August 23, 2021

អ្នកវិភាគ​ថា លោក ហ៊ុន សែន ផ្ដល់​ជំនួយឱ្យ​របប​យោធា​ភូមា ជា​ការ​ទទួល​ស្គាល់​របប​នេះ និង​ដើម្បី​ពង្រឹង​អំណាច​ផ្ដាច់ការ​ក្នុង​តំបន់

(ឆ្វេង) លោក មីន អ៊ូង ហ្លាំង (Min Aung Hlaing) មេ​ដឹក​នាំ​យោធា​របស់​ប្រទេស​ភូមា ឬ​ម៉ាយ៉ាន់ម៉ា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ រូប៖ AFP និង​ហ្វេសប៊ុក​នាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ១២/២៩/១៨  RFA


ដោយ ទីន ហ្សាការីយ៉ា RFA 2021-08-21

អ្នកវិភាគ​និង​មន្ត្រី​គណបក្ស​ប្រឆាំង​មិន​ជំទាស់​ទៅ​នឹង​លោក ហ៊ុន សែន ដែល មាន​មនោសញ្ចេតនា​ធ្វើ​មនុស្សធម៌​ជួយ​ជនរងគ្រោះ ដោយសារតែ​ជំងឺ​កូវីដ​នៅ​ប្រទេស​មីយ៉ានម៉ា ឬ​ភូមា​(Burma) ក៏ប៉ុន្តែ​ពួកគេ​ជំរុញ​ឲ្យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន មានចិត្ត​មេត្តា ករុណា​ជួយ​ដល់​ពលករ​ខ្មែរ​ដែល​ជាប់​គាំង​នៅ​ប្រទេស​ថៃ និង​ពលរដ្ឋ​របស់​ខ្លួន​កំពុង​ដាច់​ស្បៀង​នោះ​ផង។

អ្នកវិភាគ​ថា លោក ហ៊ុន សែន ជួយ​លុយ​រាប់​សែន​ដុល្លារ​ដល់​មេដឹកនាំ​យោធា​ភូមា​នេះ​ក៏ គឺជា​ការ​ទទួល​ស្គាល់​របប​ខុសច្បាប់ ដែល​ប្រទេស​លោក​សេរី​កំពុងតែ​ថ្កោលទោស និង​ដាក់ទណ្ឌកម្ម​ដែរ។

អ្នកវិភាគ​លើកឡើង​ថា លោក ហ៊ុន សែន ផ្ដល់​លុយ​ឲ្យ​មេដឹកនាំ​យោធា​នោះ គឺជា​ការ​បង្ហាញ​ឲ្យ​ឃើញថា លោក​ទទួលស្គាល់​របប​យោធា​ខុសច្បាប់ និង​ចង់​បង្កើន​មិត្តភាព​ជាមួយ​មេដឹកនាំ​ផ្ដាច់ការ​នៅ​ក្នុង​តំបន់ ក្រោម​រូបភាព​មនុស្សធម៌។

អ្នក​ឃ្លាំ​ផ្នែក​អភិវឌ្ឍន៍​សង្គម​លោក បណ្ឌិត សេង សារី មាន​ប្រសាសន៍​ថា លោក​គាំទ្រ ដែល​លោកនាយក​រដ្ឋមន្ត្រី មាន​សន្ដានចិត្ត​មនុស្សធម៌​ជួយ​ដល់​អ្នករងគ្រោះ​ដោយសារតែ​ជំងឺ​កូ​វីដ​១៩​។ ហើយ​លោក​ក៏​ចង់​ឃើញ​លោក ហ៊ុន សែន ទទួលខុសត្រូវ​លើ​ពលករ​ចំណាកស្រុក ដែល​កំពុង​ជាប់​គាំ​នៅ​ក្រៅ​ប្រទេស ពិសេស​នៅ​ប្រទេស​ថៃ ដូចដែល​លោក​ហ៊ុន សែន ផ្ដល់​លុយ​ជូន​មេដឹកនាំ​យោធា​ភូមា​ដូច្នោះ​ដែរ​៖ «មហាជន​ឆ្ងល់​ហ្នឹង​ហេតុអ្វី​ពលរដ្ឋ​ខ្មែរ​កំពុង​ស្វះ​ស្បៀង ហើយ​ពលករ​ខ្មែរ​នៅ​ថៃ​កំពុងតែ​ដាច់​ស្បៀង​ហេតុអ្វី​បានជា​រដ្ឋាភិបាល​មិន​គូរ​បែរ​ជា​ទៅ​គិត​ពលរដ្ឋ​ដទៃ តែ​បើសិនជា​រឿង​មនុស្សធម៌​មែន​គួរតែ​ជួយ​ដល់​ពលរដ្ឋ​ខ្លួនឯង​ជាមុន»។

ការ​លើកឡើង​របស់​អ្នកវិភាគ​នេះ នៅ​ក្រោយ​ពេល​លោក ហ៊ុន សែន បាន​ផ្ដល់​ថវិកា​ចំនួន​២​សែន ដុល្លារ ជូន​មេដឹកនាំ​ផ្ដាច់ការ​យោធា​ភូមា។ ក្រៅពី​ទឹកប្រាក់​សុទ្ធ​ចំនួន​២​សែន ដុល្លារ​នេះ លោក ហ៊ុន សែន បាន​ផ្ដល់​ម៉ាស​ចំនួន​៣​លាន​ម៉ាស់ ឧបករណ៍​ធ្វើតេស្ដ​រហ័ស​ចំនួន​៥​សែន និង​បំពង់​អុកស៊ីហ្សែន​មួយ​ចំនួន​ថែម​ទៀត។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាងថា ពលករ​នៅ​ប្រទេស​ថៃ រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ដោះស្រាយ​ជូន​ជា​បន្តបន្ទាប់​មក​ហើយ​៖ «រឿង​ពលករ​ខ្មែរ និង​ជនបរទេស​យើង​ជួយ​ដូចគ្នា​តើ មិនមែន​ជួយ​តែ​ភូមា អត់​ជួយ​ពលរដ្ឋ​ខ្មែរ​ឬ​ឯណា​? “ ហ្សាការីយ៉ា បាទ​!​ឯកឧត្តម​ជួយ​ហ្នឹង​តើ​កន្លងមក​រដ្ឋាភិបាល​បាន​ជួយ​ដល់​ពលករ​ខ្មែរ​នៅ​ថៃ​ហ្នឹង ជួយ​អ្វីខ្លះ​ហើយ​បាទ​? “ សុខ​ឥសាន អូ​សួរ​ខ្ញុំ ខ្ញុំ​ម៉េច​ដឹង​? អាហ្នឹង​គេ​មាន​គណៈកម្មការ​ថ្នាក់​ជាតិ​របស់​គេ គេ​ចាត់ចែង តែ​ខ្ញុំ​យល់ថា រដ្ឋាភិបាល​មិន​បោះបង់​ពលករ​ខ្មែរ​ណា​ម្នាក់​នៅ​ក្រៅ​ប្រទេស​ឲ្យ​មានការ​លំបាក​ទេ»។

ទោះជា​មានការ​អះអាង​បែបនេះ​ក្ដី អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខ​ហួរ អះអាង​ថា មក​ទល់​ពេល​នេះ ទោះបីជា​លោក ហ៊ុន សែន បាន​ប្រកាស​ថា ទាក់ទង​រដ្ឋាភិបាល​ថៃ ដើម្បី​ដោះស្រាយ​ជូន​ពលករ​ដែល​កំពុង​ខ្វះ​ស្បៀង​ក្ដី តែ​ជាក់ស្ដែង​របប​លោក ហ៊ុន សែន​មិន​ទាន់​មាន​វិធានការ​ជាក់លាក់​ជួយ​ដល់​ពលករ​ខ្មែរ​នៅ​ថៃ​នៅឡើយ ពិសេស​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​។ អ្នកស្រី មួរ សុខ ពន្យល់​ថា អ្នកស្រី មិន​ជំទាស់​រឿង​លោក ហ៊ុន សែន នោះ​ទេ តែ​លោក​ហ៊ុន សែន ក៏​ត្រូវ​ទទួល​ត្រូវ​លើ​ពលករ​ខ្មែរ កំពុង​ជាប់​គាំង​នៅ​ប្រទេស​ថៃ​និង​ពលរដ្ឋ​ខ្មែរ​កំពុង​ខ្វះ​ស្បៀង​ដែរ​៖ «ត្រូវ​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​មុន មិន​គួរណា​លោក ហ៊ុន សែន យក​ថវិកា​លុយ​ស្រស់ៗ​ទៀត ទៅ​ជួយ​របប​ផ្ដាច់ការ​ភូមា នៅ​ពេល​ប្រព័ន្ធ​នានា​នៅ​ភូមា​រលំ​ទៅ​ហើយ​នោះ»។

របាយការណ៍​របស់​អង្គការ​សង់​ត្រល់​ឲ្យ​ដឹង​ថា​ ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​មាន​ប្រមាណ​ជា​២​លាន​នាក់​។ ក្នុង​ចំណោម​ពលករ​ទាំងនេះ ភាគច្រើន​កំពុងតែ​ប្រឈម​អត់​ការងារ​ធ្វើ អ្នកខ្លះ​ឆ្លង​ជំងឺ​កូ​វីដ​១៩ និង​អ្នក​ខ្លះទៀត​កំពុងតែ​ដាច់​ស្បៀង។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកវិភាគ​និង​មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង អះអាង​ថា លោក ហ៊ុន សែន ផ្ដល់​ថវិកា​ជូន​មេដឹកនាំ​ផ្ដាច់ការ​ភូមា នៅ​ស្រប​ពេល​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន ក្រុម​ប្រទេស​លោក​សេរី និង​ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​ផង កំពុងតែ​ថ្កោលទោស​មេដឹកនាំ​យោធា​នេះ​គ្រប់ទិសទី​។ ក្រៅ​ពី​នេះ​ថ្កោលទោស​នោះ ក្រុម​ប្រទេស​លោកខាងលិច​រួម​ទាំង​អាមេរិក​ផង បាន​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច និង​ដាក់​ទណ្ឌកម្ម បង្កក​ទ្រព្យសម្បត្តិ​ក្រុម​មេដឹកនាំ​យោធា​ដែល​ចូលរួម​ផ្ដួល​រលំ​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី អ៊ុង សានសូជី (Aung SanSuKyi)។

របាយការណ៍​របស់​សមាគម​ជំនួយ​សំរាប់​អ្នក​ទោស​នយោបាយ​មាន មូលដ្ឋាន​នៅ​ទីក្រុង​បាងកក​(Assistance Association for Political Prisoners) ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ របប​យោធា​ភូមា បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ជាង​១​ពាន់​នាក់ (១០០៦ និង​បាន​ចាប់ខ្លួន​មនុស្ស​ជាង​៥៧០០​នាក់​ដាក់​ពន្ធនាគារ​( ៥៧៣០)។

អ្នកវិភាគ​ថា លោក ហ៊ុន សែន ទទួលស្គាល់​របប​ខុសច្បាប់ ដែល​លោក ម៊ីន អ៊ុងឡាំង (Min Aung Hlaing) បាន​ដណ្ដើម​អំណាច ដោយ​ការ​ផ្ដួលរំលំ​របប​ស៊ីវិល ហើយ​ចង់​ឲ្យ​របប​នេះ​អាច​កាន់អំណាច​បាន​យូរ​អង្វែង​ត​ទៅមុខ​ទៀត ដើម្បី​ជា​ដៃគូ​របស់​កម្ពុជា ដែល​របប​ឯក​បក្ស​បាន​រំលាយ​គណបក្សប្រឆាំង​ចោល ហើយ​កំពុងតែ​រង​ការរិះគន់​ពី​គ្រប់ទិសទី​ដែរ​នោះ។

លោក​បណ្ឌិត សេង សារី បន្ថែមថា លោក ហ៊ុន សែន ផ្ដល់​ជំនួយ​ឲ្យ​មេដឹកនាំ​យោធា​ភូមា​នេះ គឺជា​ការ​គាំទ្រ​រដ្ឋាភិបាល​ខុសច្បាប់ ស្​របពេល​អន្តរជាតិ​កំពុង​មើលឃើញ​កម្ពុជា​មាន​រដ្ឋា​ភិ​បាល ដែល​មិនកើត​ចេញពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ពិតប្រាកដ​ដែរ​នោះ ៖ «អាហ្នឹង​ច្បាស់​ណាស់ ការ​ជួយ​នេះ គឺ​គាំទ្រ​រដ្ឋាភិបាល​ខុសច្បាប់​ហើយ នៅពេល​កម្ពុជា​អះអាង​ថា ជា​រដ្ឋាភិបាល​ស្របច្បាប់​ហើយ​ទៅ​ជួយ​ភូមា​នេះ បើ​និយាយ​ពី​មុំ​នយោបាយ​គឺជា​ការ​ជួយ​គាំទ្រ​រដ្ឋាភិបាល​ផ្ដាច់ការ​ហើយ»។

ឆើ្ល​យ​តប​នឹង​បញ្ហា​នេះ លោក សុខ ឥសាន្ត អះអាង​ថា រដ្ឋាភិបាល​ឯក​បក្ស​ផ្ដល់​ជំនួយ​នេះ ជា​ជំនួយ​មនុស្សធម៌​សុទ្ធសាធ​។ លោក​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​ក៏​ធ្លាប់​ផ្ដល់​ជំនួយ​ដូចគ្នា​នេះ​ទៅ​ប្រទេស​ផ្សេង​ដែរ​៖ «ជំនួយ​មនុស្សធម៌​តើ​អាហ្នឹង ជួយ​ដល់​ភូមា​ក្នុងនាម​ជា​សមាជិក​អាស៊ាន​ដូចគ្នា​»។

ទោះបីជា​យ៉ាងនេះ​ក្ដី អ្នកស្រី មួរ សុខ​ហួរ បាន​ជំនួយ​របស់​លោក ហ៊ុន សែន​នេះ ជា​ការ​ចូល​ដៃ​ជាមួយ​មេដឹកនាំ​ផ្ដាច់ការ​ភូមា​ទៅវិញ​ទេ​។ អ្នកស្រី​បន្ថែម​ថា នៅ​ស្របពេល​កម្ពុជា​នឹង​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំក្រោយ​ផង​នោះ គឺ​អាស៊ាន​នឹង​មិន​មាន​កូ​សង់​ស៊ី​ស​នៅក្នុង​តំបន់​នោះ​ទេ ដោយសារតែ​កម្ពុជា​ឬ​លោក ហ៊ុន សែន គាំទ្រ​រដ្ឋាភិបាល​ផ្ដាច់ការ​ភូមា នៅ​ស្របពេល​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់​មិន​គាំទ្រ​របប​យោធា​នេះ៖ «យើង​ដឹង​ហើយ​សេ​ក្ដី​សម្រេច​អ្វី​ក៏ដោយ​ត្រូវតែ​មាន​កូ​សង់​ស៊ី​ស​នៅក្នុង​តំបន់ យើង​ដឹង​ហើយ​កម្ពុជា​វៀតណាម និង​ឡាវ ភូមា​ដែល​ជា​ប្រទេស​ផ្ដាច់ការ​ដូចគ្នា​នៅក្នុង​តំបន់ ដូច្នេះ​រឿង​ប្រជាធិបតេយ្យ​នៅ​អាស៊ាន​គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់»។

អ្នកវិភាគ​និង​មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង​អះអាង​ថា មូលហេតុ​ចម្បង​ដែល​លោក ហ៊ុន សែន ទទួលស្គាល់ និង​គាំទ្រ​មេដឹកនាំ​យោធា​ភូមា​នេះ ដោយសារតែ លោក លោក ម៊ីន អ៊ុងឡាំង បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​អ្នកស្រី អ៊ុង សានសូជី កាល​ពី​ដើម​ឆ្នាំ​២០២១ ដូចដែល​លោក ហ៊ុន សែន បាន​រំលាយ​គណបក្សប្រឆាំង​កាលពី​ឆ្នាំ​២០១៧​ដូច្នោះ​ដែរ​។ លោក ហ៊ុន សែន ចង់​ឲ្យ​ពិភពលោក​ពិសេស​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ មើលឃើញ​ថា របប​ខុសច្បាប់​នោះ មិនមែន​មាន​តែ​កម្ពុជា​តែមួយ​នោះ​ទេ នៅក្នុង​តំបន់​អាស៊ាន គឺ​មាន​ភូមា​ដែរ។

អ្នកវិភាគ​ថា មេដឹកនាំ​យោធា​ភូមា និង​លោក ហ៊ុន សែន ត្រូវតែ​គាំទ្រ​គ្នា​ទៅវិញទៅមក ដើម្បី​ពង្រឹង​អំណាច​ផ្ដាច់ការ​នៅក្នុង​តំបន់​។ មក​ទល់​ពេល​នេះ ក្រុម​មេដឹកនាំ​យោធា​ភូមា នៅតែ​បន្ត​សម្លាប់ និង​ចាប់ខ្លួន​ពលរដ្ឋ​ដែល​ប្រឆាំង​ខ្លួន មិន​ខុសពី​កម្ពុជា​ឡើយ ដែល​អាជ្ញាធរ​របប​ឯក​បក្ស​ក៏​មិន​បន្ធួរ​ដៃ​បង្ក្រាប​ក្រុម​អ្នក​រិះគន់ និង​ចាប់ខ្លួន​ពលរដ្ឋ សកម្មជន​បក្ស​ប្រឆាំង សកម្មជន​បរិស្ថាន និង​ព្រំដែន​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់៕

No comments: