ជន​រងគ្រោះ ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន​នៅ​ឡើយ៕

No comments: